គណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមចាស់វស្សាមួយ កាលពីព្រឹកថ្ងៃសុក្រ បានចេញយុទ្ធនាការឃោសនារកសំឡងឆ្នោតរបស់ខ្លួនសាជាថ្មី ដោយរំពឹងថានឹងឈ្នះអាសនៈរដ្ឋសភាសម្រាប់ការបោះឆ្នោតជាតិ ដែលនឹងចាប់ផ្តើមនាថ្ងៃអាទិត្យនេះ។
នេះជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេលមាន ២១ថ្ងៃ។ ការបោះឆ្នោតនឹងធ្វើ ឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា គណបក្សនឹងទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងថា៖ «ដូចខ្ញុំនិយាយខាងដើមអ៊ីចឹងថាគណបក្សហ៊្វុនស៊ិនប៉ិចយើងផ្ទុះការគាំទ្រ រឿងអាសនៈខ្លះយើងចាំបាច់និយាយអី តែផ្ទុះការគាំទ្រយើងបានហើយ។ Automatic(ស្វ័យប្រវត្តិ)ត្រូវតែបាន»។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «ខ្ញុំមិនជឿថាឯកបក្សម្តងទៀតទេ ព្រោះផ្ទុះការគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច។ យើងផ្ទុះការគាំទ្រ ជាពិសេសយើងបានគ្រប់គ្រងទិន្នន័យរបស់យើងច្បាស់លាស់ណាស់ថា គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងបានអាសនៈប៉ុណ្ណា ជាពិសេសអ្វីដែលយើងគួរបាន យើងត្រូវតែបានអាណត្តិនេះ»។
លោក សួស វូលីន អាយុ ៤៣ឆ្នាំ អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងបានចូលរួមការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតខាងមុខនេះ ប្រាប់វីអូអេថា លោកគាំទ្រគណបក្សមួយនេះ ដោយសារតែការដឹកនាំរបស់ព្រះអង្គចក្រាវុធ ត្រូវបានប្រជារាស្រ្តទទួលស្គាល់ច្រើនទាំងក្នុងនិងក្រៅប្រទេស។
អ្នកគាំទ្ររូបនេះអះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិចអាចនឹងទទួលបានសំឡេងគាំទ្រច្រើននៅក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យនេះ ដែលអាចទទួលបានអាសនៈនៅក្នុងសភាផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឈឹមថា តាមការដឹកនាំរបស់ព្រះអង្គម្ចាស់ចក្រាវុធ នឹងមានសំឡេង និងមានកៅអីក្នុងសភា ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋប្រទេសកម្ពុជាយើង ឱ្យបានរុងរឿងនិងរីកចម្រើនទៅថ្ងៃអនាគតខាងមុខបាទ»។
នៅពេលសួរពាក់ព័ន្ធជាមួយអវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោត លោក សួស វូលីន លើកឡើងថា បើទោះបីជាការបោះឆ្នោតខាងមុខនេះ មិនមានវត្តមានគណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សភ្លើងទៀនក៏ដោយ ក៏គណបក្សហ្វ៊ុនស៊ិនប៉ិចនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានការគាំទ្របន្ថែមទៀតពីប្រជាពលរដ្ឋ។
លោក គង់ ហេងសំណាង អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ទៀត ប្រាប់វីអូអេថាលោកគាំទ្រគណបក្សមួយនេះតាំងពីឆ្នាំ១៩៩៣មក គឺតាំងពីជំនាន់បិតារបស់ព្រះអង្គចក្រាវុធ។ លោកបន្ថែមថា លោកគាំទ្រគណបក្សមួយនេះ ដោយសារតែស្រឡាញ់សែរាជានិយម ខណៈរំពឹងថាគណបក្សនឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។
អ្នកគាំទ្ររូបនេះមិនចង់ឃើញសភាដឹកនាំដោយឯកបក្សឡើយ។
លោកថ្លែងថា៖ «អត់ល្អទេបង ចង់ឱ្យដូរម្តង ចង់ឱ្យដូរផ្លាស់ម្តង ព្រោះមិនចង់ឱ្យនៅកាន់អំណាចរហូតពេក ក៏អត់កើតដែរ»។
អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ទៀត លោក ឈាង ដារ៉ូ អាយុ ២២ឆ្នាំ ប្រាប់វីអូអេថា លោកតែងតែមកគាំទ្រហ៊្វុនស៊ិនប៉ិចឱ្យតែដល់ឆ្នាំបោះឆ្នោត ពីព្រោះតែការស្រឡាញ់ពេញចិត្តចំពោះការដឹកនាំរបស់ព្រះអង្គចក្រាវុធ តាំងពីជំនាន់ព្រះបិតារបស់ទ្រង់។
លោកថ្លែងថា៖ «ខ្ញុំគិតថា ប្រហែលជាអាចបង ព្រោះអីមើលទៅមានសន្ទុះការគាំទ្រច្រើនដែរ។ និយាយរួមទៅអាចំណុចល្អមានច្រើនដែរបង ព្រោះអីឃើញលក្ខណៈថាគាត់[ព្រះអង្គចក្រាវុធ ]ធ្វើ គឺធ្វើចេញពីចិត្ត ឋានៈគាត់ជាព្រះអង្គម្ចាស់ ជាក្សត្រគាត់មកជួបយើង ប្រជាជនធម្មតា គាត់បន្ទាបខ្លួនជាមួយយើង ខ្ញុំស្រឡាញ់គាត់ត្រង់ហ្នឹងខ្លាំងបំផុត»។
លោកបន្ថែមថា លោកចង់ឃើញសភាមានពហុបក្សជាជាងសភាដឹកនាំដោយឯកបក្ស ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិចមិនបានឈ្នះអាសនៈក៏ដោយ។
នៅកន្លែងចាប់ផ្តើមនៃក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិច គេក៏ឃើញមានវត្តមានរបស់ឯកអគ្គរដ្ឋទូតចិន គឺលោក វ៉ាង វិនធៀន (Wang Wentian) ដែលមកតាមដានយុទ្ធនាការរបស់គណបក្សនេះ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យរបស់គណបក្ស ប្រាប់វីអូអេថា វាជាការឃ្លាំមើលនៃយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់គណបក្សនីមួយៗពីអង្គទូតនានា។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោកវណ្ណ ប៊ុនណា ប្រាប់វីអូអេថា វត្តមានរបស់ឯកអគ្គរដ្ឋទូតចិនក្នុងក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិចគឺ ជាការបង្ហាញពីទំនាក់ទំនងរវាងចិន និងកម្ពុជាតែប៉ុណ្ណោះ ។
លោកថ្លែងថា៖ «នេះ គឺជាទិដ្ឋភាពនយោបាយដែលកើតមានចំពោះ ទំនាក់ទំនងរវាងចិន និងកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ អ៊ីចឹងតាមរយៈ ការទៅមើលក្បួនហែរឃោសនាព្រឹកមិញនេះ បង្ហាញថាចិនផ្តល់តម្លៃឱ្យគណបក្សពីរគឺ គណបក្សកាន់អំណាចប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាដៃគូក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសចិនកន្លងទៅហ្នឹង»។
ទោះជាយ៉ាងណា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន ១២៥រូប មិនមានវត្តមានគណបក្សជំទាស់ដ៏ធំគឺ គណបក្សភ្លើងទៀន ដែលធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ១លាន៦សែននាក់។ បើទោះមានគណបក្សចំនួន ១៧ទៀតចូលរួមប្រកួតប្រជែង គេមិនទាន់ឃើញមានគណបក្សណាដែលមានសមត្ថភាពប្រកួតនឹងគណបក្សប្រជាជនកម្ពុជាឡើយ៕