ឡាន​ដឹក​សាំង​ឆេះ​​​ផ្ទុះ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់​ទេ

មន្ត្រី​កង​រាជអាវុធ​ហត្ថម្នាក់​ឈរ​រក្សា​សណ្តាប់​ធ្នាប់​នៅ​ពេល​ក្រុម​ពន្លត់​អគ្គីភ័យ​កំពុង​​ធ្វើ​ការ​ពន្លត់​។

អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​មា្ចស់​កន្លែងជួសជុល​រថយន្ត​មួយ ​បន្ទាប់​ពី​គាត់​បាន​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​មួយ​កណ្តាល​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ។ ​គ្រោះ​អគ្គីភ័យ​ដែល​បាន​កើត​ឡើង​រយៈ​ពេល​ជិត​ពីរ​ម៉ោង​នេះ​ ​បាន​បំផ្លាញ​ផ្ទះ​ចំនួន​៥​ល្វែង​ ​រថយន្ត​ចំនួន​៤​គ្រឿង​ ​និង​មន្ត្រី​ប៉ូលិស​អគ្គីភ័យ​មួយ​រូប​រង​របួស។ ​មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា​ ​ឧប្បត្តិ​ហេតុ​នេះ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ប្រេង​មួយ​របស់​ក្រុម​ហ៊ុន​Sokimex​ ដែល​បាន​ផ្ទេរ​ប្រេង​ខុស​បច្ចេក​ទេស​ ​បាន​បណ្តាល​ឲ្យ​អណ្តាត​ភ្លើង​ឆាប​ឆេះ​តែ​ម្តង។

យ៉ាង​តិច​មាន​ផ្ទះ​ចំនួន​ប្រាំ​ល្វែង​ព្រម​ទាំង​រថយន្ត​ចំនួន​បួន​គ្រឿង​ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​ បំផ្លិច​បំផ្លាញ​ខ្ទេចខ្ទី​អស់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារនេះ។

ក្រុម​មន្រ្តី​ប៉ូលិស​បាន​និយាយ​ថា​ ​ពុំមាន​របាយ​ការណ៍​អំពី​ចំនួន​មនុស្ស​ស្លាប់​ទេ​ ​ក៏​ប៉ុន្តែ​បានបណ្តាល​ឲ្យ​មន្រ្តី​ប៉ូលិស​អគ្គីភ័យ​មួយរូប​បាន​រងរបួស​នៅ​ខណៈ​ពេល​ដែល​ពួក​គេ​ចុះ​បំពេញ​ភារកិច្ច​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​របួស​តិចតូច​ ​ដោយសារ​លោត​ពី​លើ​ផ្ទះ​ដើម្បីគេច​ចេញ​ពី​គ្រោះ​អគ្គីភ័យ។

លោក​ទូច ណារុថ​ ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​និង ​VOA ​សំឡេងសហ​រដ្ឋ​អាមេរិកនៅ​កន្លែង​កើត​ហេតុ​ថា​ ​គ្រោះ​អគ្គីភ័យ​ដែល​បាន​ឆាប​ឆេះ​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​នេះ​ បណ្តាល​មក​ពី​រថយន្ត​ដឹក​សាំង​មួយ​របស់​ក្រុមហ៊ុន​សូគីម៉ិចបាន​ផ្ទេរ​សាំង​ទៅ​ឲ្យ​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​មួយ​កន្លែង​ ​ហើយ​ខុស​បច្ចេកទេស​បាន​បណ្តាល​ឲ្យ​អណ្តាត​ភ្លើង​ឆាបឆេះ​ចេញ​ពី​រថយន្ត​ម​នោះ​តែ​ម្តង។

«មូល​ហេតុ​គឺ​រថយន្ត​នៅ​ក្នុង​ការ៉ាស់​(យានដ្ឋាន)​នេះ​ ​ប៉ុន្តែ​ដំណើរ​ការ​បូម​ប្រេង​អី​នៅ​ហ្នឹង​ទៅ​ ​វាទុសេ(ឆ្លងភ្លើង)​ឆេះ​ទៅ​ ​ក៏​បើក​ចេញ​មក​ ​វា​មក​ផ្ទុះ​ត្រង់​ហ្នឹង​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រាំ​ល្វែង»។

យ៉ាង​តិច​មាន​រថយន្ត​អគ្គីភ័យ​ចំនួន​ជិត​១០​គ្រឿង​ រួមទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរ​ជាតិ​ផង​ បាន​មក​ជួយ​អន្តរាគមន៍​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​នេះ​ដែរ​ ​ក្រោម​ការ​យាមកាម​ និង​ការពារ​យ៉ាង​តឹង​តែង​ពី​អាជ្ញាធរ​សមត្ថ​កិច្ច​ច្រើន​រាប់​សិបនាក់​ប្រដាប់​ដោយ​អាវុធ។

ក្រុម​អាជ្ញាធរ​ពុំ​ទាន់​បាន​វាយតម្លៃ​អំពី​ការ​ខូចខាត​នៅ​ឡើយ ថា​តើ​នឹង​ត្រូវ​អស់​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ។

អ្នកស្រី​ពេជ ថាវី ​អាយុ​៤៨​ឆ្នាំ​ ​ម្ចាស់​ផ្ទះ​រស់​នៅ​ក្នុង​សង្កាត់​វាលវង់​ ​ខណ្ឌ​៧មករា​ ​បាន​និយាយ​ថា​ ​ផ្ទះ​របស់​អ្នកស្រី​ ​រួមទាំង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​នៅ​ក្នុង​ផ្ទះ​ ​ត្រូវ​បាន​ឆេះ​បំផ្លាញ​ខ្ទេច​ខ្ទី​អស់។

អ្នកស្រី​ចង់​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច​ចេញ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី​ ដែល​បាន​បាត់បង់​នេះ។

«ខ្ញុំ​លោត​ពី​ដំបូល​ផ្ទះ​ថ្មលើចុះ​មក​ក្រោម​ឡើង​បាក់​ចង្កេះ។​ អត់​ទេ​ ​ខ្ញុំ​យក​ប្រាស់​អាយុ។ ​ចង់ងាប់​ហើយ​លោត​ពីលើ​ផ្ទះមក។​ ចង់​ទាមទារ​ដែរ។​ ​ឥឡូវ​វា​អស់​រលីង​ហើយ។ ​ខ្ញុំ​គ្មាន​សល់​អី​ផង។ ​ចង់​ឲ្យ​ខាងក្រុមហ៊ុន​ចេញ​សង»។

លោក​សុខ គង់ ​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច​ពុំ​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បានទេ​ ជុំវិញ​ឧប្បត្តិ​ហេតុ​អគ្គីភ័យ​នេះ។

លោក​សោម សុវណ្ណ ​អភិបាល​ខណ្ឌ​៧មករា​ ​បាន​និយាយ​ថា​ ​អាជ្ញាធរ​នៅ​តែ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ឧប្បត្តិ​ហេតុ​គ្រោះ​អគ្គីភ័យ​នេះ៕