ផ្លែឈើ​ឡើង​ថ្លៃខ្ពស់​ក្រោយ​ការ​រត់​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ

ពលរដ្ឋ​ខ្មែរ​បាន​រៀប​គ្រឿង​សែន​ព្រេន​នៅ​ជើង​ស្ពាន​ពេជ្រ​ក្នុង​ក្រុង​ភ្នំពេញ ជា​កន្លែង​ដែល​កើត​មាន​ការ​ផ្អើល​រត់​ជាន់​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​បាន​សម្លាប់​អ្នក​មក​កម្សាន្ត​ចំនួន​ជាង​៣០០​នាក់។

បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏សែន​អាក្រក់​នៅលើ​ស្ពាន​កោះពេជ្រ​ កាលពី​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ដែល​បាន​បណ្ដាល​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣០០ ​នាក់​ស្លាប់​បាត់បង់​ជីវិត​ ព្រះសង្ឃ ​និង​ប្រជាពលរដ្ឋ​ទូទៅ បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​សាសនា​ និង​ធ្វើការ​សែនព្រេន​ ដើម្បី​ឧទ្ទិស​ដល់​ព្រលឹង​ជនរងគ្រោះ។ ក៏​ប៉ុន្ដែ​ការរៀបចំ​សែន​ព្រេនបាន​នាំ​ឲ្យ​តម្លៃ​ផ្លែឈើ​នៅលើ​ទីផ្សារ​ឡើងខ្ពស់​កប់ពពក​ដែល​មិន​គួរជឿ។

ការណ៍​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ បាន​កំណត់​ថ្ងៃទី​២៥​ ខែវិច្ឆិកា ​គឺជា​ថ្ងៃ​កាន់​មរណៈ​ទុក្ខ​សម្រាប់​ជនរងគ្រោះ​ជាង៣០០​នាក់​នៅ​លើ​ស្ពាន​មណ្ឌល​កម្សាន្ដ​កោះពេជ្រ​កាលពី​ថ្ងៃព្រហស្បតិ៍ ​នៅ​គ្រប់​វត្ត​អារ៉ាម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ក៏បាន​ប្រារព្ធ​ពិធី​បង្សុកូល​ឧទិ្ទស​បុណ្យ​កុសល​ជូន​ដល់​ជនរងគ្រោះ​ នោះ​ដែរ​។ ពិធី​បង្សុកូល​ធ្វើឡើង​នៅព្រឹក​ថ្ងៃព្រហស្បត៍​ ​ក្នុងពេល​ដែល​ព្រះសង្ឃ​គ្រប់​វត្ត​ចាប់​ផ្ដើម​ឆាន់​ចង្ហាន់​ពេល​ថ្ងៃត្រង់។

ព្រះតេជគុណ​ព្រះនាម​ កង ឃឿង ​ប្រធាន​ការកៈសង្ឃ​នៅ​វត្ត​សំពៅ​មាស​ក្នុង​ក្រុង​ភ្នំពេញ​ បាន​មាន​សង្ឃ​ដីកាថា ​ការធ្វើ​ពិធី​បង្សុកូល​នេះ ​គឺ​ដើម្បី​ឱ្យវិញ្ញាណក្ខន្ធ​របស់​ជន​រងគ្រោះ​បាន​ទទួល​នូវ​ភាព​ស្ងប់ ​និង​ទៅកាន់​សុគតិភព។

«ប្រារព្ធ​ពិធី​បង្សុកូល​ ដើម្បី​ឧទ្ទិ​ស​កុសល​ជូន​ចំពោះ​អ្នក​ដែល​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ។ នៅ​ក្នុង​ការ​ឧទិ្ទស​កិច្ច​នៃ​ពិធី​បង្សុកូល​នេះ​ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ​សម្រាប់​អ្នកស្លាប់​ ព្រះពុទ្ធ​បាន ​សម្តែង​ថា អ្នកស្លាប់​ទៅ​ គឺមាន​តែ​ផល​នៃ​ទក្ខិណានុប្បទាន​ ដែល​ញាតិ​ឧទិ្ទស​ទៅ​ឱ្យ​ទេ ទើបឱ្យអ្នក​ដែល​ស្លាប់​ទៅ​បាន​សេចក្តីសុខ​សេចក្តី​ចម្រើន​រួច​ចាប់​កំណើត​ពី​អបាយ​ភូមិ​បាន»។

អ្នកស្រី​ អៀង ធីតា​ គឺជា​ពុទ្ធបរិស័ទ​ម្នាក់​មកពី​ខណ្ឌ​៧​មករា ​ក្រុងភ្នំពេញ​ ក៏បាន​ទៅ​វត្ត ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃនិង​ឧទ្ទិស​កុសល​បុណ្យ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​យ៉ាង​អាណោច​អាធម​ផង​ដែរ។

«ធ្វើ​ចង្ហាន់​ថ្វាយ​ព្រះ​និង​ថ្វាយ​ព្រះ​សង្ឃ​ដើម្បី​ឧទិ្ទសកុសល​ផលបុណ្យ​នេះជូន​អ្នកដែល​ស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ​ សូមឱ្យអ្នក​ទាំងអស់​នោះ​ បាន​រួចចាក​ផុត​ទុក្ខ​ឱ្យបាន​ទៅ​ដល់​ភព​ដែល​សម​គួរ»។

កាលពី​ថ្ងៃទី​២២ខែ​វិចិ្ឆកា ​គឺប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ថ្ងៃទីបី​ បាន​បញ្ចប់ ឧបទ្ទវហេតុ​ដ៏​អាក្រក់​មួយ​បាន​កើតឡើង។ អ្នក​មក​កម្សាន្ត​ពិធីបុណ្យ​អុំ​ទូក​បាន​ប្រជ្រៀត​ជាន់គរ​លើ គ្នា​នៅលើ​ស្ពាន​មណ្ឌល​កម្សាន្ត​កោះពេជ្រ​ ហើយ​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ៣៤៧នាក់​ ​និងរបួស​ចំនួន៣៩៥នាក់។ រដ្ឋាភិបាលបាន​កំណត់​ភ្លាមៗ​ដាក់​ថ្ងៃព្រហស្បត៍​ជាទិវា​កាន់​មរណៈទុក្ខ​នៅ​ទូទាំង​ប្រទេស​ហើយ​ក្រសួង​ធម្មការ​និង​សាសនាបាន​ចេញ​សារាចរ​ដល់​គ្រប់​ទី​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស​ឲ្យ​ធ្វើ​ពិធី​សាសនា​សម្រាប់​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​ជនរងគ្រោះ។

ដោយឡែក​ ក្រៅពី​ការធ្វើ​ពិធី​ជូន​បុណ្យ​កុសល​នៅតាម​វត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ដល់​អ្នក ដែល​បាន​ស្លាប់​ទាំងនោះ គេ​នៅ​សង្កេត​ឃើញ​មាន​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ក៏បាន​ប្រារព្ធ​ពិធី បុណ្យ​នេះ​នៅតាម​ទីកន្លែង​រៀងៗ​ខ្លួន​ផងដែរ។

ជាមួយគ្នា​នេះ​ ពាក្យ​ចចាម​អារ៉ាម​មួយ​ត្រូវ​គេ​បង្កើត​ឡើង​។ ហើយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ ដាក់​សែន​នៅមុខ​ផ្ទះ​រៀងៗខ្លួន​ នូវ​ផ្លែ​ឈើ​ដូចជា ​ចេកណាំវ៉ា​ អង្ករ ​អំពិល​ទឹក​ ដើម្បី​បញ្ជូន​ដល់​អ្នកដែល បាន​ស្លាប់ថ្មីៗ​ ទាំងនោះ​ផង​ និង​បញ្ជៀស​ហេតុ​ការណ៍​អាក្រក់​ដែល​អាចកើត​ដល់​ក្រុម​គ្រួសារ​របស់​ពួក គេ​ផង​ និង​សុំ​សេចក្តីសុខ​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ​វិញ។

អ្នកស្រី ​ហ៊ុយអៀង ​រស់នៅ​ខណ្ឌ​ចំការមន​ ក្រុងភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា អ្នកស្រី​និង​អ្នក​ជិត​ខាង​បាន​ដាក់សែន​បែបនេះ​ចាប់តាំង​ពីថ្ងៃ​២៣​មកម្ល៉េះ​ហើយ​អ្នកស្រី​នឹង ធ្វើ​បែប​នេះ​រហូត​ដល់​គម្រប់ ៧​ថ្ងៃ​។

«ម៉ោង​៧ ៨​យប់​ខ្លះ​គ្នា​មិនទាន់​ហូប​បាយ​ទេ​ នឹក​ថា​មកពី​ដើរលេង​វិញ​ទើប​បាន​ហូប​អី​ហើយ​ដល់​ពេល​អញ្ចឹង​ស្លាប់​ទាំង​វេទនា​អញ្ចឹង​ខ្ញុំ​នឹក​ឃើញថា​ដាក់​សែន​ទៅពេល​យើង​សែន​តែ​កាលណា​គេ​បាន​ហូបចុក​ឆ្អែត​ទៅ​គេ​ក៏​ឱ្យ​ពរ​មកយើង​ដែរ​សុំ​សេចក្តីសុខ​សប្បាយ​មក​យើង​វិញ​តែ​ប៉ុណ្ណឹង​ទេ»។

ក៏ប៉ុន្ដែ​ជំនឿ​ខាងលើ​ហាក់​ដូចជា បាន​ជួយ​ជំរុញ​ឲ្យ​ឈ្មួញ​ឱកាស​និយម​តម្លើង​ថ្លៃ​ផ្លែ​ឈើ​របស់​ពួកគេ​ ឲ្យ​ឡើងថ្លៃ​ខ្ពស់​កប់​ពពក។ យោង​តាម​ក្រុម​ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹងថា​ចេក​ណាំវ៉ា​មួយ​ស្និត​ដែល​មាន​តម្លៃ​ត្រឹម​តែ​១.៥០០រៀល​ ឬ​ស្មើនឹង​ជាង​ ៣៦ ​សេន​ ដុល្លារអាមេរិក​ បាន​ឡើង​ រហូត​ដល់៣ ​ទៅ៤ ​ម៉ឺនរៀល​ ឬស្មើ​នឹង​ប្រាំពីរ ​ទៅ​ដប់​ដុល្លារ​អាមេរិក។

ជុំវិញ​បញ្ហា​ទាំងអស់​នេះ​សម្តេច​មហា​សុមេធាធិបតីនន្ទ ង៉ែត ​ព្រះសង្ឃនាយក​នៃ​ប្រទេស​កម្ពុជា​បាន​ មាន​សង្ឃ​ដីកា​ថា បើសិន​ជា​ប្រជាពលរដ្ឋ​មាន​ចិត្ត​ជ្រះថ្លា​ចង់​បញ្ជូន​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះមែន​គឺ​មិន​ចាំបាច់​ចំណាយ​ប្រាក់​សម្រាប់​ទិញ​ផ្លែឈើ​ ក៏​បាន​ដែរទេ​ គឺ​គ្រាន់តែ​មាន​ចិត្ត​បរិសុទ្ធ​ និង​ឧទ្ទិស​កុសល​ដល់​ពួកគេ​ជា​ការ​ស្រេច។

ក៏ប៉ុន្តែ​សម្តេច​ព្រះសង្ឃរាជ​បាន​បញ្ជាក់​ថា ការ​សែន​នេះ​ ដើម្បី​បញ្ចៀសហេតុការណ៍អាក្រក់​កើត​ឡើង​និង​សុំ​សេចក្តី​សុខ​នោះ​មិនបាន​ផល​អ្វី​នោះ​ទេ។

«គេ​អាណោច​អាធ័ម គេ​សែន​អញ្ចឹង​ ដូច​គេសែន​ដូនតា​ សែន​ប្រពៃណី​ខែ​ភ្ជុំ​យើង ដាក់​នំ​អន្សម​ ដាក់​សែន​អី​អញ្ចឹង​ព្រហ្មញ្ញ​សាសនា​ ប៉ុន្តែ​យើង​នៅ​ភ័យ​នៅ​តក់ស្លុត​ យើង​ធ្វើ​អញ្ចឹង ទៅយើង​ដាក់​ខ្លាច​នេះ​គឺជា​ចចាម​អារ៉ាម​ គឺអត់​បាន​អីទេ»។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​រស់នៅ​ដោយ​មាន​ដក់​ជាប់ជំនឿ​ការគោរព​បូជា​ព្រលឹង​ អ្នក​ដែល​ស្លាប់​ឬ​ក៏បុព្វ​បុរស​របស់ពួក​គេរៀងៗ​ខ្លួន​រាប់​តំណ​មក​ហើយ​។ ដូច្នេះ​ការមាន​ជំនឿ​ស៊ុប​ទៅលើ​អបិយ​ជំនឿ​ខ្លាំងពេក​ បាន​ធ្វើ​ឱ្យពួកគេ​ងាយនឹង​ទទួល​រង​នូវ​ឥទ្ធិពល​អាក្រក់​ពីការ​បង្កើត​ពាក្យ​ ចចាមអារ៉ាម​ដែល​ទាក់ទង​ទៅនឹង​ការប្រតិបត្តិ​ជំនឿ​នេះ៕