រាប់ចាប់​ពី​មីយ៉ាន់ម៉ា ដល់​តំបន់ Kashmir ចលាចល​កើតឡើង​ស្របពេល​មាន​ការកាត់​ផ្តាច់​សេវា​អ៊ីនធឺណិត

រូបឯកសារ៖ យុវជន​មើល Facebook នៅ​លើ​ទូរស័ព្ទ​របស់​ពួកគេ​នៅពេល​ពួកគេ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។

នៅ​ព្រឹក​នៃ​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា អ្នកស្រី Nyein Nyein និពន្ធ​នាយក​រងនៃ​សារព័ត៌មាន Irrawaddy News បាន​ដឹង​ថា មាន​តែ​អ្នក​ស្រី​ម្នាក់​ឯង​គត់​ស្ថិត​នៅ​ក្នុង​កិច្ចប្រជុំ​សារព័ត៌មាន​តាម​អ៊ីនធឺណិត។

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​មិន​អាច​ទាក់ទង​សហការី​របស់​ខ្ញុំ​បាន​ក្នុង​ពេល​៣​ឬ​៤​ម៉ោង​នៅ​ពេល​ដែល​យោធា​បាន​បិទ​ទាំង​ស្រុង​មិន​ត្រឹមតែ​សេវា​អ៊ីនធឺណិត​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សេវា​ទូរស័ព្ទ​ចល័ត​ផង​ដែរ»។

អ្នក​ស្រី​បន្ថែម​ថា៖

«យើង​មាន​កិច្ចប្រជុំ​ក្នុង​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ពេល​ព្រឹក​ព្រលឹម​ពី​របៀប​ដែល​យើង​នឹង​រាយការណ៍ ហើយ​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក ស្រាប់​តែ​ពួកគេ​ក៏​បាត់​ពី​កិច្ចប្រជុំ​នេះ»។

ការ​បិទ​សេវា​អ៊ីនធឺណិត​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​យោធា​ដណ្តើម​យក​អំណាច និង​ដាក់​ប្រទេស​ឱ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​រយៈពេល​១ឆ្នាំ បន្ទាប់​ពី​មាន​ភាព​តានតឹង​រាប់​ខែ​មក។ យោធា​បាន​ចោទប្រកាន់​ថា ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​មាន​ការ​ក្លែង​បន្លំ។ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ការ​បោះឆ្នោត​នេះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី។​

ការ​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការ​រអាក់រអួល​កាលពី​សប្តាហ៍​មុន​ដោយ​កម្មវិធី (apps) និង​គេហទំព័រ​មួយ​ចំនួន​ត្រូវ​បាន​បិទ រួម​ទាំង​ហ្វេសប៊ុក​ដែល​ជា​កន្លែង​ពលរដ្ឋ​ធ្លាប់​បាន​បង្ហោះ​វីដេអូ​បន្ត​ផ្ទាល់​ពី​ការ​តវ៉ា​កន្លង​មក។

យោធា​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ថា គេហទំព័រ​នេះ​នឹង​ត្រូវ​បិទ​រហូត​ដល់​ថ្ងៃ​អាទិត្យ ដោយ​លើក​ឡើង​ពី​តម្រូវការ​ក្នុង​ការ​រក្សា«ស្ថិរភាព»។

ប៉ុន្តែ​ការ​ផ្តាច់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ មិន​មែន​ជា​អ្វី​ដែល​ថ្មី​នោះ​ទេ។

អ្នកស្រី Irene Khan អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សេរីភាព​បញ្ចេញ​មតិ​បាន​ប្រាប់​VOA​ថា៖

«មាន​ក្រុង​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin ដែល​មិន​អាច​ភ្ជាប់​អ៊ីនធឺណិត ឬ​ត្រូវ​បាន​កាត់​ផ្តាច់ ឬ​ត្រូវ​បាន​កាត់​បន្ថយ​រយៈពេល​ភ្ជាប់​អ៊ីនធឺណិត​ដែល​មាន​រយៈពេល​យូរ»។

នៅ​ក្នុង​ឆ្នាំ​២០១៧ យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ផ្តើម​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhine ដោយ​ធ្វើ​ឱ្យ​មនុស្ស​រាប់​សែន​នាក់​ភៀសខ្លួន​ឆ្លង​ដែន​ទៅ​បង់ក្លាដែស។ ការ​ប្រយុទ្ធ​រវាង​ក្រុម​យុទ្ធជន និង​យោធា​មីយ៉ាន់ម៉ា​បាន​រាលដាល​ដល់​រដ្ឋ Chin ដែល​ជា​រដ្ឋ​ជិត​ខាង និង​ដែល​ត្រូវ​បាន​គ្រប់គ្រង​ភាគច្រើន​ដោយ​គ្រិស្តសាសនិក។

យោធា​បាន​និយាយ​ថា ខ្លួន​វាយប្រហារ​ទៅ​លើ​យុទ្ធជន និង​បដិសេធ​ថា មិន​បាន​យក​ជន​ស៊ីវិល​ជា​គោលដៅ​នោះ​ទេ ប៉ុន្តែ​របាយការណ៍​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៨​បាន​សរសេរ​ថា សកម្មភាព​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​«មាន​បំណង​ប្រល័យ​ពូជសាសន៍»។

ការ​វាយប្រហារ​របស់​យោធា​នេះ​ធ្វើ​ឱ្យ​មាន​ការ​កាត់ផ្តាច់​អ៊ីនធឺណិត​នៅ​ក្នុង​រដ្ឋ​ទាំង​ពីរ ហើយ​រដ្ឋាភិបាល​កណ្តាល​បាន​លើក​ឡើង​ពី «ក្តីបារម្ភ​សន្តិសុខ»។

ការ​កាត់​ផ្តាច់​អ៊ីនធឺណិត​ប្រភេទ​នេះ​ពោល​គឺ​នៅ​ក្នុង​តំបន់ និង​រយៈពេល​យូរ មិន​មែន​ជា​រឿង​ដែល​កើត​ឡើង​តែ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

នៅ​ក្នុង​ឆ្នាំ២០១៩ យុទ្ធនាការ #KeepItOn ដែល​រៀបចំ​ដោយ​អង្គការ Access Now បាន​តាមដាន​ការ​បិទ​អ៊ីនធឺណិត​ចំនួន​២១៣​កន្លែង​នៅ​ក្នុង​ប្រទេស​ចំនួន​៣៣។ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ ការ​បិទ​អ៊ីនធឺណិត​ត្រូវ​បាន​គេ​តាមដាន​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា តំបន់ Tigray នៃ​ប្រទេស​អេត្យូពី ប្រទេស​បេឡារុស និង​ឥណ្ឌា និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត។

ការ​បិទ​អ៊ីនធឺណិត​នេះ​ជា​រឿយៗ​កើត​ឡើង​ក្នុង​ពេល​មាន​ចលាចល រួម​មាន​ការ​បោះឆ្នោត​ដែល​មាន​ការ​ប្រជែង​គ្នា ការ​តវ៉ា​ ឬ​ចលាចល​ស៊ីវិល។

នៅ​ក្នុង​តំបន់ Kashmir ចំណែក​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា ការ​ភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​ត្រូវ​បាន​បិទ ចាប់​តាំង​ពី​ពេល​ដែល​ឥណ្ឌា​បាន​ដកហូត​ឋានៈ​ពិសេស​របស់​តំបន់​នេះ​នៅ​ក្នុង​ឆ្នាំ២០១៩។ ឥណ្ឌា​និយាយ​ថា ការ​បិទ​នេះ​ជា​ការ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ភាព​ជ្រុលនិយម ប៉ុន្តែ​អ្នក​កាសែត​នៅ​មូលដ្ឋាន​បារម្ភ​ថា ការ​កាត់​ផ្តាច់​នេះ​ជា​មធ្យោបាយ​ក្នុង​ការ​បំបិទ​សំឡេង​អ្នក​តវ៉ា និង​រារាំង​មិន​ឱ្យ​មាន​ការ​ចែកចាយ​ព័ត៌មាន​អំពី​អំពើ​ឃោរឃៅ។

លោក Syed Shahriyar អ្នក​កាសែត​ឯករាជ្យ​ម្នាក់​នៅ​ក្នុង​ក្រុង Srinagar បាន​ប្រាប់ ​VOA​ថា៖

«នៅ​ក្នុង​តំបន់ Kashmir គ្រប់​ពេល​វេលា​ទាំង​អស់ សូម្បី​តែ​ឥឡូវ​នេះ ប្រសិន​បើ​មាន​ការ​ប្រយុទ្ធ​ដោយ​កាំភ្លើង​នៅ​ក្នុង​តំបន់ South Kashmir រដ្ឋាភិបាល​នឹង​ផ្អាក​អ៊ីនធឺណិត​នៅ​តំបន់​នោះ»។

រូបឯកសារ៖ អ្នកយកព័ត៌មាន​នៅ​តំបន់ Kashmir តវ៉ា​ប្រឆាំងនឹង​ការបិទ​អ៊ីនធឺណិត ដោយ​រដ្ឋាភិបាល​ឥណ្ឌា កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

នៅ​ពេល​ឥណ្ឌា​លុប​ចោល​មាត្រា​៣៧០​ ដែល​ផ្តល់​សិទ្ធិ​រួម​មាន​សិទ្ធិ​តាក់តែង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដល់​រដ្ឋ​ដែលមាន​ពលរដ្ឋភាគច្រើន​ជា​ជន​មូស្លីម​ រដ្ឋាភិបាល​ក្រុង​ដេលី​បាន​អះអាង​ដោយ​ផ្អែក​ថា ការ​ធ្វើ​បែប​នេះ​មាន​ភាព​ចាំបាច់​ដើម្បី​នាំ​យក​ស្ថិរភាព​មក​ឱ្យ​តំបន់​នេះ ដែល​រង​ផលប៉ះពាល់​ពី​ការ​ប្រយុទ្ធ​របស់​អ្នក​បំបែក​រដ្ឋ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។

បទ​បញ្ជា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ការ​ហាមឃាត់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​នៅ​ក្នុង​តំបន់​នេះ​លើក​ឡើង​ពី​តម្រូវការ​ក្នុង​ការ​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​រារាំង «ក្រុម​ប្រឆាំង​ជាតិ» មិន​ឱ្យ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​នេះ​ខុស។

លោកShahriyar បាន​និយាយ​ថា ការ​បិទ​អ៊ីនធឺណិត​នៅ​ពេល​នោះ​មាន​នៅ​គ្រប់​ទីកន្លែង​ ហើយ​អ្នក​កាសែត​ត្រូវ​ធ្វើ​ដំណើរ​តាម​រថភ្លើង ឬ​តាម​យន្តហោះ​ទៅ​រដ្ឋធានី​ដេលី​ដើម្បី​បញ្ចូន​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។

លោក Shahriyar បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​មាន​មិត្តភក្តិ​ម្នាក់​ដែល​រាយការណ៍​ពី​រឿង​មួយ ហើយ​គាត់​ត្រូវ​ទៅ​រដ្ឋធានី​ដេលី និង​មក​វិញ​ម្តង​ក្នុង​មួយ​ថ្ងៃ»។

លោក​បន្ថែម​ថា៖

«ខ្ញុំ​មិន​ដឹង​ពី​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នោះ​ទេ។ រឿង​នេះ​អាច​កើត​មាន​ឡើង។ អ្នក​កាសែត​ត្រូវ​ជិះ​យន្តហោះ ដើម្បី​គ្រាន់​តែ​រាយការណ៍​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីនេះ»។

ក្រៅ​ពី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាសែត​កាន់​តែ​ពិបាក​ជាង​មុន ការ​កាត់​ផ្តាច់​អ៊ីនធឺណិត​រារាំង​មិន​ឱ្យ​មនុស្សម្នា​ទាក់ទង​មិត្តភក្តិ និង​គ្រួសារ​របស់​ពួកគេ​ និង​ចែកចាយ​ព័ត៌មាន។

អ្នកស្រី Felicia Anthonio នៃ​យុទ្ធនាការ​ #KeepItOn បាន​និយាយ​ថា ការ​បិទ​អ៊ីនធឺណិត​ត្រូវ​បាន​រដ្ឋាភិបាល​ «ប្រើប្រាស់​ជា​ឧបករណ៍» ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់។

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​វិបត្តិ​មួយ ហើយ​អ្នក​មិន​អាច​ស្វែងរក​ព័ត៌មាន​បាន អ្នក​មិន​អាច​ទាក់ទង​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក​បាន។ អ្នក​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់»។

ជាពិសេស​នៅ​ក្នុង​ពេល​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​ផ្តាច់​ពី​អ៊ីនធឺណិត​ក៏​មិន​អាច​ទទួល​បាន​សេវា​ចាំបាច់​ជាច្រើន​ផង​ដែរ។ សេវា​ដក​ប្រាក់​ពី​ATM​និង​ធនាគារ​ត្រូវ​បាន​គេ​ផ្អាក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ដែល​យោធា​បាន​បិទ​សេវា​ទាំង​នេះ។

នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ឥណ្ឌា អ្នក​កាសែត​បាន​កត់សម្គាល់​ថា កុមារ​ដែល​ពឹងផ្អែក​លើ​ការ​អប់រំ​តាម​អ៊ីនធឺណិត​ក្នុង​ពេល​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ទទួល​រង​ផលប៉ះពាល់​ខ្លាំង។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ប្រកាស​ថា ការ​បិទ​អ៊ីនធឺណិត​គឺ​ជា​អំពើ​ខុស​ច្បាប់។

អ្នកស្រី Irene Khan ​ជឿ​ថា មិន​ធ្លាប់​មាន​មូលហេតុ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ការ​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​នោះ​ទេ។

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​គិត​រក​ហេតុផល​ណា​មួយ​មិន​បាន​នោះ​ទេ។ តាម​ពិត នេះ​ជា​មូលហេតុ​ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ជាច្រើន បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​បិទ​អ៊ីនធឺណិត​ប្រភេទ​នេះ​ ពោល​គឺ​ការ​បិទ​អ៊ីនធឺណិត​ដោយ​ពេល​ ​គឺ​តាម​ពិត​ទៅ​ជា​អំពើ​ខុស​ច្បាប់»។

អង្គការ​សហប្រជាជាតិ និង​អង្គការ​ផ្សេង​ទៀត​ដូចជា​ អង្គការ Access Now សង្ឃឹម​ថា ការ​បិទ​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​កាត់​បន្ថយ នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បន្ត​ថ្កោលទោស​លើ​ទង្វើ​នេះ។

ទំរាំ​ដល់​ពេល​នោះ អ្នក​កាសែត និង​សកម្មភាព​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​សហគមន៍​របស់​ពួកគេ និង​ពិភពលោក​ខាង​ក្រៅ​ទទួល​បាន​ព័ត៌មាន៕

ចូលរួមរាយការណ៍ដោយលោក Moe Moe Htun និងអ្នកស្រី Jessica Jerreat