អាកាសធាតុ​អាក្រក់​​កម្រិត​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ញឹកញាប់​ជាង​មុន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​​​ភ្ញាក់ផ្អើល

រូបឯកសារ៖ យានយន្ដ​បើកបរ​កាត់​រោងចក្រ​ថាមពល​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧។

ពី​តំបន់​ភាគ​ខាង​លិចសហរដ្ឋអាមេរិក​ទៅប្រទេសកាណាដា ពី​តំបន់​ស៊ីបេរី​នៅ​រុស្ស៊ី​ទៅ​តំបន់ Rhineland នៅ​អឺរ៉ុប គេ​ឃើញ​មាន​អាកាសធាតុ​អាក្រក់​ខ្លាំង​ជា​បន្តបន្ទាប់​ រួម​មាន​ដូចជា​ ការ​ឡើង​កម្តៅ​ខុសធម្មតា ភ្លើង​ឆេះ​ព្រៃ និង​គ្រោះ​ទឹក​ជំនន់​ដ៏​ប្រល័យ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​រយ​នាក់។

នៅ​កាណាដា អភិបាល​ខេត្ត British Columbia បាន​រាយការណ៍​កាល​ពី​ខែ​ដើម​ខែ​កក្កដា​ថា ការ​ស្លាប់​ភ្លាមៗ និង​មិន​បាន​រំពឹង​ទុក​យ៉ាង​តិច​ចំនួន ៤៨៦​ករណី ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ គឺ​ភាគច្រើន​ជា​ជន​ចាស់ជរា​រស់​នៅ​តាម​ផ្ទះ​ដែល​មិន​មាន​ខ្យល់​ចេញ​ចូល​ល្អ ហើយពួកគាត់​បាន​ប្រឈម​ខ្លាំងនឹង​កម្តៅ។ អ្នកស្រីបាន​និយាយ​ថា តាម​ធម្មតា​ក្នុង​រយៈពេល​ ៥​ថ្ងៃ មាន​ការ​ស្លាប់​ដោយ​មិនបាន​រំពឹង​ទុក​ចំនួន​ត្រឹម​តែ​ ១៦៥​ករណី​ប៉ុណ្ណោះ។ ​

ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​ផ្សារភ្ជាប់​អាកាសធាតុ​អាក្រក់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ហើយ​ការ​សិក្សាស្រាវជ្រាវមួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ​បាន​ព្រមាន​ថា ស្ថានភាព​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។

អាកាសធាតុ​វិទូ​និយាយ​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវមួយ​នៅ​ក្នុង​ការ​គិត​ថា ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ជួប​ប្រទះ​នូវ​ «អាកាសធាតុ​ចម្លែក​តែ​មួយ​ពេល» ជាជាងស្ថានភាព​ដែល​ពួកគេ​ធ្លាប់បាន​ព្រមានកន្លង​មក និង​ដែល​កំពុង​តែ​កើតឡើង​ នោះ​គឺ​ការ​បញ្ចេញ​កាបូន​ដែល​កំពុង​តែ​កើន​ឡើង​នាំ​ឲ្យ​មាន​ការ​ឡើង​កម្តៅ​នៅ​លើ​ពិភពលោក និង​អាកាសធាតុ​អាក្រក់​ជាង​មុន​ក្នុង​ទម្រង់​ជា​គ្រោះរាំងស្ងួត ទឹក​ជំនន់ រលក​កម្តៅ និង​ព្យុះ។ ហើយ​នេះ​ជា​ស្ថានភាព​អាកាសធាតុ​ថ្មី​មួយ​ដែល​នឹង​មាន​ជាប់លាប់​នា​ពេល​ខាង​មុខ។

លោក Dieter Gerten អាកាសធាតុ​វិទូ​ជនជាតិ​អាល្លឺម៉ង់​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី National Geographic ថា ការ​កើនឡើង​នៃ​ករណី​ «អាកាសធាតុ​អាក្រក់» គឺ​ជា «អ្វី​ដែល​យើង​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​គំរូ​ព្យាករណ៍​អាកាសធាតុ»។ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ភ្ញាក់ផ្អើល​ពី​ទំហំ​នៃ​គ្រោះ​ជំនន់​នៅ​អាល្លឺម៉ង់ ដែល​ស្រុក​កំណើត​របស់​លោក​គឺ​ក្រុង Oberkail ​ក៏​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ។

រូប​ឯកសារ៖ គ្រោះ​ទឹក​ជំនន់​កើតឡើង​ក្នុង​តំបន់ Ehrang ក្រុង Trier ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

​លោក Gerten សាស្រ្តាចារ្យ​ផ្នែក​អាកាសធាតុ​និង​ជលសាស្ត្រនៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផល​ប៉ះពាល់​ពី​អាកាសធាតុ Potsdam បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារ​វា​កើតឡើង​លើស​ពី​កំណត់ត្រា​ពី​មុន​មក»។

គំរូ​ពី​កុំព្យូទ័រ​បង្ហាញ​ថា កំណត់ត្រា​ស្ថានភាព​អាកាសធាតុ​អាក្រក់នេះ​នឹង​ត្រូវ​បំបែក​ជា​ញឹកញយ និង​នៅ​តាម​កន្លែង​ច្រើន​ជាង​មុន​នៅ​លើ​ពិភពលោក។

លោក Johannes Quaas ឧតុវិទូ​នៅ​សាកលវិទ្យាល័យ​ Leipzig ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​តាម​អនឡាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «នេះ​ជាស្ថានភាព​ថ្មី​មួយ​ដែល​នឹង​បន្ដ​កើតឡើង​នា​ពេល​ខាង​មុខ»។

​ខណៈ​អ្នកវិទ្យាសាស្រ្ត​កំពុងវាយតម្លៃ​កម្រិត​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​អាកាសធាតុ​អាក្រក់និង​ការប្រែប្រួល​អាកាសធាតុ ការ​សិក្សាស្រាវជ្រាវ​ជា​បន្ត​បន្ទាប់​ស្តី​ពី​ទំនាក់ទំនង​រវាង​កត្តា​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ថា ការ​ឡើង​កម្តៅ​នៅ​លើ​សាកលលោក​ជា​កត្តា​រួម​ចំណែក​ធំ​មួយ។ ការ​សិក្សា​ដូចនេះ​ប្រៀបធៀប​ទិន្នន័យ​ពី​ស្ថានភាព​ពិតទៅនឹង​គំរូ​កុំព្យូទ័រដែល​បង្ហាញ​ពី​ស្ថានភាព​អាកាសធាតុនៅ​ពេល​មិន​មាន​ការ​បញ្ចេញ​កាបូន។

ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​នេះ​ដោយ​លោក Friederike Otto នៃ​សាកលវិទ្យាល័យ Oxford បាន​លើកឡើង​ថា រលក​កម្តៅ​ដ៏​ប្រល័យ​នៅ​តំបន់​ភាគ​ពាយព្យ​ប៉ាស៊ីហ្វិក​សហរដ្ឋអាមេរិក និង​កាណាដា «ប្រហែល​នឹង​មិន​កើត​មាន​នោះ​ទេ​បើ​សិន​មិន​មាន​ការប្រែប្រួល​អាកាសធាតុ​បង្ក​ឡើង​ដោយ​មនុស្ស​នោះ»។

ការ​សិក្សាស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា៖ «លទ្ធផល​ពី​ការ​ស្រាវជ្រាវ​ផ្តល់​ជា​ការ​ព្រមាន​ដ៏​ធំ​មួយ​ នោះ​គឺ​ការ​ឡើង​កម្តៅ​យ៉ាង​ឆាប់រហ័ស​កំពុង​តែ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​មិនធ្លាប់​បាន​ជួប​ប្រទះ​ពី​មុន​មក ​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​មក​លើ​សុខភាព សុខុមាលភាព និង​ជីវភាព»។

ក្រៅ​ពី​ផល​ប៉ះពាល់​មក​លើ​ជីវិត​មនុស្ស អាកាសធាតុ​អាក្រក់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ផង​ដែរ។ ត្រឹម​ឆ្នាំ ២១០០ គ្រោះ​ទឹក​ជំនន់​នៅ​អឺរ៉ុប​អាច​បង្ក​ការ​ខូចខាត​រហូត​ដល់ ៦០​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ប្រសិន​បើ​ការ​បញ្ចេញ​កាបូន​មិន​ត្រូវ​បាន​ទប់ស្កាត់ និងបើ​មិនមាន​កិច្ចប្រឹងប្រែង​ច្រើន​ក្នុង​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ទឹកជំនន់​ និង​រលក​កម្តៅ​ទេនោះ​។ នេះ​បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​ Joint Research Center ដែល​ជា​ទីភ្នាក់ងារ​ផ្នែក​វិទ្យាសាស្រ្ត​និង​ចំណេះដឹង​នៃ​សហភាព​អឺរ៉ុប។ ​

ក្រុម​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា មាន​អ្វី​ត្រូវ​ធ្វើ​ជា​ច្រើន​ទៀត​ដើម្បី​ពង្រឹង​លទ្ធភាព​ទប់ទល់​។ ជា​ឧទាហរណ៍​ ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់​នៅ​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​ជាប់​នោះ ក្រុម​អ្នក​រៀបចំ​ផែនការ​នឹង​មិន​ត្រឹម​តែ​ត្រូវ​ផ្តោត​លើ​ទន្លេ​ធំៗ​ដូចជា ទន្លេ Rhine និង​ទន្លេ Meuse ដែល​កំពុង​ឡើង​កម្ពស់​ទឹក​នៅ​បារាំង ហើយ​ហូរ​ឆ្លងកាត់​ប៊ែលហ្ស៊ិក និង​ហូឡង់​ចូល​ទៅ​ក្នុង​សមុទ្រ North Sea នោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​ដៃ​ទន្លេ​ទាំង​នេះ​ផង​ដែរ។

រូប​ឯកសារ៖ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​កំពុង​តែ​ព្យាយាម​ពន្លត់ភ្លើង​ឆេះព្រៃ​ឈ្មោះ Tamarack ក្នុង​សង្កាត់ Alpine រដ្ឋ California សហរដ្ឋ​អាមេរិក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ (AP Photo/Noah Berger)

ខណៈ​ពេល​មាន​ព្យុះ​នៅ​តំបន់​អឺរ៉ុប​ភាគ​ខាង​ជើង តំបន់​ភាគ​ខាង​លិច​សហរដ្ឋអាមេរិក​និង​កាណាដា​កំពុង​ជួប​ប្រទះ​នឹង​រលក​កម្តៅ​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​កំណត់ត្រា តំបន់​ស៊ីបេរី​ដែល​កើត​មាន​ភ្លើង​ឆេះ​ព្រៃ និង​ចិន​ដែល​កើត​មាន​គ្រោះ​ទឹកជំនន់ សម្ពាធ​គឺ​មាន​កាន់​តែ​ខ្លាំង​ទៅ​លើ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​ ( COP26) ក្នុង​ក្រុង​ Glasgow នៅ​ខែ​វិច្ឆិកា ដើម្បី​កំណត់​ពី​ការ​កើនឡើង​នូវកិច្ចប្រឹងប្រែង​ជុំវិញ​ពិភពលោក​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន។ ​

លោក John Kerry ប្រេសិត​សហរដ្ឋអាមេរិកទទួល​បន្ទុក​ផ្នែក​បម្រែបម្រួល​អាកាសធាតុ កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ព្រមាន​ថា កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ COP26 នឹង​ជា «ពេលវេលា​ដ៏​សំខាន់» នៃ​ «ឆ្នាំ​ដែល​ត្រូវ​មាន​ការ​សម្រេច​ឲ្យ​បាន​ជាក់លាក់» ចំពោះ​ការ​ចាត់វិធានការ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ លោក​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ​បញ្ចេញ​នូវ​ផែនការ​ថ្មី​ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន។

លោក​បាន​និយាយ​ថា៖ «វិបត្តិ​អាកាសធាតុ​គឺ​ជា​ចំណោទ​បញ្ហា​មួយ​សម្រាប់​យើង​នា​ពេល​នេះ។ ខណៈ​វិបត្តិ​នេះ​កំពុង​តែ​វិវត្ត​ទៅ​មុខ​យឺតៗ​សម្រាប់​មនុស្ស​មួយ​ចំនួន ចំណោទ​បញ្ហា​នេះ​គឺ​មាន​ភាព​ធ្ងន់ធ្ងរ និង​មិន​ធ្លាប់​មាន​ពី​មុន​មក។ យើង​លែង​មាន​ពេល​ច្រើន​ទៀត​ហើយ»។

លោក​ក៏​បាន​លើកឡើង​ពី​ប្រទេស​ចិន ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាង​គេ​បង្អស់​ផង​ដែរ​ ដោយ​ជំរុញ​ឲ្យ​ប្រទេស​នេះមាន​ភាព​តឹងរ៉ឹង​ជាង​មុន​ជាមួយ​នឹង​ផែនការរបស់​ខ្លួន​ក្នុង​ការ​កាត់បន្ថយការ​បញ្ចេញ​កាបូន។

លោក​បាន​ថ្លែង​ថា៖ «ជា​ការ​សំខាន់​ដែល​យើង​ និង​ប្រទេស​ចិន ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ត្រូវ​ជំរុញ​ទៅ​មុខ​ក្នុង​ទិសដៅ​ដូចគ្នា​ចំពោះ​កិច្ចប្រឹងប្រែង​ដ៏​សំខាន់​នេះ»។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​ការ​បញ្ចេញ​កាបូន​ត្រឹម​កម្រិត​សូន្យ​នៅ​ឆ្នាំ ២០៦០។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​កត់សម្គាល់​ថា រដ្ឋាភិបាល​ចិន​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ផ្សារភ្ជាប់​អាកាសធាតុ​អាក្រក់​នៅ​ក្នុង​ប្រទេស​ទៅ​នឹង​ការ​ឡើង​កម្តៅ​នៅ​លើ​ពិភពលោក ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងក៏​មិនបាន​បង្ហាញ​លម្អិត​ពី​ផែនការ​របស់​ខ្លួន​នៅ​ក្នុង​ការ​សម្រេច​គោលដៅ​នេះ​នោះ​ដែរ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា