ក្រុម​សិទ្ធិ​មនុស្ស៖ ការ​បង្កក​សវនាការ​លោក កឹម សុខា​ ​អាច​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច ទោះ​​ចំណេញ​នយោបាយ

រូប​ឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លី​មួយដល់ VOA មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ដែល​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ខកខាន​មិន​បាន​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

តុលាការ​ក្រុងភ្នំពេញ​ បាន​បញ្ជាក់​ច្បាស់​ៗ​កាលពី​ពេល​កន្លង​មក​ថា​ សំណុំ​រឿង​លោក ​កឹម សុខា​ មិនមែនជា​អាទិភាព​តម្រូវ​ឲ្យ​ចៅក្រម​ជម្រះ​ឆាប់ៗ​នោះ​ទេ។

តុលាការ​ពន្យល់​ថា​ មិនមែន​ជា​អាទិភាព​ គឺ​ដោយសារ​ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​ ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។ នេះ​ជា​ការ​បរិយាយ​របស់​លោក​ តាំង​ ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រាប់​VOA​កាល​ពី​ខែ​មករា។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក៏​ធ្លាប់​ឆ្លើយតប​ទៅ​ក្រុម​អ្នកការពារ​ក្តី​លោក កឹម សុខា​ ថា​ក្តី​បារម្ភ​ពី ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ជា​ហេតុផល​នៃ​ការ​ពន្យារពេល​កាត់​ក្តី​របស់​លោក​ កឹម សុខា។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ មិន​យល់​ស្រប​ទាំង​ស្រុង​នឹង​ការ​អះអាង​របស់​តុលាការ​រាជធានី​ភ្នំពេញ។ ពួកគេនិយាយ​ថា​ តុលាការ​ហាក់​ដូច​ជា​រើស​អើង​សំណុំរឿង​លោក​ កឹម សុខា​ ខណៈ​សំណុំ​រឿង​ផ្សេង​ទៀត​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​បក្ស​ប្រឆាំង​ ក៏​ដូច​ជា​សកម្មជន​ជាច្រើន​នាក់​ទៀតដែល​គេ​ដឹង​ថា​ មាន​ភក្តីភាព​ជាមួយ​លោក​ សម រង្ស៊ី​ កំពុង​តែ​រំកិល​ទៅ​មុខ​បន្តិច​ម្តងៗ​ ដោយ​គ្មាន​អ្វី​ជា​ឧបសគ្គ​ បើ​ទោះ​រឿង​ខ្លះ​ជន​ជាប់​ចោទ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ផង។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​វីអូអេ​ថា​ លោក ​កឹម សុខា មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​ទទួល​បាន​ការ​កាត់​ក្តី​មួយ​ដែល​មាន​តម្លាភាព។

«បើ​យើង​និយាយ​ពី​រឿង​ រឿង​ករណី​ធំៗ​ ច្រើន​ដែរ​ដូច​ជា​ ករណី​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ក៏​ដូច​ជា​ មន្ត្រី​ជាន់​ខ្ពស់​មួយ​គំនរ​ ដែល​ដំណើរការ​សវនាការ​សព្វ​ថ្ងៃ​ កំពុង​តែ​មមាញឹក​ ពី​មួយ​case [ករណី]​ទៅ​មួយ​case[ករណី]​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ចេះ​តែ​អនុវត្ត​បាន។ អ៊ីចឹង​កូវីដ​ហើយ​ ប៉ុន្តែ​បើសិន​ជា​យើង​យក​ បញ្ហា​ហ្នឹង​មក​ ដូច​ជា​វា​អត់​សូវ​តម្លាភាព​នឹង​គ្នា»។

អ្នក​ការពារ​សិទ្ធិមនុស្ស​រូបនេះ​មាន​ប្រសាសន៍​បន្ថែម​ថា ក្តីក្តាំ​លោក​ កឹម សុខា​ បាន​បន្ត​ស្ថិត​ក្នុងការ​តាមដាន​យ៉ាង​ដិតដល់​ពី​សហគមន៍​អន្តរជាតិ ព្រោះគេ​ជឿ​ថា​ សំណុំរឿង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​ ចង​ភ្ជាប់​ដោយ​កត្តា​នយោបាយ​ច្រើន​ជាង​កត្តា​ផ្លូវ​ច្បាប់។

«គេ​ចាត់​ទុក​ថា​ ​ជា​រឿង​មួយ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ហើយ​ក៏​គេ​និយាយ​ថា​ វា​ពាក់​ព័ន្ធ​ជាមួយ​នឹង​បញ្ហា​រឿង​នយោបាយ​ហ្នឹង។ អ៊ីចឹង​ខ្ញុំគិតថា​ រឿង​ទាំង​អស់​នេះ​ទេ​ដែល​សំខាន់​សម្រាប់​ករណី​ឯកឧត្តម កឹម សុខា។ ​តែ​បើ​សិន​ជា​យើង​និយាយ​ពី​រឿង​ផ្លូវ​ច្បាប់​វិញ​ ទាំង​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ គេ​ចែង​មក​ហើយ​ថា​ជន​គ្រប់​រូប​ មាន​សិទ្ធិស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ ជាពិសេស​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​ការ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះ​ ដែល​ប្រព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​បាទ»។

លោក កឹម សុខា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ហៅ​ថា ជា«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ប៉ុន្តែ​ទាំង​លោក ​កឹម សុខា ​និង​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់នេះ​ជា​បន្ត​បន្ទាប់។

លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីមួយ​ដល់ VOA មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ផង ​និង​ក្នុង​គេហដ្ឋាន​របស់​លោក​ផង​នោះ ​តុលាការបាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឲ្យ​មេ​បក្ស​ជំទាស់​រូប​នេះ​ អាច​ធ្វើ​ដំណើរ​ជួប​ប្រាស្រ័យ​ទាក់​ទង​អ្នកដទៃ​ទៀត​ជា​លក្ខណៈ​ឯកជន​នៅ​ក្នុង​ប្រទេស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ ​ប៉ុន្តែ​តុលាការ​មិន​អនុញ្ញាត​ឲ្យលោក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដាច់​ខាត។

កាលពី​ដើម​ខែ​កុម្ភៈ​នេះ​ ក្នុង​បំណង​ពន្យល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ការ​អនុវត្ត​ច្បាប់​ឆ្នាំ​២០២០​ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​ស្ថាប័ន​នៅ​ក្រោម​រដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​រំសាយ​ការ​សង្ស័យសាធារណមតិ​ថា​ រឿង​ក្តី​លោក​កឹម សុខា«ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន» តាម​ការ​ស្នើ​សុំ​របស់​មេធាវី​មកពី​ភាគី​រដ្ឋាភិបាល​ និង​ភាគី​លោក​ កឹម សុខា។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្តល់​សេចក្តី​សន្និដ្ឋានចំពោះ​ការ​ផ្អាក​សវនាការ​របស់​លោក​កឹម សុខា​ ស្របតាម​ការ​លើក​ឡើង​របស់​តុលាការ​ គឺ​ដោយ​សារលោក​មិន​ស្ថិត​ក្នុង​ស្ថានភាព​ជាប់ឃុំ។

ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​មួយ​នេះ​ ពណ៌នា​ក្នុង​សេចក្តី​ប្រកាស​មួយថា៖ «ហេតុ​ដូចនេះ​ ប្រសិន​បើ​ លោក​កឹម សុខា​ ស្ថិត​ក្នុងការ​ឃុំ​នោះ​ សវនាការ​សំណុំ​រឿង​នេះ​ ក៏​នឹង​ត្រូវ​យក​មក​ចាត់​ការ​ជា​អាទិភាព​ផងដែរ»។

លោក​ ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ បក​ស្រាយ​ថា​ មិន​អាច​មាន​ការ​កំណត់​អាទិភាព​លើ​ក្តីក្តាំ​ក្នុង​តុលាការ​ បើ​ផ្អែក​លើ​គោលការណ៍​ស្មើភាព​ចំពោះ​មុខច្បាប់។​ លោក​កត់​សម្គាល់​ថា​ ដំណើរ​ការ​កាត់​ក្តី​នៅ​តុលាការ​កម្ពុជា​ មិន​មាន​សន្ទុះ​លឿន​នោះ​ទេ។ ​ក៏​ប៉ុន្តែ​ចៅក្រម​មិន​គួរ​ណាផ្អឹប​សំណុំ​រឿង​ខ្លះ​ទុក​ចោល​មួយ​អន្លើ​ រួច​ទៅ​សើរើ​សំណុំ​រឿង​ផ្សេង​ ទាំង​គ្មាន​ការ​បែង​ចែក​ពេល​វេលា​ជាក់​លាក់​នោះ​ឡើយ។​

លោក​ថា​ ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ខូច​សិទ្ធិ​របស់​លោក​ កឹម សុខា ក្នុង​ការ​ទទួលបាន​ការកាត់​ក្តី​ក្នុង​ពេល​សម​ស្រប​មួយ។

«គោល​ការណ៍​ច្បាប់​វា​អត់​មាន​រើស​អើង​បុគ្គល​ណា​ទេ​ ដោយ​សារ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​វាដូច​តែគ្នា​ទេ។ ក៏​ប៉ុន្តែ​រឿង​នៅ​ពីក្រោយឆាក​នៃ​រឿង​ក្តី​លោក​ កឹម សុខា​នេះ​ ខ្ញុំ​មិន​ដឹង​ថា​វា​ជា​រឿង​ យើង​មិន​ជឿជាក់​ថា​ ជា​រឿង​ប្រក្រតី​ភាព​នៃ​គេ​ហៅ​ថា​ ដូច​ការ​ចោទប្រកាន់​ ដូច​ថា​ឥឡូវ​ បទពាក់​ព័ន្ធ​ទៅ​នឹង​ការ​សមគំនិត​ជាមួយ​បរ​ទេស​ហ្នឹង​ វា​កើត​មាន​ភស្តុតាង​គ្រប់​គ្រាន់​ វា​អត់​មាន។ ហើយ​អ៊ីចឹង​ យន្តការ​នេះ​ ខ្ញុំ​ឃើញ​ថា​ រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បាត់​ទៅ​ហើយ​ទីមួយ។ ទីពីរ​ ខ្ញុំ​គិត​ថា​ យន្តការ​នេះ​ គឺ​ចង់​ឲ្យ​គេ​ហៅ​ថា​ អង្ករ​វាកា្លយ​ទៅ​ជា​បាយ​មែន​ទែន​ ព្រោះ​រំលាយ​ទៅ​បាត់​ហើយ​ ហើយ​អត់​មាន​កំហុស​ឆ្គង​ អត់​ឃើញ​ភស្តុតាង​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ដាក់​បន្ទុក​ ឬ​ក៏​កាត់​ក្តី»។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​ ជឿថា​ កង្វះ​ភស្តុតាង​ ទំនង​ជា​បាន​ធ្វើ​ឲ្យ​ចៅក្រម​អល់អែក​ក្នុង​ការ​កាត់​ទោស​រូប​លោក កឹម សុខា។

លោក ​ឯម សុវណ្ណារ៉ា បន្ត​ថា​ប្រសិន​បើ​តុលាការ​នៅបន្ត​រារែក​ មិន​បែង​ចែក​ពេលវេលា​បន្ត​សំណុំរឿង​លោក កឹម សុខា​នោះ​ កេរ្តិ៍​ឈ្មោះ​តុលាការ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់។ លោក​បន្ថែម​ថា​អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​បាន​គេ​ចង​ភ្ជាប់​ជាមួយ​សំណុំរឿង​លោក​ កឹម សុខា ដូច្នេះ​បើ​សិន​តុលាការ​មិន​អើពើ​ក្តីក្តាំ​នេះ​ទេ វា​នឹង​បង្ក​ឧបសគ្គ​ សម្រាប់​ការសាង​ទំនុក​ចិត្ត​គ្នា​រវាង​សហរដ្ឋ​អា​មេរិក​ និង​កម្ពុជា។

«កម្ពុជា​គួរ​ពិចារណា​ ដោះស្រាយ​បញ្ហា​នេះ​ដោយ​ជ្រះ​ស្រឡះ​ដើម្បី​ជា​ដំណោះ​ស្រាយ​មួយ​ដើម្បី​ឲ្យ​កម្ពុជា​ និង​អាមេរិក​ហ្នឹង​ អាច​កសាង​ទំនាក់​ទំនង​ហ្នឹង​ដោយ​តម្លាភាព​ ដោយ​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​នឹង​គ្នា​ អាហ្នឹង​ទើប​កម្ពុជា​អាច​ដោះស្រាយ​បាន។ កុំ​ដាក់​បន្ទុក​ឬ​ក៏​ហៅ​ថា​ ជា​បញ្ហា​មួយ​ដែល​មិន​ច្បាស់​លាស់​យក​មក​ធ្វើ​ជា​ឡប់ឡែ​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ កាន់​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​កម្រិត​មួយ​ទៀត​ដែល​បាត់​ជំនឿ​ពី​សហគមន៍​អន្តរជាតិ​ និង​ពលរដ្ឋ​ខ្មែរ​យើង​បាទ»។

លោក​ Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ីនៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ប្រាប់​VOA​តាម​សារ​អ៊ីមែល​ថា​ការ​បង្កក​សំណុំ​រឿង​លោក កឹម សុខា​ ជា​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​ហៅ​ថា​ជា«ចំណាប់​ខ្មាំង​របស់​តុលាការ​កម្ពុជា»។

លោក​ផ្តល់​ការ​អធិប្បាយ​ថា៖

«រដ្ឋាភិបាល​ច្បាស់​ណាស់​ចង់​អូស​បន្លាយ​ពេល​សវនាការ​ប្រឆាំង​នឹង​លោក​ កឹម សុខា ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​ពួកគេ​គិត​ថា​ បើលោក​ កឹម សុខា​ត្រូវ​ចង​ជាប់​ដោយ​ចំណង​តុលាការ​នោះ​ គាត់​មិន​អាច​ធ្វើ​កិច្ច​ការ​នយោបាយ​បាន​ទេ។ ការ​ពន្យារ​ទាំង​អស់​នេះ គឺ​ដើម្បី​រារាំងលោក​កឹម សុខា ឲ្យ​នៅក្នុង​ស្ថានភាព​មួយ​ជា​ចំណាប់​ខ្មាំង​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា»។

រូបភាពឯកសារ៖ ស្លាក​គណបក្ស​សង្គ្រោះជាតិ​ ដែល​រូប​លោក សម រង្សុី​ អតីត​ប្រធាន​គណបក្ស​ ត្រូវបាន​ហែកចោល​ ក្រោយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ នៅក្នុង​ខេត្ត​មណ្ឌលគីរី​ នៅថ្ងៃ​ទី២៥​ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)​

លោក​បន្ថែម​ថា៖ «ប្រទេស​កម្ពុជា​កំពុង​រំលោភ​សិទ្ធិ​របស់​គាត់[កឹម សុខា] ​ដើម្បី​ទទួល​បាន​ការ​កាត់ទោស​មួយ​ឆាប់​រហ័ស​ ដោយ​ធ្វើ​ជា​សោះ​អង្គើយ​ចំពោះ​ការណ៍​ពិត​ដែល​ថា​ យុត្តិធម៌​ដែល​ត្រូវ​បាន​ពន្យារពេល​ ពិត​ជា​យុត្តិធម៌​ដែល​មិន​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នោះ​ទេ»។

លោក​ប្រដូច​សំណុំ​រឿង​របស់​លោក​កឹម សុខា​ និង​អ្នក​ដែល​មាន​ភក្តីភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ ទៅ​នឹង​ល្បែង​នយោបាយ​ដែល​គ្មាន​ន័យ​សម្រាប់​យក​ទៅ​កាត់​ក្តីនៅ​តុលាការ​ដែល​គ្មាន​សិទ្ធិ​អំណាច​អារ​កាត់​រឿង​ក្តី​ដោយ​ខ្លួន​ឯង​ ហើយ​ការ​ចោទ​ប្រកាន់នានា​លើ​ពួកគេ គឺ​ជា​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​បញ្ជាក់​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុង​រិះរក​វិធី​សម្អាត​កម្ទេចកម្ទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេសសល់​ មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ ហើយ​តុលាការ​ទាំងអស់​កំពុងបង្ហាញ​ឆន្ទៈ​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ខិតខំ​នេះ»។

យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ បាន​ថ្លែង​ការពារ​ឯករាជ្យ​ភាព​របស់​ចៅក្រម​នៃតុលាការ​កម្ពុជា​កាលពី​ពេល​កន្លង​មក​ថា​ តុលាការ​បាន​ធ្វើការ​សម្រេចចិត្ត​នៅ​ក្នុង​ដែន​សិទ្ធិ​ និង​អំណាច​របស់​ពួកគេ ពោល​គឺ​គ្មាន​នរណា​ទៅ​បង្គាប់​បញ្ជា​ឲ្យ​ចៅក្រម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នោះ​ឡើយ។

លោក​ស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​លោក កឹម សុខា​មួយ​រូប​ងឿង​ឆ្ងល់​នឹង​ការ​បន្ត​ផ្អាក​សវនាការ​របស់​លោក​ កឹម សុខា​ ខណៈ​សំណុំ​រឿង​របស់ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​ជាច្រើន​នាក់​ទៀត​នោះកំពុង​បន្ត។

លោក​ស្រី​បន្ថែម​ថា​ តុលាការ​គួរឈប់​យក​«លេស»​រឿង​វិបត្តិ​កូវីដ១៩​មក​បង្កក​សវនាការ​កូន​ក្តី​លោក​ស្រី ព្រោះ​ស្ថានភាព​ជំងឺ​កូវីដ​មាន​ភាព​ល្អ​ប្រសើរ​ហើយ។

«ថា​អាហ្នឹង​ហើយ​ដែល​ខ្ញុំ​លើក​ជា​ចំណោទ​ចោទ​សួរ​ ហើយ​លើក​ជា​បញ្ហា​ថា​តើ​ មូលហេតុ​ដោយ​សារ​ បញ្ហា​កូវីដ​ហ្នឹង​ វាៗ​មិន​គួរ​ណា​ជា​មូលហេតុ​ លើកឡើង​ជា​ចំណោទ​ទេ​ ដោយ​សារ​តែ​រឿង​ក្តី​ផ្សេងៗ​ យើង​ឃើញ​ថា​ ដំណើរការ​នីតិវិធី​បាន​ ហើយ​ដូច​ជា​ក្តីខ្លះ​ហ្នឹង​មនុស្ស​នៅ​ក្រៅ​ឃុំ​ ក៏​នៅ​តែ​ដំណើរការ​មិនមែន​ថា​ទាល់​តែ​មនុស្ស​នៅ​ក្នុង​ឃុំ​បាន​ត្រូវ​សម្រុក​កាត់​រឿង​ក្តី​ហ្នឹង​ទេ​ច៎ា!»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា​ ក្តី​ក្តំា​លោក​ កឹម សុខា​ ជា​ការរំខាន​មួយ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Chad Roedemeier អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ។

លោក​Chadថ្លែង​ថា​សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ជាប់ពាក់​ព័ន្ធ​ណា​មួយ​ទាល់​តែ​សោះ​នឹង​សំណុំរឿង​លោក​កឹម សុខា។

លោក​អធិប្បាយ​ថា៖ «​វាមិន​មែន​ដូច​ការ​ដែល​គេ​និយាយ​នោះ​ទេ។ យើង​ត្រូវ​បាន​រំខាន​ដោយ​ការ​ចោទ​ប្រកាន់​មិន​ពិត​ទាំងអស់​នេះ​ ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​អំឡុងពេល​នៃ​សវនាការ​របស់​គាត់។ ដូច​ដែល​លោក​ឯកអគ្គរដ្ឋទូត​បាន​និយាយ​កាលពី​មុនៗអំពី​ករណី​នេះ​នោះ​គឺ​ យុត្តិធម៌​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ គឺ​ជា​យុត្តិធម៌​ដែល​ត្រូវ​បាន​បដិសេធ​ចោល»។ ​

លោក​បន្ថែមថា៖ «យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ធ្វើ​រឿង​ដែល​ត្រឹមត្រូ​វ​ ហើយ​លោក​កឹម សុខា​ នឹង​ត្រូវបាន​លើក​លែង​ពីការ​ចោទប្រកាន់​ ហើយ​សិទ្ធិរបស់​គាត់​ទាំងឡាយ​នឹង​ត្រូវបានផ្តល់​ឲ្យគាត់​វិញ។ ការណ៍​នេះ​ នឹង​ជា​រឿង​ល្អ​បំផុត​សម្រាប់​កម្ពុជា​ និង​សម្រាប់​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា»។

លោក ​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​គណបក្ស​កាន់​អំណាច​គ្មាន​សិទ្ធិ​ទៅ​លូក​លាន់​ការងារ​របស់​តុលាការ​ឡើយ។

អ្នក​នាំពាក្យ​រូប​នេះ​ចង្អុល​ទៅ​សម្តី​របស់​ លោក កឹ​ម សុខា​ ដែល​បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​ ​កាល​ពី​ឆ្នាំ​២០១៣ ពាក់​ព័ន្ធ​នឹង​ការ​បង្ហាញ​ផ្លូវ​ពី​ប្រទេស​មួយចំនួន​ឲ្យនាវានយោបាយ​របស់​លោក​ កឹម សុខា ​បាន​ធ្វើ​ដំណើរ​បោះ​ពួយ​ទៅ​មុខ ឈាន​ដល់​ការ​កសាង​បាន​ជា​គណបក្ស​សង្គ្រោះជាតិ។ លោក​ថា​នេះ​ជា​ភស្តុតាង​រឹង​មាំ​មួយ។

«អ៊ីចឹង​អត់​មាន​អ្នកណា​បង្កើត​ជំនួស​គាត់​បាន​ទេ​ ពីព្រោះ​គាត់​ធ្វើហើយ​ គាត់​មោទនភាព​បុគ្គល​គាត់​ គាត់​លាត​ត្រដាង​ហើយ​ផ្សព្វផ្សាយ​ជា​សាកលលោក​ទៅ​ទៀត។ ដូច្នេះ​ហើយ​គ្មាន​អាច​ប្រកែក​បាន​ទេ»។

ក្នុង​សវនាការ​កាលពីខែ​មករា​ឆ្នាំ​២០២០​ នៅ​ពេល​លោកកឹម សុខា​ បង្ហាញ​ខ្លួន​នៅ​សាល​សវនាការ​តុលាការ​រាជធានី​ភ្នំពេញ​ ក្រុមប្រឹក្សា​ជំនុំជម្រះ​ ​បាន​បង្ហាញ​ឃ្លីប​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា។ វីដេអូ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ហើយ​ក៏​ជាដើមចម​នៃ​អង្គ​ហេតុ​សំខាន់ៗ​មួយចំនួន​ ដែល​នាំ​ដ​ល់​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧។​

លោក កឹម សុខា ថា​វីដេអូ​នេះ​មាន​ការ​កាត់​តដោយ​ផ្នែកៗ។

លោក​ អំ សំអាត មន្រ្តីអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​បើ​សិន​ជា​សំណុំរឿង​លោក​ កឹម សុខា​ នៅ​អូស​បន្លាយ កម្ពុជា​អាច​នឹង​ខាត​បង់​មួយ​កម្រិត​ទៀត​នៃ​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ពី​លោក​សេរី។

«ខ្ញុំ​លើក​ឧទាហរណ៍​តែ​មួយ​មើល​តែ​បញ្ហា​EBA ​របស់​សហគមន៍​អឺរ៉ុប​ ដែល​កាត់​យើង​២០​%​គឺ​ផ្តើម​ចេញ​ពី​ការ​រំលាយ​គណបក្ស​ និង​ការ​ចាប់​ខ្លួន​ឯកឧត្តម ​កឹម សុខា​ ហ្នឹង​ហើយ។ អាហ្នឹង​ គឺ​ជា​ ជាអ្វី​ដែល​យើង​មើល​ឃើញ​ជាក់​ស្តែង​ ដែល​គេ​ទាម​ទារ​ឲ្យ​ស្តាឡើងវិញ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស។ អ៊ីចឹង​បើសិន​ជា​បញ្ហា​នេះ​អូសបន្លាយ​ ​កម្ពុជា​យើង​ក៏​នៅ​តែ​មាន​ផល​ប៉ះពាល់​ជា​បន្ត»៕