សេរីភាព​បញ្ចេញ​មតិ​ និង​ប្រមូល​ផ្តុំ​ធ្លាក់​ចុះ​នៅ​មុន​ការ​បោះឆ្នោត

ពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់​មួយ​ចំនួន​ចូលរួម​ដាក់​ញត្តិ​សុំដោះលែង​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ពិន ស៊ីសុវណ្ណ/VOA)

សេរីភាព​នៅប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ជា​ខ្លាំង​ នៅ​មុន​ពេល​បោះ​ឆ្នោត​មិន​ដល់​មួយ​ខែ​ផង ហើយអ្នក​ដង្ហែ​ញត្តិ​ដែល​សុំឲ្យ​ដោះលែង​អ្នកស្រី ​ទេព វន្នី ​និយាយ​ថា ​វា​មិន​មែន​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​ពេល​បោះឆ្នោត​នោះ​ទេ។

សកម្មភាព​ប្រមូល​ផ្តុំ សេរីភាព​ធ្វើ​បាតុកម្ម ​និងយុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​របស់​កម្មករ​ អ្នក​រង​គ្រោះ​នៃទំនាស់​ដីធ្លី​ និង​គណបក្ស​នយោបាយជាដើម​ មាន​សភាព​ទន់ខ្សោយ​ខ្លាំង។

សកម្មភាព​របស់​អ្នក​ភូមិ​បឹងកក់​ ដែល​ធ្លាប់​តែ​មាន​ការ​ដង្ហែ​ក្បួន​បាតុកម្ម ​មាន​គ្នា​ច្រើន​រយនាក់ បាន​ធ្លាក់​មក​នៅ​ត្រឹម​ជាង​១០​នាក់​ប៉ុណ្ណោះ​ នៅ​ក្នុង​ការ​ដង្ហែ​ញត្តិ​ទៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប. ​ស្ថានទូត​ជប៉ុន ​និង​សហភាព​អឺរ៉ុប​ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​ ទេព វន្នី​ សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ដែល​ជាប់​ឃុំឃាំង​ប្រមាណ​២៦០​ថ្ងៃ​មក​ហើយ​នោះ។

លោក ​ចន្ទ ពុទ្ធិស័ក្តិ ​ដែល​ចូលរួម​ការ​ដាក់​ញត្តិ​នេះ​បាន​និយាយ​ថា ​ពលរដ្ឋ​កាត់​បន្ថយ​យុទ្ធនាការ​មួយ​ចំនួនដោយ​សារ​សកម្មភាព​ខ្លះ​ ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ ជា​បដិវត្តន៍​ពណ៌ ដែល​អាច​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ពី​តុលាការ​ និង​រដ្ឋាភិបាល។​

បាតុករ​រូប​នោះ​បន្ថែម​ប្រាប់ VOA ថា៖ ​«ប្រជាពលរដ្ឋ​ឥឡូវ​ហ្នឹង​ ខ្ញុំ​គិត​ថា ​តាម​ដែល​ខ្ញុំ​សង្កេត​មើល ​គាត់​ហាក់​ដូច​ជា​កំពុង​ទន្ទឹង​រង់ចាំ​ថ្ងៃ​បោះឆ្នោត»។

អ្នក​ដង្ហែ​ញត្តិ​កាល​ពី​ថ្ងៃ​អង្គារនិយាយ​ថា ​ប្រសិន​បើ​ពួកគាត់​នៅ​មាន​សិទ្ធិ​ទាមទារ​ ហើយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ដឹង​ ហើយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ នោះ​ពួកគាត់​អាច​មាន​មនោសញ្ចេតនា​ជាមួយ​គណបក្ស​ដែល​ដឹកនាំ​ប្រទេស​ពី​បាតដៃ​ទទេ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ខួប​ទី​១០ឆ្នាំ​នៃ​ទិវា​អតីត​យុទ្ធជន​នៅ​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ដូច​ពេល​មុនៗថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់​ដែល​បាន​កសាង​សន្តិភាព​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ចំណែក​ឯ​គណបក្ស​ផ្សេងៗ​បាន​បំផ្លាញ​ការ​រស់រាន​របស់​ប្រជាជន។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«សង្ឃឹម​ថា ​ប្រជាពលរដ្ឋ​របស់​យើង​នឹង​យល់។​ ៣៨​ឆ្នាំ​បាន​កន្លង​ផុត​ ជា​មួយ​នឹង​ការ​ខិតខំ​របស់​យើង​ទាំង​អស់​គ្នា។ ដូច្នេះ​ការ​ការពារ​សមិទ្ធផល​មួយ​នេះ ដោយ​តម្លៃ​ណា​ក៏​ដោយ​ ត្រូវតែ​ការពារ​ឲ្យ​បាន។ ​ដូច្នេះ​គណបក្ស​ប្រជាជន​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​បោះឆ្នោត»។​

ទោះ​ជា​យ៉ាងណា​ក្តី ​អ្នក​ដង្ហែ​ញត្តិ​សុំ​ដោះលែង​អ្នកស្រី ​ទេព វន្នី​ បាន​បង្ហាញ​ការ​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយ​សារ​ការ​រឹត​បន្តឹង​សេរីភាព​ប្រមូល​ផ្តុំ​នេះ។ស្ថានភាព​នេះ​នឹងធ្វើ​ឲ្យ​ពួក​គេពិចារណា​ក្នុងការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី៤​ខែ​មិថុនា​ខាង​មុន​នេះ​ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។

ក៏​ប៉ុន្តែ​លោក ​សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ (Nicfec) ​និយាយ​ថា ស្ថានភាព​ស្ងប់ស្ងាត់​នេះ ​ជា​អំណោយ​ផល​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ​និង​២០១៨។

លោក ​សំ គន្ធាមី ថ្លែង​ប្រាប់ VOA ថា៖ «កាល​ណា​មាន​ការ​តវ៉ា​ច្រើន ​សាធារណជន​គាត់​ចាប់​អារម្មណ៍​ច្រើន។ ​គាត់​ចាប់​អារម្មណ៍​ច្រើន​ គាត់​យក​រឿង​ការ​តវ៉ា​ទៅ​ពិចារណា។ ​គាត់​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​នៅ​ពេល​បោះឆ្នោត»។​

ប៉ុន្តែ​លោក​បន្ត​ថា​ ​លទ្ធផល​ឆ្នោតរបស់​គណបក្ស​សង្គ្រោះ​ត្រូវ​ពឹង​ផ្អែក​សំខាន់​ទៅ​លើ​កម្រិត​នៃ​ការ​ឃោសនាយុទ្ធនាការ​បោះឆ្នោត​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ​ថា តើ​គណបក្ស​នេះ​ហ៊ាន​ឃោសនា​ដល់​កម្រិត​ណា។

អ្នក​ដង្ហែ​ញត្តិ​ដែលមាន​គ្នា​តិចតួច​ បាន​បង្ហាញ​ការព្រួយ​បារម្ភ​ថា​ តើ​គ.ជ.ប. នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ត្រឹម​ត្រូវ​ យុត្តិធម៌​ឬ​យ៉ាងណា។

​លោក សំ គន្ធាមី ​មាន​សុទិដ្ឋិនិយម​ថា ​ការ​បោះឆ្នោត​នៅ​អាណត្តិ​នេះនឹង​មាន​ការ​យកចិត្ត​ទុកដាក់​ពី​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ច្រើន​ជាង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

លោក សំ គន្ធាមី ពន្យល់​ថា៖ «តែ​គេ​ចាប់​អារម្មណ៍ គេ​ឃ្លាំមើល​ច្រើន​គ្នា ដំណើរការ​ហ្នឹង​ប្រហែល​ជា​ប្រសើរ​ឡើង​ មិន​មាន​បញ្ហា​ច្រើន​ទេ»។

​ដោយ​រំឭក​ដល់​បាតុកម្ម​មុន​ និង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល​ក្រោយ​មក​មាន​ការ​បង្ក្រាប​ បណ្តាល​ឲ្យកម្មករ​៤​នាក់​ស្លាប់​ ​និង​បាត់​ខ្លួន​ម្នាក់​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​នោះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រមាន​ថា ​លោក​នឹង​ប្រើ​កងទ័ព ​បើ​មាន​បាតុកម្ម​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៧ និង​ឆ្នាំ​២០១៨។

លោក ហ៊ុន សែន​ ព្រមាន​ថា៖​ «អ្នក​ឯង​ធ្វើ​សកម្មភាព​ច្រើន​ទីកន្លែង​មិន​ឲ្យ​ពលរដ្ឋ​ចូល​បោះឆ្នោត តែ​ដើម្បី​ថ្នាក់​ថ្នម​សភាពការណ៍ ​យើង​អត់​ធ្មត់​មិន​ធ្វើ​សកម្មភាព។​ ប៉ុន្តែ​កុំ​ភ្លេច​ថា ​២០១៧ ​និង​២០១៨​ បើ​សកម្មភាព​ពួក​អ្នក​ឯង​របៀប​នេះ ​ កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ចេញ​បង្ក្រាប​ភ្លាម។ ​បើ​វា​ផ្ទុះ​សង្គ្រាម​ក៏​ឲ្យ​វា​ផ្ទុះ​ទៅ​ចុះ!»។

ការ​ដង្ហែ​ញត្តិសុំ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ​ដែល​ជាប់​ពន្ធនាគារ​ជា​លើក​ទី៣នោះ​ នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែ​មិថុនា​នេះ​ ទៅ​កាន់​ស្ថានទូត​នានា​ ដូច​ជា​ស្ថានទូត​ស.រ.អា.​ អូស្រ្តាលី ​បារាំង​ជា​ដើម។

ក៏​ប៉ុន្តែ​ការ​ដង្ហែ​ញត្តិ​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មិន​អាច​មាន​ទ្រង់​ទ្រាយ​ធំ​ដូច​សកម្មភាព​របស់​សហគមន៍​បឹងកក់​កាល​ពី​ឆ្នាំ​២០១៣​នោះ​ឡើយ៕