មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជានៅតែបន្តរងការវាយប្រហារ ដែលអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សតែងរងការបង្រ្កាប និងជាមុខសញ្ញា ដោយសារការអនុវត្តសិទ្ធិស្របច្បាប់ក្នុងពេលចុះធ្វើសេចក្តីរាយការណ៍ព័ត៌មាន និងការតស៊ូមតិ។
ការរកឃើញថ្មីនេះត្រូវបានចងក្រងក្នុងរបាយការណ៍ចុងក្រោយមួយដែលបានបង្ហាញពីព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និង សិទ្ធិជាមូលដ្ឋានផ្សេងទៀត។ របាយការណ៍នេះត្រូវបានចងក្រងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងរយៈពេលមួយឆ្នាំ ដោយបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២២។
របាយការណ៍ ដែលចេញផ្សាយជាសាធារណៈនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋាភិបាលបានបង្កើតច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ តួយ៉ាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិកាលពីខែធ្នូ ឆ្នាំ២០២១ ដែលមានភាពមិនច្បាស់លាស់ ហើយដែលអាចត្រូវបានអាជ្ញាធរប្រើប្រាស់ជាឧបករណ៍មួយទៀតដើម្បីដកហូតសេរីភាពដែលត្រូវបានរឹតត្បិតយ៉ាងធ្ងន់ធ្ងររួចស្រាប់ទៅហើយនោះ។
របាយការណ៍ដែលចេញផ្សាយជាខេមរភាសា និងមានកម្រាស់៥៥ទំព័រនេះបន្ថែមថា ការបំភិតបំភ័យ ការឃ្លាំមើល ការគំរាមកំហែង ឬការយាយីតាមប្រព័ន្ធតុលាការក៏ត្រូវបានប្រើប្រាស់ជាប្រចាំផងដែរដើម្បីកំណត់មុខសញ្ញាអ្នកដែលហ៊ានបញ្ចេញមតិជាមួយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។ នេះគឺជាគោលដៅចម្បងរបស់រដ្ឋាភិបាលដែលប្រឆាំងនឹងសំឡេងរិះគន់។
ដំណាលពេលគ្នានៃការផ្សព្វផ្សាយរបាយការណ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានរៀបចំកិច្ចពិភាក្សាមួយជាមួយអ្នកសារព័ត៌មានដើម្បីបង្ហាញអំពីការប្រឈមរបស់ពួកគេផងដែរ។
ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា អ្នកស្រី ហង្ស សម្ផស្ស ដែលបានចូលរួមក្នុងកិច្ចពិភាក្សារៀបចំឡើងនៅថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា រដ្ឋាភិបាលគួរបើកចំហសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឱ្យស្របតាមប្រទេសប្រជាធិបតេយ្យដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។
អ្នកស្រីនិយាយថា៖ «គេមើលមកកម្ពុជា ដូចជាយើងដើរថយក្រោយ។ យើងអត់គោរពលទ្ធិប្រជាធិបតេយ្យ។ យើងប្រាប់គេថា យើងប្រទេសយើងប្រជាធិបតេយ្យ តែតាមពិតយើងអត់បានប្រជាធិបតេយ្យពិតប្រាកដ។ មានន័យថា ផ្នែកណាមួយនោះមានប្រជាធិបតេយ្យ ប៉ុន្តែយើងអត់ចង់ដោយផ្នែកណាមួយទេ គឺយើងចង់បានទាំងអស់ គឺប្រទេសលទ្ធិប្រជាធិបតេយ្យ ព្រោះក្នុងរដ្ឋធម្មនុញ្ញយើងចែងមកថា ប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស»។
ដោយឡែក អ្នកសម្របសម្រួលគម្រោងការលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហួន ផន លើកឡើងក្នុងកិច្ចពិភាក្សានោះផងដែរថា ការណ៍ដែលសិទ្ធិសេរីភាពបញ្ចេញមតិ និងសារព័ត៌មាននៅតែត្រូវបានរឹតត្បិតនេះបង្ហាញថា រដ្ឋាភិបាលមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឡើយ។
លោកថ្លែងក្នុងកិច្ចពិភាក្សានោះយ៉ាងដូច្នេះ៖ «ការអនុវត្តកន្លងមកគឺផ្ទុយជាមួយច្បាប់ដែលយើងមានជាធរមាន។ អ៊ីចឹងវាបង្ហាញថា ការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលមិនទាន់បានពេញលេញនូវអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាអ្វីដែលរដ្ឋធម្មនុញ្ញទទួលស្គាល់ ផ្តល់សច្ចាប័នទៅដល់អនុសញ្ញា សន្ធិសញ្ញាមួយចំនួនពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន»។
លោក ហួន ផន បន្ថែមថា ដើម្បីជំរុញឱ្យសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិមានភាពប្រសើរឡើងនោះ លុះត្រាតែមានការចូលរួមពីសាធារណជន និងរដ្ឋាភិបាលមានឆន្ទៈនយោបាយក្នុងការកែលម្អចំណុចអវិជ្ជមាននានាពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិស្នូលសំខាន់ទាំងពីរនេះ។
លោកនិយាយថា៖ «ទាល់តែមានការចូលរួមពីសាធារណជនទូទៅផងដែរ ហើយក៏ត្រូវការឆន្ទៈពីរដ្ឋាភិបាលដែរ បើសិនជារដ្ឋាភិបាលអត់មានឆន្ទៈក្នុងការរុញច្រាន ក្នុងការគោរពហ្នឹងទេ ក៏វាមានផលជះអវិជ្ជមានក្នុងការធ្វើឱ្យមានភាពប្រសើរឡើងទៅដល់សិទ្ធិសេរីភាពបញ្ចេញមតិ ក៏ដូចជាសេរីភាពសារព័ត៌មានជាដើម»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញករណីគាបសង្កត់មួយចំនួនទៅលើការប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងសារព័ត៌មាន។ របាយការណ៍បង្ហាញថា នៅចនោ្លះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ សិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មានបានបន្តរងការប៉ះពាល់ ដោយមានអ្នកសារព័ត៌មានយ៉ាងហោចណាស់២០នាក់ និងអ្នកការពារសិទ្ធិមនុស្ស១៣នាក់បានរងនូវផលប៉ះពាល់ពីការបន្តគាបសង្កត់ និងរងគ្រោះដោយសារតែគោលការណ៍រដ្ឋាភិបាលមិនអត់ឱនចំពោះការរិះគន់។
របាយការណ៍បានលើកឡើងតាមន័យដើមថា៖ «ដើម្បីបង្កើតពិភពលោកមួយកាន់តែមានសមធម៌ និងសេរី គឺជាការចាំបាច់ណាស់ដែលបុគ្គលម្នាក់ៗ មានលទ្ធភាពក្នុងការបង្ហាញនូវគំនិត ការចែក រំលែក និងទទួលព័ត៌មាន»។
របាយការណ៍បន្ថែមថា៖ «នៅពេលដែលសង្គមចូលរួមក្នុងសកម្មភាពទាំងនេះ លទ្ធិប្រជាធិបតេយ្យនឹងលូតលាស់ ហើយបទដ្ឋានសង្គម និងមនោគមវិជ្ជាដែលបង្កគ្រោះថ្នាក់នឹងថមថយ»។
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មាននៅតែបន្តជួបបញ្ហាស្រដៀងទៅនឹងរបាយការណ៍ដែលទើបតែចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកថា សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅតែរងការគំរាមកំហែង និងរឹតត្បិតដដែល។
លោកបន្ថែមថា៖ «ដើម្បីឱ្យមានការប្រសើរឡើងសម្រាប់វិស័យសារព័ត៌មាន ក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋហ៊ានបញ្ចេញមតិសម្រាប់ការរិះគន់ស្ថាបនាកែលម្អផ្សេងៗ ក្រសួងគួរតែសិក្សាពីបញ្ហាហ្នឹងឱ្យបានស៊ីជម្រៅ ហើយបើសិនរកឃើញថា មានបញ្ហាអ៊ីចឹងមែន គួរតែរកវិធីដោះស្រាយ ក៏ដូចជាជំរុញឱ្យមានសេរីភាពសារព័ត៌មាន ក៏ដូចជាសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជាយើងកាន់តែប្រសើរឡើង»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានច្រានចោលរបាយការណ៍ខាងលើ និងថា ការលើកឡើងទាំងនេះមិនឆ្លុះបញ្ចាំងពីការណ៍ពិត ហើយរបាយការណ៍នោះទៀតសោតត្រូវបានចងក្រងឡើងដើម្បីបំភាន់មតិសាធារណជនជាតិ និងអន្តរជាតិអំពីស្ថានភាពពិតប្រាកដតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការសរសេររបាយការណ៍នេះគឺលើកឡើងតែមួយជ្រុង ដោយមិនបានធ្វើការពិនិត្យឱ្យបានស៊ីជម្រៅ ឱ្យបានហ្មត់ចត់ទៅលើស្ថានភាពជាក់ស្តែងអំពីការអនុវត្តសិទ្ធិ និងសេរីភាពនៅកម្ពុជានោះទេ»។
បើតាមលោក មាស សុភ័ណ្ឌ សេរីភាពសារព័ត៌មានត្រូវបានការពារដោយច្បាប់ក្នុងប្រទេសកម្ពុជា ហើយថា អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋត្រូវអនុវត្តតាមច្បាប់ និងលិខិតគតិយុត្តិដែលមានជាធរមាន។
គួររំឭកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២២ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដែលបង្ហាញថា ស្ថានភាពជាទូទៅនៃសេរីភាពសារព័ត៌មានមិនមានភាពល្អប្រសើរឡើយ។
ចំណែកអង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS កាលពីខែកញ្ញានេះ បានវាយតម្លៃអវិជ្ជមានលើស្ថានភាពសារព័ត៌មាននៅកម្ពុជា ជាពិសេសគឺសារព័ត៌មានឯករាជ្យដែលនៅបន្តស្ថិតក្រោមវាយប្រហារ គ្រាអ្នកកាសែតបានប្រឈមមុខនឹងការយាយីជាច្រើនទម្រង់។
ជុំវិញការរឹតត្បិតសិទ្ធិសារព័ត៌មាននេះ អ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) និងអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA) មិនត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានអំពីការធ្វើសន្និសីទសារព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទេ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយអះអាងថា ថ្នាក់លើបញ្ជាមក។ អ្នកជំនាញក្នុងវិស័យសារព័ត៌មានមួយចំនួនយល់ថា នេះជាទម្រង់នៃការដាក់សម្ពាធមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕