អ្នក​ឃ្លាំមើល៖​ ៤​ឆ្នាំ​ក្រោយ​ការ​ស្លាប់​លោក ​កែម​ ឡី​ ប្រជាធិបតេយ្យ​​កាន់​តែ​ធ្លាក់​ចុះ ​ខណៈ​យុត្តិធម៌​មិន​ទាន់​មាន​នៅ​ឡើយ

រូបឯកសារ៖ ពិធីបុណ្យ​គម្រប់ខួប ១០០ ថ្ងៃ​ សព​លោក កែម ឡី កាល​ពី​ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/វីអូអេ)

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​លោក​បណ្ឌិត ​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ ស្តុប​បូកគោ ​ទីក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ​ លោក​កំពុង​ទទួល​ទាន​កាហ្វេ​ ពេលព្រឹក​ ដោយ​មាន​ពាក់​អាវ​យឺត​ពណ៌​ឈាម​ជ្រូក ​និង​ខោ​ជើង​វែង​យឺត​ពណ៌​ខ្មៅ​និង​ពាក់​ស្បែក​ជើង​កីឡា​មួយ​គូ។​

ក្រោយ​ការ​បាញ់​សម្លាប់​លោក​កែម ឡី ​អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា​ សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ ។​ចំណែក​ក្រុម​គ្រួសារ​របស់​លោក​កែម ឡី​អះអាង​ថា ​៤ ​ឆ្នាំ​មក​នេះ ​មិន​មាន​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ពួក​គេ​នោះ​ទេ។​

ប្អូន​ប្រុស​របស់​លោក ​កែម ឡី ​គឺ​លោក ​កែម​ រិទ្ធិសិត​ កំពុង​អង្គុយ​នៅ​ទល់​មុខ​នឹង​ចេតិយ​ដែល​សង់​មិន​ទាន់​រួច​របស់​លោក​កែមឡី។​រូបថត​មួយ​ផ្ទាំង​ធំ​របស់​លោក​កែម ឡី​ត្រូវ​បាន​គេ​ដាក់​តាំង​អមផ្នូរ​របស់​គាត់​ក្នុង​ចេតិយ​ដែល​មាន​កម្ពស់​១៦​ម៉ែត្រ​ និង​សង់​ក្នុង​បរិវេណ​ផ្ទះ​ដែល​លោក​កែម រិទ្ធិសិត​កំពុង​រស់​នៅ​ក្នុង​ខេត្ត​តាកែវ។​

ពាក់​អាវយឺត​មាន​បង្កប់​ឡូហ្គោ​«សង្ក្រាន្ត​ឆ្នាំ​ថ្មី» ​លោក​ កែម រិទ្ធិសិត​ អាយុ​៥០​ឆ្នាំ​និយាយ​ថា​ យុត្តិធម៌​មិន​ទាន់​មាន​នៅ​ឡើយ​សម្រាប់​បង​ប្រុស​របស់​គាត់។ ​៤​ឆ្នាំ​មក​នេះ​ លោក ​កែម រិទ្ធិ​សិត​ ក៏​មិន​ទាន់​ហ៊ាន​និយាយ​ថា​ការ​ស្លាប់​របស់​បង​ប្រុស​គាត់​ គឺ​ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សារ​ព័ត៌មាន​ ឬក៏​ហេតុផល​ណា​ផ្សេង​នោះ​ដែរ។​

«លោក​បណ្ឌិត​កែម ឡី​ដែល​បាន​ស្លាប់​នេះ​ មិនទាន់​បាន​ទទួល​ យុត្តិធម៌​នៅ​ឡើយ​ទេ។​យើង​សម្អាង​ថា​ទីមួយ​ជួប​ សម្លាប់។​ជួប ​សម្លាប់​យើង​ថា​ បើសិន​ជា​ជួប សម្លាប់​ ឃាតក​ក៏​ត្រូវ​តែ​មាន​ អ្នក​ដែល​ចូលរួម​ អ្នក​ដែល​នៅពី​ក្រោយ​ខ្នង​អ៊ីចឹង​ទៅ​ណ៎ា!​ ហើយ​ដែល​ជា​ភស្តុតាង​ សាក្សី​នោះ​ ក៏​វា​អត់​មាន»។​

៤​ឆ្នាំ​កន្លង​មក​នេះ​ ​លោក​ កែម​ រិទ្ធិសិត​ មាន​ការងារ​ថ្មី​ជាមួយ​រដ្ឋាភិបាល។ ​លោក​បាន​ទទួល​ការ​តែងតាំង​ពី​ព្រះ​មហា​ក្សត្រ​ខ្មែរ​ឲ្ត​ធ្វើ​ជា​ទេស​រដ្ឋមន្ត្រី​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ ហើយ​យូរៗ​ម្តង​ លោក​បាន​ចូលរួម​ប្រជុំ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រទេស​ជាតិ​ជាច្រើន។​ ការ​តែងតាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​កែម​ រិទ្ធិសិតបា​ន​ដឹកនាំ​«គណបក្ស​ខ្មែរ​តែ​មួយ»​របស់​លោក​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​

ប្អូនប្រុស​លោក កែម ឡី​ គឺ​លោក កែម រិទ្ធិសិត ដែល​បច្ចុប្បន្ន​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអេ​នៅ​គេហដ្ឋាន​របស់​លោក​ ក្នុង​ឃុំលាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ ថ្ងៃទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

ក្នុង​បទ​សម្ភាសន៍​ជាង​៣០​នាទី​ជា​មួយ​វីអូអេ​ ធ្វើ​ឡើង​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ​លោក កែម​ រិទ្ធិសិត​បន្ថែម​ថា​ ការ​ចូលរួម​របស់​លោក​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​នោះ ជា​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា។

«ការ​ចូល​រួម​ក្នុង​សង្គម​នេះ​ គឺ​ទី​មួយ​ទៅ​វា​អត់​មាន​ពាក់​ព័ន្ធ​រឿងៗ​ ការណ៍​ដែល​យើង​ទៅ​គុំកួន​ ឬ​មួយ​ក៏​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មក​ស្អប់​ រឿង​ថា​ ចូល​មិន​ចូល​អី​ទេ​ព្រោះ​ក៏​ជា​ការងារ​សង្គម។ ​កាល​ណា​យើង​នៅ​មាន​ជីវិត​ គឺ​យើង​ត្រូវ​នៅ​តែ​ធ្វើ​ ទោះ​បី​ពីមុន​មក​ក៏​ខ្ញុំ​ធ្វើការ​ងារ​សង្គម​ហ្នឹង​ជាមួយ​លោក​បណ្ឌិត​កែម​ ឡី​ហ្នឹង​ គឺ​យើង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ហ្នឹង​ គឺ​ប្រហែល​ជាប្រាំ​មួយ​ឆ្នាំ​ដែរ»។​

លោក​បន្ថែម​ថា៖​«អ៊ីចឹង​គឺ​ការណ៍​ដែល​យើង​ធ្វើ​បក្ស​ រហូត​មក​ដល់​យើង​ឧត្តម​ក្រុម​ប្រឹក្សា​នេះ​ គឺ​យើង​ធ្វើការ​ងារ​ដូច​គ្នា​អ៊ីចឹង។ ​យើង​ចុះ​ជួប​ប្រជា​ពលរដ្ឋ។​យើង​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ ដែល​គាត់​មាន​បញ្ហា​ហើយ​គាត់​អត់​អាច​ទៅ​រក​សេវា​កន្លែង​ណា​ដើម្បី​គាត់​បន្ត​ទៀត​ទៅ​ណា៎! ​អ៊ីចឹង​គឺ​វា​ដូច​ជា​អត់ខុស​អី​ដែរ»។​

លោក​ កែម រិទ្ធិសិត​ និយាយ​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​បាន​បើក​ផ្លូវ​ឲ្យ​លោក​បាន​រួម​ចំណែក​ដោះស្រាយ​ បញ្ហា​សង្គម​ជា​ច្រើន​ រួម​មាន​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ​និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

ការ​បាញ់​សម្លាប់​លោក​កែម ឡី​កើត​ឡើង​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ក្នុង​ការ​ចេញ​ផ្សាយ​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ លើស​ពី​នេះ​ លោក​កែម​ ឡី​ បាន​ចូល​រួម​ធ្វើ​បទវិភាគ​លើ​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​តាម ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​មិន​រណប​រដ្ឋាភិបាល។ ​ លោក​បាន​ផ្តល់​សេចក្តី​វិភាគ​បញ្ហា​រសើបៗ ​ដែល​មាន​ដូច​ជា​បញ្ហា​ព្រំដែន ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បរិស្ថាន​បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ។​

ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​សង្កេត​ការណ៍​ លោក​កែម​ ឡី​ ជា​វីរបុរស​មួយ​រូប​ ដែល​ហ៊ាន​និយាយ​ចំៗ​ទៅ​រក​អ្នក​មាន​អំណាច​និង​ឥទ្ធិពល។​

រូបឯកសារ៖ រូប​សំណាកលោក កែម ឡី អ្នកវិភាគ​សង្គម​ ដែលត្រូវ​បាន​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/វីអូអេ)

ផ្ទាំង​រូបថតលោក ​កែម ឡី ដែលដាក់​តម្កល់​អមផ្នូររបស់​លោក​នៅ​ឃុំលាយបូរ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)​ ។ (ហ៊ុល រស្មី​/វីអូអេ)

លោក​បណ្ឌិត​ អ៊ា សុផល ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​ នៅ​មហា​វិទ្យាល័យ​Occidental College ​ទីក្រុង ​Los Angeles​ សហ​រដ្ឋ​អាមេរិក​ប្រាប់​វីអូអេ​តាមសារ​អេឡិចត្រូនិក​ឬ​អ៊ីម៉ែល​កាល​ពីថ្ងៃ​ច័ន្ទ​ថា​លោក​កែម ឡី​ ជា​វីរបុរស​មួយ​រូប​របស់​កម្ពុជា​ ពោល​គឺ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​អាច​យក​គំរូ​តាម។​

លោក​និយាយ​ថា៖ ​«គាត់​ជា​មនុស្ស​ម្នាក់​ដែល​និយាយ​ការណ៍​ពិត​ទៅ​កាន់​អ្នក​មាន​អំណាច​ ដែល​អ្នក​ឃើញ​មាន​មិន​ច្រើន​នោះ​ទេ​ ពេល​បច្ចុប្បន្ន​នេះ​ ដោយ​សារ​ការ​សម្លាប់​គាត់​ គឺ​ប្រៀបដូច​ជា​សុភាសិត​ចិន​មួយ​ឃ្លា​និយាយ​ថា​សម្លាប់​មាន់​ គំរាមស្វា។​គេ​ធ្វើ​វា​យ៉ាង​ដូច្នេះ​ឯង​ ហើយ​វា​ជា​សោកនាដ​កម្ម​មួយ»។​

លោក​បន្ត​ថា​ ការ​ស្លាប់​អ្នក​វិភាគ​នយោបាយ​លោក​កែម ឡី​គឺ​ជា​ការ​ផ្តាច់​ឫស​គល់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​កម្ពុជា។ ​ ក្នុង​ន័យ​ម្យ៉ាង​ទៀត​វា​ជា​ការ​កាត់​ផ្តាច់​ចុង​ក្រោយ។ ​ លោក​យល់​ថា​ ​ពលរដ្ឋ​ខ្មែរ​បាក់​ស្បាត​ ចាប់​តាំងពី​ការ​ស្លាប់​លោក​កែម ឡី។​

លោក​បណ្ឌិត​ អ៊ា សុផល​ កត់​សម្គាល់​ថា​ គិត​ចាប់​តាំង​ពី​ការ​ស្លាប់​លោក ​កែម ឡី​ អ្វីៗ​ទាំង​អស់​ដែល​ជា​ធាតុ​ផ្សំ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ។​

លោក​សរសេរ​ថា៖ ​«ការ​គោរព​សិទ្ធិ​មនុស្ស​ កិច្ច​អភិវឌ្ឍន៍​សង្គម​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។​នេះ​ជា​ចេតនា​របស់​មនុស្ស​ដែល​ចេញ​បញ្ជា​ឲ្យ​សម្លាប់​លោក​[កែម ឡី]។ ​ ពួក​គេ​បាន​ជោគជ័យ​ហើយ។ ​ ប៉ុន្តែ​បើទោះ​បី​ជា​ការ​គោរព​សិទ្ធិម​នុស្ស​ កិច្ច​អភិវឌ្ឍន៍​សង្គម​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​មាន​ការ​ទោរ​ទន់​ចុះ​នោះ​ក៏​ដោយ​ក្តី​ឲ្យ​តែ​នៅ​មាន​មនុស្ស​ម្នាក់​ដែល​នៅ​ជឿ​លើ​គំនិត​ទាំង​នេះ​នោះ​ នោះ​រឿង​ទាំងអស់​នេះ​មិន​ចប់​ទេ»។​

ក្រោយ​ការ​សម្លាប់​លោក ​កែម ឡី​ បាន​មួយ​ឆ្នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ បាន​ឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧​និង​ទទួល​បាន​តំណែង​ជា​មេឃុំចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម​១.៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៧។​

ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ទទួល​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឬ​មេឃុំ​ និង​ចៅសង្កាត់​ និង​តំណាង​រាស្ត្រ​៥៥​នាក់​ បាន​បាត់​បង់​មុខ​តំណែង​របស់​ពួក​គេ​ ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ កាលពី​ឆ្នាំ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​បទ​ចោទ​ថា​ រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហ​រដ្ឋ​អាមេរិក។​ប៉ុន្តែ​ទាំង​លោក​កឹម សុខា​អតីតប្រធាន​គណបក្ស​ប្រឆាំង​ និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នេះ។​ ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ ធ្វើ​ឡើង​ក្រោយ​ការ​ចាប់ខ្លួន​លោក​កឹម សុខា។

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក៏​បាន​រង​ការ​បង្រ្កាប​យ៉ាង​ទូលំ​ទូលាយ​តាម​វិធានការ​ពន្ធដារ។ ​វិធានការ​នេះ​បាន​នាំ​ឲ្យ​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​The Cambodia Daily ​បិទ​ទ្វារ។​វិទ្យុ​អាស៊ីសេរី​ក៏​បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ ដោយ​អះអាង​ថា​ខ្លួន​ធ្វើ​ការ​ស្ថិត​ក្នុង​ស្ថាន​ភាព​រឹត​ត្បិត​ពី​អាជ្ញាធរ​កម្ពុជា។​

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​ត្រូវ​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​ បាន​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ពេញ​ទី​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​សភា​ទាំង​១២៥​ ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដែល​គ្មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម។​

ក្រោយ​មក​ទៀត​ ក្រុម​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​ប្រឆាំង​បន្ត​ប្រឈម​ការ​បង្ក្រាប​តាម​ផ្លូវ​ច្បាប់​ សម្រាប់​ការ​សម្តែង​មតិ​របស់​ពួកគេ​ គ្រា​ដែល​ការ​ជួបជុំ​តស៊ូ​មតិ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ការពារ​បរិស្ថាន​ក៏ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់។​

លោក​Phil Robertson ​នាយក​រង​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ប្រចាំ​តំបន់​អាស៊ី​ ចាត់​ទុក​ថា​ ការ​ស្លាប់​លោក​កែម ឡី ជា​ទង្វើ​វាយ​បំបាក់​ស្មារតី​សកម្ម​ជន​ថ្នាក់​មូលដ្ឋាន​ ហើយ​ថា​ឃាតកម្ម​លើ​លោក​កែម ឡី​ជា​ឃាត​កម្ម​នយោបាយ។​

លោក​សរសេរ​តាម​សារ​អ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា៖​ «ការ​សម្លាប់​លោក​កែម ឡី​ គឺ​ជា​ឃាតកម្ម​នយោបាយ​ ដែល​មាន​បំណង​គំរាម​កំហែង​ដល់​សកម្មជន​មូលដ្ឋាន​មួយ​ជំនាន់​ មិន​ឲ្យ​ជំទាស់​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ក្រុម​គ្រួសារ​របស់​គាត់។ ​ឃាតកម្ម​នេះ​ មាន​សម្ពាធ​ខ្លាំង​ណាស់​មក​លើ​ភាព​សកម្ម​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា»។​

លោក​បន្ត​ថា ​លោក​មិន​ធ្លាប់​ស្គាល់​លោក​កែម ឡី​ផ្ទាល់​ខ្លួន​លោក​ទេ ​ ប៉ុន្តែ​លោក​យល់​ថា​ ​លោក​កែម ឡី​ជា​បុគ្គល​នៃ​គោល​ការណ៍​ និង​មាន​ចក្ខុវិស័យ​ដែល​អាច​ជឿ​បាន​ថា​ ពលរដ្ឋ​កម្ពុជា​កំពុង​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​មេ​ដឹកនាំ​នយោបាយ​នោះ​ទេ។​

លោក​Phil Robertson ​កត់​សម្គាល់​ថា​ ចាប់​តាំង​ពី​ឃាតកម្ម​លើ​លោក​កែម ឡី​ លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​គណបក្ស​កាន់​អំណាច។ ​លោក​និយាយ​ថា​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ទាប​បំផុត។​

ព័ត៌មាន​ទាក់ទង៖ លោក​កែម ឡី ​ត្រូវបាន​ចង​ចំា​ចំពោះ​ការ​បំផុស​ស្មារតី​សង្គម​និង​ភាព​ក្លាហាន

ពាក់​ព័ន្ធ​ទៅ​នឹង​ឃាតក​ដែល​សម្លាប់​លោក​កែម ឡី​នោះ​ លោក​Phil Robertson ​និយាយ​ថា​ ​ការ​កាត់​ទោស​អ្នក​សម្លាប់​លោក​កែម ឡី​នោះ​ គឺ​ជា​រឿង​កំប្លែង​សុទ្ធសាធ។​លោក​ជឿ​ថា​ បុរស​ម្នាក់​ដែល​កំពុង​ជាប់ឃុំ​នោះ​ គឺ​ជា​អ្នក​ទទួល​ថ្ម​បាក់​ប៉ុណ្ណោះ ​ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​មេ​គំនិត​និង​ជន​រួម​គំនិត​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ​ទេ។​

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «វា​ចាំបាច់​ត្រូវតែ​មាន​ការ​អង្កេត​ដោយ​ឯករាជ្យ​ និង​មិន​លម្អៀង​ ដែល​ធ្វើ​ឡើង​ជា​ពិសេស​ដោយ​អង្គការ​អន្តរជាតិ​មួយ​ដើម្បី​ជីក​រក​ឫស​គល់​នៃ​ឃាតកម្ម​ និង​នាំ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​យក​មក​កាត់​ទោស»។​

អាជ្ញាធរ​កម្ពុជា​ចាប់​បាន​ខ្លួន​មនុស្ស​តែ​ម្នាក់​គត់​ គឺ​បុរស​ឈ្មោះ​អឿត អាង​ ហៅ​ជួប សម្លាប់។ ​ នគរបាល​កម្ពុជា​បាន​បង្ហាញ​ថា​ បុរស​ឈ្មោះ​ជួប សម្លាប់​នេះ​ជា​អ្នក​លើក​ផែន​ការ​ និង​ជា​ជន​ដៃ​ដល់​សម្លាប់​លោក​កែម ឡី​ដោយ​សារ​តែ​គំនុំ​ខ្ចី​ប្រាក់។​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន ​និង​កាន់​កាប់​អាវុធ​ដោយ​ខុស​ច្បាប់។​ជួប​ សម្លាប់​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ ​និង​តុលាការ​កំពូល។​ប៉ុន្តែ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៩​តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​ស្ថាពរដោយ​រក្សា​ការ​ផ្តន្ទាទោស​ជួប សម្លាប់​នេះ​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល។​

ការ​កាត់​ទោស​បុរស​ឈ្មោះ​ជួប សម្លាប់​ មិន​មាន​ការ​ចូលរួម​ពី​សមាជិក​ក្រុម​គ្រួសារ​លោក​កែម ឡី​ទេ ​ ដោយ​សារ​តែ​ពួក​គេ​មិន​ជឿ​ថា​ជន​នោះ​ជា​ឃាតក​ពិត​ និង​ធ្វើ​សកម្ម​ភាព​ម្នាក់​ឯង។​សមាជិក​គ្រួសារ​លោក ​កែម ឡី​ ក៏មិន​អាច​ទទួល​ស្គាល់​ថា​ ការ​សម្លាប់​នោះ​មាន​ពាក់​ព័ន្ធ​ការ​ខ្ចីប្រាក់​ដែរ ព្រោះ​លោក​កែម ឡី​ និង​បុរស​ឈ្មោះ​ជួប សម្លាប់​នោះ​មិន​ដែល​ស្គាល់​គ្នា​ពីមុន​មក​ផង​ទេ។

អ្នក​ស្រី ​ប៊ូ រចនា​ អាយុ​៤០​ឆ្នាំ​ ភរិយា​របស់​លោក​កែម ឡី​ បាន​ប្រាប់​វីអូអេ​ពី​ប្រទេស​អូស្រា្តលី​ថា​ អ្នកស្រី​ពុំ​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ស្វាមី​របស់​អ្នក​ស្រី​ទេ។​

«ទាល់​តែ​មាន​ការ​ផ្លាស់​ប្តូរ​ មាន​ការ​ផ្លាស់​ប្តូរ​បាន​យើង​អាច​មាន​សង្ឃឹម​ថា​ រក​យុត្តិធម៌​បាន»​។

ស្ត្រី​ដែល​ជាម្តាយ​កូន​ប្រុស​៥​នាក់​រូប​នេះ​ និយាយ​ថា​ ស្វាមី​អ្នក​ស្រី​បាន​លះ​បង់​ជីវិត​រួច​ទៅ​ហើយ​ ដើម្បី​បើក​វាំង​នន​ លាត​ត្រដាង​នូវ​វិបត្តិ​សង្គម​ និង​ការ​ជិះ​ជាន់​រំលោភ​សិទ្ធិ​នានា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស។​អ្នកស្រី​យល់​ថា​គ្មាន​អ្វី​ដែល​ត្រូវ​ខកចិត្ត​ទេ ប្រសិន​បើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​រឹតត្បិត​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្រោយ​មរណភាព​ស្វាមី​របស់​គាត់។​

«ចុះ​យើង​ធ្វើ​តែ​ម្នាក់​ឯង​ ហើយ​អ្នក​ដែល​គេ​បំបិទ​សិទ្ធិ​នោះ​វា​ច្រើន​ អ៊ីចឹង​យើង​ធ្វើ​ម៉េច​ឈ្នះ​គេ? អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​ ទោះបី​យ៉ាង​ណា​ វា​បាន​ប្រសើរ​មួយ​ចំណែក​ដែរ។​ បន្ទាប់​ពីគាត់​ស្លាប់​ហើយ​ អាហ្នឹង​គេ​រឹតត្បិត​ថែម​ទៀត។​ អាហ្នឹង​ យើង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ»។​

រូបឯកសារ៖ ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗ បន្ទាប់ពីបានទៅដល់ប្រទេសអូស្រ្តាលី ក្រោយពីទទួលបានសិទ្ធិជ្រកកោន។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)

អ្នកស្រី ​ប៊ូ រចនា ​បន្ថែម​ថា​ ៤​ឆ្នាំនៃ​ការ​ស្លាប់​លោក​ កែម ឡី​ អ្នក​ស្រី​កំពុង​រស់​នៅ​ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​ហើយ​កូន​ច្បង​របស់​អ្នក​ស្រី​បាន​ចូលរៀន​ថ្នាក់​វិទ្យាល័យ​ហើយ​ដែរ។​ទោះបី​ជា​នៅ​ឆ្ងាយ​ពីប្រទេស​កម្ពុជា​ អ្នក​ស្រី​និយាយ​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​អាប់អួរ​ជាង​ពេល​ណាៗ​ទាំង​អស់​ ព្រោះ​សូម្បី​តែ​ក្រុម​យុវជន​មួយ​ចំនួន​តូច​ធ្វើ​សកម្ម​ភាព​តស៊ូ​មតិ​ដើម្បី​ការពារ​តំបន់​ធម្មជាតិ​ ដូច​ជា​តំបន់​កោះកុង​ក្រៅ ​ក៏​ត្រូវ​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​ដែរ។​

ឆ្លើយ​តប​នឹង​ការ​រិះគន់​ចំពោះ​ការ​ធ្លាក់​ចុះ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ មាន​ចរិត​គុំកួន​និង​កេង​ចំណេញ​ខាង​នយោបាយ។​

«ការ​លើក​ឡើង​គឺ​ លើក​ឡើង​ដោយ​គំនុំ​គុំកួន​ ដើម្បី​ធ្វើ​ការ​រិះគន់​តែ​ប៉ុណ្ណោះ​ទេ​មិន​មាន​មូលដ្ឋាន​ទេ។ ​ ការ​ស្លាប់​របស់​លោក​បណ្ឌិត​កែម ឡី​ គឺ​ជា​ករណី​ឃាតកម្ម​ អ៊ីចឹង​ទេ​ ត្រូវ​តែ​យក​យន្តការ​ច្បាប់​មក​អនុវត្ត​គឺ​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ ទៅ​តាម​ទិដ្ឋ​ភាព​ច្បាប់​ដែល​មាន​ជា​ធរមាន»។​

លោក​បន្ថែម​ថា៖​ «ការ​លើក​ឡើង​របស់​ក្រុម​នេះ​ គឺ​ធ្វើ​ជារៀ​ង​រាល់​ឆ្នាំ​ គឺ​ក្នុង​គោល​ដៅ​មួយ​ដើម្បី​ ធ្វើ​អាជីវកម្ម​ និង​កេង​ចំណេញ​ផ្នែក​នយោបាយ​ទៅ​លើ​សព​របស់​លោក​កែម ឡី​ ដែល​គេ​តែងតែ​ធ្វើ​ជារៀង​រាល់​ឆ្នាំ​ ក្នុង​ការ​រិះគន់​ បន្តុះ​បង្អាប់​ ទៅ​ដល់​វិធាន​ការ​ច្បាប់​ និង​ចំណាត់​ការ​របស់​រដ្ឋាភិបាល»។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​វីអូអេ​ថា​ សំណុំ​រឿង​ឃាតកម្ម​លោក​កែម ឡី​ បាន​ស្ថិត​ក្នុង​ដៃ​តុលាការ​ ក្រោយ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។​លោក​ថា​ពលរដ្ឋ​កម្ពុជា​ ក៏​កំពុង​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ផង​ដែរ។​

នៅ​ភូមិ​អង្គតាកុប ​ឃុំលាយបូរ​ ខេត្ត​តាកែវ​ ម្តាយ​របស់​លោក​កែម​ រិទ្ធិសិត​ កំពុង​សម្រាន្ត​លើ​គ្រែ​ឈើធំមួយ​ដែល​ដាក់​នៅ​ពី​មុខ​ចេតិយ​តម្កល់​សព​លោក​កែម ឡី។ ​ អ្នកស្រី​ ភោគ សេ​ មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​បុណ្យ​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធ​កូន​ប្រុស​របស់​អ្នកស្រី​ជា​រឿង​ចាំបាច់​ ជា​ជាង​ការ​រក្សា​ចិត្ត​ព្យាបាទ​បុគ្គល​ដែល​សម្លាប់​កូន​ប្រុស​របស់​គាត់។​

«មិន​ដឹង​ចង់​ចងកម្ម​ចង​ពៀរ​អីទៀត​ទេ!​ ចេះ​តែ​ធ្វើ​បុណ្យ​អ៊ីចឹង​ទៅ!​ ដល់​ពេល​ថ្ងៃ​ខួប​អ៊ីចឹង ចេះ​តែ​ធ្វើ​អ៊ីចឹង​ទៅ!​ មើល​តាម​លទ្ធភាព​យើង»។

ប្អូន​ប្រុស​លោក ​កែម ឡី ​គឺ​លោក ​កែម រិទ្ធិសិត​ ក៏​បាន​បញ្ជាក់​អំពី​ពិធី​បុណ្យ​រំឭក​ខួប​៤​ឆ្នាំ​នៃ​មរណភាព​បង​ប្រុស​របស់​គាត់​ថា​ ​នឹង​ធ្វើ​ដូច​រាល់​ឆ្នាំ​ គឺ​នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា ​នៅ​ឯ​ទី​កន្លែង​ដែល​សពលោក​កែម ឡី​ត្រូវ​បាន​បញ្ចុះ។​

គិត​ចាប់​តាំង​ពី​ការ​ស្លាប់​បងប្រុស​របស់​គាត់​នោះ​មក​លោក ​កែម រិទ្ធិសិត ​និយាយ​ថា​ មិន​មាន​នរណា​ហ៊ាន​និយាយ​ ដូច​បងប្រុស​របស់​គាត់​នោះ​ឡើយ។ ​ លោក​ កែម រិទ្ធិសិត​ បន្ថែម​ថា​លោក​មិន​ដឹង​ថា​ អ្នក​វិភាគ​ក្រោយៗ​នេះ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬ​យ៉ាង​ណា​ទេ​ ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ ព្រោះ​ថា​ ពួក​គេ​អាច​មាន​ចិត្ត​គំនិត​ខុស​ពី​បង​ប្រុស​របស់​គាត់។

«បញ្ហា​នេះ​ យើង​មិន​ហ៊ាន​ថា​ ដែរ​ពីព្រោះ​មនុស្ស​ម្នាក់ៗ​វា​មាន​បេះដូង​ផ្សេងៗ​គ្នា​ អ៊ីចឹង​គឺ​រឿង​ការ​គិត​របស់​គាត់​ យើង​មិន​អាច​យល់​បាន​ទេ​ក្នុង​ចិត្ត​បាទ»៕