អ្នក​ភូមិ​បឹងកក់​របួស​និង​ត្រូវ​ចាប់​ខ្លួន ​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​នេះ ​ហាក់​បី​ដូច​ជា​ប្រែក្លាយ​ពី​ភាព​ស្លូតបូត​ ទៅ​ជា​កំហឹង​ និង​លែង​ខ្លាច​ស្លាប់​បាត់បង់​ជីវិត ​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ហែកអាវ​និង​ស្រាត​ខោ ​និង​ស្រែក​ចម្អក​ដល់​អាជ្ញាធរ​ឲ្យ​បាញ់​សម្លាប់​ពួក​គេ​ចោល​តែ​ម្តង​ទៅ។

ក្រុម​មន្ត្រី​សិទ្ធិ​សនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ យ៉ាងតិច​មាន​អ្នក​ភូមិ​បឹងកក់​ប្រមាណ​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​ទទួល​រង​របួស​ បី​នាក់​ផ្សេង​ទៀត​ដួល​សន្លប់​ ហើយ​ពីរ​នាក់ទៀតប៉ុនប៉ង​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​ ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិចជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ​ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ភូមិ​បឹងកក់​ ដែល​មាន​គ្នា​ប្រមាណ​ជាង​៣០០​នាក់​បាន​បិទ​ផ្លូវ​ចរាចរណ៍​មមាញឹក​ដ៏​សំខាន់​មួយ​នៅ​ពី​មុខ​សាលាក្រុង ​រួច​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច ​និង​សន្តិសុខ​ខណ្ឌ​ដូនពេញមក​បំបែក​នឹង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់។

ការ​ចាប់​ខ្លួល​ប្រជាពលរដ្ឋ​នេះ​បាន​កើត​មាន​ឡើង​យ៉ាង​តឹងតែង​បំផុត ដោយ​ក្រុម​សន្តិសុខ​សាលាក្រុង​ភ្នំពេញ​បាន​ចាប់​មនុស្ស​គ្រវែង​ដាក់​លើ​រថយន្ត​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង ​បាន​ព្យាយាម​រាំងខ្ទប់​និង​វាយ​ប្រតប់​គ្នា​ ដោយ​គប់​ដប​ទឹក​សុទ្ធ។

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន ​អ្នក​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​បួន​រូប​ ដែល​រួម​មាន​អ្នកស្រី​ទេព ​វណ្ណី​ អ្នកស្រី​ហេង ​មុំ ​អ្នកស្រី​បូ ​ថាវី ​និង​អ្នកស្រី​គង់ ​ចាន់ថា​មក​ ​នៅ​ព្រលប់​ថ្ងៃ​ច័ន្ទ​នេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដាក់​ញត្តិ​ នៅ​ស្ថានទូត​បារាំង​វិញ។

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​មន្ត្រី​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​សន្យា​ថា​ នឹង​ចុះ​វាស់​កំណត់​ព្រំដី​ចំនួន​១២,៤៤​ហិចតា ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ធ្វើ​សម្បទាន​កម្មសិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ ​ក៏​ប៉ុន្តែ​គំរោង​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ។ ​ក្រុម​អ្នក​ស្រុក​បឹងកក់​បាន​ចោទ​ប្រកាន់​ថា ប្រជា​ពលរដ្ឋ​ចំនួន​ប្រាំពីរ​ភូមិ​គឺ​ស្មើ​នឹង​ចំនួន​៩១​គ្រួសារ​នោះគឺមិនបាន​ទទួល​ប្លង់​នៅ​ក្នុង​ចំណែក​ដី​ទាំង​ជាង​១២​ហិចតា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​កាត់​ឲ្យ​នោះ​ទេ។

អ្នកស្រី​តុល ​ស្រីពៅ​បាន​និយាយ​ថា ​មាន​តែ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ទេ ​ដែល​មាន​សិទ្ធិ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​នៅ​ក្នុង​ចំណែក​ដី​ទាំង​ជាង​១២​ហិចតា​នេះ ​ក៏ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ ដែល​រងគ្រោះ​ពិតប្រាកដ​មិន​មាន​សិទ្ធិ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ទេ។

«ដី​១២​ហិចតា ​ដែល​សម្តេច​ឲ្យ​ប្រជាជន​ហ្នឹង ​មាន​តែ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ទេ ​ដែល​មាន​សិទ្ធិ​ធ្វើ​ប្លង់។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ គឺ​ឥត​មាន​សិទ្ធិ​ធ្វើ​ប្លង់​ទេ។ តាមពិត​អនុក្រឹត្យ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្តល់​ដី​១២​ហិចតា​ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​នៅ​សេសសល់​នៅ​តំបន់​បឹងកក់»។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​នេះ ​ហាក់​បី​ដូច​ជា​ប្រែក្លាយ​ពី​ភាព​ស្លូតបូត​ ទៅ​ជា​កំហឹង​ និង​លែង​ខ្លាច​ស្លាប់​បាត់បង់​ជីវិត ​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ហែកអាវ​និង​ស្រាត​ខោ ​និង​ស្រែក​ចម្អក​ដល់​អាជ្ញាធរ​ឲ្យ​បាញ់​សម្លាប់​ពួក​គេ​ចោល​តែ​ម្តង​ទៅ។

«បាញ់​សម្លាប់​ឲ្យ​អស់​មក។ ​អា​មន្ត្រី​ពុករលួយ។ ​អាហ្អែង​ខ្លាំង​ អាហ្អែង​លោត​មក»។

អ្នកស្រី​គង់​ ចាន់ថា​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​មុន​ពេញ​ ដែល​អ្នកស្រី​ចាប់​ខ្លួន​ថា​ អ្នកស្រី​បាន​លេប​ថ្នាំ​ជា​ច្រើន​គ្រាប់ដើម្បីប៉ុនប៉ង​ធ្វើ​អត្តឃាត ​ពីព្រោះ​អ្នកស្រី​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ទេ​ ពីព្រោះ​អ្នកស្រី​មិន​មាន​ដី ​និង​ផ្ទះ​សម្បែង។

«ខ្ញុំ​មាន​តែ​ធ្វើ​អត្តឃាត​នៅ​នឹង​កន្លែង​ហ្នឹង​ដើម្បី​បង្ហាញ​ថា ​ខ្ញុំ​ទល់ច្រក។​ ខ្ញុំ​មិន​ដឹង​រក​អស់​លោក​ណា​ឲ្យ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​នោះ​ទេ។​ អីញ្ចឹង​ពួក​ខ្ញុំ​មាន​តែ​បញ្ចប់​ជីវិត​បន្ត​បន្ទាប់​ទៅ។​ មិនមែន​តែ​អា​អូន​មួយ​ ដែល​លោត​ទឹក​សម្លាប់​ខ្លួន​នោះ​ទេ ​មាន​ប្រជាជន​ទាំង​អស់​ទៀត​ ​ជា​ស្រ្តីៗ​ដែល​គាត់​ធ្វើ​ឃាត​ហ្នឹង​ ដោយសារ​ដី​១២,៤៤​មិន​បាន​រស់​នៅ»។

លោក​អំ ​សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា​ អាជ្ញាធរ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ទេ។ ​វា​គួរ​តែ​មាន​ដំណោះ​ស្រាយ​ណាមួយ​ដោយ​សន្តិវិធី។

«អាជ្ញាធរ​ហ្នឹង ​គាត់​ត្រូវ​រក​វិធី​ដោះស្រាយ​យ៉ាងណា​ ដើម្បី​បញ្ចៀស​ ពីព្រោះ​គោល​បំណង​នៃ​អនុក្រឹត្យ​នេះ​គឺ​ចង់​បញ្ចប់​នូវ​បញ្ហា​ហិង្សា ​ការ​បង្ក​បញ្ហា​វិវាទ​ដី​ធ្លី​ក្នុង​តំបន់​បឹងកក់​ដែល​កើត​ឡើង»។

លោក​ហូ ​វ៉ាន់​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ នៅ​តំបន់​បឹងកក់​ថា​ អាជ្ញាធរ​គួរតែ​ដោះលែង​ប្រជា​ពលរដ្ឋ​ទាំង​បួន​នាក់​មក​វិញ ​ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិះ​គ្នា​ទៅ​ថ្ងៃ​ក្រោយ។

«បង​ប្អូន​អាជ្ញាធរ​អញ្ជើញ​មក​ទី​នេះ​ហើយ ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ កុំ​វាយ​បង​ប្អូន​ប្រជាពលរដ្ឋ​ ហើយ​កុំ​ចាប់​គាត់​យក​ទៅ​ដាក់​ឃុំ​ ហើយ​អ្នក​ដែល​ចាប់​បី​នាក់​ហ្នឹង ​ពួក​អ្នក​ហ្នឹង​សុំ​ឲ្យ​ដោះលែង​ជា​បន្ទាន់»។

វីអូអេ​បាន​ព្យាយាម​សុំ​អត្ថាធិប្បាយ​ពីមន្ត្រី​សាលាក្រុង​ភ្នំពេញ ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន ​និង​លោក​ឧត្តមសេនីយ៍​ទូច​ ណារ៉ុថ ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ តែ​មិន​អាច​សុំ​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក៏ប៉ុន្តែ​មន្រ្តី​ប៉ូលិស​មួយ​រូប​បាន​និយាយ​ថា​ ការ​វាយ​បំបែប​ហ្វូង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​នេះ​គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​តែ​ប៉ុណ្ណោះ៕