សាលាឧទ្ធរណ៍បានដោះលែងជនជាតិថៃចំនួន៤រូបផ្សេងទៀតឲ្យនៅក្រៅឃុំបណ្ដោះ អាសន្នបន្ទាប់ពីមានការបង់ប្រាក់ធានាក្នុងម្នាក់ៗចំនួន២៥០ដុល្លារ។ ក៏ប៉ុន្តែមេដឹកនាំបាតុករអាវលឿង ឈ្មោះវីរ៉ា ស៊ុមក្វាមឃីត (Veera Somkwamkid) មិនត្រូវបានដោះលែងទេ។
លោកជួន ស៊ុនឡេង ប្រធានចៅក្រមនៃសភាព្រហ្មទណ្ឌស៊ើបសួររបស់សាលាឧទ្ធរណ៍ នៅថ្ងៃអង្គារ៍នេះ បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា សាលាឧទ្ធរណ៍បានសម្រេច ដោះលែងជនជាតិថៃចំនួនបួនរូបផ្សេងទៀតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នបន្ទាប់ពីមានការ បង់ប្រាក់ធានានៅក្នុងម្នាក់ៗចំនួន១.០០០.០០០រៀល គឺស្មើនឹងប្រមាណជិត២៥០ដុល្លារសហ រដ្ឋអាមេរិក។ ក៏ប៉ុន្តែមេដឹនាំបាតុករអាវលឿង គឺ លោកវីរ៉ា ស៊ុមក្វាមឃីត មិនត្រូវបានអនុញ្ញាតដោះលែងទេ។
លោកជួន ស៊ុនឡេង មិនបានធ្វើអត្ថាធិប្បាយឲ្យបានពិស្តារអំពីមូលហេតុនៃការដោះលែងទេ ដោយលោកគ្រាន់តែបានបញ្ជាក់ដោយខ្លីថា យើងអនុវត្តទៅតាមនីតិវិធីនៃច្បាប់។
«ទេអត់មានម៉េចទេ តុលាការយកទៅសម្រេចត្រឹមត្រូវ។ លទ្ធផលដោះលែងបួននាក់នៅម្នាក់។ មានមូលហេតុច្បាប់ត្រឹមត្រូវហើយ»។
លោកវីរ៉ា ស៊ុមក្វាមឃីត នៅពេលដែលមន្រ្តីអនុរក្សពន្ធនាគារបណ្តើរចេញពីបន្ទប់សភាព្រហ្មទណ្ឌស៊ើបសួរនៃសាលាឧទ្ធរណ៍បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោក នឹងតស៊ូរឿងក្តីនេះរហូតដល់ទីបញ្ចប់។
«នៅសល់តែខ្ញុំម្នាក់ទេ។ ចំណែកបួននាក់ផ្សេងទៀតត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ។វាគ្មានអ្វីទុកតែខ្ញុំម្នាក់ឯងទេ។ ខ្ញុំនឹងតស៊ូរឿងក្តីនេះដល់ទីបញ្ចប់»។
លោករស់ អូន និងលោកប៉ិច វិច្ឆិកា សហមេធាវីការពារក្តីនៃជនជាប់ចោទទាំងប្រាំពីររូបនេះ មិនបានធ្វើអត្ថាធិប្បាយលម្អិតណាមួយដល់អ្នកកាសែតទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មេធាវីទាំងពីររូបបានចាត់ទុកថា ការដោះលែងនេះគឺជារឿងត្រឹមត្រូវ។
លោកមេធាវី រស់ អូន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖
«វាត្រឹមត្រូវហើយៗ។ វាអត់បានលម្អិតទេ គ្រាន់តែថា អនុញាតឲ្យតែបួននាក់តែប៉ុណ្ណឹង»។
បន្ទាប់ពីជនជាតិថៃទាំងបួនរូប ត្រូវបានសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះ សាលាឧទ្ធរណ៍បានអនុញាតឲ្យពួកគេផ្លាស់ប្តូរសម្លៀកបំពាក់អ្នកទោសចេញភ្លាមៗរួចធ្វើដំណើរទៅស្ថានទូតថៃ តាមរថយន្តរបស់ស្ថានទូតថៃដែលកំពុងរង់ចំារួចជាស្រេច។
លោកស៊ូវ៉ាត់ កែវស៊ុក (Sowat Kaewsook) មន្រ្តីស្ថានទូតថៃ បានផ្តល់បទសម្ភាសដោយផ្ទាល់ដល់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ជនជាតិថៃទាំងបួនរូបនេះនឹងយកទៅស្នាក់នៅ ក្នុងស្ថានទូតថៃ ដើម្បីសុវត្ថិភាពរបស់ពួកគេ។
លោកបានមានប្រសាសន៍ទៀតថា ស្ថានទូតថៃសាទរចំពោះការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរបស់សាលាឧទ្ធរណ៍។
«វាជារឿងល្អសម្រាប់ជនជាតិថៃទាំងបួននាក់ ដែលបានស្ថិតនៅក្រៅឃុំ ពីព្រោះតែ យើងក៏បារម្ភរឿងសុខភាពរបស់គាត់ទាំងអស់។ ហើយក៏ជារឿង ដែលយើងសូមអរគុណដល់ខាងអាជ្ញាធរដែលពាក់ព័ន្ធរបស់កម្ពុជា ដែលមេត្តាពិនិត្យមើលរឿងនេះជាថ្មីម្តងទៀត»។
លោកសែម ឌីនឡឺត ប៊ូឆា (Samdin Lersbusya) អាយុ៥៧ឆ្នាំ ជាលេខាធិការគណបក្ស ឋានសួគ៌និងដែនដី ដែលជាជនជាប់ចោទមួយរូបនៅក្នុងចំណោមជនជាប់ចោទទាំងបួនរូប ដែលសាលាឧទ្ធរណ៍ បានសម្រេចដោះលែងឲ្យនៅក្រៅឃុំបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖
«អរគុណដល់ពលរដ្ឋថៃទំាងអស់ដែលបានយកចិត្តទុកដាក់ដល់ពួកយើងខ្ញុំ។ នៅក្នុង ពន្ធនាគារអត់មានការធ្វើទណ្ឌកម្មណាមួយមកលើពួកយើងទេ។ គេអនុញ្ញាតឲ្យពួកយើងស្នាក់ នៅក្នុងបន្ទប់រួមគ្នា»។
កាលពីថ្ងៃទី១៣មករាកន្លងទៅនេះ តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែងជនជាប់ចោទចំនួនពីររូបឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដែលរួមមានលោកប៉ានីច វីក្រិតស្រេត (Panich Vikitsreth) អាយុ៤៧ឆ្នាំជាសមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យនិង អ្នកស្រីណារឿម ម៉ូលជិតវ៉ារ៉ាតាណា(Narue Mol Chitwaratana )ជាមេផ្ទះ។
ជនជាតិថៃទាំងប្រាំពីររូប ត្រូវបានតុលាការចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ធ្នូកន្លងទៅនេះ។ ក៏ប៉ុន្តែតុលាការពុំទាន់បានកំណត់ថា នឹងបើកសវនាការកាត់ទោសជាផ្លូវការនៅពេលណានៅឡើយទេ។
ប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុសជនជាតិថៃទាំងប្រំាពីររូបនេះអាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ៕