៤០ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម កម្ពុជា​អបអរ​សាទរ​ការ​អភិរក្ស​និង​ការ​វិវត្ត​ថ្មី​នៃ​សិល្បៈ​ខ្មែរ

លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ឹម សុភី គឺជាអ្នកនិពន្ធតន្ត្រី​ខ្មែរដ៏​ល្បីល្បាញមួយរូបនៅកម្ពុជា និងលើឆាកអន្តរជាតិ។ លោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ខាង​ផ្នែក​តូរ្យតន្ត្រី និងតន្ត្រីវិទ្យា ពីសាកលវិទ្យាល័យ Moscow State Tchaikovsky Conservatory ប្រចាំ​ប្រទេសរុស្ស៊ី។ (រូបថតដោយ៖ លោក ហ៊ឹម សុភី)

រដ្ឋធានីវ៉ាស៊ីនតោន — មុន​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់ លោក ហ៊ឹម សុភី គឺជា​និស្សិត​តូរ្យ​តន្ត្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ។ កើត​ក្នុង​គ្រួសារ​អ្នក​តន្ត្រី​បុរណ​នៅ​ខេត្ត​ព្រៃវែង ដោយ​មាន​ជីតា និង​ឪពុក​ជា​អ្នក​ប្រគុំ​តន្ត្រី​ពិណពាទ្យ និង​ភ្លេង​អារក្ស​និង​ភ្លេង​ការ លោក​ ហ៊ឹម សុភី​ មាន​ទេពកោសល្យដ៏​ពិសេស ចំណាប់​អារម្មណ៍ និង​ក្តី​ស្រឡាញ់​លើ​ការ​និពន្ធ​តូរ្យតន្ត្រី​តាំង​ពី​ក្មេង។

ក៏​ប៉ុន្តែ​ ក្តី​សង្ឃឹម​របស់​លោក​ក្នុង​ការ​បន្ត​ការ​សិក្សា​ខាង​ផ្នែក​តូរ្យ​តន្ត្រី​នៅ​មហាវិទ្យាល័យ​តូរ្យ​តន្ត្រី* រាជធានី​ភ្នំពេញ​ ឲ្យ​បាន​ចប់ចុង​ចប់​ដើម ​ត្រូវបាន​ផ្អាក​មួយ​រយៈ​ ដោយសារ​តែ​សង្គ្រាម​ស៊ីវិល​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ ហើយ​នៅ​ឆ្នាំ​១៩៧៥ ក្រុម​កុម្មុយនិស្ត​ខ្មែរ​ក្រហម​បាន​ឡើង​ដឹកនាំ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍។ របប​កុម្មុយនិស្ត​មួយ​នេះ​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ ១លាន​ ៧សែន​នាក់ មុន​នឹង​របប​នេះ​ត្រូវបាន​ផ្តួល​រំលំ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

«ខ្ញុំ​រៀន​នៅ​ពេល​ដែល​ខ្ញុំ​ជាប់​ហ្នឹង គឺ​នៅ​ឆ្នាំ​ ៧២ ទៅ​ដល់​ឆ្នាំ​ ៧៥។ ឆ្នាំ​ហ្នឹង​គឺ​នៅ​ក្រោម​សង្គ្រាម​ស៊ីវិល។ ដល់​អីចឹង ឆ្នាំ​ចុងក្រោយ ឆ្នាំ​៧៤ ៧៥​ហ្នឹង គឺ​មានគ្រាប់​ផ្លោង​ពី​ខ្មែរ​ក្រហម​ចូល​មក​ភ្នំពេញ​ហ្នឹង។ ជួនកាល​កំពុង​តែ​ហាត់​ព្យាណូ​អីចឹង គ្រាប់​ផ្លោង​មក លោត​ទៅ​ក្រាប​អីចឹង​ទៅ។ វា​មាន​ការ​លំបាក​ច្រើន ប៉ុន្តែ​ចេះ​តែ​ខំ​រៀន​ទៅ‍»។

ដូច​គ្នា​នឹង​យុវជន​ក្មេងៗ​ផ្សេង​ទៀត​ដែរ លោក ហ៊ឹម សុភី ដែល​ពេល​នោះ​មាន​អាយុ​ត្រឹម​តែ​១៣ឆ្នាំ ​ត្រូវបាន​បំបែក​ពី​ក្រុម​គ្រួសារ ហើយ​ធ្វើ​ការ​ទាំង​បង្ខំ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​ព្រៃវែង។

«‍ហើយ​សម័យ​ខ្មែរ​ក្រហម គឺ​ថា​សឹង​តែ​មិន​រស់​ផង ព្រោះ​អី​មាន​ពេល​ខ្លះ អត់​បាយ​ខ្លាំង​មែនទែន ហើយ​ធ្វើ​ការ​ធ្ងន់​ពី​ឆ្នាំ ៧៦ ខ្ញុំ​ដើរ​សឹង​តែ​មិន​រួច នៅ​កូន​ក្មេង​ទេ តែ​ធ្វើការ​ធ្ងន់ ហើយ​ខ្ញុំ​មាឌ​ធំ​បន្តិច ខ្ញុំ​មាឌ​ទំឡោក។ ប៉ុន្តែ​ ចេះ​តែ​រស់​ទៅ ដូច​គេ​ដូច​ឯង ប៉ុន្តែ​វា​ពិបាក​ខ្លាំង មាន​ដេក​ផ្ទាល់​ដី។ ហើយ​ប៉ុន្មាន​ឆ្នាំ ជិត​៤ឆ្នាំ​ហ្នឹង គឺ​មិន​ដែល​សិត​សក់ អត់​មាន​ស្បែក​ជើង​ពាក់ ខោអាវ​រហែក និយាយ​រួម​គឺ​ពិបាក»។

លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ឹម សុភី កាលពេលលោកកំពុងសិក្សា​ផ្នែក​តូរ្យតន្ត្រី និងតន្ត្រីវិទ្យានៅសាកលវិទ្យាល័យ Moscow State Tchaikovsky Conservatory ប្រទេសរុស្ស៊ី។ (រូបថតដោយ៖ លោកបណ្ឌិត ហ៊ឹម សុភី)

ជា​សំណាង​ល្អ យុវជន​វ័យ​ក្មេង​ដែល​មាន​ទេព​កោសល្យ​ដ៏​ពិសេស​ខាង​តូរ្យ​តន្ត្រី​រូប​នេះ​បាន​រស់​រាន​មាន​ជីវិត​ពី​ភាព​អត់​ឃ្លាន ការ​ធ្វើការ​បាក់​កម្លាំង និង​ទារុណកម្ម។ ក៏​ប៉ុន្តែ វាសនា​របស់​តន្ត្រីករ និង​សិល្បៈករ​ល្បីៗ​មួយ​ចំនួន​ក្រោម​របប​ខ្មែរ​ក្រហម មិន​ល្អ​ដូច​លោក ហ៊ឹម សុភី​ នោះ​ទេ។

ខ្មែរ​ក្រហម​បាន​សម្លាប់​តន្ត្រីករ​និង​សិល្បៈករ ហើយ​លុប​បំបាត់ និង​បំផ្លាញ​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ គ្រប់​ទម្រង់ ដោយសារ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​បង្កើត​របប​ស្អាតស្អំ​មួយ។ ប៉ុន្តែ ទោះ​បី​ជា​ពួក​កុម្មុយនិស្ត​ខ្មែរ​ក្រហម​បាន​ព្យាយាម​លុប​បំបាត់ និង​បំផ្លាញ​សិល្បៈ​ខ្មែរ​ក៏​ដោយ ក៏​ពលរដ្ឋ​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​មួយ​នេះ ដូច​ជា​លោក ហ៊ឹម សុភី បាន​បន្ត​ធ្វើ​យ៉ាងណា​ឲ្យ​សិល្បៈ​និង​វប្បធម៌​ខែ្មរ​បាន​រស់ឡើង​វិញ។

«ការ​បំផ្លាញ​រយៈពេល​៣ឆ្នាំ ៨ខែ ២០​ថ្ងៃ​ហ្នឹង យើង​គិត​ថា ពួក​ខ្មែរ​ក្រហម​សម្លាប់​សិល្បៈករ​ធំៗ​អី​មែន ប៉ុន្តែ​យ៉ាង​ណាមិញ ឈាម​ជ័រ​ជា​ខ្មែរ​មិន​អាច​អស់ វា​នៅ​តែ​មាន​អ្នក​នៅ​សល់​បន្ត​វេន​អីចឹង។ ហើយ​មាន​គេ​សម្លាប់​អស់​ច្រើន​មែន តែ​សម្រាប់​អ្នក​ដែល​នៅ​រស់​ទាំង​ប៉ុន្មាន​ហ្នឹង ក៏​បាន​ខិតខំ​ធ្វើ​ឡើង​វិញ រហូត​មក​ដល់​សព្វថ្ងៃ​នេះ យើង​មាន​នៅ​សល់​តន្ត្រី​បុរាណ​របស់​យើង ពិណពាទ្យ មហោរី ភ្លេងការ ភ្លេង​អារក្ស​អី​ក៏​មាន​ដែរ មាន​ដល់​សព្វថ្ងៃ‍»។

សព្វថ្ងៃ​លោក​បណ្ឌិត ហ៊ឹម សុភី គឺជា​អ្នក​និពន្ធ​តូរ្យ​តន្ត្រី​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ។ ដោយ​ទទួល​បាន​ការ​អប់រំ​ជាន់​ខ្ពស់​ផ្នែក​តូរ្យ​តន្ត្រី និង​តន្ត្រី​វិទ្យា​ពី​សាកល​វិទ្យាល័យMoscow State Tchaikovsky Conservatory​ ប្រទេស​រុស្ស៊ី រួម​ផ្សំ​ជាមួយ​នឹងការ​ច្នៃប្រឌិត និង​ទេព​កោសល្យ ស្នាដៃ​និពន្ធ​របស់​លោក ត្រូវបាន​សហគមន៍​ជាតិ និង​អន្តរជាតិ ទទួល​ស្គាល់​យ៉ាង​ខ្លាំង។

ស្នាដៃ​និពន្ធ​ល្បីៗ​របស់​លោកដែលភាគ​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ រួម​មាន​ការ​និពន្ធ​ការ​សម្តែង​ល្ខោន​អូប៉េរ៉ា​ (Opera) លើក​ដំបូង​នៅ​កម្ពុជា​និង​ឆាក​អន្តរជាតិ ដែល​មាន​ចំណង​ជើង​ថា «ទី​ដំរី​យំ‍» និង​ស្នាដៃ​សិល្បៈ​ «បង្សុកូល‍» ដែល​មាន​ការ​សម្តែង​រួម​ជាមួយ​នឹង​ការ​ប្រគុំ​តន្ត្រី​បុរាណខ្មែរ​និង​បស្ចឹម​ប្រទេស និង​ស្នាដៃ​ធំៗ​ផ្សេង​ទៀត។

​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ «បង្សុកូល‍» នឹង​ត្រូវបាន​យក​មក​សម្តែង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​ការ​កោតសរសើរ​និង​ស្ញប់ស្ញែង​ពី​សហគមន៍​អន្តរជាតិ ទាំង​ពី​ក្រុម​អ្នក​និពន្ធ​តន្ត្រី​និង​ក្រុម​អ្នក​ទស្សនា​នៅ​សហរដ្ឋ​អាមេរិក ​អូស្ត្រាលី​និង​បារាំង​ជាដើម។ អ្នក​និពន្ធ​តន្ត្រី​វ័យ​៥៧ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ការ​សម្តែង​លើក​ដំបូងនៅ​កម្ពុជា​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព ឬ Arts4Peace Festival ដែល​ជា​មហោស្រព​សិល្បៈ​ដ៏​ធំ​បង្អស់​មួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ដែល​បើក​ជូន​ជា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ។

រូបភាពនៃស្នាដៃសិល្បៈមួយដែលរួមបញ្ចូលគ្នារវាងការសម្តែងស្បែកធំ និងល្ខោនខោលសម្រាប់ឈុតសម្តែងឆាកចម្បាំងរវាង ពិនន្ទជិត្រ និងហនុមាន។ (រូបថតដោយ៖ អង្គការសិល្បៈខ្មែរអមតៈ)

រូបភាពនៃការសម្តែងរបាំសហសម័យ។ ការ​សម្តែងសិល្បៈគ្រប់បែបនិងទម្រង់ នឹងកើតមានឡើងនៅក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដែលរៀបចំឡើងដោយអង្គការសិល្បៈ​ខ្មែរ​អមតៈ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ (រូបថតដោយ៖ អង្គការសិល្បៈខ្មែរអមតៈ)

មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព

រៀបចំ​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (Cambodian Living Arts) មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ ធ្វើ​ឡើងក្នុង​គោល​បំណង​ផ្តល់​កិត្តិយស និង​អបអរ​សាទរ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​សិល្បៈ​ករ​ខ្មែរ​គ្រប់​រូប ដែល​បាន​ចូលរួម​ក្នុង​ការអភិរក្ស និង​បង្កើត​ថ្មី​នៃសិល្បៈ​និង​វប្បធម៌​ខ្មែរ ​ដែល​នៅ​សេសសល់​ពី​របប​ខ្មែរ​ក្រហម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា យ៉ុន សុខខន ​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។

«‍មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ គឺ​យើង​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជា​ការ​ដឹង​គុណ​និង​ជា​ការ​អបអរ​សាទរ​ដល់​សិល្បៈករ​បី​ជំនាន់​ ដែល​ពួក​គាត់​បាន​ពលី និង​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ​នៅ​ក្នុង​វិស័យ​សិល្បៈ​និង​វប្បធម៌ ទៅ​ក្នុង​ការ​អភិរក្ស អភិវឌ្ឍ ក៏​ដូចជា​បង្កើត​ស្នាដៃ​ថ្មីៗ នៅ​ក្នុង​រយៈពេល​៤០ឆ្នាំ​ចុងក្រោយ​ក្រោយ​ពីការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ហ្នឹង »។

មហោស្រព​នេះ​នឹង​ចាប់​ផ្តើម​ដំណើរការ​រយៈពេល​១០ថ្ងៃ ពី​ថ្ងៃ​ទី១៤ រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​ទីតាំង​ចំនួន​៥កន្លែង​នៅ​រាជធានី​ភ្នំពេញ រួម​មាន​វិទ្យាស្ថាន​ភាសា​បរទេស មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ឬ​ហៅ​កាត់​ថា CJCC រោង​ល្ខោន​ចតុមុខ និង​វិទ្យាស្ថាន​ភាសា​បារាំង។ ការ​សម្តែង​សិល្បៈ​ជា​ច្រើន​ទម្រង់​នៅ​ក្នុង​មហោស្រព​នេះ រួម​មាន របាំ​បុរាណ ការ​ប្រគុំ​តន្ត្រី​ភ្លេង​បុរាណ ការ​សម្តែង​ល្ខោន​និយាយ អម​ជាមួយ​នឹង​ការ​តាំង​ពិព័រណ៍ និង​ការ​ពិភាក្សា​ជាមួយ​គ្រូ​សិល្បៈ និង​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទៀត​ផង។

ការ​រៀបចំ​ឲ្យ​មាន​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ ក៏​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​២០ឆ្នាំ​នៃ​ដំណើរ​ប្រតិបត្តិការ​របស់​អង្គការ​សិល្បៈខ្មែរ​អមតៈ ដែល​ធ្វើ​ការ​ផ្តោត​សំខាន់​លើ​ការ​ថែរក្សា អភិរក្ស និង​ការ​វិវត្ត​ថ្មី​នៃ​សិល្បៈ​ខ្មែរ។ ក្នុង​រយៈពេល​២០មក​នេះ​ អង្គការ​សិល្បៈ​មួយ​នេះ​បាន​ធ្វើកិច្ចការ​ជាច្រើន ក្នុង​ការ​ទប់ស្កាត់​ការ​បាត់បង់​សិល្បៈ​ខ្មែរ​តាម​រយៈ​កិច្ចការ​ថែរក្សា​និង​អភរិក្ស និង​ក្នុងការ​ជំរុញ​ឲ្យ​មាន​ការ​បន្ត​កេរដំណែល​និង​បង្កើត​ថ្មី តាមរយៈ​ការ​បង្កើត​គម្រោង​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​ជំនាន់​ក្រោយ និង​ការ​ស្វែង​រក​សិល្បៈករ​នានា ដែល​តស៊ូ​រក្សា​កេរដំណែល​សិល្បៈ​ខ្មែរ។

សកម្មភាពរៀនប្រគុំឧបករណ៍ភ្លេងបុរាណខ្មែរដែលរៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ។ (រូបថតដោយ៖ អង្គការសិល្បៈខ្មែរអមតៈ)

សកម្មភាពសម្តែងដោយក្រុមនិស្សិតសិល្បៈប្រចាំអង្គការសិល្បៈខ្មែរអមតៈ។ (រូបថតដោយ៖ អង្គការសិល្បៈខ្មែរអមតៈ)

នៅ​ក្នុង​មហោស្រព​រយៈពេល​១០ថ្ងៃ​នេះ ​សាធារណជន​នឹង​បាន​ឃើញ​ការ​សម្តែង​របស់​សិល្បៈករ​បី​ជំនាន់ ដែល​នេះ​គឺជា​ឱកាស​ដ៏​កម្រ​មួយ​ក្នុងការ​ប្រមូល​ផ្តុំ​សិល្បៈករ​មក​ពី​គ្រប់ជំនាន់ និង​គ្រប់​ទម្រង់ ​ឲ្យ​បាន​មក​ពិភាក្សា​និង​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន​ពី​គ្នា​ទៅវិញ​ទៅ​មក។ នេះ​បើ​តាម​កា​របញ្ជាក់​របស់​អ្នកស្រី សូ ភីណា ប្រធាន​កម្មវិធី​ចំណេះ​ដឹង បណ្តាញ​និង​គោលនយោបាយ​វប្បធម៌​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។

‍«ដើម្បី​កសាង​អនាគត​កម្ពុជាមួយ​ដែល​មាន​ស្ថិរភាព យើង​ត្រូវ​ស្គាល់​ថា​អ្វី​ដែល​យើង​មាន​សព្វថ្ងៃ ហើយ​ត្រូវ​រៀន​អំពី​ប្រវត្តិសាស្ត្រ​ដែល​យើង​មាន​ពី​ថ្ងៃ​អនាគត បើ​មិន​អីចឹង​ទេ យើង​អាច​ធ្វើ​នូវ​អ្វី​ដែល​យើង​ចង់​ឲ្យ​កើត​ឡើង​នៅ​ពេល​អតីតកាល​ដដែល។ អីចឹង​អ្នក​ទាំង​បី​ជំនាន់​ហ្នឹង គឺជា​កាតាលី​មួយដ៏​សំខាន់​ដែល​ត្រូវ​រៀន​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​មូល​មតិ​គ្នា អាច​ថា​មិន​មូល​ក៏​បាន តែ​ដើម្បី​ឲ្យ​យើង​មាន​ជា​ធ្លុង​មួយ ដើម្បី​ថា​តើ​កម្ពុជា​នាពេល​អនាគត​យើង​ចង់​បង្កើត​វា​ដោយ​របៀប​ណា? និង​ចង់​វា​កម្ពុជា​មាន​រូបភាព​យ៉ាង​ដូចម្តេច? អីចឹង​អ្នក​ទាំង​បី​ជំនាន់​ហ្នឹង​ត្រូវ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក រៀន​ពី​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​យើង​បាន​អនាគត​មួយ​ដែល​យើង​ចង់​បាន‍»។

តួនាទី​របស់​សិល្បៈ​ក្នុង​សង្គម

បើ​ទោះបីជា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដ៏​តូច​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្តី ក៏​សិល្បៈ​និង​វប្បធម៌​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ មាន​ប្រវត្តិ​រាប់រយ​ពាន់​ឆ្នាំ​មក​ហើយ។ របាំ ឧបករណ៍​តន្ត្រី និង​ល្ខោន​ខ្មែរ​មួយ​ចំនួន​ ក៏​ត្រូវបាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ផងដែរ។ ជាក់​ស្តែង របាំ​ព្រះរាជ​ទ្រព្យ ចាប៉ី​ដងវែង ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែក​ធំ និង​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត ត្រូវបានដាក់​បញ្ជូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO

លោក​បណ្ឌិត ហ៊ឹម សុភី ដែល​ជា​អ្នក​និពន្ធ​តន្ត្រី​ខ្មែរ​ដ៏​មាន​ទេព​កោលសល្យ​មួយ​រូប បាន​ឲ្យ​ដឹង​ថា សិល្បៈ​មាន​តួនាទី​យ៉ាង​សំខាន់​ដល់​ប្រទេស​ជាតិ​មួយ។

«យើង​ត្រូវការ​ឲ្យ​មាន​សកម្មភាព​វប្បធម៌ ហើយ​វប្បធម៌​ជា​វិស័យ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន។ នេះ​ជា​ជំនឿ​របស់​ខ្ញុំ ដែល​នៅ​ស្រុក​ខ្មែរ​មិន​ទាន់​ធ្វើ​ឲ្យ​ពេញលេញ​ទេ។ ប៉ុន្តែ​ខ្ញុំ​បាន​មើល​ឃើញ ចក្ខុវិស័យ​វែង​ឆ្ងាយ​ទៅ​ថ្ងៃ​ក្រោយ បើ​យក​ចិត្ត​ទុក​ដាក់​លើ​វប្បធម៌ សេដ្ឋកិច្ច​របស់​យើង​ក៏​រីក​ចម្រើន​ដែរ។ ហើយ​ចំណែក​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​យក​ចិត្ត​ទុក​ដាក់ គឺ​ស៊ីសង​លើ​អ្នក​គ្រប់គ្រង‍»។

រូបភាពនៃការប្រគុំតន្ត្រីចាប៉ីដងវែង ដែលត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ (រូបថតដោយ៖ អង្គការសិល្បៈខ្មែរអមតៈ)

រូបភាពនៃការសម្តែងរបាំអប្សារា។ ការ​សម្តែងសិល្បៈគ្រប់បែបនិងទម្រង់ នឹងកើតមានឡើងនៅក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដែលរៀបចំឡើងដោយអង្គការសិល្បៈ​ខ្មែរ​អមតៈ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ (រូបថតដោយ៖ អង្គការសិល្បៈខ្មែរអមតៈ)

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដូច្នេះ​កា​របង្កើត​ឲ្យ​មាន​មហោស្រព​សិល្បៈ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដូច​ជា​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ គឺជា​«រឿង​ល្អ​សម្រាប់​ប្រទេស​ជាតិ​មួយ‍»។

«និយាយ​រួម​សិល្បៈ​ត្រូវ​បង្ហាញ​ពី​សកម្មភាព ពី​សច្ចភាព​នៅ​ក្នុង​សង្គម មនុស្ស​និង​ធម្មជាតិ ដែល​នៅ​ជុំវិញ​ខ្លួន​ហ្នឹង ហើយបង្ហាញ​មក​វិញ​តាម​បែប​តថភាព​នៅ​លើ​ឆាក​អីចឹង ដើម្បី​ឲ្យ​ឃើញ​ថា​តើ​យើង​គួរ​ធ្វើ​អី យើង​ជា​ជនជាតិ​អី យើង​ជា​មនុស្ស‍»។

ហើយ​នេះ​គឺជា​គោលបំណង​ធំ​មួយ​ដែល​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ចង់​សម្រេច​បាន តាមរយៈ​ការ​រៀបចំ​ឲ្យ​មាន​មហោស្រព​នេះ​ឡើង។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​កញ្ញា យ៉ុន សុខខន។

«នៅ​ក្នុង​កម្មវិធី​យើង យើង​មាន​ការ​សម្តែង​ដែល​ភាគច្រើន​សុទ្ធ​តែ​ជា​ស្នាដៃ​ថ្មី តែ​មាន​អម​ជាមួយ​នឹង​សកម្មភាព​ជា​ច្រើន ពីព្រោះ​យើង​ចង់​ឲ្យ​គាត់​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ថា ហេតុអ្វី​ស្នាដៃ​ហ្នឹង​គេ​បង្កើត​ឡើង ហើយ​វា​ជួយ​សង្គម​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ម៉េច​ខ្លះ ពីព្រោះ​អី​ស្នាដៃ​មួយៗ​ដែល​យើង​បង្កើត​ឡើង​ហ្នឹង​ វា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ និង​ដោះស្រាយ​បញ្ហា​សង្គម។ ​អីចឹង​បញ្ហា​ទាំង​អស់​ហ្នឹង​នឹង​លើក​ទឹក​ចិត្ត​អ្នក​ដែល​មក​ចូលរួម​ហ្នឹង​បាន​គិតស៊ី​ជម្រៅ​ថា ហេតុអី​មាន​បញ្ហា​ហ្នឹង​កើត​ឡើង ហើយ​ថា​តើ​យើង​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ដោយ​របៀប​ណា?‍»

ហានិភ័យ​នៅ​តែ​មាន

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​កម្ពុជា​នឹង​ប្រារព្ធ​មហោស្រព​សិល្បៈ​រយៈពេល​វែង​ដូច្នេះ ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំទៅ​កាល​ពី​ឆ្នាំ​១៩៧៩។​ ការ​រៀបចំ​ឲ្យ​មាន​មហោស្រព​បែប​នេះ កម្រ​កើត​ឡើង​នៅ​កម្ពុជា ដោយសារ​តែកត្តា​ថវិកា និង​ការ​គាំទ្រ

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​គាំទ្រ​ខាង​សិល្បៈ​បុរាណ​ខ្មែរ ក្រុម​អ្នក​អភិរក្ស​និង​បង្កើត​ថ្មី​ខាង​ផ្នែក​សិល្បៈ​បុរណ​ខ្មែរ នៅ​តែ​បន្ត​ប្រឈម​នឹង​បញ្ហា​ខាង​លើ​នេះ។ ដោយ​ឡែក​ សម្រាប់​សិល្បៈ​បែប​កម្សាន្ត លក្ខណៈ​រាំ​ច្រៀង គេ​ឃើញ​មាន​ការ​ឧបត្ថម្ភ​ច្រើន ពី​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​ភេសជ្ជៈ​និង​ស្រាបៀរ​ជា​ដើម។ នេះ​បើ​តាម​ការ​អង្កេត​របស់​លោក ហ៊ឹម សុភី ដែល​ជា​អ្នក​ជំនាញ​ខាង​សិល្បៈ​ជើង​ចាស់​ខាង​និពន្ធ​តូរ្យ​តន្ត្រី​នៅ​កម្ពុជា។

លោក​បាន​កត់​សម្គាល់​ថា៖ «ទន្ទឹម​នឹងការ​វិវត្ត​និង​ការ​ថែ​រក្សា យើង​មាន​ការ​បាត់បង់ និង​មាន​ហានិភ័យ​ដែរ។ បើ​តាម​ទស្សនៈ​របស់​ខ្ញុំ​ក្នុង​នាម​អ្នក​ជំនាញ ខ្ញុំ​មិន​ថា​ត្រឹម​តែ​ជា​អ្នក​និពន្ធ​តន្ត្រី​ទេ តែ​ជា​អ្នក​វប្បធម៌​មួយ​ផង​ដែរ ខ្ញុំ​មើល​ទៅ​មាន​លក្ខណៈ​អតុល្យភាព មាន​ន័យ​ថា មិន​ទាន់​មាន​ភាព​ស្មើ​គ្នា​រវាង​សិល្បៈ​បម្រើ​ដល់​ឧត្តម​គតិ និង​សិល្បៈកម្សាន្ត។ យើង​ឃើញ​ថា សិល្បៈ​កម្សាន្ត​លេច​ធ្លោ​ខ្លាំង ដល់​អីចឹង​ទៅ​វា​អត់​ស្មើគ្នា។ ដល់​អីចឹង​វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​រីកចម្រើន​ដែរ‍»។

រូបឯកសារ៖ លោក ហ៊ឹម សុភី អ្នក​និពន្ធ​ទំនុកភ្លេង​នៃ​ស្នាដៃ​សិល្បៈ ​«បង្សុកូល»​កំពុង​ឡើង​ថ្លែង​ចំណាប់អារម្មណ៍​នៅ​ឯ​វត្ត​សាមគ្គីធម្មិការាម ក្នុង​សង្កាត់ Brooklyn ទីក្រុង ញូវយ៉ក ​ក្រោយ​ពី​សម្តែង​ចប់ កាល​ពី​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧។ (ហុង ចិន្តា/VOA)

ហេតុ​ដូច្នេះ ការ​គាំទ្រ​និង​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដូចជា​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ មាន​សារៈ​សំខាន់​ក្នុង​ការ​ធានា​ថា សិល្បៈ​បុរាណ​ខ្មែរ​មិន​ត្រូវបាន​បាត់បង់ ហើយ​ការ​បង្កើត​ថ្មី​ ​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​កើត​មាន ស្រប​ពេល​ដែល​សង្គម​និង​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​កំពុង​រីក​ចម្រើន។

សម្រាប់​រូបលោក ហ៊ឹម សុភី បើ​ទោះ​បី​ជា​ប្រឈម​នឹង​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅតែ​បន្ត​ប្តេជ្ញា​និពន្ធ​តន្ត្រី​ថ្មី​ដល់​កម្ពុជា និង​ពិភព​លោក។

‍«ទោះបីជា​យ៉ាង​ណា​ក៏​ខ្ញុំ​មាន​មោទនភាព​ ដែល​ខ្ញុំ​បាន​ធ្វើ​អ្វី​ដើម្បី​ប្រទេស​របស់​ខ្ញុំ ដើម្បី​ជនជាតិ​ខ្ញុំ ហើយ​ក៏​ដើម្បី​មនុស្ស​លើ​ពិភព​លោក‍»៕

*សូម​បញ្ជាក់​ថា នៅ​ក្រោម​សម័យ​សង្គម​រាស្ត្រ​និយម​និង​សាធារណរដ្ឋ​ខ្មែរ កម្រិត​ថ្នាក់​មហា​វិទ្យាល័យ​គឺ​ស្មើ​នឹង​ថ្នាក់​វិទ្យាល័យ​ បើ​តាម​កម្រិត​អប់រំ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ឹម សុភី។

ស្តាប់សេចក្តីរាយការណ៍នេះជាសំឡេង៖

Your browser doesn’t support HTML5

សេចក្តីរាយការណ៍ជាសំឡេង៖ ៤០ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម កម្ពុជា​អបអរ​សាទរ​ការ​អភិរក្ស​និង​ការ​វិវត្ត​ថ្មី​នៃ​សិល្បៈ​ខ្មែរ