ការ​ប៉ះ​ទង្គិច​រវាង​ទាហាន​ខ្មែរក្រហម​និង​អាមេរិក​នៅ​កោះ​តាង​កាលពី​៤៥​ឆ្នាំ​មុន​«មិន​គួរ​កើត​មាន​ឡើង ​អាច​ជា​ការ​យល់​ច្រឡំ»

រូបឯកសារ៖ ទាហាន​ម៉ារីន​អាមេរិក​រត់​ចេញ​ពី​ឧត្ថម្ភាគចក្រ GH53 ដែល​បាន​ចុះ​​​នៅ​​លើ​កោះតាង​ ចម្ងាយ​ប្រមាណ​៥០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដើម្បី​ជួយ​សង្គ្រោះ​​នាវា​ពាណិជ្ជកម្ម​អាមេរិក Mayaguez ពី​​ទាហាន​ខ្មែរ​ក្រហម​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៧៥។ (AP Photo)

ក្រោយ​ការ​ចូល​កាន់​អំណាច ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ​មេសា ​ឆ្នាំ​១៩៧៥​ កម្លាំង​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ពង្រឹង​អំណាច​របស់​ខ្លួន​ និង​បញ្ជូន​កង​ទ័ព​ទៅ​ការពារ​ព្រំដែន​ និង​តំបន់​កោះ​នៅ​សមុទ្រ​ផង​ដែរ។​ កោះ​តាង​ជា​កោះមួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥២​ គីឡូ​ម៉ែត្រ​ពី​ក្រុង​ព្រះ​សីហនុ ​ហើយ​ស្ថិត​នៅ​ចន្លោះ​កណ្តាល​រវាង​កោះ​ពូលូ​វ៉ៃ ​និង​ក្រុង​ព្រះ​សីហនុ។​ កោះ​នេះ​ជា​កន្លែង​ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​ស្លាប់ ​និង​កង​ទ័ព​អាមេរិក​ចំនួន ​១៨ ​នាក់ ​បាន​ស្លាប់ ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​មួយ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ​ឆ្នាំ​១៩៧៥។​

នេះ​ជា​ការ​វាយ​ប្រហារ​មួយ​ដែល​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​ចំនួន ​និង​ជា​អ្នក​ប្រយុទ្ធ​ផ្ទាល់​លើក​ឡើង​ថា​ «ជា​កំហុស»​ របស់​ខ្មែរ​ក្រហម ​ដោយសារ​ទាហាន​ដែល​ត្រូវ​បញ្ជូន​ទៅ​ការ​ពារ​នៅ​កោះ​តាង ​និង​កោះ​ផ្សេងៗ​ សុទ្ធ​តែ​ជា​អ្នក​មិន​មាន​ជំនាញ​ខាង​សមុទ្រ ​ហើយ​មិន​ដឹង​ច្បាប់​សមុទ្រ​អន្តរ​ជាតិ​នោះ​ទេ។ ​ ការ​វាយ​ប្រហារ​គ្នា​នេះ ​កើត​ឡើង​ដោយសារ​ការ​ចាប់​កប៉ាល់​ធំ​មួយ​របស់​ក្រុមហ៊ុន​ឯកជន​អាមេរិក​ឈ្មោះ​ថា ​ម៉ាយ៉ាហ្គេស​ (Mayaguez)​ ដែល​មាន​ចំណុះ​ទៅ​ដល់​ជាង ​១​ម៉ឺន​តោន។​

ការ​ប៉ះ​ទង្គិច​រវាង​ទាហាន​ខ្មែរ​ក្រហមនិង​អាមេរិក ​នៅ​កោះ​តាង​ កាលពី ​៤៥ ​ឆ្នាំ​មុន ​ត្រូវ​អ្នក​ចង​ក្រង​ឯកសារ​ពាក់ព័ន្ធ​លើក​ឡើង​ថា ​ជា​ការ​វាយ​ប្រហារ​នេះ​ដែល​មិន​គួរ​កើត​មាន​ឡើង​ ហើយ​អាច​ជា​ការ​យល់​ច្រឡំ​ព័ត៌មាន​មួយ​ចំនួន។​

បើ​តាម​ឯកសារ​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៩​ កប៉ាល់​របស់​អាមេរិក​ ម៉ាយ៉ាហ្គេស ​បាន​ដឹក​ទំនិញ​សម្ភារៈ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​សៃហ្គន ​នៃ​វៀតណាម​ខាង​ត្បូង​ និង​ទំនិញ​ផ្សេង​ទៀត ​ហើយ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ហុងកុង ​ឆ្លង​កាត់​តាម​ឈូង​សមុទ្រ​ថៃ​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​កំពង់​ផែ​ សាតតាហ៊ីប ​ខេត្ត​ឈុន​បុរី​នៃ​ប្រទេស​ថៃ។​

នៅ​ខណៈ​ពេល​ដែល​កប៉ាល់​ធ្វើ​ដំណើរ​មក​ជិត​កោះ​ពូលូវ៉ៃ​របស់​ប្រទេស​កម្ពុជា ​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​ឈរ​ជើង​នៅ​ទីនោះ​ និង​ជា​កង​ទ័ព​ដែល​មិន​មាន​ជំនាញ​ខាង​ជើង​ទឹក​សោះ​នោះ​ បាន​បើក​កប៉ាល់​ប្រភេទ​ប៉េសេអេហ្វ​ (Patrol Craft Fast-PCF) ​ចំនួន​ពីរ​គ្រឿង​ និង​មាន​កង​ទ័ព​ជាង ​១០ ​នាក់ ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ​ចេញ​ដំណើរ​ទៅ​ស្ទាក់​ចាប់​កប៉ាល់​ម៉ាយ៉ាហ្គេស ​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ​១០ ​គីឡូម៉ែត្រ​ពី​កោះ​ពូលូវ៉ៃ។​

កង​ទ័ព​ខ្មែរ​ក្រហម​បាន​បាញ់​កាំភ្លើង​អឹម ៧៩ ​ជា​សញ្ញា​ឲ្យ​កប៉ាល់​ឈប់ បន្ទាប់​មក​បាន​បញ្ជា​ឲ្យនាវិក​បើក​កប៉ាល់​នេះ​ចូល​មក​កោះពូលូវ៉ៃ។ រឿង​រ៉ាវ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា កប៉ាល់​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​មក​ដល់កោះ​តាង ដោយ​មាន​ក្រុម​នាវិក​របស់​អាមេរិក​នៅ​លើ​កប៉ាល់​ផង​ដែរ។

បើ​តាម​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ខ្មែរ​ក្រហម​បាន​ឡើង​ទៅ​យាម​ការពារ​នៅ​លើ​កប៉ាល់​មួយ​យប់ ​មួយ​ថ្ងៃ ​ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ទី​បញ្ជា​ការ​ធំ​នៅ​កំពង់​សោម​ បាន​ប្រាប់​ឲ្យ​កង​ទ័ពខ្មែរ​ក្រហម​ចុះ​ចេញ​ពី​លើ​កប៉ាល់​ ហើយ​បញ្ជា​ឲ្យ​កង​ទ័ព​ខ្មែរ​ក្រហម​យក​ក្រុម​នាវិក​ទាំង​អស់​ចេញ​ពី​កប៉ាល់ ​និង​ដឹក​មក​ទុក​នៅ​កោះរ៉ុង ​ហើយ​កប៉ាល់​មិន​បាច់​បញ្ជូន​មក​ទេ។​

បើ​តាម​ឯកសារ​នោះ ​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ដែល​ដឹង​រឿង​នេះ ​គឺ​លោក ​ប៉ាក់ សុខ ​បាន​រៀបរាប់​ថា ​នៅ​មាន​សល់​នាវិក​អាមេរិក​ម្នាក់​លាក់​ខ្លួន​ក្នុង​កប៉ាល់​ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​រក​មិន​ឃើញ។ ​ហើយ​ប្រហែល​ជា​នាវិក​នោះ​ទាក់​ទង​ទៅ​ក្រុម​ការងារ​របស់​អាមេរិក ​ទើប​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា។

ឯកសារ​របស់​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​លើក​ឡើង​ទៀត​ថា​ នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​កោះ​រ៉ុង​នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​១៩៧៥​ ទើប​បញ្ជា​ការ​ធំ​នៅ​កំពង់​សោម​បញ្ជា​ឲ្យ​កង​ទ័ព​ខ្មែរ​ក្រហម​ដោះ​លែង​ក្រុម​នាវិក​ទាំង​អស់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។​

នៅ​ពេល​នោះ ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ដោះលែង​កប៉ាល់​ម៉ាយ៉ាហ្គេស​ជា​បន្ទាន់ ​បើ​មិន​ដូច្នេះ​ទេ​ ទាហាន​អាមេរិក​នឹង​មក​កម្ទេច​កោះ​តាង​ និង​ទីក្រុង​កំពង់​សោម​ឲ្យ​ក្លាយ​ជា​ផេះ​តែ​ម្តង។​

ប៉ុន្តែ​មិន​ដឹង​ថា​ មាន​រឿង​អ្វី​កើត​ឡើង​ នៅ​ពេល​កំពុង​តែ​រៀបចំ​ដោះ​លែង​ឲ្យ​កប៉ាល់​ត្រឡប់​ទៅ​វិញ ស្រាប់​តែ​នៅ​ព្រលឹមស្រាងៗ ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៧៥ អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក មក​ទម្លាក់​ជុំវិញ​កប៉ាល់ និង​ជុំវិញ​កោះតាង។ នៅ​ពេល​ដំណាល​គ្នា​នោះ​ដែរ មាន​ទាហាន​អាមេរិក​ប្រមាណ​ ២០០ ​នាក់ បាន​ជិះ​ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង​ចេញ​ពី​ប្រទេស​ថៃ មក​ចុះ​នៅ​លើ​កោះ​តាង។

មិន​តែ​ប៉ុណ្ណោះ ​ អាមេរិក​ក៏បញ្ជូន​យន្ត​ហោះ​ទៅ​ទម្លាក់​គ្រាប់​បែក​នៅ​កំពង់​ផែ​កំពង់​សោម​ រោងចក្រ​ប្រេង​កាត ​រោងចក្រ​ទឹក​ដោះគោ ​និង​មូលដ្ឋាន​កងទ័ព​ខ្មែរ​ក្រហម​នៅ​រាម ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ។​ ក្នុង​នោះ​មាន​ការ​បាញ់​ផ្សែង​ពុល ហើយ​ឧទ្ធម្ភាគ​ចក្រ​ចុះ​មក​ប្រមែ​ប្រមូល​ទាហាន ​និង​សាកសព​ទាហាន​ដើម្បី​ត្រឡប់​ទៅ​វិញ។​

រូបឯកសារ៖ នាវប្រយុទ្ធ USS Harold E. Holt ត្រៀមចេញដំណើរដឹកសម្ភារៈនានាសម្រាប់ប្រតិបត្តិការសឹក​ម៉ាយ៉ាហ្កេ (SS Mayaguez) កាលពីខែឧសភា ឆ្នាំ១៩៧៥។

លោក​ ប៉ាក់ សុខ​ អតីត​ទាហាន​ខ្មែរក្រហម​ដែល​ចូល​រួម​ប្រយុទ្ធ​នោះ​ និយាយ​ថា​ លោក​បាន​បាញ់​ឧទ្ធម្ភាគ​ចក្រ​ពីរ​គ្រឿង​របស់​អាមេរិក​ធ្លាក់​ ក្រោយ​ងើប​ពី​ពុល​ផ្សែង​ពុល។​

អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ការពារ​នៅ​កោះ​តាង ​គឺ​លោក ​ម៉ៅ រ៉ាន់​ អាយុ​ ៦៦​ ឆ្នាំ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​បាន​រៀបរាប់​ថា​ លោក​បាន​ចូល​រួម​បាញ់​កាំភ្លើង​ប្រឆាំង​នឹង​ទាហាន​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ​១៩៧៥។​

នៅ​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​ពង្រ ​ឃុំ​ស្វាយ​ចចិប​ ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ ​លោក​ ម៉ៅ រ៉ាន់​ ដែល​បច្ចុប្បន្ន​ជា​អ្នក​ដាំ​ដូង​ក្រអូប ​និង​ធ្វើ​ស្រែ​បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ក្រោម​ផ្ទះ​របស់​លោក។ ​លោក​រៀបរាប់​ថា ​រឿង​រ៉ាវ​នាំ​ឲ្យ​ទាហាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​នោះ​ គឺ​ដោយសារ​ទាហាន​ខ្មែរ​ក្រហម​ចាប់​យក​កប៉ាល់​មួយ​ដែល​លោក​ថា​ បើក​ក្បែរ​តំបន់​សមុទ្រ​កម្ពុជា ​ហើយ​គាប់​ជួន ខ្មែរ​ក្រហម​ទើប​តែ​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​ក្រោយ​ផ្តួល​រំលំ​របប​ លន់ នល់ ​ដែល​មាន​ការ​គាំទ្រ​របស់​អាមេរិក។​

លោក​ ម៉ៅ រ៉ាន់​ ដែល​ពេល​នោះ​អាយុ​ជាង ​២០ ​ឆ្នាំ ​លើក​ឡើង​ថា ​នេះ​ជា​លើក​ដំបូង​ដែល​លោក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ​ហើយ​លោក​ក៏​ពុល​សមុទ្រ​ផង​ដែរ ​នៅ​ពេល​ខ្មែរ​ក្រហម​បញ្ជូន​លោក​ទៅ​យាមនៅ​កោះ​តាង។​

លោក​ រ៉ាន់​ ដែល​ពិការ​ដៃ​ស្តាំ ​ដោយសារ​ការវាយ​ប្រហារ​ជាមួយ​ទាហាន​វៀតណាម​ក្រោយ​ទសវត្សរ៍​១៩៨០​ មាន​ប្រសាសន៍​ថា៖ ​«ការណ៍​ពិត​យើង​ចាប់​គេ​មក ​យើង​មិន​ធ្វើ​បាប​អី​គេ​ទេ។ ​ដល់​ពេល​គេ​នេះ ​ គេ​មក​វាយ​បក។​ ​យើងគ្រាន់​តែ​ការ​ផ្តាំ​ផ្ញើ​ទៅ​ក្មួយៗ​ទាំង​អស់​ជួយ​ពិចារណា ​រឿង​រ៉ាវ​ដែល​កន្លង​មក។​ ឥឡូវ​ដឹង​ថា​អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ។ ​បើ​ខ្មែរ​ក្រហម​អត់​មាន​អី​ទាល់​តែ​សោះ ​បាត​ដៃ​ទទេ​សោះ ​ ហើយ​ទៅ​ចាប់​នាវា​ម៉ាយ៉ាហ្គេស ​បាន​មក​ប៉ុនណាណី»។​

លោក ​ម៉ៅ រ៉ាន់ ​ដែល​មាន​កូន ​៥ ​នាក់​ បន្ថែម​ថា៖ ​«នាវា​ម៉ាយ៉ាហ្គេស​របស់​អាមេរិកាំង​ធំ​ បើក​បរ​នៅ​ផ្លូវ​អន្តរ​ជាតិ​នោះ ​គិត​ទៅ​វា​ឆ្ងាយ​ណាស់ ​មិន​ងាយ​នឹង​ចាប់​បាន​ទេ។ ​អាហ្នឹង​គ្រាន់​តែ​ផ្តាំ​ផ្ញើ​ប៉ុណ្ណឹង​ទេ​ក្មួយៗ​ពិចារណា​ទៅ។​ តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ?​ បើ​ខ្ញុំ​សន្និដ្ឋាន​អាមេរិក​ខុស​ ក៏​ពិបាក​ថា ​បើ​យក​របស់​គេ​មក​ដល់​នេះ។ ​បើ​ថា​ខ្លួន​ឯង​ខុស​ ក៏​យើង​អត់​មាន​ធ្វើ​បាប​អី​គេ។​ អា​ហ្នឹង​វា​ពិបាក​ដែរ»។

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​សិន​ជា​អាមេរិកកាំង​មាន​បំណង​ថា ​រត់​តាម​ផ្លូវ​អន្តរ​ជាតិ ​អត់​អ្នក​ណា​គេ​ទៅ​ចាប់​ទាន់​ទេ។ ​អត់​អ្នក​ណា​ទៅ​ចាប់​បាន​ទេ។ ​ អ៊ីចឹង​មាន​តែ​ចេតនា​របស់​អាមេរិក​ បរ​កាត់​ហ្នឹង​ក្បែរ​ហ្នឹង បាន​គេ​ទៅ​ចាប់​បានឬ​ក៏​បរ​មក​ឲ្យ​គេ​ចាប់ ​...​ឃើញ​គេ​ទៅ ​ឈប់​ឲ្យ​គេ​ចាប់ដើម្បី​បង្ក​រឿង។​ អាហ្នឹង​ខ្ញុំ​សន្និដ្ឋាន​ក្នុង​ចិត្ត​របស់​ខ្ញុំ»។​

លោក​ ម៉ៅ រ៉ាន់​ បញ្ជាក់​ថា​ សត្រូវ​របស់​ខ្មែរ​ក្រហម​ដែល​មាន​ការ​ណែនាំ​ពី​ខាង​លើ ​គឺ​វៀតណាម ​ ហើយ​លោក​ថា​ ទាហាន​ខ្មែរ​ក្រហម​ត្រូវ​ទទួល​បញ្ជា​ឲ្យ​ទៅ​យាមកាម​នៅ​តាម​កោះ​ទាំង​អស់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​យើង​យើង​ទាហាន​ខ្មែរ​យើង​យើង​ត្រូវ​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន​អ៊ីចឹង​ហើយ។ ​បើ​គេ​ចូល​មក​ចាប់​ចូល​មក​រំលោភ​លើ​ទឹក​ដី​យើង ​ខុស​ឬ​ត្រូវ​យើង​ចាប់​សិន។ ​បើ​គេ​មក​វាយ​យើង ​យើង​ត្រូវ​វាយ​ទៅ​វិញ។​ អាហ្នឹង​គេ​ហៅ​ថា​កង​ទ័ព​ការពារ​ជាតិ»។​

លោក​បន្ត​ថា៖ ​«វា​ជា​រឿង​អតីត​កាល​ ហើយ​វា​ចប់​ហើយ។ ​ខ្ញុំ​បាន​ទៅ​កោះ​តាង ​ហើយ​ទៅ​រក​ឆ្អឹង​ទៀត​ផង»។​

លោក ម៉ៅ រ៉ាន់ អាយុ៦៦ឆ្នាំ អតីតទាហានខ្មែរក្រហម ដែលត្រូវបានបញ្ជូនទៅការពារនៅកោះតាងក្នុងខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ១៩៧៥។ (ស៊ុន ណារិន/VOA Khmer)

កង​ពល​ទី​៣ ​នៃ​ភូមិ​ភាគ​និរតី​របស់​ខ្មែរ​ក្រហម ​គឺ​ជា​កង​ពល​មួយ​ដែល​បាន​ចូល​កាន់​កាប់​កោះ​ និង​កូន​កោះ​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​កម្ពុជា​ បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​ នៅ​ថ្ងៃទី​១៧​ ខែ​មេសា​ឆ្នាំ​១៩៧៥។ ​ប្រធាន​កង​ពល​នេះ ​គឺ​លោក​ មាស មុត​ អតីត​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ ដែល​ជា​ជន​ត្រូវ​ចោទ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ​ហើយ​កំពុង​រង់​ចាំ​ការ​សម្រេច​របស់​តុលាការ​ថា​ ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ឬ​ត្រូវ​ទម្លាក់​បទ​ចោទ។​

លោកស្រី ​Emily Zeeberg​ អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សប្តាហ៍​នេះ​ជា​ទិវា​រំឭក ​៤៥ ​ឆ្នាំ​នៃ​ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហេ្គស ដែល​លោកស្រី​បញ្ជាក់​ថា មាន​ទាហាន​អាមេរិក​ ១៨ ​នាក់​បាត់​បង់​ជីវិត​នៅ​ក្នុង​ជម្លោះ​ជាមួយ​ទាហាន​ខ្មែរ​ក្រហម។ លោកស្រី​បន្ត​ថា​ សហរដ្ឋអាមរិក​កោត​សរសើរ​ការ​សហការ​លក្ខណៈ​មនុស្សធម៌​យូរ​អង្វែង​របស់​កម្ពុជា ដើម្បី​ស្វែង​រក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិកកាំង​ដែល​ស្លាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​មាន​ទាហាន​អាមេរិក​កាំង​នៅ​ក្នុង​ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហ្គេស​ផង​ដែរ។

អតីត​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នៅ​លើ​កោះ​តាង ​មិន​បាន​ដឹង​ចំនួន​កង​ទ័ព​ខ្មែរ​ដែល​ស្លាប់​និង​បាត់​ខ្លួន​ទេ​នោះ គ្រាន់​តែ​ដឹង​ថា​ កងទ័ព​ចំនួន ​៧ ​នាក់​ បាន​ស្លាប់​ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ទាហាន​អាមេរិក​ទម្លាក់​គ្រាប់​បែក​ត្រូវ ​ពេល​ពួក​គេ​កំពុង​ជិះ​កប៉ាល់​ប៉េសេអេហ្វ​នៅ​ក្នុង​សមុទ្រ។​

បើ​តាម​ឯកសារ​ក្រោយ​បញ្ចប់​ការ​វាយ​ប្រហារ ​ទាហាន​អាមេរិក​ ២ ​នាក់​នៅ​លើ​កោះ​តាង​ ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​បោក​គ្រាប់​បែក​សម្លាប់​ ខណៈ​កំពុង​ងូត​ទឹក​សមុទ្រ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ ខណៈ​កំពុង​ពួន​លាក់​ខ្លួន​នៅ​រូង​ថ្ម។

លោក ​ឡុង ដានី​ ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ហើយ​បាន​ចង​ក្រង​ឯកសារ​ស្តី​ពី​ «ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហ្គេស​ នៅ​កោះ​តាង ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​១៩៧៥»។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​នេះ​ជា​«ការ​ធ្វើ​សង្រ្គាម​លើក​ចុង​ក្រោយ​របស់​ទាហាន​សហ​រដ្ឋ​អាមេរិក​នៅ​ឥណ្ឌូចិន ​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​សង្រ្គាម​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៧៣»។ ​លោក​បញ្ជាក់​ថា ​ឧបទ្ទវហេតុ​កប៉ាល់​ម៉ាយ៉ាហ្គេស​នេះ ​«គឺ​ជា​សង្រ្គាម​មួយ​ដែល​មិន​គួរ​ឲ្យ​កើត​មាន»។​

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​និយាយ​ថា ​ការ​ចាប់​កប៉ាល់​ម៉ាយ៉ាហេ្គស​នេះ​ជា​កំហុស ​ពី​ព្រោះ​ឃើញ​កប៉ាល់​ម៉ាយ៉ាហ្គេស​ហ្នឹង ​បើក​នៅ​ជិត​កោះ​តាង​មែន​ ប៉ុន្តែ​ខ្មែរ​ក្រហម​មិន​ដឹង​ផ្លូវ​ហ្នឹង​ជា​ផ្លូវ​ទឹក​អន្តរ​ជាតិ ​ក៏​ចេញ​ទៅ​ចាប់​កប៉ាល់​ ហើយ​បាន​សារភាព​ថា​ អាហ្នឹង​គឺ​ជា​កំហុស​មួយ​ដែល​ខ្មែរ​ក្រហម​ បាន​ទៅ​ចាប់​កប៉ាល់​គេ​នៅ​ក្នុង​ដែនទឹក​អន្តរ​ជាតិ។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​គិត​ថា ​ការ​ដែល​ប្រយុទ្ធ​គ្នា​នៅ​លើ​កោះ​តាង​នេះ ​គឺ​ជា​ការ​ប្រយុទ្ធ​មួយ ​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង។​ បើ​តាម​ខ្ញុំ​គិត។ ​អ៊ីចឹង​ខ្ញុំ​គិត​ថា មាន​បញ្ហា​យល់​ច្រឡំ​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ខ្លះ​មើល​ទៅ ​ពី​ព្រោះ​ការ​ប្រយុទ្ធ​ហ្នឹង ​វា​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ច្រើន។ ​ទាំង​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ ទាំង​ខ្មែរ​ក្រហម​ហ្នឹង ​មាន​ការ​ខូច​ខាត​ច្រើន​មែន​ទែន​នៅ​លើ​កោះ​តាង​ហ្នឹង»។​

លោក​ ឡុង ដានី​ មាន​ប្រសាសន៍​ថា ​លោក​បាន​សម្ភាស​ទាហាន​ខ្មែរ​ក្រហម ​៤​ទៅ​៥​ នាក់​ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ផ្ទាល់​ក្នុង​ហេតុ​ការណ៍​នេះ ​និង​អ្នក​ដែល​បាន​ដឹង​រឿង​កប៉ាល់​នេះ​ជាង ​២០​ នាក់​ទៀត។​លោក​បញ្ជាក់​ថា ​សង្រ្គាម​រវាង​ខ្មែរ​ក្រហម​និង​ទាហាន​អាមេរិក​នេះ​ជា​ចំណុច​មួយ​សំខាន់​ដែល​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ក្រហម​នៅ​តែ​ចង​ចាំ​ ​ទោះ​ជា ​៤៥ ​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ៕