ស្ថិតក្នុងបន្ទប់ដ៏ធំទូលាយមួយក្នុងមន្ទីរពេទ្យ St. Mary ដែលសមាគមមាតាបិតាខ្មែរប្រើប្រាស់ជាទីសម្រាប់ផ្តល់ប្រឹក្សាដល់សិស្សដែលមានការសិក្សាខ្សោយ និងអប់រំដល់សហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិចឱ្យយល់ពីសារៈសំខាន់នៃការទទួលទានអាហារត្រឹមត្រូវដើម្បីសុខភាពល្អ អ្នកស្រី ចាន់ ហប់សុន កំពុងពន្យល់មេរៀនខ្លះៗដល់សិស្សដែលមកសុំជំនួយពីសមាគមនេះ។
ជាមធ្យមមានសិស្សខ្មែរក្នុងសហគមន៍នៃទីក្រុងឡុងប៊ិច ក្នុងរដ្ឋកាលីហ្វ័រញ៉ា១៥នាក់ក្នុងមួយវគ្គមកសុំឱ្យអ្នកស្រី ចាន់ ហប់សុន នាយិកាប្រតិបត្តិនៃសមាគមមាតាបិតាខ្មែរជួយពន្យល់បន្ថែមនូវមុខវិជ្ជាដល់សិក្សានៅសាលា ហើយពួកគេនៅមិនទាន់យល់ច្បាស់។
លោកស្រីចាន់ ហប់សុនបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា មានបញ្ហាជាច្រើនដែលនាំឱ្យកូនសិស្សខ្មែរមានការសិក្សាមិនបានល្អ៖
«កូនខ្មែររបស់យើងដែលមានចំណេះចេះដឹងអន់ច្រើនជាងគេដោយសារខ្វះការទំនុកបម្រុង ខ្វះការយល់ដឹងដល់យុវវ័យរបស់ក្មេងៗ ហើយនឹងខ្វះការផ្ចុងផ្តើមពីខាងចំណីអាហារពីខាងសុខភាព និងការជួយពីក្រោយសាលា»។
លោកស្រីចាន់ ហប់សុនបញ្ជាក់ថា នៅសហរដ្ឋអាមេរិកការផ្តល់ការអប់រំបន្ថែមពីឪពុកម្តាយនៅក្រោយពីការសិក្សានៅតាមសាលាជាការណ៍សំខាន់ណាស់។
«មកដល់ស្រុកនេះ គ្រូអាមេរិកាំងគេមានមុខនាទីតែបង្ហាត់បង្រៀនចំណេះដឹងទេ។ អ្វីៗទាំងអស់នៅ លើឪពុកម្តាយ។ ដូច្នេះហើយរចនាសម្ព័ន្ធខាងការសិក្សានៅស្រុកយើងនិងស្រុកអាមេរិកខុសគ្នាដូចមេឃនិងដី»។
លោកស្រីចាន់ ហប់សុនធ្លាប់ជាគ្រូបង្រៀនម្នាក់ក្នុងប្រទេសកម្ពុជា មុនពេលដែលលោកស្រីរត់ភៀសខ្លួនមកនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨០។ លោកស្រីបញ្ជាក់ថា ឪពុកម្តាយខ្មែរនៅមិនទាន់យល់ពីការឱ្យតម្លៃពីសមិទ្ធិផលនៃការសិក្សារបស់កូនពួកគេនៅឡើយទេ។
នៅពុំទាន់មានតួលេខជាក់លាក់ទាក់ទងនឹងការសិក្សារបស់សិស្ស និស្សិតក្នុងសហគមន៍ខ្មែរទេ ក៏ប៉ុន្តែយោងតាមការរកឃើញរបស់សមាគមអប់រំជាតិអាមេរិកាំង ឱ្យដឹងថា ជនជាតិអាស៊ី និងអ្នកដែនកោះប៉ាស៊ីហ្វិកជួបបញ្ហាជាច្រើនក្នុងការសិក្សា ដោយសារកត្តាទាក់ទងនឹងស្ថានភាពជាជនភៀសខ្លួនរបស់ឪពុកម្តាយ ការប្រើប្រាស់ភាសា ប្រព័ន្ធអប់រំខ្សោយក្នុងប្រទេសកំណើតរបស់ពួកគេនិងភាពក្រីក្រជាដើម។
លោកស្រីចាន់ ហប់សុនបានបញ្ជាក់ថា ការរៀបចំបង្កើតជាសមាគមមាតាបីតាខ្មែរនេះ ធ្វើឡើងគឺមានសេចក្តីថា មាតាបិតាត្រូវមានភារកិច្ចដើម្បីទំនុកបម្រុង ហើយជួយកូនខ្មែរឱ្យទៅជាកូនដែលប្រកបដោយចំណេះវិជ្ជាខ្ពស់ មានអនាគតល្អ ហើយមានសេចក្តីរុងរឿង ដូចសហគមន៍ដទៃទៀតដែលនៅសហរដ្ឋអាមេរិក។
សមាគមមាតាបិតាខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥។ ដោយចាប់ផ្តើមពីដំបូងក្នុងគោលបំណងផ្តល់ការលើកទឹកចិត្តតាមរយៈរៀបចំ ការអបអរសាទរប្រចាំឆ្នាំដល់កូនសិស្សដែលបញ្ចប់ការសិក្សាប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានពង្រីកការងាររហូតមកដល់ការជួយបំប៉នចំណេះដល់សិស្សក្រោយការសិក្សានៅតាមសាលានិងអប់រំពីសុខភាព។
ចាប់តាំងពីបង្កើតមក មានសិស្សប្រហែលជិត១.០០០នាក់ហើយដែលមានបញ្ហាក្នុងការសិក្សាហើយមកសុំជំនួយពីលោកស្រី។
សម្រាប់លី ហួរ ជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យ Wilson ក្នុងទីក្រុងឡុងប៊ិច ជំនួយដូចនេះជាការសំខាន់ដើម្បីអាចជួយបង្កើនសមត្ថភាពសម្រាប់ការសិក្សា។
«ពេលដែលខ្ញុំអត់បានល្អ គ្រូនៅសាលាគាត់អត់ថាអ្វីទេ។ គ្រាន់តែប្រាប់ថា ពិន្ទុយើងអត់ល្អ ហើយពិន្ទុយើងទាប។ គេមិនបានជាប្រាប់ទល់មុខទេ។ គេគ្រាន់តែដាក់លើក្រដាស»។
លីហួរកំពុងត្រូវការជំនួយបន្ថែមសម្រាប់ផ្នែកភាសាអង់គ្លេស ធ្វើកិច្ចការសាលានិងត្រៀមសម្រាប់ការប្រឡងក្នុងថ្នាក់ ហើយការស្វែងរកជំនួយសិក្សាបំប៉នជាការងារផ្ទាល់ខ្លួន។
សម្រាប់លោកស្រី ចាន់ ហប់សុន ការថែរក្សាសុខភាពក៏ជាបញ្ហាសំខាន់មួយដែរ ដែលសមាគមលោកស្រីផ្តោតការអប់រំដល់សហគមន៍ខ្មែរដើម្បីអាចឱ្យពួកគេមានសុខភាពល្អ។ លោកស្រីមើលឃើញថា ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច ក៏ដូចជានៅទូទាំងសហរដ្ឋអាមេរិកដែរ មានបញ្ហា ច្រើនរឿងសុខភាព។
«ដោយសារទីមួយ យើងអត់មានចំណេះចេះដឹងខាងសុខភាព។ ទីពីរយើងអត់ដឹងថា តើយើងត្រូវញ៉ាំម្ហូបចំណីយ៉ាងណាដើម្បីផ្តល់សុខភាពល្អដល់ខ្លួនយើង។ ទីបីយើងអត់ដឹងថា តើមានកម្មវិធី ណាខ្លះដែលអាចជួយយើងខាងសុខភាព ព្រោះយើងអត់ដែលដឹង»។
ការអប់រំមានលក្ខណៈជាចំណេះដឹងមូលដ្ឋាន ដែលមានដូចជាប្រភេទជំងឺផ្សេងៗនិងមូលហេតុរបស់វា ព្រមទាំងវិធីការពារ ក៏ដូចជាការស្វែងរកសេវាព្យាបាល និងការទទួលទានចំណីដែលផ្តល់ផលដល់សុខភាព។
លោកស្រី ព្រំ រ័ត្ន ដែលបានចូលរួមក្នុងវគ្គសិក្សាកន្លងមកបញ្ជាក់ថា៖
«ពីមុនខ្ញុំអត់បានរៀនអ្វី អត់សូវចូលចិត្តញ៉ាំបន្លែទេ ញ៉ាំតែសាច់ច្រើន ហើយបន្លែញ៉ាំតិចៗ ហើយឈឺញឹកញាប់ ឈឺតែក្បាល ហើយកោសខ្យល់សឹងតែមួយអាទិត្យម្តង។ ដល់ពេលគាត់បើកកម្មវិធីទៅ ខ្ញុំបាននាំមិត្តភ័ក្របួនប្រាំ ប្រាំមួយនាក់មកចូលរៀនជាមួយគ្នាដែរ។ ដល់ពេលដែលយើងពិសារតែបន្លែអាហារអត់សូវប្រើសាច់គោ ឬរបស់អ្វីដែលមានជាតិខ្លាញ់ ដូចជាសាច់មាន់ដែលមានជាតិខ្លាញ់ អត់ប្រើទៅ បានដូចជាស្រួលខ្លួន អត់មានការឈឺ វិលមុខវិលអីទេ។ ខ្ញុំ ពីដើម ងើបអត់ចង់រួចទេ។ ពេលងើបវាវិល មកពីយើងញ៉ាំម្អូប អត់មានដឹងរបៀប»។
ផ្លែផ្កានៃការវិនិយោគលើធនធានមនុស្សរបស់សមាគមមាតាបិតាខ្មែរបានចាប់ផ្តើមផ្តល់ជាបណ្តើរៗបើទោះជាមិនទាន់ដល់កម្រិតមួយដែលអ្នកបង្កើតសមាគមនេះចង់បានគឺអនាគតកូនខ្មែរដែលអាចមានការងារធំដុំក្នុងស្ថាប័នសំខាន់ៗរបស់សហរដ្ឋអាមេរិក។
នាពេលបច្ចុប្បន្ននេះ កញ្ញា ម៉ីម៉ី ហួត និងកញ្ញា ស្តេហ្វានី ចាន់ ដែលបានទទួលអាហារូបករណ៍តាមរយៈសមាគមនេះក្នុងឆ្នាំ២០១០និង២០១១ បានស្ម័គ្រចិត្តមកជួយក្នុងការងាររបស់លោកស្រីចាន់ ក្នុងការជួយអប់រំពីសុខភាពនិងបណ្តុះបណ្តាលកុមារជំនាន់ក្រោយ។ អ្នកទាំងពីក៏កំពុងសិក្សាខាងវិជ្ជាពេទ្យ ហើយពួកគេសង្ឃឹមថា អាចនឹងជួយឱ្យប្រសើរឡើងដល់អាជីពរបស់ពួកគេ ក្នុងពេលអនាគត និងបន្តការងារជួយសហគមន៍តទៅទៀត៕