លោក Chen Shui-bian អតីតប្រធានាធិបតីកោះតៃវ៉ាន់ ត្រូវបានអនុញ្ញាតិឲ្យនៅក្រៅឃុំឃាំងដើម្បីព្យាបាលជំងឺមួយចំនួន បន្ទាប់ពីចំណាយពេលជិត៦ឆ្នាំនៅក្នុងពន្ធនាគារ ក្រោយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទពុករលួយ។
ក្រសួងយុត្តិធម៌របស់កោះតៃវ៉ាន់ បានប្រាប់ឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រុមវេជ្ជសាស្រ្តឯករាជ្យនឹងព្យាបាលលោក Chen ចំពោះ ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ជំងឺដែលគេសង្ស័យថាជាជំងឺញ័រដៃញ័រជើង (Parkinson) ហើយនិងជំងឺផ្សេងៗទៀតដែលមិនអាចព្យាបាលក្នុងគុកបាន។ លោកត្រូវតែវិលត្រឡប់ទៅកាន់ពន្ធនាគារវិញក្នុងរយៈពេលមួយខែ ប្រសិនបើការពិនិត្យសុខភាពរបស់លោកត្រូវបានគេរកឃើញអាចនៅក្នុងគុកបាន។
លោកចេនបានឡើងតុលាការភ្លាមៗបន្ទាប់ពីបញ្ចប់អាណត្តិរបស់លោកក្នុងអំឡុងពេលឆ្នាំ២០០០ទៅ២០០៨។ លោកត្រូវបានតុលាការកាត់ឲ្យជាប់ទោសនៅខែកញ្ញា ឆ្នាំ២០០៩ ពីការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងពុករលួយដែលមានទឹកប្រាក់២០លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាអតីតប្រធានាធិបតីលើកដំបូងរបស់កោះតៃវ៉ាន់ដែលបានទទួលទោសពេលកាន់អំណាច។ ភរិយានិងសមាជិក២នាក់ទៀតរបស់គ្រួសារលោក ក៏ត្រូវបានតុលាការកាត់ឲ្យជាប់ទោសដែរ៕