សភា​ជនភៀស​នៅ​អាមេរិក​រៀបចំ​ខួប៦០​ឆ្នាំ​នៃ​សន្ធិសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១

លោក ​តូច សុខុម​ ជា​អតីត​ទាហាន​ម៉ារីន​របប​លោកលន់ នល់។​ ឆ្នាំ​១៩៧៥​ ពេល​ខ្មែរក្រហម​ចួល​កាន់​អំណាច​ លោក​ភៀសខ្លួន​ពី​កំពង់សោម​មក​នៅ​ Portland ​រដ្ឋ ​Oregon ​និង​បាន​សញ្ជាតិ​អាមេរិក​នៅ​ឆ្នាំ​១៩៨២។

«អ្នក​ប្រាជ្ញ ​Einstein ​ធ្លាប់​ជា​ជន​ភៀសខ្លួន។​ ខ្ញុំ​មាន​មោទនភាព​ជា​ជន​ភៀសខ្លួន»។

នេះ​ជា​ប្រសាសន៍​របស់​លោក​ Harry Wu​ អតីត​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ចិន។

ឆ្នាំ​នេះ ស្នងការ​ជាន់​ខ្ពស់​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​បាន​រៀបចំ Refugee Congress លើក​ទី​មួយនៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​ខួប​៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​ជន​ភៀសខ្លួន​អនុម័ត​ក្នុង​ឆ្នាំ​១៩៥១។​ សារ​របស់​សភា​ជនភៀស ​Refugee​ Congress ​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ក្នុង​ពិភព​លោក​ស្វាគមន៍​ជន​ភៀសខ្លួន​ ព្រោះ​ថា​ ពួក​គេ​អាចក្លាយ​ជា​អ្នកជួយ​សង្គម​ដែល​ផ្តល់​ជម្រក​ដល់​ពួក​គេ។

កម្មវិធី​នេះ​អនុញ្ញាតឲ្យគណៈ​ប្រតិភូ​តំណាង​ជន​ភៀសខ្លួន​និង​អតីត​ជន​ភៀសខ្លួន​នៅ​ស.រ.អ.​នាំ​យក​សេចក្តី​ប្រកាស​របស់​គេ​ជូន​សភា​និង​ព្រឹទ្ធសភា​អាមេរិក។

ពេល​អញ្ជើញ​លោក ​Alejandro Mayorkas​ ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ពិភាក្សា​ថ្ងៃ​៣​ ខែ​សីហា​ លោក ​Vincent Cochetel ​អ្នក​តំណាង​ប្រចាំ​តំបន់​រំឭក​ថា៖

«Alejandro Mayorkas​ នាយក​សេវា​ពលរដ្ឋ ​និង​អន្តោប្រវេសន៍​ស.រ.អ.​ក៏​ជា​អតីត​ជន​ភៀសខ្លួន​ដែរ។​ លោក​ប្រធានាធិបតីអូបាម៉ា​តែងតាំង​លោក​កាលពី​ខែ​មេសា​ឆ្នាំ​២០០៩។ ​លោក​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ»។

អតីត​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​កុម្មុយនិស្ត​នេះ​បាន​បញ្ជាក់​ពី​ប្រវត្តិ​របស់​លោក​ដោយរលីង​រលោង​ទឹក​ភ្នែក​ថា៖

«ឪពុក​ម្តាយ​ខ្ញុំ​នាំ​ខ្ញុំ​ពី​និង​បង​ប្អូន​ពី​ប្រទេស​គុយបា​មក​ទី​នេះ​ក្នុង​នាម​ជា​ជន​ភៀសខ្លួន​ក្នុង​ឆ្នាំ​១៩៦០។​ ហើយ​នៅ ​ដាដាប​ (Dadab) ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​កិច្ចការ​មនុស្សធម៌​ដ៏​ចាំបាច់​របស់​ស្នងការ​ជាន់ខ្ពស់​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន»។

សមាជិក​គណៈប្រតិភូ​សភា​ជនភៀសខ្លួន​ (Refugee Congress) ​ដែល​បណ្តាញ​ព័ត៌មាន​ចាប់​អារម្មណ៍​ដែរ​នោះ​គឺ​តារា​បង្ហាញ​ម៉ូដ ​Alek Wek​ ជា​សកម្មជន​គាំទ្រ​ជន​ភៀសខ្លួន​ និង​ជា​អតីត​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ស៊ូដង់។

តារា​បង្ហាញ​ម៉ូដ ​Alek Wek​ ជា​សកម្មជន​គាំទ្រជន​ភៀសខ្លួន​ និង​ជា​អតីត​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ស៊ូដង់។

«កាល​ណោះ​ខ្ញុំ​បែក​ពី​ម្តាយ​ខ្ញុំ​ពីរ​ឆ្នាំ​ ដោយ​មិន​ដឹង​ថា​ ថ្ងៃ​ណា​បាន​ជួប​វិញ​ទេ។ ​យើង​តស៊ូ​យ៉ាង​វេទនា​ពេល​សង្គ្រាម​កាន់តែ​គ្រោះ​ថ្នាក់​ឡើងៗ។ ​មនុស្ស​ស្លាប់​បាត់​ខ្លួន​ គ្មាន​អ្នក​ទទួល​ខុសត្រូវ​ គ្មាន​ច្បាប់ ​គ្មាន​សុវត្ថិភាព​ គឺ​យើង​ឃុំឃាំង​ខ្លួនឯង​ក្នុង​ផ្ទះ​ដើម្បី​រស់»។

Alek ​បន្ថែម​ថា ​ការ​ភ័យខ្លាច​នៅ​តាម​លង​នាង​ ពេល​នាង​មក​ដល់​ទឹកដី​សុវត្ថិភាព​ថ្មីៗ។

«យល់សប្តិ​អាក្រក់ ​ភ្ញាក់ឡើង​បែក​ញើស​ពេញ​ខ្លួន។ ​សំងំ​បន្តិច​ទើប​ទប់​អារម្មណ៍​បាន​ថា ​‘មិនអីទេ​ គ្មាន​អ្នកណា​ធ្វើ​បាប​ទេ។ ​អ្នក​ដឹង​ទេ​ ការ​ភ័យ​ខ្លាច​នេះ​មិន​អាច​បាត់​ភ្លាមៗ​ទេ។ ​មួយ​រយៈ​ក្រោយ​មក ​ទើប​យើង​មាន​អារម្មណ៍​ថា ​ទីនេះ​ជា​ផ្ទះ​របស់យើង»។

Alek ​និយាយ​ថា ​ជន​ភៀសខ្លួន​រួម​ចំណែក​ជួយ​សង្គម។

«គេ​អាច​ជា​វេជ្ជបណ្ឌិត​ គ្រូបង្រៀន​ មេធាវី​ អ្នក​ជំនួញ ​មិនមែន​តែ​អ្នក​បង្ហាញ​ម៉ូដ​ដូច​ខ្ញុំ​ទេ។ ​ជន​ភៀសខ្លួន​ជួយ​អ្វីៗ​គ្រប់យ៉ាង​ ហើយ​មាន​ចំណុច​វិជ្ជមាន​រាប់​មិន​អស់​ទេ»។

អតីត​ជន​ភៀសខ្លួន​ផ្សេង​ទៀត​បាន​ក្លាយ​ជា​សមាជិក​សភា​ និង​ព្រឹទ្ធ​សភា​ ហើយ​ខ្លះ​បាន​បង្កើត​សមាគម​ជួយ​ជន​ភៀសខ្លួន​ជំនាន់​ក្រោយ។​ ក្រៅពី​ជួយ​សង្គម​ដែល​ផ្តល់​ជម្រក​ឲ្យ​ខ្លួន​ ជន​ភៀសខ្លួន​ជាច្រើន​មាន​គំនិត​ចែក​រំលែកសិទ្ធិ​សេរីភាព​ និង​ឱកាស​ដែល​គេ​ទទួល​បាន​នៅ​អាមេរិក​ ឲ្យ​ជនរួម​ជាតិ​របស់​គេ។

នាង​ Basmat​ Ahmed ​ភៀសខ្លួន​ពី​សង្គ្រាម ការ​រើសអើង​ជាតិសាសន៍​និង​សាសនា​នៅ ​Darfur ​ប្រទេស​ស៊ូដង់ ​ក្នុង​ឆ្នាំ​២០០៩។

«ខ្ញុំ​មាន​ភ័ព្វ​សំណាង​បាន​មក​ដល់​អាមេរិក​ មាន​សេរីភាព សេចក្តី​ថ្លៃថ្នូរ​ និង​មាន​ ឱកាស​ច្រើន។​ តែ​វា​មិន​ដូច​ស្រុក​កំណើត​ទេ។​ តាមពិត​ខ្ញុំ​រំពឹង​ថា​នឹង​បាន​ចូល​សញ្ញាតិ​ឆាប់ៗ ​តែ​មិនមែន​គ្រាន់តែ​ដើម្បី​ក្លាយ​ជា​អាមេរិក​ទេ​ គឺ​ខ្ញុំ​ចង់​ជួយ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​កំណើត»។

អតីត​ជន​ភៀសខ្លួន​ខ្មែរ​ក៏​លេច​មុខមាត់​ដោយសារ​បាន​ជួយ​ជន​ភៀសខ្លួន​ជំនាន់​ក្រោយ។​ លោក ​តូច សុខុម​ ជា​អតីត​ទាហាន​ម៉ារីន​របប​លោកលន់ នល់។​ ឆ្នាំ​១៩៧៥​ ពេល​ខ្មែរក្រហម​ចួល​កាន់​អំណាច​ លោក​ភៀសខ្លួន​ពី​កំពង់សោម​មក​នៅ​ Portland ​រដ្ឋ ​Oregon ​និង​បាន​សញ្ជាតិ​អាមេរិក​នៅ​ឆ្នាំ​១៩៨២។

«ខ្ញុំ​ភៀសខ្លួន​ចេញ​ពី​ស្រុក​ខ្មែរ​ ព្រោះ​ខ្មែរក្រហម​ចង់​ចូល​កន្លែង​ដែល​ខ្ញុំ​នៅ។ ​ម្តាយ​ខ្ញុំ​ដើរ​រក​ខ្ញុំ​ពេញ​បន្ទាយ​នៅ​រាម។ ​គាត់​ស្មាន​តែ​ខ្ញុំ​ស្លាប់​ហើយ។​ មក​ដល់​ដំបូង​គ្មាន​អ្នក​ជួយ​ទេ។ ​ជិះ ​bus ​(ឡានក្រុង)​ វង្វេង​នៅ ​Portland ​រាប់​ដង​មិន​អស់។​ ឥឡូវ​កន្លែង​ខ្ញុំ​ធ្វើការ​ហ្នឹង​មាន ​bus training (បង្រៀន​របៀប​ជិះឡាន​ក្រុង)​ សម្រាប់​ជន​ភៀសខ្លួន​ថ្មីៗ​ ឲ្យ​ដឹង​របៀប​ជិះ​ bus​ (ឡានក្រុង)​ កុំឲ្យ​វង្វេង​ដូច​ខ្ញុំ​ទៀត»។

នៅ​ថ្ងៃ​ទី៤​សីហា​នេះ​ គណៈ​ប្រតិភូ​តំណាង​ជន​ភៀសខ្លួន​ និង​អតីត​ជន​ភៀសខ្លួន​បាន​នាំ​យក​សំណើ​របស់​គេ​ជូន​សភា​ស.រ.អ.។​ ចំណុច​សំខាន់ៗ​រួម​មាន​សំណូមពរ​ឲ្យ​ស.រ.អ.បន្ត​ទទួល​ជន​ភៀសខ្លួន​ និង​ការពារ​ សិទ្ធិ​ជន​ភៀសខ្លួន​ទូទាំង​សាកលលោក។

ក្រោយពី​គណៈ​ប្រតិភូ​ចូល​ជួប​សមាជិក​សភា​ និងព្រឹទ្ធ​សភា​ស.រ.អ.​ លោក​ Vincent Cochetel​ មន្ត្រី​ស្នងការ​អ.ស.ប.សម្រាប់​ជន​ភៀសខ្លួន​បាន​ឲ្យ​ដឹង​ថា៖

«ថ្ងៃនេះ​គណៈ​ប្រតិភូ​សភា​ជន​ភៀសខ្លួន​កំពុង​ជួប​ជាមួយ​សមាជិក​សភា​ និង​ព្រឹទ្ធ​សភា​ស.រ.អ.​ចំនួន​១០៣​នាក់។ ​ជន​ភៀសខ្លួន​កោត​សរសើរ​កិច្ច​ប្រឹងប្រែង​របស់​សហគមន៍​ដែល​ផ្តល់​ជម្រក​ឲ្យ​ពួក​គេ​ តែ​គេ​ចង់​ចូលរួម​ផ្តល់​យោបល់​ក្នុង​ការ​រៀបចំ​គម្រោង​សម្រាប់​ជនភៀស​ខ្លួន»។

លោក​តូច សុខុម​បាន​ឲ្យ​ដឹង​ថា៖

«គេ​បាន​ប្តេជ្ញា​ថា​ នឹង​នៅតែ​គាំទ្រ​ជន​ភៀសខ្លួន​ដដែល​ និង​បោះឆ្នោត​ផ្តល់​ថវិកា​សម្រាប់​ជនភៀស​ខ្លួន​នៅ​ស្រុក​អាមេរិក​នេះ»។

នៅ​ថ្ងៃ​ទីមួយ ​មុន​សភា​ជនភៀស​ខ្លួន​ជួប​សមាជិក​សភា​ លោក ​Alejandro Mayorkas ​នាយក​សេវា​ពលរដ្ឋ ​និង​អន្តោប្រវេសន៍​ស.រ.អ.​ បាន​សម្តែង​ក្តី​បារម្ភ​ថា៖

«ដូច​អស់លោក​បាន​ដឹង​តាម​ព័ត៌មាន​ហើយ​ថា​ យើង​មាន​បញ្ហា​ថវិកា​ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា ​យើង​នឹង​បាន​ថវិកា​ច្រើន​ឡើង​ទេ ​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ ​ដែល​អាច​ប៉ះពាល់​សេចក្តី​ត្រូវការ​របស់​ជន​ភៀសខ្លួន»។

នៅ​ចុង​បញ្ចប់​កម្ម​វិធី​ គណៈ​ប្រតិភូ​សភា​ជនភៀស​ខ្លួន​ទាំងអស់សុទ្ធតែ​ទទួល​បាន​លិខិត​សរសើរ៕