អតីត​មេបញ្ជាការ​ខ្មែរក្រហម​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ហើយ​ប្តេជ្ញា​ការពារ​សន្តិភាព​និង​បូរណភាព​ទឹកដី​​​​​​​​​​​​​

រូបឯកសារ៖ ទាហាន​ខ្មែរ​ក្រហម​​ចូល​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ក្រោយ​រដ្ឋធានី​​នៃ​សាធារណរដ្ឋ​ខ្មែរ​​នៅ​ពេល​នោះ​ បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​​​​ក្រុម​ខ្មែរ​ក្រហម។

អតីត​មេបញ្ជាការមួយ​រូប​របស់​កងទ័ព​ខ្មែរ​ក្រហមលោក ​អ៊ី ឈាន​ មិនទាន់បំភ្លេច​ចោល​នៅ​ឡើយ​នូវការ​សម្រេច​ចិត្ត​របស់​លោក​ដែល​អប់រំ​ណែនាំ​និងដឹកនាំ​ទាំង​កង​ទាហាន និង​ប្រជាជន​ប្រមាណ​ជាង​៦ម៉ឺន​ទៅ​៨ម៉ឺន​នាក់​ក្រោម​ការ​សហការ​ពី​អង្គភាព​ទ័ព​ជាច្រើន​ក្នុង​នោះ​ក៏មាន​អង្គភាព​របស់​លោក​នៅ​ខេត្ត​ប៉ៃលិន​មក​ធ្វើសមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជាក្នុង​អំឡុង​ ខែ​សីហា​ឆ្នាំ​១៩៩៦។

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​កាលពីថ្ងៃទី​១១ ខែសីហា​ ឆ្នាំ​២០២១​នាយឧត្តមសេនីយ៍ ​អ៊ី ឈាន ដែល​ជា​អតីត​អភិបាល​ខេត្តប៉ៃលិន​មាន​ប្រសាសន៍​ថា កងពលទ័ពផ្សេង​ទៀត ដែល​ចូលរួម​ជាមួយ​លោកក្នុង​នោះគឺមាន​កងពល៤៥០​របស់​លោក​សុខ ភាពនៅ​ម៉ាឡៃ។

លោក ​អ៊ី ឈាន​ ថ្លែងថា៖ «បើ​សរុបទៅ​ទាំង​ពីរ​ទាំងបី​ហ្នឹង​ទាំង​ជួរមុខ​ ជួរក្រោយ​កម្លាំង​ជាង​...៦ម៉ឺន​នាក់​ព្រោះ​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ផង​អីចឹង​កម្លាំង​នេះ​សំខាន់​ណាស់​ហើយ​ទាំង​អស់​នេះ​ និយាយ​មែន​ទែន​គឺ​កម្លាំង​នេះ​គឺ​គ្មាន​អ្នកណា​ចង់​បន្ត​សង្គ្រាម​ទេ​អីចឹង​ បាន​ការ​ណែនាំ​អប់រំ​ដឹកនាំ​របស់​ខ្ញុំ​ ហើយ​ទាំង​៤១៥​៤១៦​នៅ​ប៉ៃ​លិន​ ទាំងម៉ាឡៃ​៤៥០​ និង​៥១៩​ នៅ​ខាង​ស៊ីសុផុន​ភ្នំគេហៅ​ថា​ ភ្នំឆ័ត្រ​ទាំង​ហ្នឹង​បាន​រួម​ចំណែកជាលើក​ដំបូង​មុន​គេ​នៅ​ឆ្នាំ​១៩៩៦។ អីចឹង​កម្លាំង​ច្រើន​ដែរ​ដែល​គេហៅ​ថា​ ប្តេជ្ញា​ផ្តាច់​ខ្លួន​ចេញ​ពីប៉ុល ពត​ខ្មែរក្រហម​ហើយ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល»។

២៥ឆ្នាំ​កន្លង​មក​នេះលោក​នៅ​ចងចាំ​ថា​ការ​ចាកចេញ​របស់​លោក​ពី ​ប៉ុល ពត​ ​មិនមែនធ្វើឡើង​តាម​តែ​នឹក​ឃើញ​ទេ​ហើយ​ពេលនោះ​មេទ័ព​សំខាន់ៗ​របស់​យោធា​ខ្មែរក្រហម​ពីរនាក់​គឺ​សុន​សេន និង​តាម៉ុក​មិន​គាំទ្រ​នឹង​សេចក្តី​សម្រេច​ចិត្តរបស់​លោក​ទេ។ លោក​រម្លឹក​ឡើងវិញ​នូវ​ការ​ប្រជុំ​គណៈ​បញ្ជាការមួយ​នាឆ្នាំ​១៩៩៤​គឺបីឆ្នាំ​ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មិន​អាច​ពន្លត់​ភ្លើង​សង្គ្រាម​ទាំង​ស្រុង​បាន​ភ្លាម​ៗ។

រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​មិន​មាន​កាល​បរិច្ឆេទនេះ ដែល​ផ្តល់​ឱ្យ​ដោយមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត (កណ្តាល) ស្វាគមន៍​កម្មាភិបាល​ខ្មែរក្រហម​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ។

លោក​ថ្លែង​ថា៖ «នៅ​សំពៅលូន​ពេលហ្នឹង​ សម្រេចចិត្តពេល​ហ្នឹង​ ខ្ញុំបាន​លើក​ក្នុង​អង្គ​ប្រជុំ​ថា​ការ​ដោះស្រាយ​បញ្ចប់​សង្គ្រាម​មាន​តែ​ដោះដោយ​សន្តិ​វិធី​ទេ ហើយ​ក៏​ត្រូវ​ចេះ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ផង។​ខ្ញុំ​លើក​ពេល​ហ្នឹង​គឺ​ធ្វើ​ឲ្យ​ប្រតិកម្ម​របស់​សុន​សេន​ ចោទប្រកាន់​ថា​ខ្ញុំនេះ​មានគំនិត​ក្បត់​ហើយ​តាម៉ុក​បាន​ងើប​ឡើង​ក៏​ឯកភាព​ជាមួយ​សុន សេន​ដែរ​ហើយ​ពេលនោះ​ ខ្ញុំក៏ងើប​តថា​មិនមែន​ជា​គំនិត​ក្បត់​ទេ​នេះ​ជាគំនិត​ ដើម្បី​ដោះស្រាយ​បញ្ចប់​សង្គ្រាម​ខ្ញុំ​ថា​បើ​ទៅ​តាម​ផ្លូវ​ចាស់​មិន​អាច​បញ្ចប់​បាន​ទេ។ អីចឹង​ ទាល់តែ​ដោះស្រាយ​ដោយ​សន្តិវិធី​ហើយ​ក៏ត្រូវ​ចេះ​សម្បទាន​គ្នា​ទៅវិញទៅមក​ផង អាហ្នឹង​គឺពេលហ្នឹង​ចឹងគំនិត​តាំងពីពេល​ហ្នុង​មកមិនមែន​ទើប​ថ្ងៃហ្នុង​ទេបាទ»។

ជាថ្នូរនឹង​សន្តិភាព​ពេលនោះ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ពីការមិន​យក​ទោសពៃរ៍​ផ្តល់តួនាទី​ផ្តល់ការ​គ្រប់​គ្រង​រដ្ឋបាល​ដែនដី​ជូនដល់​ក្រុមអតីត:​ខ្មែរក្រហម​ផ្តាច់ខ្លួន​បន្ថែមលើ​សិទ្ធិសេរីភាព​និងសិទ្ធិ​ទទួលបាន​ដីធ្លី ផ្ទះ​សម្បែង​ជាដើម ក្រោយពីការ​ធ្វើ​សមាហរណកម្មភ្លាម​ដែលគេ​ដឹងថា​នេះជាផ្នែក​មួយនៃ​សម្បទាន​និង​ការចរចា​ពេលនោះ​ដើម្បីបញ្ចប់​សង្គ្រាម​ស៊ីវិលរាំរ៉ៃ​ក្នុងប្រទេស​ដែល​រដ្ឋាភិបាល​ធ្លាប់​លើកឡើងថា​សូម្បីតែ​អ.ស.ប.មិន​អាច​បញ្ចប់​បាន​នោះ។

ក្រុម​កងទ័ព​ខ្មែរក្រហម​ដែល​ធ្លាប់​ទទួល​ជំនួយ​ពី​ចិន​បាន​វាយ​ប្រយុទ្ធ​គ្នា​ជា​មួយ​កងទ័ព​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​វៀតណាម​ជា​ច្រើន​ទសវត្សរ៍​បន្ទាប់​ពី​របប​ខ្មែរក្រហម​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប៉ុល ពតត្រូវ​ផ្តួល​រំលំ​ដោយ​ការ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម​នៅ​ដើម​ឆ្នាំ​១៩៧៩។​

រូប​ឯកសារ៖ លលាដ៍​ក្បាល​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាលពិឃាត​ជើងឯក ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)

តែ​ក្រោយ​មក​កងទ័ព​ខ្មែរក្រហម​និង​ក្រុម​គ្រួសារ​ជាច្រើន​ម៉ឺននាក់​ដឹក​នាំ​ដោយ​លោក​ អៀង សារី​ អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​និង​មេ​បញ្ជាការ​ពីរ​នាក់​គឺ​លោក​ អ៊ី ឈាន​ នៅ​ប៉ៃលិន​ និង​លោក​សុខ ភាព​នៅ​ម៉ាឡៃ​បាន​ចូលរួម​ជា​មួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ តាម​គោល​នយោបាយ​ផ្សះ​ផ្សា និង​បង្រួប​បង្រួម​ជាតិ។​

លោក ​អ៊ី ឈាន​ មាន​ប្រសាសន៍​ថា​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ចុងក្រោយ​ដើម្បី​ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន​សែន ​នាខែ​សីហា​ ឆ្នាំ១៩៩៦​នោះ គឺ​ជា «ការ​សម្រចចិត្ត​ដ៏ត្រឹមត្រូវ» ដែល​បាន​បើក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​សុខ​សន្តិភាព​មក​ដល់​សព្វថ្ងៃ​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំយល់​ថា ការ​ផ្តាច់​ខ្លួន​នេះ​គឺ​ជា​សេចក្តី​សម្រេច​ដ៏ត្រឹមត្រូវ​បំផុត​បើសិន​ថា​ គ្មាន​ការ​ផ្តាច់​ខ្លួន​គ្មានការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ធ្វើ​ការ​អនុវត្ត​ន៍គោលនយោបាយ​ឈ្នះ ឈ្នះរបស់​សម្តេច​តេជោ​ទេ​ថ្ងៃនេះ​ក៏​អត់​មាន​សេចក្តី​សុខឬក៏​អត់​មាន​ថា​ សន្តិភាព​ក៏បាន​ដែរ​អីចឹង​ការ​សម្រេចនេះ​គឺ​ជា​ការ​ត្រឹមត្រូវ​ណាស់​អត់​មាន​អី​ខុស​ទេ»។

អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​រូបនេះ​បាន​កោត​សរសើរមិន​ដាច់​ពី​មាត់​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជាគិត​ចាប់​តាំងពី​ការផ្តាច់​ខ្លួន​ចេញពីក្រុមខ្មែរ​ក្រហម​ប៉ុល ពត។

«ក្រោយ​ពីសន្តិភាព​១០០ភាគរយ​ក្រោម​នយោបាយ​ឈ្នះ​ ឈ្នះ​ខ្ញុំ​ ខ្លួន​ខ្ញុំផ្ទាល់​ក៏ខ្ញុំ​ធ្លាប់​ស្គាល់​ភ្នំពេញ​ពី​ដើម​ដែរ​ហើយ​ក៏​ធា្លប់​ស្គាល់​ការ​ហៅ​ថា ជនបទ​ តាំង​ពីមុន​មក​ដែរ​អីចឹង​ ខ្ញុំយល់​ថា ការ​វិវត្ត មាន​ការ​រីកចម្រើន​ខ្លាំង​ណាស់​បើប្រៀប​ធៀប​ជាប្រវត្តិនៅ​ក្នុង​កម្ពុជា​ទាំងមូល»។

ទិដ្ឋភាពទីក្រុងភ្នំពេញ ពោរពេញដោយសំណង់អគារខ្ពស់ស្កឹមស្កៃនាពេលរាត្រី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

ស្រប​ពេល​ដំណើរ​ការអភិវឌ្ឍ​ន៍ប្រទេសកំពុងបន្ត បន្ទាប់​ពីការ​បញ្ចប់​សង្គ្រាមក្នុង​ស្រុក​ទាំង​ស្រុង​ក្នុង​ឆ្នាំ​១៩៩៩​ក្រោម​នយោបាយ​ឈ្នះ-ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នោះ​ប្រទេស​កម្ពុជា​ក៏ត្រូវ​ក្រុម​អ្នកសង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ​មួយចំនួន​មើល​ឃើញ​ពី​ដំណើរ​ធាក់​ថយក្រោយ​នៃប្រព័ន្ធ​ប្រជាធិបេតយ្យ​ដែល​ប្រទេស​នេះ​បាន​សន្យា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។

ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំមួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧​ផ្តើម​ឲ្យ​បញ្ញវន្ត​ខ្លះ​បារម្ភ​ចំពោះ​ការផ្សះផ្សា​ជាតិ​ដែល​ជាដំណើរ​ដ៏រដាក់​រដុប​មួយ​នៅ​កម្ពុជា។

អ្នកសង្កេត​ការណ៍បា​នបង្ហាញ​ពីនិយមន័យ​សន្តិភាព​និងអនាគត​កម្ពុជា​ផ្សេងគ្នា។

នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ ឆាំង​ យុ​ ផ្តល់​ការ​អធិប្បាយ​តាម​សារអ៊ីមែល​មួយ​កាលពី​ថ្ងៃ​ពុធថា​វា​ជា​ដំណើរ​ដ៏លំបាក​មួយ​ដែល​កម្ពុជាត្រូវ​ឆ្ពោះទៅរក​វិធីសាស្ត្រ​បែបណា​ដើម្បី​ឲ្យ​សន្តិភាព​បាន​រួមចំណែក​ដល់​ការកសាងអនាគត​ដ៏ប្រសើរ​ជាមួយ​អភិបាលកិច្ច​ល្អ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​គ្នា​រួម​ទាំង​ពលរដ្ឋដែលមិន​ត្រូវបាន​គេ​គិតគូរ។

លោកថ្លែង​តាមន័យ​ដើមថា៖ «ទាំងអស់គ្នា​ចង់​ឈាន​ទៅ​រក​គោលដៅ​មួយ​ដែល​ត្រឹមត្រូវ​។ ហេតុដូច្នោះ​ហើយ យើង​ត្រូវ​ទទួល​យក​និង​គោរព​រាល់​ភាពខុស​ប្លែកគ្នា។ ការណ៍នេះ​ដោយ​សារ​តែ​យើងទាំង​អស់​ជឿ​ទៅ​លើ​អនាគត​របស់​កម្ពុជា»។

សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ Occidental ទីក្រុង​ Los Angeles នៅ​សហ​រដ្ឋ​អាមេរិក​បណ្ឌិត​អ៊ា សុផល​ ថ្លែង​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គួរ​ឲ្យបារម្ភ​ដោយ​សារ​កម្ពុជា​កំពុង​សម្លឹង​ទៅរក​ចិន​ដើម្បី​ពង្រឹងខ្លួនឯង។

លោក​លើក​ឡើង​តាម​សារអ៊ីមែល​មួយ​ថា៖ «បាទ​មាន​ការ​បារម្ភ​ជាច្រើន។ ស្ថានភាព​កម្ពុជា​បច្ចុប្បន្ននេះ​គ្មានការ​អត់ឱន​ទេ។ កម្ពុជា​កំពុង​ឆ្លុះកញ្ចក់​របស់​ចិន​។ គណបក្ស​ប្រជាជន​កម្ពុជា​CPPជា​គណបក្ស​កុម្មុយនិស្តចិន​ CCP។ ពិភព​លោក​មិន​ត្រូវ​ការ​ប្រទេស​ចិន​ខ្នាតតូច​ទេ។ គេ​ត្រូវការ​ប្រទេស​កម្ពុជា​តែ​មួយ»។

លោក​ អ៊ា សុផល​ ដែល​បាន​រស់​រានមាន​ជីវិត​ពីរបប​ខ្មែរ​ក្រហម​និយាយថា​ សន្តិភាព​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ​នេះ​ជា​សន្តិភាពដែល​មិនមែន​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​គ្នា។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក​បន្ថែមថា៖ «អ្វីដែល​យើង​មាន​នៅ​ក្នុង​កម្ពុជាគឺ​សន្តិភាព​ដែល​អាក្រក់​។ ឫសគល់​នៃ​ជម្លោះ​មិន​ដែលត្រូវ​បាន​ដោះស្រាយ​ឲ្យ​ឃើញ​ខុសត្រូវ។ អំពើ​ពុក​រលួយ​គឺ​អាក្រក់​ជាងពេល​ណា​ទាំង​អស់​។ វិសមភាព​ ក៏​អាក្រក់​ជាងពេល​ណា​ទាំង​អស់​ផងដែរ​។ ជា​អកុសល​ ទាំង​អស់​នេះមិន​បាន​នាំ​មក​នូវវិបុលភាព​ទាំង​ស្រុង​ទេ​»។

ដោយ​ឡែក​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​នៅប្រទស​កម្ពុជា​មួយ​ចំនួនមើល​ឃើញ​ពី​ស្ថានភាព​ប្រសើរ​ឡើងរបស់​កម្ពុជា​ក្រោយការ​ចូលរួម​របស់​កងទ័ព​ខ្មែរក្រហម​ដែល​រួតរឹត​ដោយ​ជម្លោះ​ផ្ទៃក្នុង​និង​ការ​កាប់​សម្លាប់​គ្នា​ឯង​ក្រោយ​បាត់​បង់​អំណាច​នៅ​ឆ្នាំ​១៩៧៩។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កម្ពុជា​លោក​ សំបូរ ម៉ាណារ៉ា​ ប្រាប់​វីអូអេថា​ការទម្លាក់​អាវុធរបស់​កងកម្លាំង​ទ័ពខ្មែរ​ក្រហម​មក​ចូលរួម​ជាមួយរដ្ឋាភិបាល​កម្ពុជា​ជាការ​រួម​ចំណែក​សំខាន់​មួយ​នៃដំណើរការ​កសាង​សន្តិភាព​និង​ស្រប​តាម​ការ​វិវត្តន៍ចុងក្រោយ​នៃ​នយោបាយ​សាកល​លោក។

លោក​ សំបូរ ម៉ាណារ៉ា​ មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ឲ្យ​តម្លៃ​ទៅ​លើ​ក្រុម​ភាគី​ខ្មែរ​ក្រហម​នៅ​ត្រង់​ចំណុចហ្នឹង​ត្រង់​ថា​គាត់​ព្រមព្រៀង​នឹង​ប្តូរ​ឥរិយាបថ​នយោបាយ​ដើម្បី​បំពេញ​កិច្ច​ដំណើរ​ការ​ដើម្បីសន្តិភាព​ឬក៏​អាច​និយាយ​បាន​ថា​គឺ​ជា​ការ​ប្តូរឥរិយាបថ​នយោ​បាយ​ដើម្បី​បំពេញ​ដំណើរ​វិវត្តន៍​លើ​សាកល​លោក​ផងដែរ​។ អីចឹង​ ចំណុច​សំខាន់​គឺ​បើអត់​មាន​ខ្មែរ​ក្រហម​ចូល​រួម​យើង​ពិបាក​នឹង​ទទួលបាននូវ​សន្តិភាព​នេះណាស់។ បើយើង​និយាយ​ឲ្យ​ពិតប្រាកដ​មែន​ទែន​ទៅ​អ្វីទាំង​អស់​ ដែលយើង​កើត​ឡើង​ក្រោយ​ពី ទសវត្សរ៍​៦០​ និង​សតវត្សរ៍​ទី​២០​គឺ​ទាក់​ទិន​តែ​ពី​រឿង​ខ្មែរ​ក្រហម​ហើយ​និង​ប្រជាធិបេតយ្យ​ហ្នឹង​ឯង​បាទ»។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កម្ពុជា​រូប​នេះ​បន្ថែម​ថា​ អ្នក​ដឹកនាំនយោបាយ​ខ្មែរ​គ្រប់រូបមាន​តួនាទី​សំខាន់ក្នុង​ដំណើរ​ការថែរក្សា​សន្តិភាពដែល​រក​បាន​ដោយ​ពិបាក​របស់​កម្ពុជា ដោយ​ត្រូវបំពេញ​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្លួន​ដែលជាកម្លាំង​គាំទ្រ​ដល់ការ​រស់រាន​មាន​ជីវិត​របស់​ប្រទេស។

«ទុក​ប្រជាជន​ជា​ធំ​ឲ្យ​តម្លៃ​ដូច​ទង់​ជាតិ​ទង់​ជាតិ​ហ្នឹង​មាន​ប្រាសាទ​អង្គរវត្ត​ហើយ​បើ​យើង​គោរព​ប្រាសាទ​អង្គរ​វត្ត​ព្រោះ​ប្រាសាទ​ ដែល​កសាង​ដោយ​ប្រជាជន​និង​ឆន្ទៈ​របស់​ប្រជាជន។ អីចឹង​សមត្ថភាព​និង​ឆន្ទៈ​របស់​ប្រជាជន​ត្រូវបាន​តម្កល់​លើ​ទង់​ជាតិ​ដើម្បី​គោរព»។

រូបឯកសារ៖ បុរស​ម្នាក់​កាន់​ទង់ជាតិ​ខ្មែរ​នៅ​មុខ​នាវា​កម្សាន្ត​អាមេរិក MS Westerdam ដែលកំពុង​សំចត​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។

អ្នកសង្កេត​ការណ៍​នយោបាយ​កម្ពុជា​មួយចំនួន​និយាយថាកម្ពុជា​ទោះបី​ស្ថិត​ក្នុងដំណាក់កាល​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ទៅ​ហើយ​ក្តី​តែប្រទេស​នេះ​នៅ​បន្ត​មាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ដែល​បង្កជាការ​ព្រួយបារម្ភ​ដល់​ប្រទេស​នៅ​បស្ចិម​លោក​និង​ប្រទេស​ដែលប្រកាន់​យក​គោលការណ៍​ប្រជាធិតេយ្យ។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ​មាន​ប្រសាសន៍ថា​កម្ពុជា​គ្មាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ទេ​ពោល​គឺ​កម្ពុជា​កំពុង​ស្ថិតក្រោម​ដំបូល​សន្តិភាព​បន្ទាប់​ពីការ​ផ្តាច់ខ្លួន​របស់​ក្រុមយោធា​ខ្មែរក្រហម​កាលពី២៥​ឆ្នាំមុន។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូបនេះ​ក៏​ច្រាន​ចោល​នូវ​ការរិះគន់​ដែល​ថា កម្ពុជា​កំពុង​យក​លំនាំ​តាម​ប្រទេសចិនដែលធ្លាប់​ទំនុកបម្រុង​កងទ័ពខ្មែរ​ក្រហម​មក​ដឹកនាំ​ប្រជាពលរដ្ឋ​របស់​ខ្លួន។

លោក​ សុខ ឥសាន ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់គណបក្ស​ប្រជាជន​កម្ពុជា​ផងនោះ​មាន​ប្រសាសន៍ថា៖​«អាមេរិក​ក៏ជា​មិត្ត​របស់​យើងកាណាដា​ ក៏​ជាមិត្ត​របស់​យើងនិយាយរួម​ជាទូទៅ​ប្រទេស​កុម្មុយនីស្ត​ក្តី​ប្រទេស​សេរី​ក្តី​សុទ្ធតែ​ជាមិត្ត​របស់​កម្ពុជា​ដោយឈរ​លើ​មូលដ្ឋាន​នយោបាយ​ការបរទេស​របស់​កម្ពុជា​គឺ​អព្យាក្រឹត​ អចិន្ត្រៃយ៍​មិន​ចូលបក្សសម្ព័ន្ធ​ហើយ​គិត​គូបណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​និន្នាការ​មនោគម​វិជ្ជា​ពណ៌សម្បុរជាតិ​សាសន៍​ជំនឿ​សាសនា​សុទ្ធ​តែ​ជាមិត្ត​របស់​កម្ពុជា​ទាំង​អស់»។

ក្រុមខោអាវ​ខ្មៅ​ខ្មែរ​ក្រហម​ដែល​បានគ្រប់​គ្រង​ប្រទេស​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​ដោយ​មាន​ប៉ុល ពត​ ជាបង​ធំ​ទី​១​និង​លោក​ខៀវ សំផន​ ជា​ប្រមុខ​រដ្ឋ ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​ប្រជាជន​ប្រមាណ​១លាន​៧សែន​នាក់​ដោយសារ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង ការ​បង្អត់​អាហារ​និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។

ក្នុងពេល​កាន់​អំណាច​កងទ័ព​ខ្មែរក្រហម​ក៏ធ្លាប់​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម ពាក់​ព័ន្ធ​នឹង​ការ​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរផងដែរ។​

ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​តាម​ទូរសព្ទ​កាលពីថ្ងៃពុធ​លោក​ អ៊ី ឈាន​ មានប្រសាសន៍ថា ​ស្មារតី​ស្នេហាជាតិ​សម្រាប់​លោក​នៅមាន​ជានិច្ច​និង​ត្រៀម​ទប់​ទល់​ការបំពាន​នានា។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ទោះបី​យ៉ាង​ម៉េច​ក៏​ដោយ​គឺកិច្ចការ​ងារ​យើង​ត្រូវ​ធ្វើការ​ងារ​ច្រើន​ទៀតដើម្បី​អី​ដើម្បី​គេហៅ​ថា​ ការ​ឯក​ភាព​គ្នា​ហើយ​ជាពិសេស​រវាង​ភាគី​មួយ​ទៅភាគី​មួយ​ រក​ចំណុច​អី​ដែល​ជា​គន្លឹះ​ដែល​សំខាន់​គឺអធិបតេយ្យ​ភាព​រាង​ៗខ្លួន»។

​បន្ទាប់ពី​មានការ​ផ្តាច់​ខ្លួនរបស់​កងទ័ព​ខ្មែរ​ក្រហម​របស់​លោក ​អ៊ី ឈាន​ និង​កម្លាំង​ខ្មែរក្រហម​ផ្សេងៗ​ទៀតដែលឈាន​ទៅ​កសាង​សន្តិភាព​ពេញ​លេញក្នុង​ឆ្នាំ​១៩៩៩​តុលាការ​អន្តរជាតិកូនកាត់​មួយ​ក៏ត្រូវបាន​បង្កើត​ឡើង​ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហមជាន់​ខ្ពស់​និង​ដែលមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត។​

ប្រជាពលរដ្ឋ​ដែលរស់រាន​មានជីវិត​ពីរបប​ខ្មែរក្រហម​នៅទន្ទឹង​រង់​ចាំយុត្តិធម៌​ចំពោះ​អំពើ​អមនុស្ស​ជាតិ​ដែល​ត្រូវ​គេ​រក​ឃើញ​ក្រោយការ​បញ្ចប់​ទៅ​នៃ​របប​កុម្មុយនីស្តិ​ជ្រុល​និយម​ហួសហេតុ​មួយនេះ។ រហូត​មកដល់​ពេល​នេះ នៅមាន​តែ​លោក ​ខៀវ សំផន​ តែម្នាក់​គត់​កំពុង​តតាំងក្តី​នៅ​សាលាក្តីខ្មែរ​ក្រហម​ដែលបាន​ដំណើរ​ការ​តាំងពី​ឆ្នាំ​២០០៦​មក។

រូប​ឯកសារ៖ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន (ស្តាំ)​ និង​ លោក នួន ជា ស្តាប់​សាលក្រម​នៅ​សាលាក្តី​ខ្មែរក្រហម កាល​ពី​ឆ្នាំ​២០១៦។

លោក​ ខៀវ សំផន ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​បំផុត ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម កាល​ពី​ឆ្នាំ​២០១៨​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ល្មើស​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។

អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ គ្រោង​នឹង​ត្រូវ​នាំ​ខ្លួន​មក​ចំពោះ​មុខ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហមក្នុង​សវនាការ​បណ្តឹង​សា​ទុក្ខ​របស់​ខ្លួន​ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៦​ដល់​១៩​ខែ​សីហា​នេះ។

​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ឆាំង យុ ​ថ្លែង​ដោយ​សំដៅ​លើ​ការស្វែងរក​យុត្តិធម៌​ថា៖ «សវនាការ​ចុង​ក្រោយ​នឹងបញ្ជាក់​ប្រាប់។ តែវាជា​រឿង​សំខាន់​ផងដែរ​ក្នុងការ​យល់ដឹង​ថា​ការគិតគូរ​ពីយុត្តិធម៌​ពីការ​ចងចាំ​និង ពី​ការ​ផ្សះផ្សា មិនមែន​ចាប់ផ្តើម​និងបញ្ចប់​ដោយតុលាការ​តែឯកឯង​នោះទេ។ យុត្តិធម៌​គឺជាអ្វី​ដែលរក​បាននៅ​ពេល​អ្នក​ជំនាន់ក្រោយ​រៀន​សូត្រ​ពីប្រវត្តិសាស្ត្រ​ហើយ​ឆ្លុះ​បញ្ចាំង​រឿង​នេះសម្រាប់​ជីវិត​ប្រចាំថ្ងៃ​ពួកគេ។ យើង​គួរសម្លឹង​មើលនោះ​គឺមិនមែន​គ្រាន់តែ​កេរដំណែល​របស់តុលាការ​តែមួយទេ​តែគួរសម្លឹង​មើលកេរដំណែល​របស់​ពលរដ្ឋ​កម្ពុជា​តើពួកគាត់​បាន​ទទួលអ្វីខ្លះ ពីសម័យ​ខ្មែរក្រហម​ដ៏រន្ធត់​នេះ»។

សម្រាប់​លោក អ៊ី ឈាន ​ដំណើរការ​កាត់​ក្តីនៅសាលាក្តី​ខ្មែរ​ក្រហម​នឹង​មិន​ប៉ះពាល់​រូបលោក​ទេ ខណៈ​លោក​គ្រាន់​តែ​ជាមេបញ្ជាការ​យោធា​តំបន់​មួយរូប​ប៉ុណ្ណោះ៕