សម្តេចឪនរោត្តម សីហនុ សម្តេចម៉ែនរោត្តម មុនីនាថសីហនុ និងព្រះមហាក្សត្រ គឺព្រះករុណាសម្តេចព្រះនរោត្តម សីហមុនី នៅថ្ងៃសុក្រនេះ បានយាងនិវត្តមកកាន់មាតុប្រទេសវិញ តាមជើងយន្តហោះអាកាសចរណ៍អង្គរអ៊ែរ បន្ទាប់ពីបានបំពេញទស្សនកិច្ចចំនួន ៤ ថ្ងៃ នៅប្រទេសវៀតណាម។
សម្តេចឪបានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ២២ កន្លងទៅនេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចជាលក្ខណៈឯកជននៅប្រទេសវៀតណាម តាមការអញ្ចើញរបស់លោកប្រធានាធិបតី Nguyen Minhtriet ។
ទទួលបដិសណ្ឋារកិច្ច នៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិ រួមមាន លោកជា ស៊ឹម ប្រធានព្រឹទ្ឋសភា លោកហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មន្រ្តីជាន់ខ្ពស់ មកពីគណបក្សហ៊្វុនស៊ិនប៉ិច និងមន្រ្តីសំខាន់ៗរបស់រដ្ឋាភិបាលមួយចំនួនទៀត។
លោកអ៊ំ តារាវុធ សមាជិកខុទ្ទកាល័យព្រះមហាក្សត្រ បានបដិសេធផ្តល់សេចក្តីអធិប្បាយ ដល់អ្នកកាសែតនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិ ហើយលោកបានបង្វែរសំណួរទៅលោកវ៉ាន់ វ៉ាង។ លោកវ៉ាន់ វ៉ាង ប្រធានពិធីការព្រះបរមរាជវាំងក៏បានបដិសេធពុំផ្តល់សេចក្តីអធិប្បាយ ចំពោះដំណើរយាងនិវត្តរបស់សម្តេចឪមកកាន់មាតុប្រទេសវិញដែរ។
ក៏ប៉ុន្តែ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់សម្តេចឪនរោត្តម សីហនុ បានមានបន្ទូលថា សម្តេចឪនរោត្តម សីហនុ បានជួបមេដឹកនាំសំខាន់ៗ នៅក្នុងប្រទេសវៀតណាម ដើម្បីជជែកអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកថ្លែងដូច្នេះថា៖
«បានជួបថ្នាក់ដឹកនាំកំពូល សភាសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងព្រះរាជខុទ្ទកាល័យកំពុងតែរៀបចំផ្សាយតាមគេហទំព័រ »។
ដំណើរទស្សនកិច្ចរបស់សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រ ត្រូវបានធើ្វឡើងចំពេល ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមកំពុងដំណើរការបោះបង្គោលព្រំដែន។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថា សម្តេចឪទំនងជាលើកយកបញ្ហាបោះបង្គោលព្រំដែន ទៅជជែកជាមួយមេដឹកនាំសំខាន់ៗវៀតណាម ។ លោកថ្លែងថា៖
«ប្រាកដជាមានការងារសំខាន់ៗ ដែលត្រូវបានលើកឡើងនៅក្នុងការប្រជុំ ជាពិសេស ដូចព្រះមហាវីរក្សត្រ ដែលលោកមានបទពិសោធន៍នៅក្នុងការដោះស្រាយបញ្ហាព្រំដែន មានព្រះរាជតម្រិះ មានព្រះរាជទេពកោសល្យនៅក្នុងការដោះស្រាយបញ្ហាព្រំដែនតាំងពីក្នុងអតីតកាលនោះ ប្រាកដជានឹងបានលើកឡើងនូវបញ្ហានេះជាមួយភាគីវៀតណាម»។
គណបក្សប្រឆាំងធ្លាប់បានរិះគន់ថា ការបោះបង្គោលព្រំដែននេះ បានរំលោភចូលមកបូរណភាពទឹកដីនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមមន្រ្តីរដ្ឋាភិបាល បានបដិសេធការចោទប្រកាន់នេះ។
ប្រទេសកម្ពុជានិងប្រទេសវៀតណាមទើបតែបោះបង្គោលព្រំដែនចំនួន១៩១បង្គោលតែប៉ុណ្ណោះ នៅក្នុងចំណោមបង្គោលសរុប៣៧៥ បង្គោល។ ប្រទេសទាំងពីរបានសន្យាថា នឹងបោះបង្គោលព្រំដែននេះឲ្យបានចប់សព្វគ្រប់ នៅឆ្នាំ ២០១២ ខាងមុខនេះ។