ខណៈវីរុសបំប្លែងខ្លួនថ្មីដែលតា (Delta) ដែលឆ្លងរហ័សកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជាអ្នកស្រី ម៉ាត់ នូ មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយទេទោះបីជាអ្នកស្រីចង់ចាក់វ៉ាក់សាំងនេះក៏ដោយ។ អ្នកស្រីនិយាយថា ប្រហែលជាមិនទាន់ដល់វេនអ្នកស្រី។
ប៉ុន្តែ នៅពេលឮថាលោក ខៀវ សំផន ដែលជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតដែលសព្វថ្ងៃកំពុងជាប់ក្នុងពន្ធនាគារ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រូចហើយនោះ អ្នកស្រីស្រាប់តែសម្តែងការខឹងសម្បារ។
អ្នកស្រី ម៉ាត់ នូ ថ្លែងប្រាប់វីអូអេថា៖«ខឹងណាស់ បើគាត់ តាំងពីជំនាន់ ប៉ុល ពតហ្នឹង គាត់អត់មានពេទ្យមានអីមើលប្រជាជនផង ហើយឥឡូវគាត់ទៅនៅពន្ធនាគារហើយ មានពេទ្យមានអីមើលគាត់ឆ្វេងស្តាំ ហើយបានចាក់វ៉ាក់សាំងរួចទៀត»។
អ្នកស្រី ម៉ាត់ នូ វ័យ៥៨ឆ្នាំ ដែលជាកសិករនៅភូមិចុងខ្លុង ឃុំអូរសណ្តាន់នៃស្រុកក្រគរខេត្តពោធិ៍សាត់ ចម្ងាយប្រមាណ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃពុធទី៤ខែសីហាថា អ្នកស្រីអន់ចិត្តចំពោះការណ៍ដែលអ្នកស្រីនិងស្វាមីរបស់អ្នកស្រីដែលរងទុក្ខវេទនាក្នុងសម័យខ្មែរក្រហម នៅមិនទាន់ចាក់វ៉ាក់សាំងបានមួយដូសផង តែមេដឹកនាំសម័យនោះ បែរជាបានចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ១៩នេះរួចទៅហើយ។
អ្នកស្រីថ្លែងថា៖ «អន់ចិត្តខ្លួនឯងថាកាលពីជំនាន់គាត់ហ្នឹង អត់មានពេទ្យមានអីមើលទេ មានតែពីប្រើ[ឲ្យធ្វើការ]ទេ»។
អ្នកស្រី ម៉ាត់ នូ ដែលជាម្តាយនៃកូន៣នាក់រូបនេះ បន្ថែមថាអ្នកស្រីនិងស្វាមីរបស់អ្នកស្រី មិនដែលត្រូវបានហៅឬសួរនាំអំពីការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ណាមួយទេ ក្រោយពីរដ្ឋាភិបាល កាលពីដើមឆ្នាំនេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះជូនពលរដ្ឋទូទាំងប្រទេសឲ្យបានយ៉ាងតិច១០លាននាក់។
ក្រុមខ្មែរក្រហមដែលបានដឹកនាំប្រទេសកម្ពុជាចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ដោយមាន ប៉ុល ពត ជាបងធំទី១និងលោក ខៀវ សំផន ជាប្រមុខរដ្ឋ ត្រូវបានស្តីបន្ទោសចំពោះការស្លាប់ប្រជាជនប្រមាណ១លាន៧សែននាក់ ដោយសារការបង្ខំឲ្យធ្វើការហួសកម្លាំង ការបង្អត់អាហារនិងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
លោក ខៀវ សំផន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម កាលពីឆ្នាំ២០១៨ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទល្មើសធ្ងន់ធ្ងរផ្សេងៗទៀត។
អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហមរូបនេះ គ្រោងនឹងត្រូវនាំខ្លួនមកចំពោះមុខអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមក្នុងសវនាការបណ្តឹងសាទុក្ខរបស់ខ្លួន ដែលនឹងធ្វើឡើងពីថ្ងៃទី១៦ដល់១៩ខែសីហានេះ។
ប៉ុន្តែ ជនជាប់ចោទវ័យ៩០ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមពលរដ្ឋកម្ពុជាជាង៧លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈចំនួនករណីឆ្លងជំងឺនេះសរុបក្នុងប្រទេសកម្ពុជាបានកើនលើស៨០.០០០នាក់ និងស្លាប់ជាង១.៥០០នាក់រួចទៅហើយគិតត្រឹមសប្តាហ៍នេះ។ នេះបើយោងតាមក្រុមមន្ត្រីតុលាការនិងមន្ត្រីសុខាភិបាល។
លោក ប៉ូច គ្រី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀត បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញថាថ្វីត្បិតតែរូបលោក បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយក៏ដោយ ក៏លោកយល់ថាលោក ខៀវ សំផន នៅតែមាន«សំណាងជាង»លោក បើប្រៀបធៀបពីបទពិសោធន៍ដែលលោកបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហមរួមទាំងការជម្លៀសរូបលោកនិងក្រុមគ្រួសារទាំងបង្ខំចេញពីទីក្រុងភ្នំពេញកាលពីសម័យនោះផង។
លោក ប៉ូច គ្រី ថ្លែងថា៖ «ខ្ញុំថា គាត់ដូចជាមានសំណាងជាង។ មានសំណាងជាងព្រោះគេថែទាំ សូម្បីតែកន្លែងដេកក៏គេថាល្អដែរ។ ខ្ញុំមិនដែលបានចូលទេ តែឮគេថាសុទ្ធតែទូរទស្សន៍មើលអីទាំងអស់ យើងឃើញអី គាត់ឃើញហ្នឹង»។
មន្ត្រីរាជការចូលនិវត្តន៍វ័យ៨៤ឆ្នាំរូបនេះមានប្រសាសន៍ថាលោកបានបាត់បង់បងប្អូនបង្កើតអស់៣នាក់ក្នុងចំណោមបងប្អូនបង្កើតទាំង៧នាក់របស់លោកនៅក្នុងរបបខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលម្នាក់ដែលក្រោយមកបានប្រឆាំងនឹងរបបខ្មែរក្រហមវិញដោយការស្វែងរកអន្តរាគមន៍ពីប្រទេសវៀតណាមដែលនៅជាប់ខាងគ្នានោះ បាននិយាយអួតសរសើរពីសមិទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលទូទាំងប្រទេស ដោយបានថ្លែងថាគិតមកត្រឹមសប្តាហ៍នេះ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យរបស់ខ្លួនបានជាង៧លាននាក់ឬស្មើនឹងជាង៧០ភាគរយហើយ ដែលជាអត្រាខ្ពស់បំផុតមួយក្នុងតំបន់និងលើពិភពលោក ក្នុងកិច្ចប្រឹងប្រែងសម្រេចឲ្យបានភាពស៊ាំនៅទូទាំងប្រទេសត្រឹមដំណាច់ឆ្នាំនេះ។
ប៉ុន្តែ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងអតីតមេដឹកនាំខ្មែរក្រហម មិនត្រូវបានកំណត់ជាក់លាក់ថាជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេនោះទេ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេថាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ព្រមទាំងការផ្តល់សេវាថែទាំសុខភាពដល់លោក ខៀវ សំផននេះ គឺជាការអនុលោមតាមបទដ្ឋានអន្តរជាតិនៅសាលាក្តីតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ដូចជាករណីលោក ខៀវ សំផននេះ ដែលគាត់ក៏ទទួលបានការចាក់វ៉ាក់សាំងនេះ ក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែរ។ ត្រង់ថាពីអតីតកាលតួនាទីគាត់ជាប្រធានគណៈប្រធានរដ្ឋ ជាអ្នកដែលត្រូវបានគេរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿង០០២/០១ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំហើយឥឡូវនេះក៏កំពុងតតាំងក្នុងសំណុំរឿង០០២/០២ ក៏គាត់នៅមានសិទ្ធិមួយចំនួនដែរ»។
លោក នេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានផងដែរនោះ បានបន្តថាសាលាក្តីខ្មែរក្រហមចាត់ទុកសុខភាពជនជាប់ចោទរូបនេះជាកត្តាសំខាន់ក្នុងការធានាការស្វែងរកយុត្តិធម៌ដ៏ពេញលេញមួយ។
លោកពន្យល់ថា៖ «យើងចង់ឲ្យគាត់មានសុខភាពមួយដើម្បីអាចតតាំងសំណុំរឿងគាត់នៅចំពោះមុខតុលាការដើម្បីឲ្យបញ្ចប់ដំណើរការនីតិវិធីឲ្យចប់ចុងចប់ដើម និងការផ្តល់យុត្តិធម៌មួយដែលពេញលេញសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាការចូលរួមនៅក្នុងការស្វែងរកការពិតអំពីអ្វីដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ»។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមរូបនេះបន្ថែមទៀតថា៖ «យើងបង្កើតសាលាក្តីខ្មែរក្រហមនេះ គឺមិនមែនដើម្បីសងសឹកទេ។ ហើយបើយើងធ្វើអ្វីដូចដែលខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា ដែលធ្វើឲ្យមនុស្សស្លាប់ជាច្រើនលាននាក់នោះ យើងក៏ដូចជាខ្មែរក្រហមដែរ»។
ប៉ុន្តែ ក្រុមអ្នករិះគន់និងអ្នកតាមដានដំណើរការសាលាក្តីខ្មែរក្រហម បានលើកឡើងថាសាលាក្តីនេះព្រមទាំងរដ្ឋាភិបាលកម្ពុជា គួរតែក្រឡេកមើលដោយយកចិត្តទុកដាក់ទៅលើស្ថានភាពសុខភាពរបស់ជនរងគ្រោះនិងអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមដូចជាការយកចិត្តទុកដាក់ទៅលើសុខភាពរបស់អតីតមេដឹកនាំខ្មែរក្រហមក្នុងគ្រានៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះដែរ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖ «ប្រសិនបើជនជាប់ចោទបានទទួលសេវាកម្មសុខភាព និងផ្ដល់ឲ្យនូវការថែទាំ ហេតុអ្វីបានជាយើងមិនប្រឹងប្រែងផ្ដល់នូវសេវាសុខភាពទាំងនេះដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម?»
លោក ឆាំង យុ ដែលបានឆ្លងកាត់និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែរ បានសរសេរបន្ថែមទៀតថា៖ «ទោះបីជាជនជាប់ចោទបានប្រព្រឹត្តអំពើឃោរឃៅចំពោះប្រជាជនកម្ពុជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះនៅពេលដែលយើងផ្ដល់សេវាកម្មសុខភាពនិងការថែទាំដល់ជនជាប់ចោទនោះ យើងមិនត្រឹមតែអាចបង្ហាញថាជនជាប់ចោទឃោរឃៅយ៉ាងណានោះទេ ប៉ុន្តែយើងក៏បានបង្ហាញថាប្រជាជនកម្ពុជាអាចធ្វើដំណើរឆ្ពោះទៅមុខចាកឆ្ងាយពីអំពើឃោរឃៅទាំងនោះ»។
អតីតមេដឹកនាំខ្មែរក្រហមយ៉ាងហោចណាស់៤នាក់ដែលត្រូវបានសាលាក្តីខ្មែរក្រហមចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមរួមទាំងបងធំទី២គឺលោក នួន ជា ផងក្នុងសំណុំរឿងក្តីមុនៗ បានស្លាប់ដោយសារជរាពាធនិងជំងឺផ្សេងៗ ក្នុងអំឡុងពេលដំណើរការរឿងក្តីរបស់ពួកគេមិនទាន់ចប់សព្វគ្រប់នៅឡើយ ដោយមិនបានប្តឹងជំទាស់ដូចសំណុំរឿងក្តីលោក ខៀវ សំផន ដែលតុលាការគ្រោងនឹងបញ្ចប់ជាស្ថាពរនៅត្រឹមដំណាច់ឆ្នាំ២០២២។
ក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន បានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម ឲ្យពិចារណាធ្វើមោឃភាពសាលក្រមដែលតុលាការសាលាដំបូងបានប្រកាសរួចហើយ ឬកែប្រែការផ្តន្ទាទោសឲ្យមានរយៈពេលកំណត់ ប៉ុន្តែក្រុមមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើឲ្យតុលាការកំពូលតម្កល់សាលក្រមរបស់តុលាការសាលាដំបូង។
អ្នកស្រី ម៉ាត់ នូ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានមានប្រសាសន៍ថា៖ «បើចិត្តខ្ញុំវិញ ខ្ញុំឲ្យគាត់ជាប់គុកមួយជីវិតហើយ»៕