អតីត​គណៈ​ឃុំ​ខ្មែរ​ក្រហម​សារភាព​ថា​មាន​ការ​សម្លាប់

របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល១​លាន​៧​សែន​នាក់​ ដោយសារ​ការ​សម្លាប់ ​ការ​ធ្វើ​ទារុណកម្ម ​ការ​បង្អត់​អាហារ​ និង​ជំងឺ​រាំរ៉ៃ។

អតីត​គណៈឃុំ​ម្នាក់​របស់​ខ្មែរ​ក្រហម​អះអាង​ថា មាន​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​ប្រជាពលរដ្ឋ​ដែល​ល្មើស​នឹង​វិន័យ​របស់​អង្គការ។

លោក ​ឈឹម​ ផាន​ អាយុ​៧២​ឆ្នាំ ​អតីត​គណៈ​ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ខ្លួន​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​សម្លាប់​សង្សារ​មួយ​គូ ​ដែល​បាន​លួច​ស្រឡាញ់​គ្នា​ខុស​នឹង​វិន័យ​របស់​អង្គការ។

មាន​រូបរាង​ស្គម​ស្តើង​បន្តិច​ សម្បុរ​ស្រឡែម ​លោក ​ឈឹម​ ផាន ​បាន​ចូល​រួម​ស្តាប់​សវនាការ​ អង្គ​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ក្នុង​សំណុំរឿង​០០២​ អស់​រយៈពេល​ចំនួន​ពីរ​ថ្ងៃ​មក​ហើយ។ ​ថ្វើ​បើ​លោក​ ឈឹម​ ផាន​ មិន​ដែល​បាន​ឃើញ​មុខមាត់​ពិត​របស់​មេដឹកនាំ​ខ្មែរក្រហម​បី​រូប​ក៏ដោយ ​ក៏​លោក​បាន​និយាយ​ថា លោក​បាន​ធ្លាប់​បាន​ឮ​សំឡេង​មេដឹកនាំ​ខ្មែរក្រហម​ទាំង​បី​រូប​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ហើយ​លោក​ក៏​ធ្លាប់​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​សម្លាប់​មនុស្ស​ផង​ដែរ​ ក៏​ប៉ុន្តែ​លោក​បាន​សម្លាប់​បាន​តែ​ពីរ​នាក់​តែ​ប៉ុណ្ណោះ។

លោក ឈឹម​ ផាន ​បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​នឹង​លាតត្រដាង​មុខមាត់​ពិត​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​របប​ខ្មែរក្រហម ​ហើយ​លោក​ក៏​ចង់​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ និយាយ​ការពិត​នៅ​ក្នុង​អង្គសវនាការ​ដែរ។

«បាទ​គឺ​ថា ខ្ញុំ​មក​នេះ​គឺ​សប្បាយ​ចិត្ត​បាន​បង្ហាញ​ខ្លួន​យើង​ឲ្យ​ច្បាស់លាស់​បាទពីព្រោះ​យើង​មិន​មែន​ធ្វើ​ដោយ​ខ្លួន​យើង​ទេ ​គេ​បញ្ជា​ឲ្យ​យើង​ធ្វើ»។

របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រហែល១​លាន​៧​សែន​នាក់​ ដោយសារ​ការ​សម្លាប់ ​ការ​ធ្វើ​ទារុណកម្ម ​ការ​បង្អត់​អាហារ​ និង​ជំងឺ​រាំរ៉ៃ។​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​រួម​មាន ​នួន​ ជា ​អតីត​ប្រធាន​រដ្ឋសភា អៀង ​សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស ​និង​ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​ ត្រូវ​បាន​សាលាក្តី​ខ្មែរក្រហម ​នាំ​យក​មក​កាត់ទោស​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ។

កំពុង​អង្គុយ​មើល​ការ​កាត់ទោស​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្រៅ​បន្ទប់ ​អង្គសវនាការ ​លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ ​ពី​មន្ទីរ​ឃុំឃាំ​គុក​ទួលស្លែង ​បាន​និយាយ​ថា ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​តែ​បង្ហាញ​ការ​ពិត​ អំពី​ការ​កាប់​សម្លាប់​រង្គាល​ នៅ​ក្នុង​របប​ខ្មែរក្រហម។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​ណា​បើ​ពួក​ខ្មែរក្រហម​និយាយ​ការ​ពិត​ លោក​នឹង​សប្បាយ​ចិត្ត។

«ស្វែង​រក​ការពិត​ និយាយ​ឲ្យ​ពិត។ អ្នក​ចុងចោទ​ហ្នឹង​ក៏ដោយ​ មេ​ខ្មែរក្រហម​ហ្នឹង​ក៏​ដោយ​និយាយ​អី​ឲ្យ​ពិត។ អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង ​អ្នក​ណា​អ្នក​បញ្ជា ​ត្រូវ​និយាយ​ឲ្យ​អស់​ ហើយ​បើ​យើង​លាក់លៀម ការលាក់លៀម​ហ្នឹង​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​យើង ​កម្ពុជា​យើង គ្រោះថ្នាក់​ទៅ​ថ្ងៃ​ក្រោយ»។

លោក​បណ្ឌិត ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាព​ឯករាជ្យ​មួយ​រូប​ ដែល​បាន​ចូល​រួម​ស្តាប់​អង្គសវនាការ​បាន​និយាយ​ថា ដំ​ណើរ​ការកាត់ទោស​របស់​តុលាការ​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ​ក៏ប៉ុន្តែ​ប្រភព​ព័ត៌មាន ​ដែល​ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​អង្គសវនាការ​ ភាគ​ច្រើន​បាន​មក​ពី​ការស្រាវជ្រាវ​របស់​បរទេស។

«តាម​គោលការណ៍​តុលាការ អា​ច​យក​ជា​ភស្តុតាង​បាន​ឬ ​មិន​បាន ​ពីព្រោះ ​នេះ​បន្ត​ទៅ​ទៀត​ ហើយ​គួរ​តែ​រក​សាក្សី​ឲ្យ​បាន​ច្រើន ​សក្ខីភាព​ផ្ទាល់​តែ​ម្តង»។

លោក​អនុសេនីយត្រី ​ឈាង ​សុខា ​អាយុ​៣៧​ឆ្នាំ​ មន្ត្រី​ប៉ូលីស​ ដែល​កំពុង​សិក្សា​នៅ​សាលា​រាជបណ្ឌិតសភា​នគរបាល ​បាន​និយាយ​ថា ការ​លើក​ឡើង​នៅ​ក្នុង​អង្គសវនាការ​ របស់​សហ​ព្រះរាជអាជ្ញា​បរទេស​គឺ​លោក​ អាន់ឌ្រូ ខាលី​ (Andrew Cayley) ​បាន​ធ្វើ​ឲ្យ​លោក​មាន​ជំនឿ​ថា​ អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របបខ្មែរ​ក្រហម​គឺ​ជា​ការ​ពិត៕