អតីត​អ្នកសាធារណរដ្ឋ​ខ្មែរ​រក្សា​ស្មារតី​ជាតិ​និយម​និង​ស្រឡាញ់​សេរីភាព​នៅ​ខួប​ទី៥០​

រូប​ឯកសារ៖ លោក​សេនាប្រមុខ លន់ ណុល ឆ្នាំ​១៩៧៥។ ក្នុង​រូបថត​ថ្ងៃ​ទី​២៩ ខែ​​មីនា ឆ្នាំ​១៩៧៥ ​នេះ លោក​ប្រធានាធិបតី​ លន់ ណុល បាន​សម្រេច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ទទួល​បា​ន​ជំនួយ​ពី​​សហរដ្ឋ​អាមេរិក​សម្រាប់​កម្ពុជា។

វ៉ាស៊ីនតោន—ថ្ងៃទី​១៨ខែមីនា​នេះ​គឺ​ជា​ខួបលើកទី​៥០​នៃ​ការធ្វើ​រដ្ឋ​ប្រហារ​ផ្តួលរំលំ​របបរាជានិយម​និង​ឈាន​ទៅ​ការបង្កើត​របប​សាធារណរដ្ឋជាលើកដំបូង​នៅ​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយលោក​សេនាប្រមុខ​លន់ នល់​និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ។

បើ​ទោះ​បីជា​របបនេះ​មិន​បាន​ស្ថិតស្ថេរ​នៅ​យូរអង្វែង​គឺ​មាន​រយៈ​ពេល​តែ៥ឆ្នាំ​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​លើកស្ទួយ​របបដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នោះ​នៅ​ចងចាំ​ពី​គោលបំណងចង់បាន​ប្រទេស​កម្ពុជា​មួយ​ដែល​ឯករាជ្យដោយមិន​ចំណុះប្រទេស​ជិត​ខាង​និង​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ហើយជៀស​ផុត​ពី​របប​កុម្មុយនីស្ត។

អតីត​អ្នកគាំទ្រ​របប​សាធារណរដ្ឋ​ខ្មែរ​មួយ​ចំនួនដែលកំពុង​តែរស់​នៅ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ការពារជំហរដែល​ពួកអស់លោក​បានចូលរួម​ធ្វើការផ្លាស់ប្តូរ​នៅពេល​នោះ។​

​លោក ឱក សឿម ​អតីត​អ្នកតំណាងរាស្ត្រ​មួយរូប​ដែល​បាន​ចូលរួម​បោះឆ្នោតដកតំណែង​សម្តេចព្រះ នរោត្តមសីហនុ ពីប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា​បាន​ការពារ​ទង្វើ​របស់​ក្រុមអ្នកតំណាង​រាស្ត្រ​នៅ​ពេល​នោះថា៖

«ព្រឹត្តិការណ៍​នេះ​អស់​លោកខ្លះ​ថា ​ជា​រដ្ឋ​ប្រហារ​ អស់លោកខ្លះ​ថា​ជា​សង្គ្រាម​ស៊ីវិល​ខ្ញុំ​សូម​ជម្រាប​ថាហេតុ​ការណ៍ដែលបាន​ដកតំណែង​សម្តេច​ព្រះប្រមុខ​រដ្ឋ​គឺស្របតាមរដ្ឋធម្មនុញ្ញ​ដែល​សភា​បានអនុម័ត​សច្ចាប័ន ថ្វាយព្រះអង្គ​ជាប្រមុខ​រដ្ឋ​ក៏​ទៅ​តាម​សភា​។ ដូច្នេះ​សភា​មានសិទ្ធិ​នឹង​ដក​តំណែង​ប្រមុខ​រដ្ឋ​ណា​ដែល​ធ្វើ​ខុសនៅក្នុង​រដ្ឋធម្មនុញ្ញ។ បាទគឺអីចឹង»។​

រដ្ឋសភា​ជាតិ​បានបោះឆ្នោតដក​ហូត​សេចក្តីទុកចិត្តនិងតំណែងប្រមុខរដ្ឋ​ជាផ្លូវការពីសម្តេចព្រះ​នរោត្តម​សីហនុ​នៅថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៧០ក្នុងខណៈ​ពេលដែល​ព្រះអង្គ​ធ្វើ​ដំណើរ​ទស្សនកិច្ចផ្លូវការ​នៅ​ក្រៅ​ប្រទេស។​កម្ពុជា​បានងាក​មក​កាន់​របបសាធារណរដ្ឋ​វិញ​នៅ​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​នោះ​ដោយបានបញ្ចប់​របបរាជានិយម​ដែលកម្ពុជា​បាន​ប្រកាន់យក​ជាង​២.០០០ឆ្នាំ​។

លោក ឱក សឿម ​អតីត​អ្នកតំណាងរាស្ត្រ​មួយរូប​ដែល​បាន​ចូលរួម​បោះឆ្នោតដកតំណែង​សម្តេចព្រះ នរោត្តមសីហនុ ពីប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ដែល​បាន​នាំ​ឲ្យមានការ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ។ រូបថត​នេះ​លោក​ថតក្នុង​ឆ្នាំ​២០១៩​។ (រូបផ្តល់ឲ្យ/Facebook)

លោកឱក សឿម​បាន​ពន្យល់ពី​ហេតុផល​ដែល​ឈាន​មកដល់​ការសម្រេចបោះឆ្នោត​ដក​តំណែង​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ​ថា៖ «ដោយសារតែ​ព្រះអង្គ​លម្អៀង​ទៅរកចិន​។ លោក​ត្រូវ​គ្នានឹងចិន​ត្រូវ​គ្នា​នឹង​យួន​ឱ្យ យួន​ប្រើប្រាស់​ទឹកដី​ខ្មែរ​យើង​ឱ្យ​យួននៅពេញ​រហូតដល់​ទៅ​៥ឬ៦ម៉ឺននាក់​ឯណោះ។ រួចហើយ​ពួកយួន​ទាំង​នោះ​កាលពីមកដល់ដំបូង​ពួកគេស្រួលទេ​ប៉ុន្តែ​ដល់ក្រោយ​មក​វា​ទារពន្ធ​ទារដា​ពី​អ្នកស្រុក​ជាយដែន​ទាំងអស់។ អ្នកស្រុក​កើត​ទុក្ខបុកម្នេញ​ក៏​បះបោរ​ក៏​មក​រក​ហេតុផល​បាន​ដឹង​ថា​សម្តេច​លោក​ធ្វើ​ខុស​ក្នុង​គោល​នយោបាយអព្យាក្រិត»។​

លោកឱក សឿម ​បានកាន់តំណែង​ជាអ្នកតំណាងរាស្ត្រ​មណ្ឌល​សំរោង ខេត្ត​ឧត្តរមានជ័យតាំង​ពីឆ្នាំ​១៩៦៦​ដល់​ឆ្នាំ១៩៧០​ ហើយ​ក្រោយ​ពី​ទម្លាក់​សម្តេច​ព្រះ នរោត្តម ​សីហនុ​ លោក​បន្ត​កាន់តំណែង​ជា​សមាជិកសភា​ធម្មនុញ្ញ​រហូតដល់ឆ្នាំ១៩៧២​ទើប​លាឈប់ហើយ​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព។ លោកមាន​ឋានន្តរ​សក្តិជា​វរសេនីយ៍ត្រី​ និងជា​មេបញ្ជាការ​មួយរូប​ប្រចាំ នៅ​ខេត្តឧត្តរមានជ័យ។ ​

ក្រោយ​ពី​របប​សាធារណរដ្ឋ​ខ្មែរបាន​ដួល​រលំ​ធ្លាក់ទៅក្នុង​កណ្តាប់ដៃ​ក្រុម​កុម្មុយនីស្ត​ខ្មែរ​ក្រហមដែល​មានប្រទេស​ចិន​គាំទ្រ នៅថ្ងៃទី​១៧ខែមេសា​ ឆ្នាំ​១៩៧៥ លោកឱក សឿមបានភៀសខ្លួន​ជាមួយ​នឹង​កូន​ទាហានដែល​នៅ​សេសសល់​មួយ​ចំនួន​ចូល​ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវ​បានទទួល​ឱ្យ​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​នៅអូតាប៉ាវ។​ លោក​បាន​មកដល់​សហរដ្ឋ​អាមេរិក​នៅ​ខែ​តុលា​ឆ្នាំ​១៩៧៥។ បច្ចុប្បន្ន​លោក​រស់នៅ​រដ្ឋ​ Virginia។​

អ្នកដែល​នៅ​រស់រាន​មានជីវិត​ដែល​ពេលនេះ​ស្ថិត​ក្នុងវ័យ​៧០ដល់​៨០ឆ្នាំ​គ្រោងនឹង​រៀបចំកម្មវិធី​រំលឹក​ខួប​លើកទី​៥០នេះនៅថ្ងៃទី​២១​ខែមីនា​នៅទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ាដើម្បី​រំលឹកដល់​ការលះបង់​របស់​ពួក​អស់លោក។

លោក​ឱក សឿម បាន​បញ្ជាក់ថាព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តមួយនេះ​ ​ទោះបីជាអ្នកណា​បំភ្លេច​យ៉ាង​ម៉េចក៏​បំភ្លេច​មិន​បាន​ដែរ​ប៉ុន្តែ​ប្រវត្តិសាស្ត្រ​នេះ​ហាក់ដូច​ជា​ស្រពិចស្រពិល​សម្រាប់​អ្នកជំនាន់​ក្រោយ​ដោយសារតែ​ការរៀនសូត្រពុំបានដោយ​ពួកគេ​កើត​មិន​ទាន់​ហើយ​អ្នក​ចាស់​ក៏ស្លាប់​អស់ទៅ។​

រូ​ប​ឯកសារ៖ លោក​សេនាប្រមុខ​លន់ នល់ (ស្តាំ) ​និង​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ (ទី​២ពី​ស្តាំ) អង្គុយ​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ថ្មី នៅ​ក្នុង​រដ្ឋសភា​ជាតិ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៧០។ (AP)

លោក​ឱកសឿម បាន​បញ្ជាក់បន្ថែមថា៖ «​យើង​សូម​រំលឹក​ឡើង​វិញ​នូវ​ពលិកម្មខ្មែរ​រាប់​សែន​នាក់​ដែល​ទាំង​យុវជន​សិស្ស​និស្សិត​វិទ្យាល័យ មហាវិទ្យាល័យ​ស្ម័គ្រចិត្ត​ចូលធ្វើ​ទាហាន​២៤ម៉ោង​ដើម្បីការពារ​ប្រទេស​ជាតិ​ដែល​យួន​យៀកកុង វៀត​ណាមខាងជើង​វាយសង្គ្រប់មកលើ​ប្រទេស​ខ្មែរ​យើង​តែប៉ុណ្ណឹង​ហើយ​យើង​សូម​រំលឹក​គុណ​បំណាច់​អ្នក​ទាំងអស់​នោះ​ឱ្យ​បាន​ជ្រាបច្បាស់​ថាមិនមែន​ជាសង្គ្រាមស៊ីវិល​ទេ​គឺ​ជា​សង្គ្រាម​ប្រឆាំង​នឹង​យៀកកុង​ វៀត​ណាម​ខាងជើង​ដែល​រាតត្បាតចូលមកប្រទេស​ខ្មែរ​វាយ​នៅទូទាំងប្រទេស​ទាំងអស់»។​

លោក ថាច់ ធឿងកំពុង​រស់​នៅ​ក្នុង​ទីក្រុង​ឃីង ខោនធី រដ្ឋ​វ៉ាស៊ីនតោនស្តេត (Washington state) និង​ជាអ្នក​រៀបចំ​ខួប​ទី​៥០​នេះដែរ។ លោក​តំណាង​ឱ្យ​ក្រុម​យោធា​ពិសេស​ Mike Force​។ លោកគឺជា​អតីត​វរសេនីយ៍​ឯក​និងជាមេបញ្ជា​ការម្នាក់​នៃក្រុមពិសេស​ Mike Force ដែល​ធ្លាប់​បាន​ឈរ​ជើង​នៅ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ស្ថិ​ត​នៅភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ លោក​ត្រូវបាន​បញ្ជូន​មកប្រទេស​កម្ពុជា​នៅថ្ងៃទី​៣០​ខែ​មេសា ឆ្នាំ​១៩៧០​ តាម​សំណើ​របស់​លោក​សេនាប្រមុខ​លន់ នល់​ដើម្បី​ជួយ​អន្តរាគមន៍​ទប់ស្កាត់​វត្តមាន​កងទ័ព​កុម្មុយនីស្ត​វៀតណាមនៅ​ក្នុង​ប្រទេស​កម្ពុជា។ ​កងពលតូច​ថ្មើជើង​លេខ​៤៥​របស់​លោក​ឈរជើង​នៅ​តំបន់​ភ្នំបាសិត​ខេត្ត​កំពង់ស្ពឺ។

លោក​ថាច់ ធឿង​បាន​បញ្ចាក់​ប្រាប់​វីអូអេ​ថា៖ «យើង​ដឹង​ហើយ​ថា​ខ្មែរក្រោម​ខ្មែរ​កណ្តាល​ខ្មែរ​លើ​គឺជាខ្មែរ ជាពូជសាសន៍​ខ្មែរ​តែមួយ។ ប្រវត្តិសាស្រ្តបាន​ចារ​មកឃើញច្បាស់លាស់អីចឹង​ហើយ​ ហើយ​យើង​ជាខ្មែរ​ពេលដែល​ប្រទេស​ខ្មែរ​ត្រូវ​គេ​ឈ្លានពាន​ត្រូវ​គេ​រុករាន​គឺ​យើងត្រូវ​តែ​ហ៊ាន​ធ្វើពលិកម្មហើយ​ការ​ពលិកម្ម​ហ្នឹងឯង​គឺ​កងទ័ព​ហ្នឹង​ឯង​។ យើង​គ្មាន​អាវុធ​ គ្មាន​យុទ្ធភណ្ឌ​អី​ធ្វើ​ម៉េច​អាច​ច្បាំង​នឹង​កុម្មុយនីស្ត​កើត? តាម​ពិតទៅ​គឺ​យើង​ស្ម័គ្រចិត្ត​មក​បម្រើ​ការនៅ​កម្ពុជា​ហ្នឹងឯង»។​

ទាហាន​ខ្មែរកម្ពុជា​ក្រោម​មាន​ប្រវត្តិ​ជួយ​សហរដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ក្រុម​កុម្មុយនីស្ត​វៀតណាម​នៅ​លើ​ទឹកដី​វៀតណាមតំបន់ដែនដីសណ្តទន្លេមេគង្គ។ ​ឯកសារ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិកដែល​បាន​អនុញ្ញាត​ឱ្យ​មើល​ជាសាធារណៈ បាន​បញ្ជាក់​ថា ​នៅ​ដើម​ឆ្នាំ​១៩៧០​នោះគឺ​មាន​ទាហាន​ខ្មែរ​ក្រោមចំនួន៤កង​វរសេនា​តូច​ដែល​មាន​ទាហាន​ចំនួន​២.១០០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

លោក ថាច់ ធឿង ​មាន​ស្រុក​កំណើត​នៅ​ស្រុកត្រោក ​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម។ លោកបាន​បន្ថែម​ថា​ពលិកម្ម​របស់​អ្នកទាំងនោះ​មិនត្រូវ​បំភ្លេច​ចោល​នោះទេ។

«ខ្ញុំ​មិន​និយាយ​អីទេ​ពីរបបដឹកនាំ​ណា​ក៏ដោយ​ក៏ប៉ុន្តែ​យុទ្ធជន​យុទ្ធនារី​ដែលមកពលិកម្មដើម្បី​រក្សាទឹកដី​ហ្នឹង​គឺជា​ការ​មួយពលិកម្ម​ដ៏ប្រវត្តិសាស្ត្រ​ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​ថា​ក្នុង​អនាគត​ទៅ​គេ​សរសេរ​ប្រវត្តិសាស្រ្ត​គេ​ថា​ពលិកម្ម​នោះ​វា​គ្មាន​ប្រយោជន៍​ឬក៏​ជាអ្វីផ្សេងទៀត​គឺខ្ញុំ​មិន​ចង់​ឃើញ​អីចឹង»។

រដ្ឋប្រហារ​ថ្ងៃទី១៨​ខែមីនា​នៅតែ​បន្ត​បែងចែក​ទស្សនៈ​នយោបាយ​ខ្មែរ​នៅឡើយ​ទោះបី​ជា​ព្រឹត្តិការណ៍​នេះ​បាន​កន្លង​ទៅ៥០​ឆ្នាំ​ហើយ​ក៏ដោយ។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ក្នុង​ប្រទេស​កម្ពុជា​មិនប្រារព្ធខួបលើកទី​៥០​នេះ​ហើយ​ក៏មិនគាំទ្រ​ដែរ​ដោយ​ចាត់ទុក​ថា​ការទម្លាក់​សម្តេច​ព្រះនរោត្តម​សីហនុ​ពី​អំណាច​នោះ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

រូប​ឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក សុខ ឥសាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ថាការណ៍​នេះ​ដោយ​សារតែ​រដ្ឋប្រហារ​នោះ​ហើយ​ដែល​ឈាន​ទៅដល់​ការឡើង​កាន់អំណាច​របស់​ក្រុមខ្មែរ​ក្រហម​ហើយ​បាន​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​នៅទូទាំង​ប្រទេស​។

លោក​សុខ ឥសាន្ត​បាន​បន្ថែម​ថា៖ «យើងយល់​ថា​នេះ​គឺជា​អំពើ​ខុសច្បាប់​ដោយសារ​ធ្វើ​រដ្ឋប្រហារ​ក្នុងពេល​ដែល​សម្តេច​ព្រះសីហនុលោក​គង់នៅ​ជាប្រមុខ​រដ្ឋ​ពេញច្បាប់​ទាំងអស់។ លោក​សេនាប្រមុខ​ធ្វើ​នេះ​វា​គ្រាន់តែ​ជា​នីតិវិធី​ធ្វើ​ឱ្យ​ស្រប​ច្បាប់​ទេ។ ហើយ​បងប្អូន​នៅ​ខាង​លោក​សេនាប្រមុខ​លន់ នល់​ក៏​លោកមិននិយាយ​ដូចខ្ញុំ​ដែរ​លោក​និយាយ​ថា​ការធ្វើ​រដ្ឋប្រហារ​នេះ​វាត្រឹមត្រូវ​ហើយ។ ខ្លះ​មិន​ទាំង​ហ៊ាន​ហៅ​ថា​រដ្ឋប្រហារផង​ថា​ការ​ទម្លាក់​សម្តេច​សីហនុ​ដោយ​ចោទ​សម្តេច​សីហនុ​ថា​អីចេះអីចុះ​ទៅ​ណា។ នេះ​វា​អាស្រ័យ​លើ​និន្នាការ​នយោបាយរបស់​អ្នកនិយាយទេ»។​

ក្រោយ​ពីរដ្ឋ​ប្រហារនោះ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ដែល​ជាផ្នែក​មួយ​នៃការពង្រីក​សង្គ្រាមរបស់​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​វៀតណាម។​ សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧០​ដល់​១៩៧៥បាន​សម្លាប់ពលរដ្ឋ​កម្ពុជា​អស់ពី​១៥០.០០០​ដល់​ ៣០០.០០០​នាក់​ដោយសារ​ការវាយ​ប្រយុទ្ធគ្នា​រវាងកងកម្លាំងរដ្ឋាភិបាល​លោកលន់ នល់​និង​កងកម្លាំង​កុម្មុយនីស្ត​ខ្មែរ​ក្រហ​មដែល​មាន​ចិន​និង​វៀតណាម​គាំទ្រ​និងការទម្លាក់គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ឯកសារ​ស្រាវជ្រាវ​នានា។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​រក្សា​របប​រាជានិយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ហើយ​លោក​សុខ ឥសាន្ត​យល់​ថាមេរៀន​ប្រវត្តិសាស្ត្រ​គឺ​អ្នកនយោបាយ​កម្ពុជា​ត្រូវ​តែ​កសាង​ឯកភាព​ជាតិ​មួយ៖

«ទៅអនាគតគោលជំហរ​របស់​គណបក្សប្រជាជន​គឺ​ធ្វើយ៉ាងណា​កសាង​ប្រទេស​កម្ពុជា​មួយ​ប្រកប​ដោយ​សន្តិភាពពេញលេញ​ មានស្ថិរភាព​នយោបាយ​មាន​សេចក្តី​សុខក្សេមក្សាន្ត​ ជូន​ប្រជាពលរដ្ឋ​ហើយ​នឹង​មានការអភិវឌ្ឍ​លែង​ឱ្យ​មាន​សង្គ្រាម។ អីចឹង​ទេ​យើង​សព្វថ្ងៃនេះ​យើង​កំពុងតែ​រួបរួម​សាមគ្គី​ជាតិ​ទាំងមូល​ដើម្បី​រក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ពីព្រោះ​ឆ្លង​កាត់ដំណាក​កាល​ប្រវត្តិសាស្រ្ត​ដ៏ជូរចត់​កន្លង​មក​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ឯកភាព​គ្នា​ជៀសវាង​កុំ​ឱ្យ​មាន​សង្គ្រាម»។

រីឯ​លោកឱក សឿម​ ទទួលស្គាល់​ថា​ការបរាជ័យ​ក្នុងការកសាង​របប​សាធារណរដ្ឋ​មួយ​នៅ​ប្រទេស​កម្ពុជា​គឺ​ដោយសារតែ​កត្តា​វិវត្តន៍​នយោបាយ​ពិភពលោក​ផងដែរ។​

«ខ្ញុំសង្កេតឃើញ​ថា​អ្នកដែល​ពេញចិត្ត​នឹង​របបសាធារណរដ្ឋ​គឺពេញចិត្ត​នឹង​ផ្លាស់ប្តូររបប​ពី​រាជានិយម​មក​សាធារណរដ្ឋ​និយម​ក៏ដោយ​សារ​តែ​ឃើញ​ថា​តាំងពីបុរមបុរាណ​មក​គឺ​ឃើញ​ថា​ជាតំណតៗមក​ជារបប​រាជានិយម​ហ្នឹង​វាចេះតែបាត់បង់​ទឹកដី បាត់បង់​ទឹកដី​ទៅ​ ម្ល៉ោះហើយ​ក៏​ថា​សាក​ផ្លាស់ប្តូរ​លមើល​ក្រែង​លោ​វាមានសំណាង​ក៏​ប៉ុន្តែ​អកុសល​ដោយសារ​មេប្លុក​របស់​យើង​គេ​បោះបង់​យើង​ចោល​ទៅ​វា​ក៏​បាន​ជាឡុងចុង​អីចឹង​ទៅ ម្ល៉ោះហើយ​បាន​ជា​វា​អីចឹង»។

បន្ទាប់ពីបាន​ចាញ់សង្គ្រាម​វៀតណាម​នៅ​ចុងខែ​មេសា​ឆ្នាំ​១៩៧៥ សហរដ្ឋ​អាមេរិក​បានដក​កងទ័ព​ចេញនិង​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ វៀតណាម​និង​ឡាវ ប៉ុន្តែ​បានស្តារទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កម្ពុជា​វិញនៅ​ឆ្នាំ​១៩៩១។​

ព្រះបាទនរោត្តមសីហនុ បាន​ឡើង​សោយរាជ្យ​ជាថ្មី​ឡើងវិញ​នៅ​ថ្ងៃទី២៤ខែកញ្ញា​ឆ្នាំ​១៩៩៣ ក្រោយ​ពីភាគី​ខ្មែរដែលមានចម្បាំង​នឹង​គ្នា​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​ក្នុងខែតុលាឆ្នាំ​១៩៩១។ ប៉ុន្តែ​ព្រះអង្គបាន​ដាក់រាជ្យ​ជាថ្មី​ថ្វាយ​ទៅ​ឱ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្នក្នុងខែតុលាឆ្នាំ​២០០៤។

ព្រះបាទនរោត្តម​សីហនុ ​បាន​សោយទិវង្គតនៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២ នៅ​ព្រះជន្ម​៨៩​ព្រះវស្សា​ដោយ​ជំងឺគាំង​បេះដូង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេសចិន។ ព្រះអង្គ​គឺជាព្រះមហា​ក្សត្រដែល​ទទួល​បាន​ការគោរព​ខ្លាំង​បំផុត​ក្នុង​ចំណោម​មហាជន​និង​អ្នកនយោបាយ​កម្ពុជា។

សម្រាប់លោកឱក សឿម​យល់ថា​អ្នកដែល​ស្រឡាញ់ចង់​ឱ្យ​មានរបប​សាធារណរដ្ឋមួយ​សម្រាប់​ប្រទេសកម្ពុជា​នៅ​តែរក្សាចិត្ត​របស់​ពួកគេ​ទាំង​អ្នក​នៅ​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​កម្ពុជា៖

«អាស្រ័យ​ហេតុនេះ​នៅ​ខួប​៥០ឆ្នាំ​នេះ​យើង​នឹក​គិត​ថា​ ដើម្បី​នឹង​ចិញ្ចឹមចិត្ត​យើង​ឱ្យ​រស់នៅ​ក្នុង​របប​សាធារណរដ្ឋ​ តែ​មិនមែន​យើង​ចង់​សើរើ​មក​បង្កើត​វិញ​ស្អែក​ឬ​ខានស្អែកនេះ​ទេ​គឺ​ថា​ ចិត្ត​យើង​ដែល​បាន​ស្រឡាញ់​ទៅ​ហើយ ​យើង​ទុក​ក្តី​ស្រឡាញ់​របប​របស់​យើង​ជាអចិន្ត្រៃយ៍​បាន​ជា​ខួប​ធ្វើ​៥០ឆ្នាំ​នៅ​ឆ្នាំ​នេះ​ធ្វើ​ឱ្យ​វា​ធំដុំ​ហើយ​មិន​អាច​ធ្វើ​បាន​៥០ឆ្នាំពីរដង​ទេ គឺ​អាច​បាន​តែមួយឆ្នាំហ្នឹង»៕