នៅថ្ងៃពុធនេះ សាក្សីសក្ដានុពលម្នាក់ដែលជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមថ្លែងថា កម្ពុជាបានស្ថិតនៅក្នុងការឈ្លានពានដែលជំរុញឲ្យមានក្រុមបញ្ញាជនចូលរួមក្នុងចលនាកុម្មុយនីស្ដបែបម៉ៅនិយម។
លោក ឡុង នរិន្ទ អាយុ៧៣ ឆ្នាំអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលបានបម្រើការក្នុងក្រសួងការបរទេសជាមួយ អៀង សារី ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ គាត់បានផ្ដល់សក្ខីកម្មនៅពេលដែលអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមកំពុងតែកាត់ទោសនួន ជា ខៀវ សំផន និងអៀង សារី ក្នុងសំណុំរឿង០០២នៅថ្ងៃនេះ។ លោក ឡុង នរិន្ទ បាននិយាយតាមការភ្ជាប់វីដេអូពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាទីដែលគាត់កំពុងរស់នៅថា ការចូលរួមរបស់គាត់ក្នុងបក្សកុម្មុយនីស្ដគឺដើម្បីផ្ដួលរំលំការឈ្លានពានពីបរទេស។
«ចូលក្នុងបក្សហ្នឹង ដោយមិនដឹងខ្លួនទេ មែនទែនទៅ។ វាទាំងអស់គ្នាមែនទែនពីព្រោះប្រទេសយើងត្រូវគេឈ្លានពាន។ ត្រូវតែគេចូលរួមប្រយុទ្ធហើយ»។
លោក ឡុង នរិន្ទ បានទៅរៀនផ្នែកអប់រំ និងកីឡានៅប្រទេសឆេកូ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ គឺរយៈពេលដប់ឆ្នាំ។ គាត់បានអះអាងថា អតីតព្រះមហាក្សត្រសម្ដេចឪ នរោត្តម សីហនុ បានហៅរូបគាត់ឲ្យចូលរួមក្នុងចលនាតស៊ូនៅទីក្រុងប៉េកាំង ដែលមានអៀង សារី នៅទីនោះដែរ។
ទោះជាយ៉ាងណា ឡុង នរិន្ទ មិនបានបង្ហាញចំៗពីការឈ្លានពានរបស់បរទេសបែបណានោះទេ។
ក្រុមអតីតកម្មាភិបាលខ្មែរក្រហមបានចង្អុលដៃទៅរកវៀតណាមចំពោះការស្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ក្នុងពេលដែលពួកគេកាន់កាប់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅក្នុងការឆ្លើយក្នុងសវនាការ នួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហមបានចោទប្រកាន់ម្ដងហើយម្ដងទៀតលើវៀតណាមអំពីបញ្ហានេះ។
លោក ឡុង នរិន្ទ បានរៀបរាប់ថា ពួកកុម្មុយនីស្ដទ័ពព្រៃខ្មែរក្រហម បានបង្កើតស្ថានីយ៍វិទ្យុមួយ ដែលមានឈ្មោះថា វិទ្យុរណសិរ្សរួបរួមជាតិប្រជាធិបតេយ្យ ដែលវៀតណាមបានផ្ដល់ទីកន្លែងឲ្យធ្វើការផ្សាយចេញពីទីក្រុងហាណូយសម្រាប់បម្រើដល់ការតស៊ូប្រដាប់អាវុធនៅកម្ពុជា។
ថ្វីបើដូច្នេះមន្ដ្រីផ្លូវការស្ថានទូតវៀតណាម បានបដិសេធការចោទប្រកាន់របស់អតីតមេដឹកនាំខ្មែរក្រហមពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងហាណូយ។
ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា វៀតណាម និងពួកខ្មែរក្រហមធ្លាប់ត្រូវរ៉ូវគ្នាក្នុងការជួយជ្រោមជ្រែងការតស៊ូរៀងៗខ្លួន ប៉ុន្ដែបានចាប់ផ្ដើមបែកបាក់គ្នាមុននឹងពួកខ្មែរក្រហមបានឡើងកាន់អំណាច។
លោក សុខ សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ការលើកឡើងពីការជាប់ពាក់ព័ន្ធរបស់បរទេសនៃពួកអតីតមេដឹកនាំខ្មែរក្រហមអាចជាវិធីសាស្ដ្រស្វែងរកការសម្រាលទោស និងជាការព្យាយាមបង្ហាញពីភាពត្រឹមត្រូវនៃទ្រឹស្ដីកុម្មុយនីស្ដ បែបម៉ៅនិយម។
សូមបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃនេះ បានបន្ដបើកសវនាការដេញដោលវែកញែកលើឬសគល់នៃការកកើត នៃបក្សកុម្មុយនីស្ដពួកខ្មែរក្រហម។ ជនជាតិដើមភាគតិច លោក រ៉ូម៉ាម យន់ អតីតគណៈស្រុកអណ្ដូងមាស ខេត្តរតនគិរី នៅក្នុងរបបខ្មែរក្រហមក៏បានផ្ដល់សក្ខីកម្មនៅក្នុងការកាត់ទោសនៅថ្ងៃនេះដែរ។ លោក រ៉ូម៉ាម យន់ បានឆ្លើយហាក់ដូចជាមានការស្ដាយក្រោយថា គាត់បាន «ជ្រុលខ្លួន» នៅក្នុងបក្សកុម្មុយនីស្ដជាមួយពួកខ្មែរក្រហម ហើយការធ្វើបដិវត្តន៍របស់ពួកខ្មែរក្រហមបានបង្ហាញភាពស្អាតស្អំតែពីដំបូងមុនការឡើងកាន់អំណាចតែប៉ុណ្ណោះ៕