ក្រុមហ៊ុន​បរទេស​ស្វែងរក​ឱកាស​​នៅ​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ «Silk Road» របស់​ចិន

  • Jim Randle

លោក​ប្រធានាធិបតី​ចិន Xi Jinping បក់​ដៃ​ជាមួយ​នឹង​មេដឹកនាំ​នានា​ ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ផ្លូវ​សូត្រ និង​ខ្សែ​ក្រវ៉ាត់ នៅ​ឧទ្យាន Yanqi Lake ជាយ​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃតី១៥ ខែឧសភា ឆ្នាំ២០១៧។

គម្រោង​របស់​ប្រទេស​ចិន​ ក្នុង​ការ​រៀបចំ​ធ្វើ​ទំនើប​កម្ម​ «ផ្លូវ​សូត្រ» Silk Road បុរាណ​របស់​ខ្លួន​ អាច​នឹង​ទទួល​បាន​ការ​វិនិយោគ​ជាង​១ទ្រ៊ីលាន (១លានលាន) ដុល្លារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួម​ជាមួយ​នឹង​ផ្លូវ​ពាណិជ្ជកម្ម​ដែល​រត់​កាត់​ទីផ្សារ​​កំពុង​រីកដុះដាល​ថ្មីៗ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ នៅ​ទូទាំង​ទ្វីប​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប។ ផ្លូវ​ពាណិជ្ជកម្ម​ឈ្មោះ​ «ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ» ដែល​លាត​សន្ធឹង​ចាប់​ពី​ប្រទេស​ចិន ទៅ​ដល់​ក្រុង​ឡុងដ៍​ និង​អាហ្វ្រិក មាន​គោលបំណង​បង្កើន​សេដ្ឋកិច្ច​ចិន និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន​ទៀត​ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ តាម​រយៈ​ការ​ជួយ​សម្រួល​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​ភាព​ងាយស្រួល​ជាង​មុន និង​មាន​តម្លៃ​ទាប​ជាង​មុន។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​ឥឡូវ​នេះ ទាំង​ផ្លូវថ្នល់​ ផ្លូវ​រថភ្លើង បំពង់​បង្ហូរ​ទឹក កំពង់ផែ ប្រព័ន្ធ​អគ្គិសនី បណ្តាញ​គមនាគមន៍ និង​គម្រោង​ផ្សេងៗ​ទៀត​ បាន​ផ្តល់​ឱកាស​ជាច្រើន​ដល់​ក្រុមហ៊ុន​ចិន ប៉ុន្តែ​មិន​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​ក្រុមហ៊ុន​នៅ​ខាង​ក្រៅ​ប្រទេសនោះ​ទេ។

លោក Derek Scissors ​ជាអ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង​និយាយ​ថា ក្រុមហ៊ុន​ចិន​នឹង​ទទួល​បាន «គម្រោង​ធំៗ​ច្រើន​ជាង​គេ»។

លោក Tom Miller ​គឺ​ជា​អ្នក​និពន្ធ​សៀវភៅ «ក្តី​សុបិន្ត​នៅ​អាស៊ី​របស់​ចិន៖ ការ​កសាង​អាណាចក្រ​មួយ​តាម​ផ្លូវ​សូត្រ​ថ្មី ឬ​ជា​ភាសា​អង់គ្លេស​ថា China's Asian Dream: Empire Building Along The New Silk Road » បាន​និយាយ​ថា ធនាគារ​ចិន​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ជា​ច្រើន ​ក្នុង​គោលបំណង​នាំ​ចេញ​បច្ចេកវិទ្យា​ចិន និង​បង្កើត​តម្រូវ​ការ​ថ្មី​សម្រាប់​ផលិតផល​ចិន។ លោក Miller និយាយ​ថា ប្រទេស​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចិន​ ទំនង​នឹង​ទិញ​ផលិតផល​ចិន​ក្នុង​ពេល​អនាគត ហើយ​នឹង​ធ្វើ​ការងារ​នានា​ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្រៅ​ប្រទេស។

លោកស្រី Lourdes Casanova ​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​រីកចម្រើន Emerging Market នៃ​សាកលវិទ្យាល័យ Cornell ​និយាយ​ថា ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ការ​វិនិយោគ​ទាំង​នេះ​ដើម្បី «ទទួល​បាន​អំណាច​ផ្នែក​យុទ្ធសាស្ត្រ»។

លោកស្រី Casanova និយាយ​ថា ក្រុមហ៊ុន​៥​ក្នុង​ចំណោម​ក្រុមហ៊ុន​សំណង់ និង​វិស្វកម្ម​ធំៗ​នៅ​ក្នុង​ពិភពលោក (វាស់​តាមរយៈ​ប្រាក់​ចំណូល) បូក​រួម​ទាំង​ធនាគារ​ចំនួន​៤​ក្នុង​ចំណោម​ធនាគារ​ធំ​បង្អស់​ទាំង​៥​ (វាស់​តាម​រយៈ​ទ្រព្យ​សកម្ម) គឺជារបស់ចិន។ អ្នក​ស្រាវជ្រាវ និង​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ Cornell រូប​នេះ​និយាយ​បន្ត​ទៀតថា ក្រុមហ៊ុន​ចិន​ទទួល​បាន​បទ​ពិសោធន៍​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ ក្នុង​ការ​សាងសង់​គម្រោង​ធំៗ​ផ្សេង​ទៀត​នៅ​ក្រៅ​ប្រទេស។

លោក Scissors បាន​និយាយ​ថា ក្រុមហ៊ុន​វិស្វកម្ម​ចិន​អាច​ធ្វើ​ការ​ក្នុង​ស្ថានភាព​ពិបាក​បាន​ល្អ​ជាង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក។ លោក​បន្ត​ថា ក្រុមហ៊ុន​ចិន​មិន​ចាំបាច់​បង្ហាញ​ពី​ប្រាក់​ចំណេញ​នោះ​ទេ ហើយ​នៅ​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ ពួកគេ​មាន​បទពិសោធន៍​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នីហ្សេរីយ៉ា អេក្វាឌ័រ និង​កន្លែង​ផ្សេងៗ​ទៀត។

លោកស្រី Casanova និយាយ​ថា វា​អាច​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​គម្រោង «ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ» ប៉ុន្តែ​ពួកគេ​នឹង​នៅ​តែ​អាច​ទាក់ទាញ​ការ​វិនិយោគ ដោយសារ​តែ​ពួកគេ​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ចំនួន​ដ៏​ «ច្រើន»។

ឱកាស​ថ្មីៗ

ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ បរិយាកាស​ជំនួញ​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ ហើយ​ពួកគេ​កំពុង​ពិចារណា​ឡើង​វិញ​លើ​ការ​វិនិយោគ ដែល​អាច​នឹង​ប៉ះពាល់​ដល់​គម្រោង​ថ្មីៗ​ដូចជា​ គម្រោង «ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ»។ ការ​ស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ សភា​ពាណិជ្ជកម្ម​អាមេរិកាំង​ក្នុង​ប្រទេស​ចិន​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​បន្ថយ​ល្បឿន​នៃការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ឬ​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ខ្លះ​ទៅ​កាន់​ប្រទេស​ផ្សេង។ សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​នេះ​បាន​ត្អូញត្អែរ​ថា ការ​អនុវត្ត​ច្បាប់ «មិន​បាន​ល្អ» បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​រងគ្រោះ ខណៈ​ដែល​ការធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​កំពុង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ទាំង​នេះ។

ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិកាំង​ធំៗ​ដូចជា​ក្រុមហ៊ុន GE ក្រុមហ៊ុន Honeywell និង​ក្រុមហ៊ុន Caterpillar បាន​ធ្វើ​ជំនួញ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន និង​មើល​ឃើញ​នូវ​ឱកាស​នានា​ក្នុង​គម្រោង​ផ្លូវ​សូត្រ​នេះ។
ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Caterpillar បាន​កើន​ឡើង​តាមរយៈ​ការ​លក់​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​នេះ​និយាយ​ថា ខ្លួន​បាន​ «ចូលរួម​យ៉ាង​ខ្លាំង» នៅ​ក្នុង​ការ​ផ្តួចផ្តើម​ផ្លូវ​សូត្រ​ថ្មី​នេះ ដែល​ខ្លួន​មើល​ឃើញ​ថា ជា​ «ឱកាស​រយៈពេល​វែង​មួយ»។

បុគ្គលិក​របស់​ក្រុមហ៊ុន Caterpillar និយាយ​ថា ក្រុមហ៊ុន​ប្រើប្រាស់​ធនធាន​សាកល​ ដើម្បី​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ក្នុង​ប្រទេស​ចំនួន​២០ផ្សេង​ទៀត នៅ​តាម​បណ្តោយ​ផ្លូវ​សូត្រ​ថ្មី​នេះ។ ក្នុង​រយៈពេល​៤០ឆ្នាំ ដែល​ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចិន ក្រុមហ៊ុន Caterpillar បាន​វិវត្ត​ពី​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន​ចូល​ក្នុង​ប្រទេស​ចិន ហើយ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ដៃគូ​ក្នុង​ស្រុក​ក្នុង​ការ​ចែកចាយ​បច្ចេកវិទ្យា ហើយ​ឥឡូវ​នេះ​យើង​បាន​សាងសង់​រោងចក្រ​ និង​មជ្ឈមណ្ឌល​នានា​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចិន។

ក្រុមហ៊ុន Honeywell មាន​បុគ្គលិក​ចំនួន​១៣.០០០នាក់​នៅ​ក្នុង​ប្រទេស​ចិន និង​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៦។ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​នេះ​និយាយ​ថា បុគ្គលិក​របស់​ពួកគេ​ រួម​មាន​អ្នក​វិទ្យាសាស្ត្រ​ និង​វិស្វករ​ចិន​រាប់​ពាន់​នាក់ ដែល​កំពុង​ជួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Honeywell ក្លាយ​ជា​ក្រុមហ៊ុន​ចិន​ក្នុង​ស្រុក​មួយ​ អាច​ផ្គត់ផ្គង់​រាល់​តម្រូវ​ការ​របស់​ជំនួញ​ និង​អតិថិជន​ក្នុង​ស្រុក​បាន។ ក្រុមហ៊ុន​នេះ​លក់​ផលិតផល​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​រុករក​ប្រេង និង​ឧស្ម័ន ប្រតិបត្តិការ​នៅ​ព្រលាន​យន្ត​ហោះ មន្ទីរ​សុខាភិបាល និង​សកម្មភាព​ផ្សេងៗ​ទៀត។

លោក Jeff Immelt ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន General Electric បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​នា​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ចិន​ ជាង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដោយ​មាន «ធនធាន​ក្នុង​ស្រុក​ក្នុង​បរិបទ​សាកល»។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន GE មាន​បុគ្គលិក​ចំនួន​២០.០០០នាក់​នៅ ក្នុង​ប្រទេស​ចិន ធ្វើ​ការ​នៅ​ក្នុង​ «រោងចក្រ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាច្រើន»ទៀត។ លោក​និយាយ​ថា ក្រុមហ៊ុន​លោក​បាន​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុមហ៊ុន​សំណង់​ចិន​ ហើយ​ក្រុមហ៊ុន​លោក​បាន​នាំ​មុខ​គេ​ក្នុង​វិស័យ​ថាមពល សុខាភិបាល អាកាសចរណ៍ និង​ប្រេង។​

សិទ្ធិ​មនុស្ស​

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​និយាយ​ថា នៅ​មាន​ក្តី​បារម្ភ​មួយ​ទៀតគឺ​ភាពចាំបាច់​ក្នុង​ការ​បណ្តេញ​មនុស្ស​មួយ​ចំនួន​ចេញ​ពី​ផ្លូវ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ​នេះ។ លោកស្រី Sophie Richardson ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​ប្រទេស​ចិន​បាន​ប្រាប់ VOA ថា​ មិន​ទាន់​មាន​ភាព​ច្បាស់លាស់ទេ​ថា​ តើ​គម្រោង​ដ៏​មហិមា​និង​ធំៗ​ទាំង​នេះ​ នឹង​ប៉ះពាល់​មក​លើបញ្ហា​សិទ្ធិ​មនុស្សយ៉ាង​ដូម្តេច ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា មាន​មូលហេតុ​ដែល​ត្រូវ​បារម្ភ​ ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​នៅ​តាម​ផ្លូវ​សូត្រ​ «បាន​កាន់​អំណាច​ដោយ​សារ​តែ​ការរំលោភបំពាន​នានា»។ ​

លោកស្រី Richardson និយាយ​ថា ប្រទេស​ចិន​ «បាន​រឹត​បន្តឹង​ការ​ឃ្លាំ​មើល និង​ការ​បង្ក្រាប» ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​បះបោរ​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ខូច​គម្រោង​ «ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ» នៅ​ក្នុង​ខេត្ត Xinjiang។ តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន​ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផ្លូវ​សូត្រ និង​ជា​ជម្រក​របស់​ជនជាតិ​ អ៊ុយហ្គ័រ (Uighurs) ​កាន់​សាសនា​មូស្លីម​ ១០លាន​នាក់ ដែល​មានវប្បធម៌ ភាសា និង​ជំនឿខុស​គ្នា​ពី​ជនជាតិ​ចិន ។ ខេត្ត Xinjiang បាន​ក្លាយ​ជា​តំបន់​ជនជាតិ​ភាគ​តិច​ និង​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ ហើយ​ត្រូវ​បាន​ប៉ូលិស​ និង​យោធា​ចិន​ដើរ​ត្បាត​យ៉ាង​ខ្លាំង។

លោកស្រី Richardson និយាយ​ថា ក្រុមហ៊ុន​ឯកជន​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​ចាត់​វិធានាការ​ដើម្បី​កាត់​បន្ថយ ឬ​ចៀសវាង​ហានិភ័យ។ លោកស្រី​និយាយ​ថា កាតព្វកិច្ច​ទាំង​នេះ​មាន​ចែង​នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គភាព​ពាណិជ្ជកម្ម​ធំៗ​របស់​ចិន។ ក្រុមហ៊ុន​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​វាយតម្លៃ​តាមរយៈ​ការ​ដោះស្រាយ​បាតុកម្ម​ដោយ​សន្តិវិធី៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ