ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមបានទាមទារឲ្យសាលាក្តីខ្មែរក្រហមស៊ើបអង្កេតបន្ថែមលើករណីលេខ០០៣ និង០០៤ដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យចំនួន៥នាក់ទៀត ដែលសុទ្ធសឹងជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ ការទាមទារនេះត្រូវបានធ្វើឡើងខណៈដែលសាលាក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិបានបញ្ចប់សវនាការបឋមរយៈពេល៤ថ្ងៃរបស់ខ្លួនលើសំណុំរឿងក្តីលេខ០០២កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនាកន្លងទៅនេះ។ សំណុំរឿងលេខ០០២ ជាប់ពាក់ព័ន្ធនឹងមេដឹកនាំកំពូលៗចំនួនបួនរូបនៃសម័យខ្មែរក្រហម រួមមាន នួន ជា អតីតប្រធានសភា ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងប្រពន្ធរបស់គាត់គឺ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហម។ ចំណែកសំណុំរឿងលេខ០០១ ដែលជាប់ពាក់ព័ន្ធនឹងកាំង ហ្កិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ឬគុកទួលស្លែងនោះ ទើបតែត្រូវបានជំនុំជម្រះចប់សព្វគ្រប់កាលពីខែមីនាឆ្នាំ២០១១នេះ។
លោក ឥន្ទ វុទ្ធី គឺជាជនរងគ្រោះម្នាក់នៅក្នុងរបបខ្មែរក្រហមអះអាងថា លោកបានបាត់បង់បងប្អូន និងសមាជិកគ្រួសារសរុបចំនួន១១នាក់នៅក្នុងរបបនោះ។ លោកមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរកាលពីពេលថ្មីៗនេះថា លោកនឹងមិនអស់ចិត្តទេប្រសិនបើគ្មានការស៊ើបអង្កេតបន្ថែមទៅលើករណីទាំងនោះ។ លោកថ្លែងដូច្នេះថា៖
«អានេះ គេថា ភាពមិនអស់ចិត្ត។ ដូច្នេះអាហ្នឹងវាអត់មានផ្សះផ្សាររបួសផ្លូវចិត្តបានទេ។ អញ្ចឹងហើយបានទាមទារឲ្យមានដល់០០៣ទៅទៀត ពីព្រោះយើងថា ប៉ុន្មាននាក់នេះ វាអត់ទាន់គ្រប់ទេ ព្រោះយើងអត់បានចម្លើយថាហេតុអ្វីបានជាអញ្ចឹង នរណាឲ្យធ្វើអញ្ចឹង។ ទាល់តែបានអាហ្នឹង បានថាយើងទទួលបានយុត្តិធម៌»។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងក្តីលេខ០០៣ កាលពីចុងខែមេសាកន្លងទៅនេះ ដោយអះអាងថា ពួកខ្លួនបានស៊ើបអង្កេតលើករណីនេះអស់រយៈពេល២០ខែកន្លងមកហើយ។ ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតបានខកខានក្នុងការបង្ហាញពីដំណើរការស៊ើបអង្កេតបន្ថែមលើសំណុំរឿងក្តី០០៤។
ជនរងគ្រោះនៃរបបខ្មែរក្រហមដែលមានមន្ទិលសង្ស័យបានទាមទារចង់ឲ្យមានការស៊ើបអង្កេតលម្អិតបន្ថែមទៀតលើករណីនោះ។
លោក ជុំ ស៊ីរ៉ាត គឺជាអនុប្រធានសមាគមជនរងគ្រោះដោយរបបខ្មែរក្រហមមួយឈ្មោះក្សេមក្សាន។ លោកមានប្រសាសន៍ដោយហៅការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមនោះថាជាទង្វើឥតបានការ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«គ្មានអ្នកណាដឹងថាតើគាត់ធ្វើឬមិនធ្វើ។ គ្មានតម្លាភាព។ បើសាធារណៈជនមិនដឹង តើការស៊ើបអង្កេតហ្នឹងបានការអី។ ក្នុងរឿងខ្មែរក្រហមហ្នឹង យើងរកការពិត។ យើងមិនមែនរកការសងសឹកទេ ដើម្បីឲ្យយើងស្ងប់នៅក្នុងអារម្មណ៍របស់យើង ដើម្បីយើងរៀបចំខ្លួនយើងរកការផ្សះផ្សារជាតិបាន។ ចុះបើគ្មានការពិត ហើយមិនដឹងការពិតហ្នឹងយ៉ាងម៉ិចផង តើបានការអីដែលថា បានស៊ើបអង្កេត២០ខែដែរនោះ?»។
ក្រុមខ្មែរក្រហមត្រូវបានស្តីបន្ទោសចំពោះការស្លាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណ១.៧លាននាក់ ដោយសារការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម និងការកាប់សម្លាប់នៅក្រោមការគ្រប់គ្រងរបស់ពួកគេចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
ក្រៅពីអតីតមេដឹកនាំក្រុមនេះចំនួន៥នាក់ ដែលត្រូវបាននាំខ្លួនយកមកជំនុំជម្រះទោសនោះ ជនរងគ្រោះក្នុងសម័យខ្មែរក្រហមជឿថា អតីតមេដឹកនាំជាន់ខ្ពស់នៃរបបនោះយ៉ាងតិចចំនួន៥នាក់ទៀតដែលក្នុងនោះរួមមានអតីតមេបញ្ជាការទ័ពជើងទឹក និងអាកាសរបស់ខ្មែរក្រហមផង គួរត្រូវបាននាំខ្លួនយកមកឲ្យទទួលខុសត្រូវដែរ ចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅសម័យនោះ។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានជំទាស់នឹងការនាំខ្លួនអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមបន្ថែមទៀត យកមកជំនុំជម្រះទោសដោយសំអាងហេតុផលថា ការធ្វើបែបនេះ អាចរុញច្រានប្រទេសឲ្យធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិលជាថ្មីទៀត។
តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកតាមដានដំណើរការសាលាក្តីខ្មែរក្រហម បានលើកឡើងថា សាលាក្តីខ្មែរក្រហមយ៉ាងហោចណាស់ក៏គួរតែស៊ើបអង្កេតលើករណី០០៣និង០០៤បន្ថែមទៀត ទោះបីជាខ្លួនសម្រេចចោទឬមិនចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមដែលពាក់ព័ន្ធទាំងនោះក៏ដោយដើម្បីបង្ហាញពីឯករាជ្យភាពពិតប្រាកដរបស់ខ្លួន និងដើម្បីជំរុញឲ្យមានការចូលរួមបន្ថែមទៀតពីជនរងគ្រោះនៅក្នុងសម័យខ្មែរក្រហម។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភជាបន្តបន្ទាប់ថា សាលាក្តីខ្មែរក្រហមអាចនឹងបោះបង់សំណុំរឿង០០៣និង០០៤នេះចោល។
លោក ឡុង បញ្ញាវុធ មន្ត្រីគម្រោងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ ដោយប្រៀបប្រដូចសាលាក្តីខ្មែរក្រហមបច្ចុប្បន្នទៅនឹងតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩ ខណៈដែលរដ្ឋាភិបាលបានព្យាយាមរាំងខ្ទប់សំណុំរឿងក្តី០០៣និង០០៤ មិនឲ្យដំណើរការទៅមុខបាន។ លោកមានប្រសាសន៍ថា៖
«ប្រសិនបើសំណុំរឿង០០៣ និង០០៤មិនត្រូវបានមើលឃើញថា មានតម្លាភាព មិនមានព័ត៌មានត្រូវបានបញ្ចេញមកទេ ដូច្នេះ វាជាការលំបាកមែនទែនសម្រាប់ឲ្យជនរងគ្រោះចូលរួមថែមទៀត និងគាំទ្រដំណើរការសាលាក្តី។ សាលាក្តីក៏ពិបាកក្នុងការបង្ហាញជាសាធារណៈថា ខ្លួនជាតុលាការឯករាជ្យ ជាតុលាការមួយអព្យាក្រិតភាព។ វាខុសគ្នាយ៉ាងម៉ិចពីតុលាការឆ្នាំ១៩៧៩ ដែលរដ្ឋាភិបាលកម្ពុជាជាអ្នកបង្កើត ហើយកាត់ក្តី តែនរណាដែលរដ្ឋាភិបាលចង់កាត់ក្តី»។
សាលាក្តីខ្មែរក្រហមបានបដិសេធចំពោះការលើកឡើងអំពីការជ្រៀតជ្រែក ឬការគាបសង្កត់ផ្នែកនយោបាយពីរដ្ឋាភិបាលកម្ពុជា នៅក្នុងដំណើរការសម្រេចចិត្តរបស់ខ្លួន។
លោក ឌឹម សុវណ្ណារុំ គឺជាមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីនេះ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បំពេញបេសកម្មដោយឯករាជ្យ ស្ថិតក្នុងគោលដៅមួយស្វែងរកការពិត និងយុត្តិធម៌។ ហើយកន្លងមកសហចៅក្រមស៊ើបអង្កេតបានជម្រាបជូនសាធារណៈជនហើយថា ការងារដែលសហចៅក្រមស៊ើបអង្កេត ធ្វើរហូតមកដល់ពេលនេះ គឺជាការងារឯករាជ្យសុទ្ធសាធ។ ដូច្នេះ ការដែលគេនិយាយថា ចង់ឲ្យមានឬមិនឲ្យមាន [ករណី០០៣ និង០០៤] គឺជាសិទ្ធិរបស់គេ ប៉ុន្តែតុលាការនឹងបង្ហាញអំពីឆន្ទៈរបស់ខ្លួនយ៉ាងក្បោះក្បាយ នៅពេលដែលសហចៅក្រមស៊ើបអង្កេតនឹងចេញដីការដំណោះស្រាយក្នុងសំណុំរឿង០០៣ នៅក្នុងពេលខាងមុខនេះ»។
ដូច្នេះ ជនរងគ្រោះក្នុងរបបខ្មែរក្រហមនឹងត្រូវរង់ចាំមើលថា តើសាលាក្តីខ្មែរក្រហម នឹងដោះស្រាយយ៉ាងដូចម្តេចជាមួយករណី០០៣និង០០៤តទៅទៀត៕