សម្រាប់​អ្នក​ភូមិមួយ​ចំនួន​ជំរឿន​ដូច​ជា​មិន​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​ពួក​គេ​ប្រសើរ​ឡើង​នោះ​ទេ

អ្នកស្រី កាន់ សារីន វ័យ ៤៨ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុកគ្រួសារ រស់នៅក្នុងខណ្ឌច្បារអំពៅ សង្កាត់ក្បាលកោះ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩។ អ្នកស្រីបានប្រាប់វីអូអេថា អ្នកស្រីចង់បានមន្ទីរពេទ្យនៅក្នុងភូមិ។ (ផន បុប្ផា/VOA Khmer)

ថ្វី​បើ​រដ្ឋាភិបាល​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​​ជំរឿន​ប្រជា​សាស្ត្រ​ឆ្នាំ​២០១៩​កាល​ពី​ថ្ងៃ​ពុធ​ ​ ប៉ុន្តែ​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​​សង្កេត​ការណ៍​មួយ​​នៅ​ពេល​ដែល​​​ការ​ធ្វើ​ជំរឿន​កំពុង​តែ​ដំណើរ​ការ។​ នៅ​ក្នុង​កិច្ច​ដំណើរ​ការ​ជំរឿន​នោះ​ ​ប្រជា​ពលរដ្ឋ​និង​មន្ត្រី​ជំរឿន​មួយ​ចំនួន​បាន​លើក​ពី​កង្វះ​ពេល​វេលា​និង​មិន​មាន​ចំនួន​មន្ត្រីគ្រប់​គ្រាន់​សម្រាប់​​ធ្វើ​ជំរឿន​រយៈ​ពេល​១១​ថ្ងៃ។ ​ក្នុង​នោះ​សំណួរ​​មួយ​ចំនួន​មិន​ត្រូវ​បាន​លើក​មក​ចោទ​សួរ​នោះ​ទេ។

នៅ​ពេល​ក្រុមអ្នក​ធ្វើ​ជំរឿន​ទៅ​ដល់​ផ្ទះ​របស់​អ្នកស្រីកាន់​ សារីន ​នៅ​ខណ្ឌ​ច្បារ​អំពៅ​ នៅប៉ែក​ខាង​កើត​នៃរាជធានី​ភ្នំពេញ​ ​អ្នកស្រីបាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ដើម្បី​ឆ្លើយនឹង​សំណួរផ្សេងៗ ​និង​ប្រាប់​ពី​តម្រូវ​ការ​របស់​អ្នក​ស្រី​និង​តម្រូវ​ការ​ក្នុង​សហគមន៍អ្នក​ស្រី។​

ក្នុង​វ័យ​៤៨​ឆ្នាំ​ អ្នកស្រី​កាន់ សារីនចង់​បានមន្ទីរពេទ្យ​មួយនៅ​ក្នុង​ភូមិ​អ្នកស្រី​ផ្ទាល់​ដើម្បី​ជួយ​កាត់​បន្ថយ​ចំណាយ​ទាំង​ប្រាក់​កាស ​និង​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ស្វែង​រក​កន្លែង​ព្យាបាល។​ ដ្បិតនៅ​ពេល​ដែល​សមាជិក​គ្រួសារ​ណា​មួយ​នៅ​ក្នុង​ភូមិ ​ឬ​ក៏​សមាជិក​គ្រួសារ​របស់​អ្នក​ស្រី​មាន​ជំងឺ​ ហើយ​ត្រូវ​ការ​ការ​ព្យាបាល​ អ្នកស្រីនិង​អ្នក​ភូមិត្រូវ​ធ្វើ​ដំណើរទៅ​រក​ការ​ព្យាបាល​នៅរាជធានី​ភ្នំពេញ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ភូមិ​របស់​អ្នកស្រី។​ ប៉ុន្តែ​អ្នក​ស្រី​មិន​មាន​ឱកាស​ប្រាប់​ពី​សេចក្តី​ត្រូវការ​ទាំង​នេះ​ទៅ​កាន់​អ្នក​ចុះ​មក​ធ្វើ​ជំរឿន​កាលពី​ខែ​មីនា​កន្លង​ទៅ​នោះ​ទេ។

«គេ​អត់សួរ​ទេ!​ ​គេ​អត់សួរទេ! គេ​អត់​សួរ​ថា​ ភូមិ​យើង​មាន​មន្ទីរពេទ្យអត់។​ មាន​អ្នកឈឺ​ មានអី​អត់​ ដូចថា​ពេលឈឺ​មាន​អី​ដឹក​ទៅ​មន្ទីរពេទ្យ​អត់។ ​អត់មាន​សួរ​ទេ។ ​ទាំងអស់​ អត់​មាន​សួរ​ទេ។ ​ហើយ​ពេទ្យ​មាន[ជិត​]អី! នៅឆ្ងាយ​ណាស់។ ​ហ្ន! ​នៅ​ថ្នល់​ឯណោះ។​ មិនមែន​នៅក្នុង​ភូមិ​ហ្នឹង​ណា។​ ហើយ​ចុះ​គ្នា​អ្នក​អត់ ​អ្នក​អី​ហ្នឹង​ ពិបាក​យ៉ាង​ណា?»​

Your browser doesn’t support HTML5

សម្រាប់​អ្នក​ភូមិមួយ​ចំនួន​ជំរឿន​ដូច​ជា​មិន​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​ពួក​គេ​ប្រសើរ​ឡើង​នោះ​ទេ

ក្រុម​អ្នក​ធ្វើ​ជំរឿន​ប្រជា​ពល​រដ្ឋ​ឆ្នាំ​២០១៩​បាន​កាន់​ជាប់​នឹង​ខ្លួន​នូវ​កម្រង​សំណួរ​ជាច្រើន​ដែល​មាន​កម្រាស់​ប្រាំ​មួយ​ទំព័រ។ ​ប៉ុន្តែ​អ្នក​ស្រី​កាន់ សារីន​បាន​បញ្ជាក់​ថា​ ​អ្នក​សម្ភាស​ដើម្បី​ធ្វើ​ជំរឿន​នៅ​ផ្ទះ​អ្នកស្រី​បានចំណាយ​ពេល​ប្រមាណ២០​នាទីដើម្បី​សួរនូវ​កម្រង​សំណួរដែល​មានជាង​២០សំណួរ​នេះ។​

«អត់​បាន​សួរ​បញ្ជាក់​ទេ។​ គេ​សរសេរ​ប្រញាប់ៗ​អ៊ីចឹង​ទៅ!​ គាត់​ប្រញាប់​ពេក​ មិន​បាន​សួរ‍»។​

រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ជំរឿនរៀង​រាល់​ដប់​ឆ្នាំ​ម្តង។​ រដ្ឋាភិបាល​កម្ពុជាបាន​ចំណាយ​ប្រាក់​ជាង​៨,៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩​នេះ​ ដើម្បី​បាន«តួលេខ​ប្រជា​សាស្ត្រ​ពិតប្រាកដ» ដែលអនុញ្ញាត​ឲ្យ​រដ្ឋាភិបាលរៀប​ចំ​គោល​នយោបាយ​ត្រឹមត្រូវ​សម្រាប់កិច្ច​អភិវឌ្ឍន៍​និងធ្វើឲ្យ​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​ប្រសើរ​ឡើង។​

ក៏​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​បានចូល​រួម​ដំណើរ​ការ​ជំរឿន​ឆ្នាំ​នេះ​បាន​ប្រាប់​វីអូអេ​ថា ​ពួកគេ​មិន​ត្រូវបាន​គេ​សួរ​សំណួរច្រើន​ពាក់ព័ន្ធនឹង​ស្ថានភាព​សហគមន៍និង​តម្រូវការ​ចាំបាច់ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ឡើយ។​

នៅ​ចម្ងាយ​ពី​ផ្ទះអ្នកស្រី​កាន់ សារីនប្រហែល​ជា​កន្លះ​គីឡូម៉ែត្រ ​ ​អ្នកស្រី​ស្រី​ គន្ធាធ្វើ​ជា​កម្មការិនី​រោងចក្រកាត់ដេរ​ជាង​២០​ឆ្នាំ​មក​ហើយ។​ អ្នកស្រីគន្ធា​ក៏​បានលើក​ពី​បញ្ហា​ដូច​គ្នា​នេះ​ដែរ។​

«បើ​តាម​ខ្ញុំ​មើល​ទូរទស្សន៍​ទៅ​ មាន​អីល្អ​តើ! ​ជំរឿន​ហ្នឹង​គឺ​ថា​ ​គេ​ចង់​ដឹង​ថា ប្រជា​ជន​ហ្នឹងមាន​ជីវភាព​ធូរធា​អត់​អ៊ីចឹង​ទៅណា៎ បាន​គាត់​សួរ​អ៊ីចឹងទៅណា​ជំរឿន​ហ្នឹង។ ​គាត់​សួរ​ប្រហែល​ប្រមាណ​១៥​នាទី​អី​ហ្នឹង»។​

ថ្វី​បើ​ការ​ធ្វើ​ជំរឿន​ប្រជាជន​បាន​បញ្ចប់​ទៅ​ហើយ​ក្តី​ ​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​វីអូអេ​បាន​ជួប​សម្ភាសក្នុង​អំឡុង​ពេល​ជំរឿន​នោះ​មិន​បាន​ដឹង​ពី​សារ​សំខាន់​នៃ​ការ​ធ្វើ​ជំរឿន​នោះ​ទេ។ ​ដោយ​ឡែក​មន្ត្រី​មូល​ដ្ឋាន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ជំរឿនក៏​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ផង​ដែរ។​

លោកផុន កុសល​ វ័យ៥៧​ឆ្នាំ ​ជា​អ្នក​ជំរឿន​ក្នុង​សង្កាត់​បាក់ខែង​ទីក្រុង​ភ្នំពេញ​លើក​ឡើង​ថា ​អ្នក​ភូមិ​យល់​ដឹង​តិចតួច​អំពី​ការ​ធ្វើ​ជំរឿន។​ ហើយ​ការណ៍​នេះបាន​បង្ក​ការ​លំបាក​សម្រាប់លោក។​

«ចូល​កន្លែងណា​ពិបាក​ ចង់​២០នា​ទី​អីដែរ​ហ្នឹង​ណា៎ ព្រោះ​គាត់​អត់​សូវយល់​អ៊ី​ចឹងទៅណា៎។ ​យើង​សួរ​ទៅ​ ​គាត់​នៅ​ទាក់​ទើរៗ។ ​អ៊ីចឹងបាន​ន័យ​ថា​ ​១៥​ថ្ងៃ​អី​ហ្នឹង​យើង​ធ្វើ​អត់ទាន់ ​ដល់​ទៅ​២០​ថ្ងៃ»។​

មន្ត្រី​ជំរឿន​ចំនួន​ប្រមាណ៥០.០០០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រមូល​ទិន្នន័យ​ទូទាំង​ប្រទេស​ ដែល​មាន​ចំនួន​ភូមិ​ប្រមាណ​ជាង១៤.០០០។​ មន្ត្រី​ជំរឿន​ម្នាក់ៗ​ទទួល​បាន​ប្រាក់​កម្រៃ​ចំនួន​៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់ការងារ​ជំរឿន​នេះ។​

សម្រាប់លោកយ៉ាន់ ហេង ​វ័យ៥៩​ឆ្នាំ ជា​មេ​ភូមិ​មួយ​នៅ​ក្នុងខណ្ឌ​ច្បារ​អំពៅ​ និង​ជា​មន្ត្រី​ជំរឿន​ផង​ដែរ​នោះ​ ​ចំនួន​មន្ត្រី​ជំរឿន​ខាង​លើមិន​អាច​ធានាប្រសិទ្ធ​ភាព​ការងារ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​ កាល​ពី​ខែ​មីនា​កន្លង​ទៅ។​

លោក​មេភូមិយ៉ាន់ ហេង​បាន​បន្ថែម​ទៀត​ថា ​ នៅ​ក្នុង​ភូមិ​របស់​លោក​មាន​អ្នក​សម្ភាស​ដើម្បី​ជំរឿន​តែ​ពីរ​នាក់​ប៉ុណ្ណោះគឺ​រូប​លោក ​និង​អនុប្រធាន​ភូមិ​របស់​លោក។ ​អ្នក​ទាំងពីរ​ត្រូវ​ដើរ​សម្ភាស​ប្រជា​ពលរដ្ឋ​ដែល​មាន​ជិត​៥០០​គ្រួសារ​ ​សម្រាប់​រយៈ​ពេល​កំណត់​ជា​ផ្លូវ​ការ​ចំនួន១១​ថ្ងៃ។​

ដូច្នេះ​រូប​លោក​និង​មន្ត្រី​ជំរឿន​ផ្សេង​ទៀត​បានរំលង​សំណួរ​មួយ​ចំនួន​ ហើយ​ត្រូវ​ធ្វើ​ការងារ​ទាំង​នេះដោយ​ប្រញាប់​ដើម្បី​អាច​ចប់​តាម​ពេល​កំណត់។

«ពិបាក​ណាស់!​ យើង​ត្រូវចូល​ផ្ទះ​ខ្លះ​ពី​ពីរ​ទៅ​បី​ដង។ ​ផ្ទះ​ខ្លះ​យើង​ជួប​មនុស្ស តែអត់​មាន​លទ្ធផល អត់​មាន​ឯកសារ។ ​មនុស្ស​ចាស់នៅ​[ តែ]​កូន​អ្នក​ទុក​ឯកសារ‍»។

ទោះ​បី​ជា​មានចំណុច​ខ្វះខាត​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ធ្វើ​ជំរឿន ​លោក​ស្រី ហង់ លីណា​ អគ្គនាយិកាវិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ​ បាន​និយាយ​ថា​ ​ការ​រំលង​សំណួរខ្លះៗ​ក្នុង​ដំណើរ​ការ​ជំរឿន​នឹង​មិន​ប៉ះ​ពាល់​ដល់​លទ្ធផល​ជំរឿន​នោះ​ទេ។​

លោកស្រីបន្ថែម​ថា​ ក្រសួង​បាន​ធ្វើការ​ស្ទង់​មតិ​ដាច់​ដោយ​ឡែក​មួយ​ដើម្បី​យក​ជា​សំណាកនៃ​ចំនួន​ប្រជាជន។​

«ដូច​ខ្ញុំ​បាន​ជម្រាប​អូន​អម្បាញ់មិញ​អ៊ីចឹង ក្រោយ​ជំរឿន​ហើយ ​យើង​មាន​អង្កេត​មួយ​វាស់​វែង​ហើយ​ អាហ្នឹង​អំពី​ការ​បាត់​បង់​សំណួរ ការ​រាប់​មិន​អស់​មនុស្ស​អី​ហ្នឹង។ ​យើង​យក​មក​ធ្វើ​ការ​គិត​គូរ​អី​ហើយ​គឺ​ថា​ ​អត់​មាន​បញ្ហា​អ្វី​ទេ​អូន»។​

ការធ្វើជំរឿន គឺចាំបាច់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសមួយ ដោយសារតែវាផ្តល់ទិន្នន័យស្ថិតិដែលជាបង្អែកសម្រាប់ការជជែកដេញដោលពីគោលនយោបាយមានហេតុផលអះអាងពីស្ថិតិដែលបានមកពីជំរៀន។ នេះជាការលើកឡើងរបស់លោក Michael Renfrew អ្នកស្រាវជ្រាវម្នាក់នៅវេទិកានាអនាគត។ លោកបន្តទៀតថា ស្ថិតិជំរឿនក៏ជួយដល់ការរៀបចំផែនការនយោបាយ និងការសម្រេចចិត្តលើគោលនយោបាយនានាឲ្យស្របតាមតម្រូវការប្រជាពលរដ្ឋពិតជាក់ស្តែង។

លោកនិយាយក្នុងន័យដើមយ៉ាងដូច្នេះថា៖

«ឧទាហរណ៍ ជំរឿន អាចកំណត់បានថាខេត្តមួយណាមានប្រជាពលរដ្ឋវ័យចំណាស់ច្រើន ហើយខេត្តណាដែលមានចំនួនប្រជាជនវ័យក្មេងច្រើន។ ការណ៍នេះអាចជាសំអាងដែលនាំឲ្យមានការផ្តល់មូលនិធិបន្ថែមលើប្រព័ន្ធថែទាំមនុស្សចាស់នៅខេត្តមួយ[ដែលមានមនុស្សចាស់]និងការវិនិយោគឲ្យមានឱកាសការងារ និងការបណ្តុះបណ្តាលនៅខេត្ត[ដែលមានមនុស្សវ័យក្មេង]»។

លោក Renfrew បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋយល់ដឹងអំពីការធ្វើជំរឿន ហើយយល់អំពីមូលហេតុថា ហេតុអ្វីបានជាត្រូវធ្វើជំរឿន នោះពួកគេនឹងចូលរួមឆ្លើយសំណួរបានកាន់តែល្អជាងនេះ និងអាចផ្តល់ព័ត៌មានត្រឹមត្រូវក្នុងដំណើរការជំរឿន។

តួលេខ​បណ្តោះ​អាសន្ន​នៃ​ការ​ធ្វើ​ជំរឿនប្រជាជន​ក្នុង​ឆ្នាំ​នេះ​បង្ហាញ​ថា​ ​ក្នុង​ចំណោម​ប្រជា​ជន​សរុប​ចំនួន​១៥.២៨៨.៤៨៩មាន​ប្រុស​ចំនួន​៧.៤១៨.៥៧៧​ និង​ស្រីចំនួន​៧.៨៦៩.៩១២​នាក់។​ នេះ​មាន​ន័យ​ថា​ មនុស្ស​ស្រី​ លើស​មនុស្ស​ប្រុស​ប្រមាណ៤​ម៉ឺន​នាក់។​

លោក​ស ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ធ្លាប់​បាន​លើក​ឡើង​ថា​ ចំនួ​ន​ប្រជាជន​កម្ពុជា​នេះ​នៅ​តិច​នៅ​ឡើយ។ ហើយ​កម្ពុជា​គួរ​តែ​មាន​ប្រជាជន​រហូត​ដល់​៣០​លាន​នាក់​ទើប​សម​ល្មម​នឹង​ទំហំ​ទឹកដី​ដែល​មាន។​ ទោះ​ជា​យ៉ាង​ណា​ចំនួន​ប្រជាជន​កម្ពុជា​បាន​កើន​ពី​៥,៧​លាន​នាក់​នៅ​ឆ្នាំ​១៩៦២​ដល់​១១​លាន​នាក់​នៅ​ឆ្នាំ​១៩៩៨។​ ហើយ​ចំនួន​ពលរដ្ឋ​កម្ពុជា​បាន​កើន​ដល់​១៣​លាន​នាក់​នៅ​ឆ្នាំ​២០០៨៕