ចម្រៀង​សម័យដើម​ដក់​ក្នុងអារម្មណ៍​ខ្មែរ​ជា​និច្ច​​ព្រោះវា​ជាមោទនភាព​ជាតិ

Your browser doesn’t support HTML5

តន្ត្រី​រ៉ក់​ខ្មែរ​ពី​ទសវត្សរ៍​១៩៥០​ដល់​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​គឺ​ជា​មោទនភាព​ជាតិ

អ្នកចូល​រួមក្នុង​កម្មវិធី​បញ្ចាំង​ខ្សែ​ភាពយន្ត​ «កុំស្មាន​បងភ្លេច»​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​សិល្បៈ​ដូរតន្ត្រី​ខ្មែរ​ពី​អំឡុង​ទសវត្សរ៍​១៩៥០​ដល់​ពាក់​កណ្តាល​ទស​វត្សរ៍​១៩៧០​ នៅ​វិទ្យា​ស្ថាន​ភាពយន្ត​ស.រ.អា.​ American Film Intitute (AFI) នៅ​ទីក្រុង​ Silver Spring ​រដ្ឋ​ Maryland ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​ និយាយ​ថា​ តន្ត្រី​រ៉ក់​ខ្មែរ​សម័យ​នោះ​ដក់​ជ្រៅ​ក្នុង​អារម្មណ៍​របស់​គេ​ ព្រោះ​វា​ជា​មោទនភាព​របស់​ខ្មែរ។​

ខ្សែ​ភាពយន្ត​ឯកសារ ​«កុំស្មានបងភ្លេច»​ដែល​រំឭក​អំពី​ប្រវត្តិ​ដូរតន្ត្រី​រ៉កខ្មែរ​នៅ​យុគសម័យ​មាស​នៃ​បទ​ចម្រៀង​ខ្មែរ​មុន​សម័យ​ខ្មែរក្រហម​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​និង​តន្ត្រីករ​កាន់តែ​មាន​មោទនភាព​ហើយ​កោត​សរសើរ​ស្នាដៃ​និពន្ធ​របស់​ខ្មែរ​ពិតៗ ​ដែល​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ។​

លោក​មិញ សុធីណ្ណ ​ជា​អ្នក​តែង​បទ​ភ្លេង ​បទ​ចម្រៀងតារា​ចម្រៀង​ជើងចាស់​ក្រោយ​សម័យ​ខ្មែរក្រហម ​មាន​ប្រសាសន៍​ថា ​មោទនភាព​របស់​ជនជាតិ​ខ្មែរ​ចំពោះ​បទចម្រៀងនៅ​យុគ​សម័យ​តន្ត្រីមាស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ចម្រៀង​សម័យ​នោះ​មិនស្លាប់​ ថ្វី​បើម្ចាស់​បទ​ចម្រៀង​លា​ចាកលោក​ទៅ​ហើយ​ក្តី។​

«អញ្ចឹង​សរុប​សេចក្តី​ទៅ​ អ្វី​ដែល​យើង​និយាយ​ថា ​ម៉េច​ក៏​បទ​ពី​ដើម​មាន​ឥទ្ធិពល​នោះ​គឺ​អ្នក​សរសេរ​ក៏​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ​អ្នកច្រៀង​ក៏​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ​អ្នក​ស្តាប់​ក៏​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់។ ​ចំណុច​សំខាន់​ដែល​យើង​នឹក​បទ​ហ្នឹង​តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន ​ទី​មួយ​គឺ​យើង​មិន​ចម្លង​គេ ​បទ​ដែល​យើង​និពន្ធ​សុទ្ធសាធ ​ដោយ​សា្នដៃ​កូន​ខ្មែរ​ពិត​ប្រាកដ​ ធ្វើ​ឲ្យ​បទ​នោះ​ដែល​មជ្ឈដ្ឋាន​ទូទៅ​ទទួល​ស្គាល់​ថា ​ជា​បទ​របស់​យើង។​អញ្ចឹង​យើង​នាំ​គ្នា​រក្សា​អ្វី​ដែល​ជា​របស់​យើង​រហូត​ដល់​បច្ចុប្បន្ន។​ បទ​បច្ចុប្បន្ន​នេះ​ ដែល​ចម្លង​នោះ ​យើងតែង​មាន​ចិត្ត​ថា ​អូ! ​ចម្លង​ទេ!​ អញ្ចឹង​វា​រសាត់​ឆាប់​ពីត្រចៀក​យើង ​ឆាប់​ពី​អារម្មណ៍​យើង​ភ្លាមៗ បាទ»។​

Your browser doesn’t support HTML5

តន្ត្រី​រ៉ក់​ខ្មែរ​ពី​ទសវត្សរ៍​១៩៥០​ដល់​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​គឺ​ជា​មោទនភាព​ជាតិ

ក្រោយពី​ទស្សនា​ខ្សែ​ភាពយន្ត​«កុំស្មានបងភ្លេច»​ និង​ការ​ប្រគុំ​តន្ត្រី​របស់​អតីត​តារា​តន្ត្រី​រ៉ក់ខ្មែរ​ជើង​ចាស់ ​លោក ​ទី ​ឌួង ​ទស្សនិក​ជន​មកពី​រដ្ឋ ​Virginia ​ថ្លែង​ថា៖​

«បាន​ឃើញ​ការ​សម្តែង​នេះ​ដោយ​ផ្ទាល់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាពអំពី​ខ្មែរ​ទេ ​តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ខ្វះ​ការ​យល់​ដឹង​អំពី​រឿង​នេះ។​ ខ្ញុំ​ចង់​ចាំ​ ពេល​ខ្ញុំ​នៅ​ក្មេង​នៅ​ស្រុក​ខ្មែរ ​ហើយ​ខ្ញុំ​មាន​មោទនភាព​ថា ​ខ្ញុំ​មក​ពី​កម្ពុជា»។​

លោក​ស៊ីន សេដ្ឋកុល ​ចៅ​ប្រុស​របស់​អធិរាជ​សំឡេង​មាស​ស៊ីន ស៊ីសាមុត​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ​ជា​កិត្តិយស​តំណាង​ឲ្យ​ជីតា​របស់​លោក។​

«ជា​មោទនភាព​ចំពោះ​ខ្លួន​ខ្ញុំ​ក៏​ដូចជាតិ​ទាំងមូល​តែ​ម្តង ​ពីព្រោះ​យក​មក​នេះ​គឺ​បង្ហាញ​ឲ្យ​គេ​ដឹង ​ឲ្យ​គេ​ឮ​ថា ​កម្ពុជា​យើង ​ខ្មែរ​យើង​ហ្នឹង​ មាន​តន្ត្រី ​ហើយ​មក​លេង​បទខ្មែរ​ហ្នឹង​ឲ្យ​គេ​ស្តាប់ ​ឲ្យ​ជនជាតិ​បរទេស​ស្តាប់។ ​បាទ!​ សប្បាយ​ចិត្ត​ ជា​មោទនភាព​ចំពោះ​ខ្ញុំ​មែន​ទែន»។​

Your browser doesn’t support HTML5

ខ្សែភាពយន្ត​ «កុំស្មានបងភ្លេច» ​ធ្វើឲ្យ​ទស្សនិកជន​រំជួលចិត្ត

លោក ​John Pirozzi ​ផលិត​ករ​ខ្សែភាពយន្ត​«កុំស្មាន​បង​ភ្លេច»​ ប្រាប់​វីអូអេ​ថា​ ក្រោយ​ពេល​លោក​បាន​ស្តាប់​ចម្រៀង​តន្ត្រី​រ៉ក់​ខ្មែរ​សម័យ​ដើម ​លោក​ដុះ​គំនិត​ចង់​បង្ហាញ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​តាម​រយៈ​តន្ត្រី​រ៉ក់ខ្មែរ​ដែល​សឹងតែ​បាត់បង់​ទៅ​ហើយ​នោះ។​

«ពេល​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​លើកដំបូង ​ខ្ញុំ​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​នេះ ហើយ​វា​ទាក់ទាញ​អារម្មណ៍​ខ្ញុំ​ណាស់។ ​ខ្ញុំ​គិត​ថា​ ថត​កុន​តែ​អំពី​រឿង​នេះ​ទេ។ ​តែ​ពេល​ខ្ញុំ​ឮ​តន្ត្រី​រ៉ក់ខ្មែរ​ វា​កន្ត្រាក់​អារម្មណ៍​ខ្ញុំ​ណាស់។​ដូច្នេះ​ខ្ញុំ​ក៏​បញ្ចូល​គំនិត​ទាំង​ពីរ​នេះ។ ​រឿង​នេះ​បង្ហាញ​អំពី​តន្ត្រី​ខ្មែរ​ហើយ​ក៏​ឆ្លុះ​បញ្ចាំង​អំពី​ប្រវត្តិ​សាស្ត្រ​ប្រទេស​នេះ​ដែរ។ ​រឿង​មួយ​ដែល​ដក់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​គឺ​សំឡេងអ្នក​ស្រី​រស់ សេរីសុទ្ធា ​ដែល​ជា​សំឡេង​ពិសេស​គ្មាន​ពីរ។​ វា​ដក់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ»។​

តន្ត្រី ​និង​បទចម្រៀង​បម្រើ​សង្គម ​ហើយ​ក៏​មាន​ឥទ្ធិពល​លើ​សង្គម​ខ្លាំង​ដែរ។​ ​

លោក​មិញ សុធីវណ្ណ​ត្រូវ​ខ្មែរ​អាមេរិកាំង​ដាក់​រហស្សនាម​ថា​ «ម្ចាស់បទ​លក់​ស្រែ​ចូល​បារ» ​ជា​ចម្រៀង​ដែល​អប់រំ​កុំ​អ្នក​ស្តាប់​ភ្លើត​ភ្លើន ​ភ្លេចខ្លួន ​លក់​ទ្រព្យ​សម្បត្តិ​ កេរ្តិ៍អាករ។​

បទ​ចម្រៀង​នេះ​ចេញ​នៅ​ពេល​ដី​នៅ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​មាន​ចរន្ត​ទីផ្សារ មាន​បារ​ និង​រង្គសាល ​និង​មាន​បញ្ហា​ទំនាស់​ដីធ្លីរហូត​បច្ចុប្បន្ន​នេះ។​

អ្នក​នយោបាយ​បាន​ប្រើ​មធ្យោបាយ​ធ្វើឲ្យ​ក្រុម​អ្នក​ចម្រៀង​ អ្នកភ្លេង​តែង​បទភ្លេង​បម្រើ​របប​នយោបាយ​របស់​ខ្លួន។​

អ្នក​គាំទ្រ​ខ្សែភាពយន្ត​«កុំស្មានបងភ្លេច»​និយាយ​ថា​ រដ្ឋាភិបាល​គួរតែ​ទុក​ឲ្យ​អ្នក​ចម្រៀង ​និង​អ្នក​ភ្លេង​មាន​សេរីភាព​ក្នុង​ការ​បម្រើ​សង្គម។​

អ្នកនាង ​Sadira Benge ​កូន​កាត់ខ្មែរ​អាមេរិកាំង​ថ្លែង​ថា៖​

«ខ្ញុំគិត​ថា ​មិន​ល្អ​ទេ​បញ្ចូលនយោបាយ​ក្នុង​ចម្រៀង​ ព្រោះ​នយោបាយ​នឹង​អូសទាញ​ តែ​អ្នក​ចម្រៀង​ អ្នក​ភ្លេង​គួរតែ​ឯករាជ្យ​ក្នុង​ការ​តែង​និពន្ធ​តាម​ចិត្ត​របស់​គេ។ ​តែ​គេ​ហាក់​ដូចជា​អត់​ជម្រើស។​ គេត្រូវ​បម្រើ​នយោបាយ​ដើម្បី​រស់។​ វា​មាន​ជា​ទូទៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ​ វា​មាន​ប្រសិទ្ធភាព ​លាង​ខួរ​ក្បាល​អ្នក​ខ្លះ​ តែ​អ្នក​ខ្លះ​យល់​ថា ​វា​មិន​ត្រូវ​ទេ​ ដូច​ដែល​គេ​បាន​និយាយ​ក្នុង​ខ្សែ​ភាពយន្ត​នេះ»។​

អ្នក​ចម្រៀង​ក៏​ដូចជា​តារា​កំប្លែង​ក៏​ត្រូវ​អ្នក​នយោបាយ​ខ្មែរ​ជា​ច្រើន​ជំនាន់​ប្រើ​ប្រាស់​ឲ្យ​បម្រើន​នយោបាយ​របស់​ខ្លួន។​ អ្នក​ចម្រៀង​ អ្នក​ភ្លេង​ និង​តារា​កំប្លែង​ខ្លះ​ត្រូវ​អ្នក​នយោបាយ​បំពាក់​ឋាន្តរ​សក្តិ​ជាន់ខ្ពស់ ​ដែល​មិន​គួរ​ឲ្យ​ជឿ។​

បទ​ចម្រៀង​ក៏​មាន​ឥទ្ធិពល​ឆ្លង​ប្រទេស​ដែរ។​ ឧទាហរណ៍​ក្នុង​របប​លោក​លន់ នល់ ​ដែល​ធ្វើ​រដ្ឋប្រហារ​គាំទ្រ​ដោយ​អាមេរិកាំង​រំលំ​សម្តេច​នរោត្តម​សីហនុ​នៅថ្ងៃ​១៨​មិនា​ឆ្នាំ​១៩៧០នោះ​ បទ​ចម្រៀង​អាមេរិកាំង​បាន​ជ្រាប​ចូល​ក្នុង​សង្គម​សម័យ​នោះ ​ជាពិសេស​ចម្រៀង​របស់​ក្រុម​ hipppies។​

ខ្មែរក្រហម​បាន​សម្លាប់​ជនជាតិ​ខ្មែរ​ជិត​២​លាន​នាក់ ​តែ​ខ្មែរ​ក្រហម​មិន​អាច​សម្លាប់​តន្ត្រី​រ៉ក់ខ្មែរ​យុគ​សម័យ​មាស​នោះ​បាន​ឡើយ។ ​តន្ត្រី​រ៉ក់ខ្មែរ​ត្រូវ​លាក់​ខ្លួន​ក្នុង​បេះដូង​ពលរដ្ឋខ្មែរ​នៅ​ក្នុង​របប​ខ្មែរក្រហម ​ដែល​មាន​តែ​បទ​ចម្រៀង​បម្រើ​បដិវត្តន៍​តែ​ប៉ុណ្ណោះ។​

អ្នកនាង ​Sadira Benge ​ពេញ​ចិត្ត​ដូចៗ​គ្នា​ចំពោះ​តារា​ទាំងអស់​ក្នុង​កម្ម​វិធី​នេះ​ ហើយ​នាង​ពិបាក​សម្រេច​ថា ​ពេញចិត្ត​មួយ​ណា​ជាង​គេ។​

«គ្រប់ៗ​គ្នា​ធ្វើឲ្យ​យើង​ចាប់​អារម្មណ៍​ផ្សេងៗ​គ្នា។ អ្នក​ដឹង​ទេ ​ពេលគេ​ពណ៌នា​ អូ! ​វា​ចាប់​អារម្មណ៍​ខ្ញុំ​យ៉ាង​នេះ ឬ​យ៉ាង​នោះ។ ​ ដូច្នេះ​ខ្ញុំមិន​អាច​សម្រេច​ថា​ ខ្ញុំ​ចូលចិត្ត​អ្នក​ណា​ជាង​គេ​ទេ។ អូ! ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ខ្ញុំ​បំផុត​គឺ​«ឱ ភ្នំពេញ​អើយ…»។ ​ពេល​ឮ​ចម្រៀង​នេះ​ យើង​នឹក​ឃើញ​អំពី​អ្វី​បាន​កើត​ឡើង​ អ្វី​ដែល​គ្រប់​គ្នា​បាន​ឆ្លងកាត់។ ​ខ្ញុំ​រំជួល​ចិត្ត​បំផុត​ ពេល​ឮ​បទ​នេះ»។​

ទស្សនិក​ជន​បាន​សម្តែង​ការ​អបអរ​និង​កោត​សរសើរ​ខ្សែ​ភាពយន្ត ​«កុំស្មាន​បង​ភ្លេច» ​ដែល​កំពុង​បន្ត​បញ្ចាំង​នៅ​តាម​រដ្ឋ​ជាច្រើន​ទៀត​នៅ​ស.រ.អា.៕