ភ្នំពេញ — អ្នកស្រី ចាន់ណា សុឃីម អាចនឹងបង្ខំចិត្តបិទហាងបុកល្ហុងឈ្មោះ «ស្នាដៃប្តីខ្ញុំ» របស់អ្នកស្រីដែលមានទីតាំងនៅខាងក្រោយព្រះបរមរាជវាំង។ អ្នកស្រីបានចាប់ផ្តើមបើកហាងលក់បុកល្ហុង អស់រយៈពេលជាង២ឆ្នាំ តាំងពីហាងនៅតូច រហូតដល់ហាងធំ។
ហាងដែលអ្នកស្រីធ្លាប់រកចំណូលបានជាង ១ពាន់ដុល្លារក្នុងមួយថ្ងៃ តែថ្ងៃនេះមិនមានភ្ញៀវដូចមុនទេ ដោយសារប្រជាពលរដ្ឋចាប់ផ្តើមភ័យខ្លាចវីរុសកូរ៉ូណា ដែលកំពុងឆ្លងជិត ១០០ករណីនៅកម្ពុជា។
កំពុងអង្គុយក្នុងហាងដែលមានតុចំនួនជាង ៥០ ទាំងជាន់លើ និងជាន់ក្រោម អ្នកស្រី សុឃីម អាយុ៣៧ឆ្នាំ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា ហាងរបស់អ្នកស្រីចាប់ផ្តើមធ្លាក់ភ្ញៀវជាបន្តបន្ទាប់ និងធ្លាក់ចំណូលពីមួយថ្ងៃ ១២០០ដុល្លារ មកនៅត្រឹមប្រមាណជា ១០០ដុល្លារប៉ុណ្ណោះ ចាប់តាំងពីដើមខែមីនាមក ពោលគឺនៅពេលមានករណីជនជាតិខ្មែរមួយរូបនៅខេត្តសៀមរាបបានឆ្លងវីរុសកូរ៉ូណា។
«ពីថ្ងៃទី៣ ដែលគេតេស្តឃើញមក ការធ្លាក់របស់យើងធ្លាក់សល់ ៤០០ជាង ឬ៥០០ ហើយចាប់ផ្តើមចុះអ៊ីចឹងរហូត រហូតដល់គេតេស្តកាន់តែឃើញ។ បងប្អូនខ្មែរឥស្លាមយើង ឃើញអ្នកកូវីដកាន់តែច្រើន គឺទៅតែម្តង។ ពេលល្ងាចគឺអត់មានភ្ញៀវធ្វើដំណើរ ភ្ញៀវឆ្លងកាត់ទេ ហើយបានរាល់ថ្ងៃគឺយើងលក់បានដោយសារតែភ្ញៀវខ្ចប់ទេ»។
ការរកស៊ីទាំងតូច ទាំងធំនៅភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត បានធ្លាក់ភ្ញៀវ បិទហាងចោល បើទោះបីរដ្ឋាភិបាលមិនទាន់ហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីផ្ទះ ដើម្បីទប់ស្កាត់លទ្ធភាពនៃការឆ្លងវីរុសនេះក្តី។ រដ្ឋាភិបាលបានបិទការជួបជុំជាទ្រង់ទ្រាយធំ ដូចជាការប្រគំតន្រ្តី កន្លែងច្រៀងកម្សាន្ត ខារ៉ាអូខេ ក្លឹបកម្សាន្ត និងបៀរហ្គាឌិនជាដើម។
ប៉ុន្តែ ហាងបុកល្ហុងរបស់អ្នកស្រី សុឃីម មិនត្រូវបានហាមប្រាមទេ។ ម្ចាស់ហាងដដែលនេះរៀបរាប់ថា ដោយសារចំណូលដែលអ្នកស្រីទទួលបានក្នុងរយៈពេលជិតមួយខែនេះ មិនគ្រប់សម្រាប់ថ្លៃហាង ២៥០០ដុល្លារ និងសម្រាប់ប្រាក់ខែ បុគ្គលិកអ្នកស្រីបានសម្រេចកាត់បន្ថយបុគ្គលិកពី ១៥នាក់មកនៅត្រឹម ៤នាក់។ អ្នកស្រីបន្តថា ប្រសិនបើមេរោគនេះនៅអូសបន្លាយត្រឹមរយៈពេលពីរខែទៀត អ្នកស្រីនឹងត្រូវក្ស័យធនសម្រាប់មុខរបរ ដែលអ្នកស្រីខំបង្កើតអស់រយៈពេលពីរឆ្នាំនេះ។
«ម្នាក់ៗព្យាយាមលួងចិត្តខ្លួនឯងថា កុំឲ្យបាក់ទឹកចិត្ត ប៉ុន្តែអ្នកដែលរកស៊ីគឺត្រូវការចំណូល។ អ្នកណាក៏ចង់បានលុយដែរ តែនៅពេលដែលយើងរកអត់បាន កម្លាំងចិត្តយើងក៏ចេះតែខ្សោយទៅដែរ។ ហើយបញ្ហាបំណុល បញ្ហាគ្រប់យ៉ាងនៅជុំវិញយើង ធ្វើឲ្យយើងអត់មានថាមពលក្នុងខ្លួនទេ។ ទោះបីយើងព្យាយាមប្រឹងប្រែងលក់ ប៉ុន្តែយើងនៅតែហត់ ហើយនឹកឃើញថា អ្វីដែលយើងខំប្រឹងមក ហេតុអីក៏វាត្រូវទៅអ៊ីចឹង?»
គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ កម្ពុជាមានករណីអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៨នាក់។
ការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩ បានធ្វើឲ្យភោជនីយដ្ឋាន និងកន្លែងលក់ដូរមួយចំនួនធ្លាក់ភ្ញៀវយ៉ាងគំហុក រហូតខ្លះត្រូវកាត់បន្ថយសេវាកម្ម និងខ្លះត្រូវបិទទ្វារបណ្តោះអាសន្ន ដោយសារមនុស្សចាប់ផ្តើមផ្អាកការងារ និងខ្លះធ្វើការងារពីផ្ទះ។
អ្នកស្រី កុល អ្នកលក់បាយម្ហូបម្តុំផ្សារស៊ីលិបលើកឡើងថា ហាងបាយរបស់អ្នកស្រីធ្លាក់ភ្ញៀវពី ៨០ទៅ៩០ភាគរយ ចាប់តាំងពីមេរោគនេះកើនឡើង បន្ទាប់ពីអ្នកស្រីសម្រេចឈប់លក់តាមតុ ហើយលក់សម្រាប់ភ្ញៀវទិញខ្ចប់យកទៅបរិភោគ ដោយសារបារម្ភពីការឆ្លងរាលដាលវីរុសនេះ។
«កាលមុនយើងលក់បាន១០០ភាគរយពេញអ៊ីចឹង។ ឥឡូវសល់តែ ១០ភាគរយទេ ធ្លាក់ប្រហែលជាមួយខែមកហើយ។ ភ្ញៀវល្មមៗ វាមិនបានច្រើនដូចពីមុន។ ដូចថាបាន ៥០ភាគរយដែលធ្លាក់មួយខែមុន ៥០ភាគរយ។ ដល់ពេលក្រោយមកខ្ញុំសម្រេចថា បើវាធ្លាក់អ៊ីចឹងហើយយើងនៅលក់តាមតុទៀត ខ្លាចការពារខ្លួនឯងអត់បាន ការពារភ្ញៀវអត់បាន។ រឿងអនាម័យ យើងធ្វើអត់បានសព្វជ្រុងជ្រោយ»។
អ្នកស្រី កុល វ័យ៤៦ឆ្នាំ ដែលមានកូនបីនាក់បន្ថែមថា អ្នកស្រីនឹងពិចារណាបិទហាងបាយបណ្តោះអាសន្ន ប្រសិនបើជំងឺនេះបន្តកើនឡើង ហើយភ្ញៀវរបស់អ្នកស្រីបន្តធ្លាក់ចុះ។
ចំណែកអ្នកគ្រប់គ្រងផ្នែកសេវាកម្មនៅភោជនីយដ្ឋានចំប៉ា គឺលោក សឹង សុភារិទ្ធប្រាប់ថា ភោជនីយដ្ឋានចំប៉ាក៏កំពុងធ្លាក់ភ្ញៀវប្រមាណជា ៧០ទៅ៨០ភាគរយដែរ។
«ភាគច្រើនភ្ញៀវគាត់ខ្លាចមនុស្សតែម្តង។ អត់សូវហ៊ានជួបអីអ៊ីចឹង។ អ៊ីចឹងហើយភាគច្រើនអ្នកមានៗមួយចំនួនគាត់ទិញម្ហូបអាហារទុក ឬក៏របស់អីទុកហូបនៅផ្ទះគាត់ អត់ចង់ចេញមកក្រៅ អត់ចង់ជួបមនុស្ស អត់ចង់អី។ អ្នកខ្លះគាត់ធ្វើការ គាត់ក៏មកហូបនៅហ្នឹងទៅ»។
មិនត្រឹមតែភោជនីយដ្ឋានធំ និងមធ្យមនោះទេ អ្នកផ្តល់សេវាកម្មអាហារតូចៗជាច្រើនទៀត ក្នុងនោះមានអ្នកលក់ចំណីអាហារតាមរទេះរុញ ក៏រងផលប៉ះពាល់ផងដែរ។
កំពុងឈរឆាមីនៅកែងមន្ទីរពេទ្យព្រះកេតុមាលា លោក យ៉ាន ស្វាន អាយុ៤៥ឆ្នាំ មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដែលមកទិញមីឆា និងលតឆាពីលោក កាន់តែតិចទៅៗ ខណៈតាមដងផ្លូវក៏កាន់តែស្ងប់ស្ងាត់។ លោកថា វាធ្វើឲ្យលោកបាត់ចំណូលដែលធ្លាប់តែរកបានប្រមាណ ៦០ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារដែលមានកូនពីរនាក់ក្នុងបន្ទុក។
អ្នកលក់មីឆាតាមរទេះដែលមានស្រុកកំណើតនៅកម្ពុជាក្រោមរូបនេះ បន្ថែមថា ប្រសិនបើស្ថានភាពជំងឺនេះនៅតែបន្ត លោកនឹងនាំគ្រួសារទៅកាន់កម្ពុជាក្រោមវិញដើម្បីប្រកបមុខរបរផ្សេង។
«ដូចថាជំងឺគេបន្ថយតិចៗទៅ មនុស្សចេញច្រើន យើងអាចបន្តលក់ទៀតទៅ។ តែបើថានៅតឹងរហូតៗ យើងទ្រាំលែងបាន។ បើយើងនៅប្រឹង អត់មានលុយបង់ថ្លៃកន្លែង ថ្លៃផ្ទះថ្លៃអី។ បើថានៅតឹងទៅៗ ខ្ញុំថាទៅឯណោះរកស៊ីមុខរបរផ្សេងទៀត។ ស្រុកកំណើតយើងនៅកម្ពុជាក្រោម»។
ក្រុមអ្នកប្រកបរបរបម្រើសេវាកម្មអាហារទាំងនោះ បានស្នើសុំជំនួយពីរដ្ឋាភិបាលនិងការអនុគ្រោះពីម្ចាស់ផ្ទះជួល ក៏ដូចជាធនាគារដែលពួកគេកំពុងខ្ចី ដើម្បីប្រកបរបរផងដែរ។
អ្នកស្រី ហាក់ លីណា ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា លើកឡើងថា ប្រសិនបើស្ថានភាពធ្លាក់ចុះនេះនៅតែបន្ត ភោជនីយដ្ឋានទាំងអស់នឹងត្រូវបិទទ្វារ ហើយសេដ្ឋកិច្ចកម្ពុជានឹងជួបហានិភ័យខ្លាំង ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពីរដ្ឋាភិបាល។
«ជួយជំរុញ និងជួយផ្តល់ជាប្រាក់ខែទៅដល់បុគ្គលិកដែលគាត់អត់មានការងារធ្វើ សម្រាប់ភោជនីយដ្ឋានដែលបានបិទទ្វារ និងជាភោជនីយដ្ឋានដែលបានចុះឈ្មោះទៅក្រសួង។ អ៊ីចឹងក្រសួងគាត់នឹងសិក្សាទៅលើនឹង ថាតើគាត់ត្រូវចំណាយអស់ប៉ុន្មាន?ហើយត្រូវបង់ឲ្យបុគ្គលិកខាងផ្នែកវិស័យទេសចរណ៍ហ្នឹងចំនួនប៉ុន្មាន?ហើយក្នុងហ្នឹងក៏មានអន្តរាគមន៍ខាងផ្នែកធនាគារ ផ្នែកការជួលផ្ទះ ការចំណាយផ្សេងៗ ដូចជាការកាត់ចំណាយ ឬក៏សុំបន្ធូរបន្ថយការបង់ចំណាយថ្លៃទឹកថ្លៃភ្លើងរបស់បុគ្គលិកទាំងអស់ផងដែរ»។
បើតាមអ្នកស្រី ហាក់ លីណា រហូតមកដល់ពេលនេះមិនទាន់មានតួលេខជាក់លាក់អំពីចំនួនភោជនីយដ្ឋានដែលកំពុងបិទទ្វារ ទំហំទឹកប្រាក់ និងចំនួនបុគ្គលិកដែលកំពុងរងផលប៉ះពាល់នៅឡើយទេ។
កាលពីថ្ងៃទី១០ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រៀមថវិកា ៨០០លានដុល្លារសម្រាប់រយៈពេល៦ខែ និងដល់ទៅ២ពាន់លានដុល្លារសម្រាប់រយៈពេលមួយឆ្នាំ ដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ចដែលកើតមានដោយសារឥទ្ធិពលជំងឺកូវីដ-១៩។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រាប់VOA ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់លើគ្រប់វិស័យដើម្បីសម្រេចពីលទ្ធភាពដែលរដ្ឋាភិបាលអាចធ្វើទៅបាន ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានភ្លាមៗនៅឡើយ។
«មិនមែនថា ភោជនីយដ្ឋានតែមួយមុខទេ។ យើងត្រូវគិតគូរដល់ផលប៉ះពាល់វិស័យផ្សេងៗទៀត ផ្នែកផ្សេងៗទៀត។ អ៊ីចឹងយើងមិនមែនយកតែរឿងបញ្ហាហ្នឹងមួយ ដោះមួយទេ។ យើងដោះជារួម»។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ បានព្រមានថា លោកកំពុងសិក្សាលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលលោកថាធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា។ ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងនាំឲ្យមានការរឹតបន្តឹងការធ្វើដំណើរនៅទូទាំងប្រទេស។
ត្រឡប់មកហាងបុកល្ហុងវិញ នៅម៉ោងជាងបួនរសៀល ស្វាមីរបស់អ្នកស្រី ចាន់ណាសុឃីម កំពុងរៀបចំកន្លែងបុកល្ហុង និងអាំងស្លាបមាន់ ជាមួយបុគ្គលិកបួននាក់ផ្សេងទៀត ប៉ុន្តែហាងរបស់អ្នកស្រីដែលអាចដាក់ភ្ញៀវបានចំនួន ២០០នាក់ មិនទាន់មានអតិថិជនសូម្បីតែម្នាក់។ អ្នកស្រីថា ប្រសិនបើស្ថានភាពរកស៊ីនៅបន្តធ្លាក់ចុះនោះអ្នកស្រីនឹងសម្រេចបិទហាងធំមួយនេះ ហើយបើកហាងតូចមួយ ដូចកាលពីពីរឆ្នាំមុនវិញ។
អ្នកស្រីមានប្រសាសន៍ថា៖«បើសិនជាគាត់[ម្ចាស់ផ្ទះ] អត់ព្រមបញ្ចុះតម្លៃ ហើយយើងនៅតែរកមិនបាន យើងមានតែនិយាយជាមួយគាត់ សុំលុយកក់មកវិញខ្លះ ឬក៏អាចនឹងបោះបង់ហើយទៅបង្កើតពីតូចមកវិញម្តងទៀត»៕