Your browser doesn’t support HTML5
ដើរតាមព្រះច័ន្ទ
កម្រងឯកសារនិទានតាមវិទ្យុ ដែលមានចំណងជើងថា Follow the Moon ឬជាភាសាខ្មែរ «ដើរតាមព្រះច័ន្ទ» រៀបរាប់អំពីរឿងរ៉ាវរបស់លោក Greg Barron អតីតអ្នកសារព័ត៌មានអាមេរិកាំងម្នាក់ នៅក្នុងអំឡុងពេលដែលលោកបានចុះធ្វើសេចក្តីរាយការណ៍ ពីការរត់ភៀសខ្លួនរបស់ពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៧៩។
កម្រងឯកសារនិទានតាមវិទ្យុដែលមានរយៈពេល ១ម៉ោង ៩នាទី នេះ គឺផ្ដោតសំខាន់លើបទពិសោធន៍ជូរចត់របស់អ្នករស់រានមានជីវិតបីនាក់ រួមមានលោកស្រី គីម ពេជ្រស៊ុនថូ លោក ហាច ហឿន និងលោក សួស សុសឃឿត។ អ្នកទាំងបីបានរត់គេចពីរបបព្រៃផ្សៃរបស់ពួកខ្មែរក្រហម ទៅកាន់ជំរំជនភៀសខ្លួនខ្មែរថៃ នៅអំឡុងឆ្នាំ១៩៧៩ ហើយបានមករស់នៅសហរដ្ឋអាមេរិក។ ជាពិសេសគឺ «និស្ស័យ» ដែលលោក Barron បានជួបជនភៀសខ្លួនខ្មែរម្ដងទៀត ជិត៤០ឆ្នាំក្រោយមក នៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក។
កម្រងឯកសារនិទានតាមវិទ្យុនេះ ត្រូវបានចងក្រង និងផលិតឡើងដោយ លោក Greg Barron នៅឆ្នាំ២០១៦ ហើយ VOA បានទទួលសិទ្ធិផលិតកម្រងឯកសារនេះជាភាសាខ្មែរ។
អ្នករស់រានទាំងបីរៀបរាប់ពីសាច់រឿងរបស់ពួកគេ៖
លោក ហាច ហឿន អ្នករស់រានពីសម័យខ្មែរក្រហម។ (Courtesy of Greg Barron)
ហាច ហឿន
«នៅក្នុងអំឡុងពេលនោះ យើងដឹងថាពួកខ្មែរក្រហមបានគ្រប់គ្រងអ្វីៗគ្រប់យ៉ាងទាំងអស់ នៅពេលដែលពួកវាបានដុតក្រដាសប្រាក់ចោល។ ពួកខ្មែរក្រហមបានហែកនិងដុតសៀវភៅចោលនៅតាមផ្លូវ ហើយផ្សារទាំងអស់ត្រូវបានបិទទ្វារ អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ គ្មានសាលារៀន គ្មានប្រាក់ចាយវាយ គ្មានសាសនា គ្មានទីផ្សារជាដើម។ មិនដល់ ២៤ម៉ោង ផង ប្រជាពលរដ្ឋទាំងអស់តក់ស្លុត។ យើងមិនអាចរៀបរាប់គ្រប់សព្វឡើយ ពីព្រោះថាអ្វីៗវាបានកើតឡើងលឿនខ្លាំងពេក»។
លោកស្រី គីម ពេជ្រស៊ុនថូ អ្នករស់រានពីសម័យខ្មែរក្រហម។ (Courtesy of Greg Barron)
គីម ពេជ្រស៊ុនថូ
«ហើយក្រោយមក ពួកយើងត្រូវបានបំបែកចេញពីគ្នា។ មនុស្សចាស់ៗដូចជាឪពុកខ្មុំ ក៏ត្រូវធ្វើការងារដែរ។ អ្នកដែលមានអាយុស្របាលខ្ញុំ ខ្មែរក្រហមឲ្យចូលក្រុមមួយ... យើងជាក្រុមដំបូងគេដែលត្រូវតែប្ដេជ្ញាចិត្តលះបង់ជីវិតរបស់យើង ដើម្បីធ្វើការងារធ្ងន់និងលំបាកសព្វបែបយ៉ាង។ ហើយយើងត្រូវធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង»។
លោក សួស សុសឃឿត អ្នករស់រានពីសម័យខ្មែរក្រហម។ (Courtesy of Greg Barron)
សួស សុសឃឿត
«បើសិនជាអ្នកហ៊ានធ្វើអ្វីមួយដែលខុសឆ្គងនឹងបដិវត្ត ពួកខ្មែរក្រហមនឹងនាំខ្លួនអ្នកទៅ ហើយសម្លាប់អ្នកចោលដោយគ្មានការកាត់ក្តីអ្វីនោះទេ... នៅពេលនោះ ប្រជាជនមិនសូវនិយាយស្តីអីទេ ហើយក៏មិនអាចនិយាយអ្វីបានដែរ»។