ជំនន់​ទឹក​ភ្លៀង​បំផ្លាញ​ស្រែ​និង​លិច​ផ្ទះ​របស់​ពលរដ្ឋ ខណៈ​អាជ្ញាធរ​ព្រមាន​កម្ពស់​ទឹក​ប្រកាស​អាសន្ន

រូបភាព​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​​ក្រសួង​ធនធាន​ទឹកនិង​ឧតុ​និយម​ បង្ហាញ​ពី​ស្ថានភាព​ទឹក​ជំនន់​នៅ​នៅ​អាងទឹក​តាម៉ុក ស្ថិត​នៅ​ឃុំអន្លង់វែង ស្រុក​អន្លង់វែង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ក្រសួង​ធនធាន​ទឹកនិង​ឧតុ​និយម)

ជំនន់​ទឹក​ភ្លៀង​បាន​បំផ្លាញ​ស្រែ​និង​ធ្វើ​ឲ្យ​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ។ ទន្ទឹមនឹង​នេះ​ផង​ដែរ អាជ្ញា​ធរ​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ព្រមាន​ពី​ការ​ប្រកាស​អាសន្ន​នៃ​កម្ពស់​ទឹក​ឡើង​ខ្ពស់​ផង​ដែរ។

ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ធនធាន​ទឹកនិង​ឧតុ​និយម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ភាព​កម្ពស់​ទឹក​នៅ​អាង​ទឹក​តាម៉ុក ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ទឹក​មាន​កម្ពស់​៣,៩៥​ម៉ែត្រ កើន​ឡើង ០,១៥​ម៉ែត្រ នៅ​វេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹក បើ​ធៀប​នឹង​ម៉ោង​៣​រសៀល​ថ្ងៃ​អាទិត្យ ដែល​ទឹក​មាន​កម្ពស់​៣,៨០​ម៉ែត្រ។ ក្រសួង​បញ្ជាក់​ថា​កម្ពស់​ទឹក​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​គឺ​៣,៨០ម៉ែត្រ និង​កម្ពស់​ទឹក​ប្រកាស​អាសន្ន គឺ​៤,៥០​ម៉ែត្រ ។

លោក ឃុន សុខា អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​បន្ទាប់​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ ខេត្ត​ចំនួន​៤​ផ្សេង​ទៀត​ក៏​រង​គ្រោះ​ដែរ ក្នុង​នោះ​មានខេត្ត​ពោធិ៍សាត់​បាត់ដំបង​ ក្រចេះ និង​ប៉ៃលិន។ លោក​បន្ថែម​ថា​ស្ថានភាព​កម្ពស់​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់​នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​«កម្រិត​លើស​ប្រកាស​អាសន្ន» ប៉ុន្តែ​លោក​បញ្ជាក់​ថា​មិន​ទាន់​បាន​រក​ឃើញ​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ណា​មួយ​ឡើយ។

លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​និង​អ្នក​នាំពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​២​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​កម្ពស់​ទឹក​មិន​ទាន់ហក់​ឡើង​ជា​គំហុក​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «មូល​ហេតុ​ដែល​ភ្លៀង​ក្នុង​សប្តាហ៍​នេះ​ពីរ​បី​ថ្ងៃ​ជាប់​គ្នា​នេះ​មែន តែ​ទឹក​បន្ទាយ​មាន​ជ័យ​នៅ​នឹង ដោយ​សារ​ការ​រៀប​ចំ​ប្រព័ន្ធ​ស្រោច​ស្រព​បាន​ល្អ​មាន​ប្រឡាយ​ មាន​ទំនប់​ទឹក​បែង​ចែក​ទឹក​បាន​ល្អ​បាន​ន័យ​ថា​ទឹក​មក​វា​អត់​បុក​មក​ទី​ប្រជុំ​ជន​ទេ​វា​បុក​ទៅ​កន្លែង​ដី​ទំនាប។ អញ្ចឹង​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​រៀប​ចំ​រួច​ហើយ​ស្រប​ពេល​ដែល​ផ្លូវ​ថ្មី​ធ្វើ។ យើង​មាន​លូ​បង្ហូរ​បាន​ត្រឹម​ត្រូវ»។

រូបភាព​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធនធាន​ទឹកនិង​ឧតុ​និយម​ បង្ហាញ​ពី​ស្ថានភាព​ទឹក​ជំនន់​នៅ តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១។ (ហ្វេសប៊ុក/ក្រសួង​ធនធាន​ទឹកនិង​ឧតុ​និយម)

លោក​បន្ថែម​ថា​ខេត្ត​បន្ទាយ​មាន​ជ័យ​តែង​ទទួល​រង​ឥទ្ធិពល​ទឹក​ជំនន់​ពី​ប្រទេស​ថៃ និង​ស្ថានភាព​ទឹក​ភ្លៀង​តិច​ឬ​ច្រើ​ន​នៅ​ខេត្ត​បាត់ដំបង​ផង​ដែរ​ពោល​កាល​ណា​អាង​ស្តុក​ទឹក​កំពីង​ពួយ​ខេត្ត​បាត់ដំបង​ពេញ​ហូរហៀរ នោះ​ខេត្ត​បន្ទាយ​មាន​ជ័យ​អាច​នឹង​រង​គ្រោះ​ទឹក​ជំនន់ធ្ងន់​ធ្ងរ​ដូច​កាល​ពី​ឆ្នាំ​២០២០។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​នៅ​ពេល​ដែល​បាត់ដំបង​ភ្លៀង​ខ្លាំង ប្រសិន​បើ​បាត់ដំបង​ប្រកាស​អាសន្ន​ខ្លាំង ហើយ​អាង​កំពីង​ពួយ​ដែល​ស្តុក​ទឹក​បាន​រាប់​លាន​ម៉ែត្រ​គូប​នោះ​ធ្លាយ​បន្ទាយ​មាន​ជ័យ​នឹង​លិច​ដូ​ចឆ្នាំ​ទៅ​មិញ​ចឹង​» ។

ចំណែក​លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយ​មានជ័យ​ប្រាប់​វីអូ​អេ​ថា​មក​ទល់​ពេល​នេះ​ដី​ស្រែ​ចម្ការ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់ មាន​ប្រមាណ​ជាង​៣ម៉ឺន៦​ពាន់​ហិកតា ដែល​ក្នុង​នោះ​ប្រមាណ​២​ម៉ឺន​ហិកតា​ត្រូវ​បាន​ខូច​ខាត។ ចំណែក​ដំណាំ​ដំឡូង​មី​ប្រមាណ​៥​ពាន់​ហិកតារង​ផល​ប៉ះពាល់ និង​រង​ការ​បំផ្លិច​បំផ្លាញ​ជិត២ពាន់​ហិកតា។

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​ពោធិ៍​សាត់ មាន​ប្រសាសន៍​ថា​កម្ពស់​ទឹក​ក្នុង​ភូមិ​សាស្ត្រខេត្ត បានស្រក​ចុះ​ជាបណ្តើរៗ​ហើយ មក​នៅ​ត្រឹម​៣,៨៥​ម៉ែត្រ ដែល​កម្ពស់​ទឹក​ប្រកាស​អាសន្ន​៥ម៉ែត្រ។ លោក​យល់​ថា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់ ដោយ​សារ​បរិមាណ​ទឹក​ភ្លៀង​នៅ​តាម​បណ្តោយ​ជួរ​ភ្នំ​ក្រវាញ​មាន​បរិមាណ​ច្រើន ដែល​នាំ​ឲ្យ​ហូរធ្លាក់​ទៅ​ទន្លេ​សាប ឆ្លង​កាត់​កាត់​ខេត្ត​ពោធិ៍​សាត់ តាម​រយៈ​ការ​ជន់​ទឹក​ពី​ទន្លេ​សាប​ទៅតាមស្ទឹង​ពោធិ៍សាត់​បន្ត​បន្ទាប់។ លោក​បញ្ជាក់​ថា​ការ​ជន់​លិច​នេះ​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​គឺទឹក​ភ្លៀង​មិនមែន​ដោយ​សារ​ការ​ជន់​លិច​ពី​ប្រទេស​ជិត​ខាង​ណា​ទេ។

លោក​ថ្លែង​ថា៖ «ឥឡូវ​ស្អែក​នឹង​ស្រក​ទៀត​ក្មួយ នៅ​ស្រក​ធ្លាក់​បន្ត​បន្ទាប់​ទៀត​ដោយ​សារ​ទី​១ តំបន់​នៅ​ស្រុក​វាល​វែង​ស្រក​ហើយ​ ស្រុក​ភ្នំ​ក្រវាញ​ក៏​បាន​ស្រក។ អញ្ចឹង​ពោធិ៍សាត់​យើង​នឹង​ស្រក​ចុះ​បន្ត​ទៀត»។

ចំណែកនៅ​ក្នុងខេត្ត​បាត់ដំបង​វិញ ស្ថានភាព​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ស្ទឹង​សង្កែ បាន​បន្ត​ថម​ថយ មក​នៅ​ត្រឹម​កម្រិត​កម្ពស់១១,៨៧​ម៉ែត្រ គិត​ត្រឹម​វេលាម៉ោង​៩ និង​១៥នាទី​យប់​ថ្ងៃ​អាទិត្យ ដែល​ជា​ស្ថានភាព​មក​ធម្មតា​វិញ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក សួស សុភ័ក្ត្រ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង និង​ជា​អ្នក​នាំពាក្យ​បាន​បញ្ជាក់​ថា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ទឹក​ភ្លៀង​ជន់​លិច​ខេត្ត​បាត់​ដំបង ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​មក​ពី​កំពូល​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់ដែល​ហូរ​ចាក់​មក​ក្បាល​ស្ទឹង​សំឡូត។

លោក​ថ្លែង​ថា៖ «ដី​ស្រែ ផ្ទះ​សម្បែង​វា​ប៉ះពាល់​ហើយ​ប៉ុន្តែ​ឥឡូវ​វា​ស្រក​ទៅ​វិញ។ វា​អាច​សម្រាល​នៃ​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ។ ចំពោះ​ដី​ស្រែ​ដូច​មិន​មាន​ការ​ប៉ះពាល់​ទេ» ។

លោក តុង សេង ប្រធាន​ការិយា​ល័យ​ស្រាវជ្រាវ​និង​ព្យាករណ៍​ទឹក​ជំនន់​នៃក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម បាន​ប្រាប់​វីអូអេ​ថា​លោក​អង្កេត​ឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ កម្ពស់​ទឹក​ទន្លេ​មិន​ចោទ​ជា​បញ្ហា​សម្រាប់​ទឹក​ជំនន់​នោះ​ទេ ខណៈ​លោក​យល់​ថា​កម្ពស់​ទឹក​ទន្លេ​មាន​សភាព​ទាប បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​១០​ឆ្នាំ​មុន។

លោក​ថ្លែង​ថា៖ «ចំពោះ​ទឹក​ទន្លេ គឺ​ប្រហែល​ឆ្នាំ​ទៅ​(ឆ្នាំ​២០២០) អី​ដែរ មិន​ជា​ខ្ពស់​អី​ទេ​បើ​យើង​ប្រៀប​ធៀប​ឆ្នាំ​ពី​មុនៗ​៤ទៅ​១០ឆ្នាំ​គឺ​ថា​វា​ទាប»។

លោក ស៊ីត ភាក់ អាយុ​៥០​ឆ្នាំ និង​ជាកសិករ​នៅ​ឃុំ​ពន្លៃ ក្នុង​ស្រុក​ភ្នំ​ស្រុក​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ដី​ស្រែ​ប្រមាណ​១​ហិកតា​កន្លះ​របស់​លោក ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង ដោយ​សារ​ទឹក​ជំនន់ ចាប់​តាំង​ពី​ខែកញ្ញា​មក។ លោក​សង្កេត​ឃើញ​ថា​ស្ថាន​ភាព​ស្រូវ​ឆ្នាំ​នេះ រង​ការ​ខូច​ខាត​ជាង​ឆ្នាំ​មុន ដោយ​សារទឹក​ស្រក​ចុះ​យឺត​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ចំណែក​គុណភាព​ស្រូវ​ដែល​ទទួល​បាន កាល​ពី​ឆ្នាំ​មុន​មាន​សភាព​ល្អ​ប្រសើរ​ជាង។

លោក​ថ្លែង​ថា៖ «បើ​តាម​សំណូម​ពរ​ខ្ញុំ គឺ​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អាង​ត្រពាំង​ថ្ម ឲ្យ​គាត់​បើក​លួស​សំណង់​ឲ្យ​បាន​ទូលាយ​តិច​ដើម្បី​ឲ្យ​ស្រូវ​យើង​នៅ​ផ្នែក​ខាង​លើ​បាន​រស់​នៅ​វិញ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​ឃុំ​ពន្លៃ​ដូច​គ្នា​ដែរ លោក មឺន នោរ ដែល​ប្រឈម​នឹង​ទឹក​លិច​ស្រែ​ដូចគ្នា បាន​ឲ្យ​ដឹង​ថា ​ស្រូវ​របស់​លោក រង​ការ​ខូច​ខាត​ច្រើន​ជាង​ឆ្នាំ​មុន ដោយ​សារ​ស្រូវ​មិន​សូវ​លូត​លាស់​បាន​ល្អ ស្រប​ពេលមាន​ភាព​រាំង​ស្ងួត​ខ្លាំង តាំង​ពី​ដើម​ឆ្នាំ​មក៕