ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​នៅ​ឆ្នាំ​ខាង​មុខ

អ្នកភូមិ​​​​ជិះ​​ទូក​​មក​​ទទួល​​អំណោយ​​ទឹកជំនន់​​នៅ​ភូមិព្រែក​​ឬស្សី​ ខេត្តកណ្តាល កាលពី​ថ្ងៃទី​​១៨ ខែតុលា ឆ្នាំ២០១១។

កម្ពុជា​ទទួល​រងគ្រោះយ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ។ ជនរងគ្រោះ​នៃ​ទឹក​ជំនន់​បារម្ភ​អំពី​ស្ថានភាព​ជីវភាព​នៅ​ឆ្នាំក្រោយៗ​ទៀត។

អ្នកស្រី​ សេន​ ស៊ីមន​ អាយុ​៣៦​ឆ្នាំ ​បានឈរ​សំឡឹងមើល​ទៅ​ទឹក​ល្ហល្ហាច​លិចលង់​សន្ទូង​ និង​ផ្ទះ​សម្បែង​របស់​អ្នកស្រី​ពី​ទី​សុវត្ថិភាព​មួយ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ ដោយ​ទឹកមុខ​ក្រៀមក្រំ​ និង​អស់សង្ឃឹម​ចំពោះអនាគត។ អ្នកស្រី​បានបញ្ជាក់​ថា​ អ្នកស្រី​ប្រឈមនឹង​កង្វះ​ស្បៀងអាហារ​ប្រចាំថ្ងៃ​ និង​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ បន្ទាប់ពី​ទឹកជំនន់​បាន​ជន់លិច​ផ្ទះសម្បែង​ និង​សន្ទូង​របស់​អ្នកស្រី។ អ្នកស្រី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រឈម​នឹង​ភាពអត់ឃ្លាន​ និង​ភាពក្រីក្រ​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ​ដោយសារ​សន្ទូង​មួយ​ហិកតា​របស់​អ្នកស្រី​បាន​រលួយ​ខូច​អស់​ដោយ​ទឹកជំនន់។

«ឆ្នាំ​ក្រោយ​ពិបាក​វេទនា​ជាង​នេះ​ទៅ​ទៀត។ ខ្ញុំ​ខ្វះខាត​ការ​ហូបចុក។ បើ​យើង​អត់ហើយ​ យើង​នឹង​ក្រីក្រ។ ខ្ញុំ​ពិបាក​គិត​ខាងមុខទៀត​មិន​ដឹង​បាន​អ្វី​ហូប»។

គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ដែល​គ្រប់​ដណ្តប់​លើ​កម្ពុជា​ចាប់តាំងពី​ខែ​សីហា​បាន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​ និង​បានបំផ្លាញ​ស្រូវ​សន្ទូង​អស់​ជាង​៣៩០.០០០​ហិកតា​ និង​ប្រជាពលរដ្ឋ​យ៉ាងតិច​១,៥​លាន​នាក់​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​ចំនួន​១៧។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និង​អង្គការ​សហ​ប្រជាជាតិ។

ទុក្ខ​លំបាក​ និង​ក្តីកង្វល់​របស់​អ្នកស្រី ​សេន​ ស៊ីមន​ មិន​ខុសពី​ប្រជាពលរដ្ឋ​យ៉ាងតិច​១,៥​លាន​នាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​រង​នូវ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី​ សោម​ វ៉ាន់ថុន​ អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​ចតុលោក​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ បាន​និយាយ​ដោយ​ចង្អុល​ទៅ​ផ្ទះ​លិច​ទឹក​ របស់​អ្នក​ស្រី​ថា​ទឹកជំនន់​នេះ​បាន​បំផ្លាញ​នូវ​អ្វី​ៗ​ដែល​អ្នកស្រី​មាន​ និង​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​អ្នកស្រី​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​ ដោយសារ​ផ្ទះសម្បែង​ និង​ស្រូវ​សន្ទូង​ជាង​៥.០០០​ម៉ែក្រ​ការ៉េ​ត្រូវ​បាន​បាត់បង់។

«ផ្ទះ​របស់​ខ្ញុំ​ទឹកលិច​លើ​រនាប​ផ្ទះ​កម្ពស់​ពីរ​តឹក។ មកពី​លិចទឹក​លំបាក​វេទនា​ជីវភាព​ដុនដាប​ បើ​រឿង​ជីវិត​ផង​ សូម្បី​តែ​ផ្ទះ​សឹង​តែ​គ្មាន​នៅ។ នៅ​ពេល​ទឹកស្រក​ផ្ទះ​នេះ​រលំ​ហើយ​ ខ្ញុំ​អត់​មាន​អ្វី​នៅ​ទេ​ សរសរ​ពុក​អស់​ទៅ​ហើយ​ រនាម​ឫស្សី​បាក់​ទាំងអស់​ ហើយ​ជញ្ចាំង​ខ្យល់​មក​វ៉ៃ​បាក់​អស់​មួយ​ចំហៀងៗទៅ​ហើយ»។

អ្នកស្រី​ នាង​ យ៉ង់​ អាយុ​៣៨​ឆ្នាំ​ ក៏ដូចជា​អ្នក​នៅ​ភូមិ​ចតុលោក​នេះ​ដែរ​ បាន​ទទួល​អំណោយ​អង្ករ​១០​គីឡូក្រាម​ មី​២០​កញ្ចប់ ​អំបិល​ ទឹក​ត្រី​ ភួយ​ មុង​ និង​មង​មួយ​ដៃ​ពី​រដ្ឋាភិបាល។ អ្នកស្រី​ នាង​ យ៉ង់ បាន​បញ្ជាក់​ថា អង្ករ​១០​គីឡូក្រាម​អាច​បរិភោគ​បាន​រយៈពេល​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកស្រី​បាន​ដាក់​មង​ចាប់​ត្រី​យក​ទៅ​លក់​យក​ប្រាក់​មក​ទិញ​អង្ករ​បរិភោគ​ប្រចាំថ្ងៃ។

«អ្នកស្រី​បាន​មួយ​ថ្ងៃ​ប្រាំ​គីឡូក្រាម​ ហើយ​ត្រី​មួយ​គីឡូក្រាម​តម្លៃ​១០០០​រៀល​ ហើយ​អង្ករ​មួយ​គីឡូក្រាម​២.៥០០​រៀល​សម្រាប់​មួយ​ពេល​ៗ​។ ជីវភាព​យ៉ាប់យឺន​ណាស់​សព្វថ្ងៃនេះ​»។

អ្នក​ស្រុក​បារាយណ៍​មិន​ខុសពី​អ្នក​ស្រុកសណ្តាន់​ទេ​ សន្ទូង​របស់​ពួកគេ​បាន​រលួយ​ខូច​អស់។ វាល​ស្រែ​សន្ទូង​មើល​ទៅ​ឃើញ​មាន​តែ​ទឹក​ល្ហល្ហាច​ និង​ផ្ទះសម្បែង​ត្រូវ​បាន​លិចលង់​ដោយ​ទឹកជំនន់។

អ្នកស្រី​តាន់​ សុខបៀង​ អាយុ​៥៥​ឆ្នាំ នៅ​ក្នុង​ភូមិ​រនាម​ ឃុំ​មានជ័យ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ដែល​មាន​ស្រូវ​សន្ទូង​ជាង​៥​.០០០​ម៉ែត្រការ៉េ​រលួយ​ខូច​អស់​ បាន​បញ្ជាក់​ថា អ្នកស្រី​មិនទាន់​បាន​ទទួល​អំណោយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នកស្រី​បាន​បរិភោគ​អង្ករ​ដែល​នៅសល់​បន្តិច​បន្តួច​ពី​ឆ្នាំ​មុន។

«ស្រូវ​អង្ករ​លិច​អស់​រលីង​ហើយ​គ្មាន​សល់។ ឥឡូវ​នៅ​មាន​តែ​ទឹក។ ភូមិ​នេះ​មើល​ទៅ​អត់​ឃើញ​មាន​ស្រូវ​ទេ​ មាន​តែ​វាល​ទឹក​ល្ហល្ហាច។ ស្រូវ​សន្ទូង​រលួយ​អស់​បាត់​ហើយ។ ខ្ញុំ​ព្រួយ​បារម្ភ​ណាស់​ឆ្នាំ​ក្រោយ​ មិន​ដឹង​ធ្វើ​ម៉េច​បាន​ស្រូវ​អង្ករ​ចិញ្ចឹម​កូន​ទេ។ ឆ្នាំ​ក្រោយ​ទៀត​លំបាក​មែនទែន​ហើយ​ បើ​ឆ្នាំ​នេះ​លំបាក​ទៅ​ហើយ»។

លោក​ប៉ាវ​ សេន​ អាយុ​៣៣​ឆ្នាំ​ នៅភូមិ​រនាម​ ឃុំ​មានជ័យ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​ជួយ​ផ្តល់​ជំនួយ​ស្រូវ​ពូជ​ ថវិកា​ និង​អង្ករ​សមាប់​កសាង​ជីវភាព​ជាថ្មី​ បន្ទាប់ពី​សន្ទូង​របស់​លោក​បានរលួយខូច​ទាំងស្រុង​ដោយ​ទឹកជំនន់​នៅ​ឆ្នាំ​នេះ​។

«សន្ទូង​ប្រហែល​៣០​អា​ និង​ចេក​ អំពៅ​តាម​ផ្ទះ​ខូចខាត​អស់ហើយ​ ដោយសារ​ទឹកជំនន់។ ខ្ញុំ​មានតែ​ប្រឈម​មុខ​នឹង​រឿង​ភាពក្រក្រី​ ដោយសារ​សន្ទូង​រលួយ។ ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ស្រូវ​ដែល​រលួយ​ទៅ​ វា​អត់​មាន​អ្វី​ហូប​ត​ទៅ​ឆ្នាំ​ក្រោយ»។

លោក​ឈុន​ ឈន​ អភិបាល​ខេត្ត​កំពង់​ធំ​ បាន​បញ្ជាក់​ថា​សន្ទូង​ប្រមាណ​៦៥​.០០០​ហិកតា​ ស្មើ​នឹង​ជាង​៣៣​ភាគរយ​បាន​រលួយខូច​ ប្រជាពលរដ្ឋ​ខ្វះ​ស្បៀងអាហារ​ជាង​៤​.០០០​គ្រួសារ​ និង​មនុស្ស​ស្លាប់​៤៧​នាក់​ ហើយ​ប្រជាពលរដ្ឋ​ជន្លៀស​មកកាន់ទី​សុវត្ថិភាព​ជិត​ ២.៥០០​គ្រួសារ​បាន​វិលត្រឡប់​ទៅ​ផ្ទះ។

លោក​ព្រួច​ សយ មេ​ឃុំ​មានជ័យ​បានបញ្ជាក់​ថា​សន្ទូង​៤៧៥​ហិកតា​ក្នុង​ចំណោម​ជាង​៥០០​ហិកតា​បានរលួយ​ទាំងស្រុង។ លោក​ព្រួច​ សយ​បាន​ទទួល​ស្គាល់​ថា ការ​ចែក​អំណោយ​នេះ​មិន​ទាន់​បាន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​គ្រប់​គ្នា​ទេ​ ដោយ​អំណោយ​នេះ​ត្រូវ​ចែក​ដល់​អ្នក​ភូមិ​ក្រីក្រ​ជាង​គេ​មុន​ និង​បន្ទាប់​អ្នក​មាន​ជីវភាព​គ្រាន់បើ។

«ខ្ញុំ​ថា​ដែល​បងប្អូន​អាច​នឹង​ប្រឈមនឹង​ការខ្វះខាត​ស្បៀង​ផង​ និង​ជួប​ប្រទះនឹង​ភាព​អត់ឃ្លាន​ទៅមុខ​ទៀត»។

សហ​រដ្ឋ​អាមេរិក ប្រទេស​ចិន​ អង្គការ​សហ​ប្រជាជាតិ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បានផ្តល់​ជំនួយ​ចំនួន​១៦,៥៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់។

លោក​ច័ន្ទ​ សារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បានថ្លែង​ថ្មីៗ​នេះ​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ស្រូវ​ពូជ​ជាង​៣.០០០​តោន​សម្រាប់​ចែក​ជូន​កសិករ​ដាំដុះ​ក្រោយ​ទឹក​ស្រក។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បានបញ្ចេញ​អង្គរ​ចំនួន២.០០០​តោន​ទៀត ដើម្បី​ចែក​ជូន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់។

លោក​កែវ​ វី​ នាយក​ខុទ្ទការល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយ​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១១​នេះ​មាន​តម្លៃ​ជាង​៥២០​លាន​ដុល្លារ​អាមេរិក។

ទឹកជំនន់​ឆ្នាំ​២០០០​ បានធ្វើ​ឲ្យខូចខាត​គិតជា​ទឹកប្រាក់​១៤៥​លាន​ដុល្លារ​អាមេរិក៕