៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​​​ អ្នកស្រឡាញ់​លោក​ កែម ឡី នៅ​តែ​ចោទ​សួរ​​​​នរណា​ជា​អ្នក​​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ

ផ្ទាំង​រូបថត​ថ្មីមួយ​សន្លឹក​របស់​អ្នកវិភាគ​នយោបាយ​ លោក កែម ឡី​ ត្រូវ​បាន​ដំឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ផ្ទះ​របស់​លោក​ក្នុង​ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​។ (ហ៊ុល រស្មី/វីអូអេ)​​

«ខ្ញុំនឹង​និយាយ​អ្វី​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​និយាយ»​ ជា​សម្រង់​ពាក្យ​សម្ដី​របស់​លោក​បណ្ឌិត ​កែម ឡី ​ដែលត្រូវ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ដាក់​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ចំពេល​នៃ​ការ​រំឭក​ខួប​៥ឆ្នាំ​នៃការ​បាញ់​សម្លាប់អ្នកវិភាគ​នយោបាយ និង​សង្គមរូបនេះ។ ​

នៅ​ក្នុងឃុំ​លាយបូរ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​ ផ្ទាំង​រូបថត​ថ្មីមួយ​សន្លឹក​ របស់​លោក ​កែម ឡី​ ក៏ត្រូវ​បាន​ដំឡើង​នៅ​ច្រក​ទ្វារ​ចូល​ផ្ទះ​របស់​អ្នកវិភាគ​រូបនេះ​។

បើ​ទោះ​កន្លង​ទៅ​៥ឆ្នាំ​ហើយ​ អ្នកស្រឡាញ់​ចូល​ចិត្ត​លោក ​កែម ឡី និង​ក្រុមគ្រួសារ ​នៅ​តែ​បន្ត​ជំរុញ​រក​ឲ្យ​ឃើញ​អ្នក​បញ្ជា​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដោយសារ​ពួកគេ​មិន​ជឿ​លើ​អ្វី​ដែល​ខ្មាន់​កាំភ្លើង​បាន​អះអាង​ថា​លោក​ កែម ឡី ​ជំពាក់​លុយ។

អ្នក​សម្រប​សម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក ​រស់ សារ៉ាត់​ និយាយ​ថា​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​លោក ​កែម ឡី ស្ថិត​ក្នុងភាព​ស្រពេច​ស្រពិល​ ពាក់ព័ន្ធ​នឹង​ជន​ដែល​នៅពីក្រោយ​ខ្នង​នៃ​ការ​រៀបចំ​ផែនការ​បាញ់​សម្លាប់​អ្នកវិភាគ​រូបនេះ​។

លោក​ប្រាប់​វីអូអេ​ថា៖ «អ្វីដែល​រដ្ឋាភិបាល​រក​ឃើញ​ ដែល​តុលាការ​រក​ឃើញ​នោះ​ គឺ​វាមិន​ទាន់​មាន​តម្លាភាព​ទេ ហើយ​ក៏ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ មាន​តម្លាភាព​ទាក់​ទង​ជាមួយ​នឹង​ករណី​របស់​លោក​បណ្ឌិត​កែម ឡី​ ។ អីចឹង​ជា​ការ​ស្នើ​របស់​អន្តរជាតិ​ ឬក៏​សង្គម​ស៊ីវិល​ហ្នឹង​ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ក្នុង​ការធ្វើការស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ល្អិត​ល្អន់​ និង​តម្លាភាព​សម្រាប់​ករណី​ហ្នឹង ​ដើម្បី​ឲ្យ​ភាគី​សង​ខាង​ គាត់​អាច​ទទួល​យកបាន​ទាំង​អស់​គ្នា»។

លោក ​រស់ សារ៉ាត់​ បន្ថែមថា​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ ជានិច្ច​កាល​បាន​រៀប​កម្មវិធី​រំឭកដល់​ការ​ស្លាប់​លោក​កែម ឡី​ជារៀងរាល់​ឆ្នាំ ដើម្បី​ចងចាំ​នូវអ្វីដែល​ជា​ការលះបង់​របស់​លោក​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​ និង​ការ​ធ្វើ​ការងារ​សង្គម​ផ្សេង​ទៀត។

«​ឆ្នាំហ្នឹង​ យើង​ក៏បន្ត​ធ្វើ​ពិធីរំឭក​ខួប​៥ឆ្នាំ​របស់​គាត់​ ដែល​នឹង​មក​ដល់​ថ្ងៃ​ទី​១០​ ខែកក្កដា​ ខាង​មុខហ្នឹង​ ហើយ​ យើង​ក៏មាន​ជាការ​បង្ហោះ​សារ​ ហើយជា​ការ​ចង​ចាំ​នូវ​កេរដំណែល​ វីរភាព​ដែល​លោក​បណ្ឌិត​បាន​បន្សល់​ទុក​ សម្រាប់​សង្គម​កម្ពុជា​របស់​យើង​»។

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ លោក កែម​ ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ចំណុច​ភ្លើង​ស្តុប​បូកគោ ​ទីក្រុង​ភ្នំពេញ។

ការ​បាញ់​សម្លាប់​លោក​កែម ឡី​ កើត​ឡើង​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

លើស​ពី​នេះ​ លោក ​កែម ឡី​ បាន​ចូល​រួម​ធ្វើ​បទ​វិភាគ​លើ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​តាមវេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និងស្ថាប័នសារព័ត៌មាន​ផ្សេងៗ។ លោក​បាន​វិភាគ​បញ្ហា​រសើបៗ ​ដែល​មាន​ដូច​ជា​បញ្ហា​ព្រំដែន ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បរិស្ថាន​ បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ។

ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចាត់​ទុក​ថាការ​ធ្វើ​ឃាត​លោក ​កែម ឡី បានធ្វើ​ឲ្យ​«ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​និង​ជា​ការ​ផ្ចាញ់​ផ្ចាល់​រដ្ឋាភិបាល»។​ លោក​អំពាវនាវ​កុំ​ឲ្យ​យក​ការ​បាញ់​សម្លាប់​នេះ​«ធ្វើ​ជា​រឿង​នយោបាយ»។

រូបឯកសារ៖ សាកសពលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃអាទិត្យ ទី០៩ ខែកក្ដដា ឆ្នាំ២០១៦ នៅស្ថានីយចាក់សាំងមួយនៅរាជធានីភ្នំពេញ។ (ឡេង ឡែន/វីអូអេ)

រូបឯកសារ៖ ម្ដាយលោកកែម ឡី (ខាងឆ្វេងរូបសំណាក់លោកកែម ឡី) និងបងស្រីលោកកែម ឡី(ខាងស្ដាំ) រំកិលរូបសំណាកស្ពាន់តំណាងលោកកែម ឡីអ្នកវិភាគកិច្ចអភិវឌ្ឍន៍សង្គមដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ នៅស្រុកកំណើតលោកនៅខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/វីអូអេ)

លោក​ ហ៊ុន សែន ​ថ្លែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦ ​ថា៖​ «សង្ឃឹម​ថា​រឿង​ទាំង​នេះ ​អ្នក​នយោបាយ​ផ្សេង​ទៀត​នឹង​មិន​ប្រើប្រាស់​បញ្ហា​ទាំង​នេះ​ធ្វើ​ជា​បញ្ហា​នយោបាយ​អុច​អាល ​ដែល​នាំ​ឲ្យ​ជាតិ​ចលាចល​នោះ​ទេ»។

ក្រោយ​អំពើ​ឃាត​កម្ម​នេះ បុរស​ម្នាក់​ឈ្មោះ​អឿត អាង​ ហៅ​ជួប សម្លាប់​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក កែម ឡី ​មិន​ជឿ​ការ​អះអាង​របស់​បុរស​នោះ​ដែលថា​មូល​ហេតុ​នៃ​ការ​ធ្វើ​ឃាតនេះ​ ដោយ​សារ​ការ​ជំពាក់​ប្រាក់​នោះ​ទេ។ ​ក្រុម​គ្រួសារ​បន្ត​ទាមទារ​ឲ្យ​រក​ជន​ពាក់ព័ន្ធ​និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​នេះ។

អ្នកស្រី​ ប៊ូ រចនា​ ភរិយា​របស់លោក ​កែម ឡី ​ប្រាប់វីអូអេ​ពីប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​៦ ខែ​កក្កដាថាខ្មាន់កាំភ្លើង​ដែល​គេចាប់​បាន​នោះ​ មិន​អាចបញ្ជាក់​ពីការពិត​នៅពី​ក្រោយ​ឃាតកម្មលើ​ស្វាមី​របស់​អ្នកស្រី​ឡើយ​។​

«រឿង​ឃាតករ​ យើង​ដឹង​ស្រាប់​ហើយ​ថា​ គេបំបិទ​យើង​ចោល​អស់​ហើយ​ រឿង​ឃាតករ​ហ្នឹង​ គេគិត​ថា​ យើង​រក​ ឃាតករ​បាន​ហើយ​ ហើយ​។ អីចឹង​ គេក៏បិទ​សំណុំរឿង​ហ្នឹង​ចោល​ទៅ​ ហ្នឹង​ហើយ​ គេ​គិត​ថា​ យុត្តិធម៌​សម្រាប់​យើង​បាន​ហើយ​ តែ​សម្រាប់​ខ្ញុំ​អត់​ទទួល​បាន​ទេ​ ខ្ញុំ​អត់​ទទួល​ស្គាល់​»។

អ្នកស្រី​បន្ថែមថា​នៅ​ប្រទេស​អូស្ត្រាលី​ ជា​ទី​ដែល​អ្នកស្រី​និង​កូន​ប្រុស៥នាក់​ទទួល​បាន​សិទ្ធិ​ជ្រក​កោន ​នឹងមានការ​រៀបចំ​ពិធី​រំឭកខួប​៥ឆ្នាំនៃ​ការស្លាប់​របស់​ស្វាមី​អ្នកស្រី​ នៅវត្ត​ពុទ្ធរង្សី​ ហៅវត្តធំ​ ស្ថិត​ក្នុងទីក្រុង ​Melbourne រដ្ឋ​ Victoria។

បើទោះ​ជារស់​នៅឆ្ងាយ​ពីប្រទេស​កំណើត​យ៉ាងណាក្តី អ្នកស្រី ​ប៊ូ រចនា​ បន្តឃ្លាំមើល​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ដោយ​អ្នកស្រី​កត់​សម្គាល់​ថា​យុត្តិធម៌​សម្រាប់​ការ​ស្លាប់​ស្វាមីអ្នកស្រីក៏​មិនទាន់​មាន​ ប៉ុន្តែ​ការចាប់ខ្លួន​សកម្មជន​នយោបាយ​ និង​ចុងក្រោយ​នេះ ​គឺការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​មួយ​ចំនួន​បាន​បន្តកើនឡើង។

អ្នកស្រី​និយាយថា៖ «ហើយ​សួរ​ថា​គ្នា​ក្មេង​ៗ​យុវជន​ យុវតី​ប៉ុណ្ណឹងៗ គាត់​ទៅមាន​អី​ទៅ​ក្បត់​ជាតិ​រឿង​អី​គេ​ យក​អី​ទៅក្បត់ ​យក​អី​ទៅអះអាង​ ហើយ​ទៅ​ក្បត់​កើត​នោះ ​មិនថា​បន្ទុក​ទាំង​អស់​ហ្នឹង​ គឺដាក់​មក​ហ្នឹង​ គឺវាខុស​ស្រឡះហ្មង​ វាអត់​ត្រូវ​ចំណុច​ដែល​ត្រូវ​ចាប់​គាត់»។

រូបឯកសារ៖ ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗ បន្ទាប់ពីបានទៅដល់ប្រទេសអូស្រ្តាលី ក្រោយពីទទួលបានសិទ្ធិជ្រកកោន។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)

ចំណែក​អ្នក​នយោបាយនៅ​កម្ពុជា ដូចជា​លោក​ សាម អ៊ីន ដែល​ជា​អគ្គលេខាធិការ​នៃគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ថ្លែង​ថា​យុត្តិធម៌​សម្រាប់​លោក​កែម ឡី​ ស្ថិត​ក្នុងភាព​អាថ៌កំបាំង​ ខណៈភស្តុតាង​សំខាន់មួយចំនួន​ មិនត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​ តួយ៉ាង​កាមេរ៉ា​សុវត្ថិភាព​ ដែល​គេបំពាក់​នៅ​ស្ថានីយប្រេង​កាល់​តិច​ ស្តុប​បូកគោ​នោះ។

លោក​ប្រាប់វីអូអេ​៖ «យើងដឹងថា ​លោក​បណ្ឌិតកែម ឡី ​ហ្នឹង​បាន​លាចាក​យើង​ទៅ​ក្នុង​រយៈពេល៥ឆ្នាំហើយ​ ជិត​៥​ឆ្នាំហើយ​ ហើយ​យុត្តិធម៌​ទៅលើ​ឃាតកម្ម​ចំពោះ​លោក​បណ្ឌិត​ កែម​ ឡី ហ្នឹង​ ជិត​៥​ឆ្នាំ​មក​ហើយ​នេះ​ ហាក់នៅ​ភាព​ស្រពេច​ស្រពិល​មិន​ច្បាស់​លាស់​នៅឡើយ​ ជាពិសេស​កាមេរ៉ា​នៅ​ស្តុប​កាល់​តិច នៅស្តុប​បូកគោ​ហ្នឹង​ គឺ​មិន​ត្រូវ​បាន​លាត​ត្រដាង​ បង្ហាញ​ឲ្យ​បាន​ច្បាស់​លាស់​ជូន​សាធារណជន​ធ្វើ​ឲ្យ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ ហ្នឹង ​គឺ​នៅមាន​ភាព​ស្រពេចស្រពិល​មិន​ច្បាស់​លាស់​ ហើយ​យើង​មិន​ទាន់​ជឿ​ទៅលើ​ប្រព័ន្ធយុត្តិធម៌»។

​លោក កែម​ រិទ្ធិសិត​ ប្អូន​ប្រុស​របស់​លោក កែម ឡី ថ្លែង​ប្រាប់​វីអូអេ​ថាការទាមទារ​រក​យុត្តិធម៌​របស់​ក្រុម​អង្គការសង្គម​ស៊ីវិល​ និង​អ្នកដែល​នៅ​ចង​ចាំ​លោក ​កែម​ ឡី ​គឺត្រូវបាន​ស្វាគមន៍​ដោយ​ក្រុមគ្រួសារ​ ប៉ុន្តែ​យុត្តិធម៌​អាច​រក​ឃើញបាន​ឬយ៉ាងណា​នោះ​ គឺអាស្រ័យ​លើ​តុលាការ។

«រហូតមក​ដល់​ពេលនេះ​ យើង​៥ឆ្នាំ​ហើយ​ ភាពអយុត្តិធម៌​ដែល​អង្គការ​សង្គមស៊ីវិល​ ឬ​មួយក៏អ្នកដែល​នៅ​ក្រៅ​ប្រទេស​ទាមទារ​នេះ គឺយើងអបអរសាទរ​។ ប៉ុន្តែ​ចំពោះ​ក្រុមគ្រួសារ​ យើងរស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នេះ​ គឺ​យើងអត់​មាន​លទ្ធភាព​ អត់​មាន​អ្វីដែល​ជាង​តុលាការ​ ជាង​ប្រព័ន្ធ​ច្បាប់​ទេ​។ យើង​រំពឹង​ទៅលើ​ប្រព័ន្ធច្បាប់​ ប្រព័ន្ធតុលា​ការ ភាព​យុត្តិធម៌នេះ​ គឺយើងនៅ​តែបន្ត​រក​ អាហ្នឹង​គឺយើង​តាម​គេ»។ ​

លោក កែម រិទ្ធិសិត​ ប្អូនប្រុស​បង្កើត​លោក​ កែម​ ឡី ផ្តល់​បទសម្ភាសន៍​ដល់​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

យ៉ាង​ណាក៏ដោយ​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ ការពារ​វិធានការ​របស់​អាជ្ញាធរ​កន្លងមក​ ដែល​ចាប់​បានឃាតក យក​មក​ផ្តន្ទាទោស​ ឈាន​ដល់​ការ​បិទបញ្ចប់​កិច្ច​ស៊ើប​អង្កេត​សំណុំ​រឿង​ឃាតកម្ម​នេះ។

«ការ​តវ៉ា​សង្គម​ស៊ីវិល​មួយក្តាប់​តូច​នេះ​ ទោះបី​តវ៉ា​១០ទៅ​ ២០​ឆ្នាំទៀត​ ក៏​នៅ​ប៉ុណ្ណឹង​ដែរ​ ព្រោះ​អីវា​អត់​មាន​ភស្តុ​តាង​ ឬក៏​សក្ខីកម្ម​ មូលដ្ឋាន​ផ្នែកច្បាប់​ណារឹងមាំ​យក​មក​តវ៉ា​ ដោយសារ​សមត្ថកិច្ច​គេបាន​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​បិទ​បញ្ចប់​ករណី​នេះ​ ដោយ​ក្នុង​នោះ​ ជន​ដៃ​ដល់​ត្រូវបាន​រក​ឃើញ​ ហើយ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​»។ ​

កាល​ពី​ឆ្នាំ​២០១៧ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ព្រមាន​ចាប់​ខ្លួន​មនុស្ស​ដែល​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពីក្រោយ​ការបាញ់សម្លាប់​លោក​ កែម ឡី។ លោក​ថា​ការ​លើកឡើង​នេះ មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ពាក់​ព័ន្ធនឹង​ការ​អត្ថាធិប្បាយ​បែប​នេះ ​គណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​ប្តឹង​មនុស្ស​២នាក់​ផង​ដែរ ​ដែល​មាន​អ្នកវិភាគ​ លោក ​គឹម​ សុខ និង​អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ លោក​ស្រី​ ថាក់ ឡានី ដែល​ក្រោយ​មក​ត្រូវបាន​លើក​លែង​ទោស និង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​។

ដោយឡែក​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ គេ​ឃើញ​មាន​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​មួយ​ចំនួន​ បានដាក់រូប​ភ្ជាប់​ឈ្មោះ​របស់លោក ​កែម ឡី​ ឬ​រូប​ថត​របស់អ្នកវិភាគ​រូបនោះ​។

ប្រធាន​សមាគម​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​លោក ​វន់ ពៅ ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣ ​ខែកក្កដា​ ថា៖ «#យើងមិនភ្លេច លោក​ បណ្ឌិត ​កែម ឡីឡើយ!# លោក​បាន​បន្សល់​ទុកស្នាដៃ​ច្រើន​ណាស់​សម្រាប់យើង​ជា​ពិសេស​ស្នា​ដៃ​នៃ​គំនិតល្អៗ​របស់​លោក!!!!»។

អ្នកស្រី ​ភោគ សេ​ អាយុ​ ៨១ ឆ្នាំ​ ម្តាយ​បង្កើត​លោក កែម ឡី​ ផ្តល់​បទសម្ភាសន៍​ដល់​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) នៅ​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

ប្អូន​ប្រុស​របស់​លោក​ កែម ឡី គឺ ​លោក​ កែម រិទ្ធិសិត​ នៅ​តែ​កោត​សរសើរ​បង​ប្រុស​អំពី​ការ​ហ៊ាន​និយាយ​ការពិតរបស់​គាត់។

«អ្វីដែលខ្ញុំ​ចាំច្បាស់​នេះ​ គឺ​ថា​គាត់​ចង់​និយាយ​ ឬចង់​ថ្លែង​អី​មួយ គឺ​គាត់​សិក្សា​បាន​ច្បាស់​ណាស់​ បាន​ច្បាស់​លាស់​ណាស់​បាន​គាត់​ហ៊ាននិយាយ​ ហើយ​គាត់​និយាយ​គឺ​គាត់​មិនចេះ​និយាយ​អ្វីដែល​មិន​ពិត​ទេ។ គាត់​និយាយ​ភាគច្រើន​ និយាយ​ចេញ​អំពី​ការ​សិក្សា​ស្រាវ​ជ្រាវ​ គាត់​អត់​ដែល​បន្លំខ្មៅ​ទៅ​ជាស សទៅ​ជា​ខ្មៅ​ទេ»។ ​

ក្រោម​ដំបូល​រោង​ប្រក​ដោយ​ស័ង្កសី ដែល​ជាទី​តម្កល់​ចេតិយ​ដាក់​សព​របស់​លោក​បណ្ឌិត​កែម ឡី​ក្នុង​ឃុំ​លាយបូរ ​ខេត្តតាកែវ អ្នកស្រី ​ភោគ សេ​ អាយុ​៨១​ឆ្នាំ ​ដែល​ជា​ម្តាយ​របស់​លោក​ កែម ឡី ​ ​មាន​ប្រសាសន៍​ថា​នៅឆ្នាំនេះ​ ពិធីបុណ្យ​រំឭក​ខួបរបស់​កូន​ប្រុស​ នឹងធ្វើ​ឡើង​ទៅតាម​ទម្លាប់​នៃ​ពុទ្ធសាសនា​ តែអ្នក​ចូលរួម​មិនត្រូវបាន​អនុញ្ញាតឲ្យ​មកជាក្រុម​ៗ​ ក្នុងចំនួន​ច្រើននោះ​ទេ។

«ទទួល​ដែរ​ ប៉ុន្តែដល់​រង្វើល​ ដល់​មនុស្ស​ច្រើន​ក៏ទទួល​តាម​យើង​នេះចឹង​ តាម​តែ​គេ​មក​អុជធូប​ចឹង​ទៅ​ ហើយ​គេ​ទៅ​វិញ​ទៅ​ អត់​មាន​នៅដូច​មុន​ ដេកមួយ​យប់​ដេកអី​ដូចមុន​ មុនដេក​ពីរយប់​ណោះ»។ ​

ទាំង​អ្នកស្រី ​ភោគ​ សេ​ និង​លោក​ កែម​ រិទ្ធិសិត​ និយាយថា​ពួកគាត់​នៅចងចាំគ្រប់​អនុស្សាវរីយ៍​ដែលមាន​ជា​មួយ​លោក កែម​ ឡី ​កាលលោក​នៅមាន​ជីវិត។ លោក រិទ្ធិសិត​ យល់ថា​បងប្រុសរបស់​គាត់​ជាមនុស្ស​មានចិត្ត​ទូលាយនិង​ទទួល​យក​ការផ្តល់​យោបល់​ពីអ្នកដទៃ។

លោក រិទ្ធិសិត ​ថ្លែងថា៖ «ខ្ញុំឧទាហរណ៍​ ដូច​ជា​គាត់ ធ្លាប់​ធ្វើ​ជា​ប្រធាន​អង្គការ​មួយ​ គឺអង្គការ​មួយ​នៅខាង​ភ្នំពេញ​នេះ​ ខ្ញុំមិន​បាន​ចាំ​ឈ្មោះ​ទេ​ ហើយ​ខ្ញុំបាន​ជួប​បុគ្គលិក​របស់​គាត់​ហ្នឹង​ គាត់​ថា​លោក​បណ្ឌិត​ កែម​ ឡី គាត់​ចិត្ត​ទូលាយ​ មាន​ន័យ​ថាគាត់​ផ្តល់​ចំណេះ​ ផ្តល់​អ្វីៗ​ដែល​គាត់​មាន​ឲ្យ​ទៅបុគ្គលិក​ទាំង​អស់​ ទោះបី​បុគ្គលិក​មាន​ការ​ខុស​ឆ្គង​ ក៏អត់​មាន​ការស្តីបន្ទោស​អី​ ចាប់​កំហុស​អីខ្លាំងដែរ​ ឲ្យកែប្រែ​ដោយ​ខ្លួន​ឯង​ ដឹងកំហុស​ដោយ​ខ្លួនឯង។ ហើយ​គាត់ជា​មនុស្ស​ដែល​គាត់​ទទួលការ​គោរព​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ មិន​មែន​គាត់​រឹងទទឹង​មិនស្តាប់​ទេ»៕​