ប្រាំ​ឆ្នាំ​នៃ​ការអភិរក្ស​ក្រុម​ឧទ្យានុរក្ស​មើល​ឃើញ​លទ្ធផល

ឧទ្យានុរក្ស​ម្នាក់​​របស់​​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស​ កំពុង​ឈរ​នៅ​ក្បែរ​យុវជន​បី​នាក់​ដែល​បាន​ចូល​ឧទ្យាន​​នេះ​ដោយ​ខុស​ច្បាប់​ ហើយ​ត្រូវ​បាន​​ឲ្យ​ផ្តិត​មេ​ដៃ​សន្យា​ឈប់​ចូល​​ក្នុង​តំបន់​នេះ​ទៀត មុន​នឹង​ត្រូវ​ដោះ​លែង។ ដែន​ជម្រក​សត្វ​ព្រៃ​នេះ​មាន​ទំហំ​៣.០

ក្រុម​ល្បាត​ព្រៃ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៧នាក់​ដែល​ស្ពាយ​សាក់កាដូ​គ្រប់គ្នានិង​ប្រដាប់​ដោយ​កាំភ្លើង​អាការ​គ្រប់​ដៃ​កំពុង​ដើរ​ល្បាត​នៅ​ក្នុង​តំបន់​ព្រៃការពារ​ក្នុង​ដែន​ជម្រក​សត្វព្រៃភ្នំ​សំកុស​ក្នុង​ស្រុក​សំឡូត​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​បាត់ដំបង។

ការដើរ​ល្បាត​គឺ​ដើម្បី​ស្វែង​រក​មើល​ក្រែង​មាន​សកម្មភាព​កាប់​ឈើ​ឬ​ដាក់​អន្ទ្រាក់​សត្វព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នេះ។

បន្ទាប់​ពី​ដើរ​ឡើង​ចុះ​ភ្នំ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រពី​ស្នាក់​ការ​របស់​ខ្លួន​ ក្រុម​ដើរ​ល្បាត​ព្រៃ​របស់​ក្រសួង​បរិស្ថាន​នេះ​ដែល​ខ្លះ​ស្ពាយ​ចាន​ឆ្នាំង​និង​បន្លែ​សាច់​សម្រាប់​ធ្វើ​ម្ហូប​តាម​ផ្លូវ​ បាន​ពើប​ប្រទះ​នឹង​ចាប់​ឃាត់ខ្លួន​ជា​បណ្តោះ​អាសន្ន​យុវជន​ចំនួន​បីនាក់​ក្នុង​វ័យ​ប្រមាណ​១៧-១៨​ឆ្នាំ​ដែល​បាន​ចូល​មក​ក្នុង​តំបន់​ហាម​ឃាត់​នេះ​ដោយ​គ្មាន​ការអនុញ្ញាត។

ក្រុម​ល្បាត​បានឲ្យ​យុវជន​ទាំង​បី​នាក់​ដែល​សង្ស័យ​ថា​ចូល​មក​ក្នុង​ព្រៃ​នេះ​ក្នុង​បំណង​ទុច្ចរិត​នោះ​ ផ្តិត​មេដៃ​លើ​កិច្ច​សន្យា​ឈប់​ចូល​មក​ក្នុង​តំបន់​ហាម​ឃាត់​នេះ​ទៀត ​មុន​ពេល​អនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​ពី​ព្រៃ​ការពារ​នេះ​វិញ។ ការ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​វិញ​ដោយ​សារ​នៅ​ជាប់​នឹង​ខ្លួន​របស់​យុវជន​ទាំង​បី​នេះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ចម្ពាម​កៅស៊ូ​មួយ​នោះ​ទេ។

ការ​ដើរ​ល្បាត​កាត់​ព្រៃភ្នំ​ក្រំ​ថ្ម​ដោយ​ត្រូវ​ដេក​ក្នុង​ព្រៃ​ជា​ច្រើន​យប់​ដើម្បី​តាមរកចាប់​ខ្លួន​ជន​ល្មើស​កាប់​ឈើ​និង​ការអប់រំ​អ្នកភូមិ​កុំ​ឲ្យ​ចូល​មក​ដាក់​អន្ទ្ក់ាក់​និង​បរបាញ់​សត្វ​ព្រៃនៅ​ទីនេះ ​គឺ​ជា​ការងារ​ចម្បងប្រចាំ​ថ្ងៃ​របស់​ក្រុមល្បាត​នេះ ​ដើម្បី​រក្សា​ការពារ​ដែន​ជម្រក​សត្វ​ព្រៃទំហំ​ជិត​៦០.០០០​ហិកតា​ក្នុង​តំបន់​នេះ។

លោក​ រ៉ុង ភ័ក្រ្ត ​ប្រធាន​ស្នាក់ការ​ការពារ​ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស​ប្រចាំ​ស្រុក​សំឡូត​នេះ ​មាន​ប្រសាសន៍នៅ​ក្នុង​ពេល​ដើរ​ល្បាតព្រៃ​នេះ​ថា​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋនៅ​ក្នុង​តំបន់​នេះ​ បាន​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​សារៈ​សំខាន់​របស់​ព្រៃឈើ​និង​សត្វ​ព្រៃ​នៅ​ទីនេះ​ ហើយ​ក៏​លែង​សូវ​ហ៊ានប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​នេះ​ដែរ​ បន្ទាប់​ពីក្រុម​របស់​លោក​បាន​ចុះ​អប់រំ​និង​ចាប់​ខ្លួន​ជនល្មើស​កាប់​ឈើ​និង​ផលិត​ប្រេង​ម្រេះព្រៅជា​បន្ត​បន្ទាប់​កន្លង​មក​នេះ។

ក្រុម​ឧទ្យានុរក្ស​កំពុង​ដើរ​ល្បាត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស​ក្នុង​ស្រុក​សំឡូតចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង។

លោក រ៉ុង ភ័ក្រ្តបាន​បញ្ជាក់ថា៖

«បទល្មើស​ព្រៃឈើ​វា​ថយ​ចុះ​ហើយ​និង​ការបរបាញ់​សត្វ​ខុស​ច្បាប់នៅ​តំបន់​ហ្នឹង​ថយ​ចុះ​មួយ​ចំនួនច្រើន»។

កាលពី​ពីរ​សប្តាហ៍មុន​ ក្រុម​ល្បាត​ព្រៃរបស់​ក្រសួង​បរិស្ថាន​នេះ​បាន​ចាប់​ខ្លួន​ជនល្មើស​ចំនួន​បី​នាក់​បញ្ជូន​ទៅ​តុលាការ​ដើម្បីកាត់ទោស​ពី​បទលួច​ចូល​កាប់​ឈើ​ខុស​ច្បាប់នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ក្នុង​ទឹក​ដី​ខេត្ត​ពោធិ៍សាត់។

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុបទំហំ​ជាង​៣.០០០​គីឡូម៉ែត្រ​ក្រឡា​ដោយ​លាត​សន្ធឹង​តាមព្រំ​ប្រទល់​ខេត្ត​ពោធិ៍សាត់​និង​បាត់ដំបង​នេះ។

តំបន់​នេះ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ចំនួន​ជាង​១០.០០០​នាក់ ​ហើយក៏​ជា​ជម្រក​សត្វ​ព្រៃជា​ច្រើន​ប្រភេទ​ រួម​មាន​បក្សី​ចំនួន​ជាង​២០០​ប្រភេទ​ ថនិកសត្វជាង​៦០​ប្រភេទ សត្វ​ល្មូន​ជាង៥០​ប្រភេទ ​ត្រី​ចំនួន​៦០​ប្រភេទ​ និង​សត្វ​ល្អិត​រាប់​ពាន់​ប្រភេទ​ផង​ដែរ។ នេះ​បើ​យោង​តាមការ​សិក្សាស្រាវជ្រាវ​របស់ក្រសួង​បរិស្ថាន​និង​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ FFI នៅ​កម្ពុជា។

លោក ឆាដ វីលៀម (Chad Williams) ទីប្រឹក្សា​បច្ចេកទេស​របស់​អង្គការ​អភិរក្ស​សត្វព្រៃ FFI​ ដែល​ជា​អ្នកជួយ​បណ្តុះ​បណ្តាល​ក្រុម​ល្បាត​ព្រៃនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំកុស​នេះ ​មាន​ប្រសាសន៍​ថា​ក្រុមល្បាត​របស់​លោកនៅ​ទី​នេះ​បានបំផ្លាញ​ជំរំ​កាប់​ឈើ​និងផលិត​ប្រេង​ម្រេះព្រៅខុស​ច្បាប់​បាន​ចំនួន​១៥​កន្លែង និង​ចាប់​ខ្លួន​ជនល្មើស​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​នៅ​ក្នុង​រយៈ​ពេល៥​ឆ្នាំ​កន្លង​មក​នេះ។

«ជាក់​ស្តែងនៅ​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ ​យើង​បាន​បំផ្លាញ​ចោល​អន្ទាក់និង​អង្គប់​ចំនួន​៦០០ដែល​គេ​ដាក់​ចាប់​សត្វ​ព្រៃ។ ​យើង​នៅ​តែ​បន្ត​ប្រឈម​ជាមួយ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​និង​បំផ្លាញម៉ាស៊ីន​អារ​ឈើ​របស់​ពួកគេ​ចោលហើយ​នឹង​រឹបអូសឈើ​មាន​តម្លៃ​ដែល​ពួកគេព្យាយាម​យក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃនេះ»។

ព្រៃឈើ​និង​សត្វ​ព្រៃ​ជា​ច្រើ​ន​ប្រភេទ​ដោយ​រួម​ទាំង​ប្រភេទ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភព​លោក​ផង​នោះ​ បាន​រងនូវ​ការកាប់​បំផ្លាញ​និង​ការគំរាម​កំហែង​យ៉ាង​ខ្លាំងនៅ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង​ក្រោយ។ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ​ថ្មីៗ​នេះ​ សន្ទុះ​នៃ​ការកាប់​ឈើ​ខុស​ច្បាប់ហាក់​ស្ថិតក្នុង​ល្បឿន​មួយគួរ​ឲ្យ​ព្រួយ​បារម្ភដែល​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ខំចិត្ត​រឹត​បន្តឹង​ការបង្រ្កាប​បទល្មើស​ព្រៃឈើ​នេះ​ដើម្បី​រក្សា​ព្រៃឈើ​និង​សត្វ​ព្រៃ​កុំ​ឲ្យ​បាត់​បង់​តទៅ​ទៀត។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស​នេះ ​នៅតែរង​ការគំរាម​កំហែ​ង​ពី​ការកាប់​ឈើ​ខុស​ច្បាប់ ការ​ចម្រាញ់​ប្រេង​ម្រេះព្រៅ​ដើម្បី​ផលិត​ជា​សារធាតុ​ញៀន ការបរបាញ់​និង​ដាក់​អន្ទាក់​សត្វ​ព្រៃខុស​ច្បាប់​ ហើយ​នឹង​ការុករាន​ព្រៃ​យក​ដីធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ជាដើម។

លោក នៅ​ អ៊ួក ​ប្រធាន​ក្រុម​ល្បាតព្រៃ​ម្នាក់ក្នុង​ដែន​ជម្រក​សត្វព្រៃ​នេះ​មាន​ប្រសាសន៍​នៅ​ពេល​សម្រាក​ពី​ការដើរ​ល្បាត​ក្នុង​ព្រៃ​នេះ​ថា ​ថ្វី​ត្បិត​តែ​ការបង្រ្កាប​បទល្មើស​ទទួល​បានលទ្ធផល​មួយ​ចំនួន​កន្លង​មក​ក៏​ដោយ ​ក៏​ក្រុម​ល្បាត​របស់​លោក​នៅ​ជួបការ​លំបាក​មួយ​ចំនួន​នៅឡើយ​ដូចជា​កង្វះ​កម្លាំង​ដើរ​ល្បាត​និង​សម្ភារៈ​ចាំបាច់​ក្នុងការ​ដើរ​ល្បាត​ជាដើម។

បច្ចុប្បន្ន​ ក្រុម​ល្បាត​ឬ​ហៅ​ថា​មន្ត្រី​ឧទ្យានុរក្សនៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ក្នុង​ខេត្ត​បាត់ដំបង​នេះ​ មាន​សមាជិក​ចំនួន​១៣នាក់ ​ដោយ​បំបែក​គ្នា​ល្បាត​ជា​ពីរ​ក្រុម។ ប៉ុន្តែ​ ចំនួន​នេះមិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ដើរ​ល្បាត​សព្វគ្រប់​ជ្រុងជ្រោយ​លើ​ផ្ទៃ​ដី​ព្រៃ​ជិត​៦០.០០០ហិកតាក្នុង​ខេត្ត​បាត់ដំបង​នេះ​ទេ។

លោក នៅ អ៊ួក មាន​ប្រសាសន៍​បន្ថែម​ថា ​ក្រៅ​ពីចំនួន​កម្លាំង​ល្បាត​តិចតួច​នេះ ​ការប្រឈម​មុខ​នឹង​កងទាហានខ្មែរ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​ព្រំដែន​នៅ​ក្នុងដែន​ជម្រក​សត្វព្រៃ​នេះ​ ​ក៏​ជា​ឧបសគ្គ​ចម្បង​មួយ​ដែរ​សម្រាប់​ក្រុម​របស់​លោក​ក្នុង​ការចុះបង្រ្កាប​បទល្មើស​ព្រៃឈើ​ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ។

«គេ​ផ្តល់​ព័ត៌មាន​ឲ្យ​យើង​ថា​ចំណុច​ហ្នឹង​មាន​ប្រព្រឹត្ត​បទល្មើស​ មាន​ការ​អារ​ឈើ​ខុស​ច្បាប់​អញ្ចឹង។​ អញ្ចឹង​មន្ត្រី​យើង​ចុះ​ទៅ​អន្តរាគម​ចំណុច​ហ្នឹង ​អញ្ចឹង​ដល់​ចំណុច​ហ្នឹង​ទាល់​តែ​ទៅ​សុំ​ខាង​មេ​គេបាន​យើង​អាច​ចូល​ទៅ​បាន​ អញ្ចឹង​ធ្វើ​ឲ្យ​បទ​ល្មើស​ហ្នឹង​ដឹង​ខ្លួន​ទាន់ ​យើង​មិ​ន​អាច​ទប់​ស្កាត់បង្ក្រាប​ទាន់​ពេល​វេលា»។

លោក នៅ អ៊ួក ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ កន្លងមក​ក៏​មាន​ជន​ល្មើស​ព្រៃឈើ​មួយ​ចំនួនដែល​ក្រុមល្បាតរបស់​លោក​ព្យាយាម​តាម​ចាប់​បាន​ហើយ​បញ្ជូន​ទៅ​តុលាការ​នោះ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ខ្លួន​វិញ​ដោយពុំ​បានទទួល​ទោស​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ការកំណត់​របស់​ច្បាប់​នោះ​ទេ។

លោក នៅ អ៊ួក មាន​ប្រសាសន៍​ថា ​ការដោះលែង​ជនល្មើសព្រៃឈើដោយ​ខុស​ច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​លោក​និងក្រុមល្បាតរបស់​លោក​បាក់​ទឹក​ចិត្ត​ក្នុង​ការបន្ត​ការងារ​ការពារ​ព្រៃឈើ​និង​សត្វ​ព្រៃ​នៅ​ទីនេះ​ទៀត ​ហើយ​ទង្វើ​បែបនោះ​ក៏​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​សម្រាប់​និរន្តរភាព​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស​នេះ​ផង​ដែរ៕