សៀមរាប — ជាច្រើនទសវត្សរ៍មកហើយ ពលរដ្ឋខ្មែរទន្ទេញចាំមាត់ថា «បឹងទន្លេសាបជាជង្រុកត្រីដ៏ធំបំផុត» សម្រាប់ផ្គត់ផ្គង់ម្ហូប ឬប្រូតេអ៊ីនដល់ពលរដ្ឋរាប់លាននាក់ តែផ្នត់គំនិតនេះបានរលាយបាត់បង់ហើយ ដោយជំនួសមកវិញនូវពាក្យថា បឹងទន្លេសាប «ខ្សត់ត្រី ឬអស់ត្រី » ដោយក្រុមប្រជានេសាទបានអះអាងដោយគ្មានខ្លាចរអែងថា បណ្តាលមកពីការនេសាទខុសច្បាប់ ការកាប់ព្រៃលិចទឹកទន្ទា្រនយកដី ការសង់ទំនប់ និងការប្រែប្រួលអាកាសធាតុ។
ក្រុមប្រជានេសាទរស់នៅតាមដងទន្លេសាប ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប បាននិយាយឥតលាក់លៀមពីមូលហេតុនៃការខ្សត់ត្រី និងផលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
ឈរនៅកាំជណ្តើរផ្ទះបងស្រី រង់ចាំដឹកផ្ទាំងក្តាររូបភាពទៅផ្ទះ លោក ប៉ា ធុច អាយុ៥៦ឆ្នាំ មានកូន២នាក់ និងជាអ្នកនេសាទម្នាក់ បានថ្លែងថា បឹងទន្លេសាប សឹងតែអស់ត្រីហើយមកដល់ឆ្នាំនេះ។
«គិតថាអស់ហើយ អស់ជង្រុកត្រី គ្មានជង្រុកត្រីអីទៀតទេ វាអស់ហើយ បើនិយាយឲ្យចំទៅដូចថាវាគ្មានអ្នកការពារឲ្យច្បាស់លាស់ទេ»។
លោកបានបន្ថែមថា៖ «ដូចថារកវាមិនសូវបានទេសព្វថ្ងៃនេះ អ្នកនេសាទ អ្នកនៅតាមដងទន្លេសាបនេះ គឺអត់រកបានទេ គឺនិយាយឲ្យចំទៅគឺឆ្នាំនេះឯង ក្របណ្តោយត្រី ត្រីអស់»។
បុរសអ្នកនេសាទរូបនេះ គិតថា ការខ្សត់ត្រីនៅបឹងទន្លេសាបនេះគឺដោយសារតែប្រជាជនចុះរកត្រីយ៉ាងគំហុក ក្រោយពីអស់ឡូតិ៍ការពារ ការសាងសង់ទំនប់វារីអគ្គីសនីពីប្រទេសមេគង្គខាងលើ។
«បើតាមការកត់សម្គាល់ ខ្ញុំមើលទៅប្រហែលជាទឹកវាមិនអំណោយផល ដូចថាទឹកវាឡើងខុសខែ ទឹកឡើងខុសខែហើយ ត្រីវាអត់ពងកូនបាន ដូចថាវាពងកូនដែរ វាចាំ ទឹក ចាំទឹកយូរទៅ វាត្រូវរាកពងចោល អត់ញាស់ដូចថាទឹកវាក្រឡើង ទឹកឡើងរហូត ដល់ខែ៨»។
លោកបញ្ជាក់បន្តទៀតថា ប៉ុន្មានឆ្នាំមុន លោករាយមោងបាន១០ទៅ១៥គីឡូក្រាមក្នុង១ថ្ងៃ តែឥឡូវបាន២ទៅ៣គីឡូក្រាមសឹងតែរកមិនបានផង។
ក្រុមអ្នកនេសាទបាននិយាយព្រមៗគ្នាថា ការនេសាទត្រីខុសច្បាប់ ដូចជាឆក់ត្រី ប្រើឧបករណ៍យាំងកាវ ឬ ឧបករណ៍ជាសំណាញ់ទំហំធំសម្រាប់ចាប់ត្រីមានក្រឡាល្អិត ដាក់អូសកាត់ទន្លេរាប់រយម៉ែត្រដោយទូកប្រើម៉ាស៊ីនធំៗ ហើយមានការការពារពីជនប្រដាប់អាវុធលួចនេសាទសឹងរាល់ថ្ងៃ ការកាប់ឆ្ការព្រៃលិចទឹក គឺជាបញ្ហាបន្ថែមលើការប្រែប្រួលអាកាសធាតុ និងការសង់ទំនប់។
ចុះពីលើផ្ទះរបស់លោក ហើយដើរទៅជួយលក់ឥវ៉ាន់កូនចៅលោកនៅមុខផ្ទះតិចតួច លោក ឃឹះ ប៉ូថៃ អាយុ ៧១ឆ្នាំ អ្នកស្រុករស់នៅក្នុងភូមិប្រជានេសាទ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម តាំងពីក្មេង បានលាឈប់នេសាទជាច្រើនឆ្នាំហើយ។ អតីតអ្នកនេសាទរូបនេះនិយាយដោយខ្សាវៗថា បឹងទន្លេសាបមិនមែនជាជង្រុកត្រីទៀតទេ ដោយសារអស់ត្រីហើយ ពីព្រោះតែការនេសាទត្រីខុសច្បាប់ប្រើសំណាញ់ញឹកដែលអាចនឹងធ្វើឲ្យត្រីតូចនិងធំត្រូវជាប់ទាំងអស់។
«អូ! មិនបាច់និយាយទេអូនអើយ សឹងតែចេញពីក្តិតត្រីមកក៏ជាប់អស់ហើយ (សើច) ចុះធ្វើម៉េច ដល់អញ្ចុះទៅមានអីនឹងសល់ពូជ»។
ការរកយ៉ាងគំហុករបស់ពលរដ្ឋក៏ជាមូលហេតុដែរ ដោយសារតែគ្មានអ្វីចិញ្ចឹមជីវិតរបស់ពួកគេ។
«អស់ហើយ វាចេះតែល្បើចទៅៗ មួយឆ្នាំខ្សោយបន្តិច គ្រាន់តែពួកអាអ្នកទិញទៅឆ្អើរហ្នឹង មួយឆ្នាំខ្សោយបន្តិចៗ វាចុះ ចេះតែធ្លាក់ចុះក្រោម»។
លោកថា បញ្ហាគ្មានទឹកដែលមិនបានឡើងទាន់ពេលជារឿងមួយ ប៉ុន្តែរឿងគ្រប់គ្រងមិនបានដិតដល់ដោយអំពើពុករលួយ និងការសូកប៉ាន់មន្ត្រីខិលខូចនោះ គឺជារឿងសំខាន់នៃការលួចនេសាទត្រីខុសច្បាប់និងនៅកន្លែងហាមឃាត់។ ទោះជាធ្លាប់មានចាប់ខ្លួនមន្ត្រីខ្លះដាក់ទោសក្តី ក៏លោកទទូចឲ្យមានវិធានការតឹងរ៉ឹងឋិតថេរជាងសព្វថ្ងៃនេះ។
«បញ្ញត្តិច្បាប់ឲ្យតឹងបន្តិចទៅ រដ្ឋាភិបាលបញ្ញត្តិច្បាប់ឲ្យតឹងបន្តិចទៅ ហើយកុំឲ្យមានអំពើពុករលួយ អំពើសូកប៉ាន់។ លួចចាប់ត្រីសម្បើមណាស់មកពីអាអំពើអស់នោះឯងផង»។
លោកបន្តថា វិធានការមិនតឹងរ៉ឹងត្រូវក្លាយជាថ្នូរនឹងការផុតពូជត្រី និងធ្វើឲ្យលំបាកដល់ជីវភាពពលរដ្ឋជាមិនខាន។
អង្គុយជួសសំណាញ់ជាមួយក្រុមគ្រួសារនៅក្រោមផ្ទះ លោក សុខ ថុល អាយុ៣៤ឆ្នាំជាអ្នកនេសាទតាំងពីអាយុ១៤ឆ្នាំ។ លោកបានថ្លែងថា ឆ្នាំនេះរកនេសាទមិនបានទេ។
«យ៉ាប់ដែរហ្នឹង បើទំនប់គេនៅតែបិទ គេនៅតែធ្វើទេ វាបាត់ពូជត្រីច្រើន និយាយឲ្យចំទៅត្រីព្រួលអីបាត់អស់ហើយ ត្រីព្រួល ត្រីក្រឡង់ ត្រីអីហ្នឹង មិនដូចមុនទេ ក្មេងជំនាន់ក្រោយហ្នឹងអត់ស្គាល់ទេ»។
លោកថា ការឈូសឆាយដីចម្ការ ដុតព្រៃជម្រកត្រី ឈូសដីស្រែប្រាំង ឈូសឆាយឡូតិ៍នេសាទ ធ្វើឲ្យជម្រកត្រីបាត់បង់។ លើសពីនេះ មានការធ្វើទំនប់ពីខាងខ្សែទឹកលើ ហើយជាពិសេស ទឹកឆ្នាំនេះឡើងខុសរដូវ។
«ឆ្នាំនេះមកពីទឹក ត្រីវាប្រុងឡើងពងកូន ឧបមាថាត្រីរ៉ស់ និងត្រីផ្សេងៗ ដល់វាអត់មានជម្រក វាពងរាកចោលតាមទន្លេ រាល់ឆ្នាំមានទឹក ត្រីឆ្តោអីវាឡើងទៅពងកូនតាមដុប និងតាមព្រៃ»។
លោក ប៉ូ សុខឃី អាយុ៥០ឆ្នាំ អ្នកនេសាទម្នាក់ទៀត នៅឃុំដដែលនោះ ថ្លែងថា ត្រីអស់ហើយ ហើយការរកនេសាទសព្វថ្ងៃនេះ មិនចង់គ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជីវភាពទេ។
«រក(នេសាទ)គ្រាន់តែហូបមិនចង់គ្រប់ផងសព្វថ្ងៃនេះ។ ឈប់រកក៏អត់លុយ អត់មានថារកឲ្យបានសល់លុយសល់កាក់អត់ទេ ពិបាករកនេសាទអញ្ចេះ»។
លោកចង់ឃើញតំបន់ឡូតិ៍អភិរក្ស ពិតជាគ្មានការនេសាទខុសច្បាប់ បើពុំដូច្នោះទេនឹងអស់ត្រី ហើយប្រជានេសាទនឹងគ្មានអ្វីពឹងផ្អែកសម្រាប់ជីវភាពទេ។
«បើសិនជាការពារ ការពារកន្លែងព្រៃអភិរក្ស កន្លែងបានសល់គង់វង្សកុំឲ្យមាននរណារក នោះទើបបានសល់ត្រី។ ការពារទៅ ក៏ឲ្យតែអ្នកមានចូលរកទៅ ក៏វាអស់ត្រីរលីង ឯយើងអ្នករកតូចតាចដែលហ៊ានទៅរកកើត»។
មានឡូតិ៍អភិរក្ស ឬឡូតិ៍បម្រុងជាច្រើន មានទំហំរាប់ពាន់ហិកតានៅជុំវិញបឹងទន្លេសាប ដែលត្រូវគេលួចនេសាទដោយទូកម៉ាស៊ីនធំៗអូសឧបករណ៍ក្រឡាញឹកយ៉ាងគគ្រឹកគគ្រេង ដែលមិនអាចទប់ស្កាត់បានដោយសារអ្នកមានអំណាច ឬជនប្រដាប់អាវុធនៅពីក្រោយខ្នង។
លោក Brian Eyler អ្នកនិពន្ធសៀវភៅ «Last Days of the Mighty Mekong» និងជានាយកគម្រោងអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson ដែលជាអង្គការតាក់តែងគោលនយោបាយមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ការស្ថាបនាទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ ដែលបានបង្អាក់ការបន្លាស់ទីរបស់ត្រី និងការទប់ស្កាត់ការនេសាទត្រីខុសច្បាប់មិនមានប្រសិទ្ធភាព គឺជាមូលហេតុធ្វើឲ្យចំនួនត្រីធ្លាក់ចុះ។
«នៅឆ្នាំនេះ ការហូរត្រឡប់មកវិញ និងការប៉ះទង្គិចអំពីចរន្តទឹកនេះគឺធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវានឹងបង្កឲ្យមានការខ្វះខាតម្ហូបអាហារ ដែលពាក់ព័ន្ធនឹងការអត់ត្រីក្នុងប្រព័ន្ធទន្លេទាំងអស់នៅរដូវកាលនេសាទតាមបែបធម្មជាតិ ដែលចាប់ ផ្តើមពីខែនេះ (ធ្នូ) ដល់ខែកុម្ភៈ»។
បើតាមលោក Brian Eyler ដដែល បានថ្លែងថា ទឹកភ្លៀងតិចក្នុងឆ្នាំ២០១៩ សម្រាប់ខែមិថុនាដល់ខែកញ្ញា នាំឲ្យមានភាពរាំងស្ងួត ហើយផ្សំនឹងប្រតិបត្តិការរបស់ទំនប់វារីអគ្គីសនី Jinghong Dam របស់ចិន និងការបើកប្រតិបត្តិការថ្មីរបស់ទំនប់ Xayaburi របស់ថៃក្នុងប្រទេសឡាវនោះ កាន់តែធ្វើឲ្យមានគ្រោះរាំងស្ងួត។
«ទំនប់វារីអគ្គីសនីទាំងនោះ ហើយនឹងទំនប់ជាង៧០ទៀតដែលប្រតិបត្តិការក្នុងប្រទេសឡាវ និងចិន បានបង្កគ្រោះថ្នាក់ដល់ស្ថានភាពជាច្រើនដែលពាក់ព័ន្ធនឹង គ្រោះរាំងស្ងួត។ គ្រោះរាំងស្ងួតបានបង្កឲ្យកម្រិតទឹកតិចក្នុងទន្លេ ហើយនឹងធ្វើឲ្យ ល្បាប់កាន់តែតិចហូរចាក់ទៅក្នុងប្រព័ន្ធទន្លេ ចេញពីប្រភពនានា»។
លោកបានថ្លែងបន្ថែមអំពីស្ថានភាពទន្លេ និងការប្រែប្រួលបរិស្ថានផ្សេងៗទៀតថា៖
«ទំនប់ទាំងនោះបានធ្វើឲ្យមានការប្រែប្រួលល្បឿនទឹកហូរ ហើយនិងបង្អាក់ការនាំល្បាប់ ដែលជារឿងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កសិកម្មនៅតំបន់ខាងក្រោម ដល់វិស័យជលផល ការនេសាទត្រី បង្អាក់ដល់ការបន្លាស់ទីរបស់ត្រី ទាំងការបន្លាស់ទីនៅតំបន់ខាងលើ និងការបន្លាស់ទីនៅតំបន់ខាងក្រោមក្នុងទន្លេ។ សព្វថ្ងៃនេះទឹកទន្លេមេគង្គមានពណ៌ខៀវចាប់ពីតំបន់កណ្តាលប្រទេសឡាវទៅដល់ទល់ដែនប្រទេសចិន ដោយសារថាគ្មានល្បាប់។ ជាធម្មតានៅពេលទឹកទន្លេដែលមានគុណភាពល្អដល់ប្រព័ន្ធអេកូឡូស៊ី គឺនៅពេលនេះត្រូវមានពណ៌ដូចភក់»។
គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរគឺបានបង្កឲ្យទន្លេមេគង្គរងគ្រោះ ហើយជាសញ្ញាដែលបានកើតមានតាំងពីរដូវក្តៅម្ល៉េះ។ ហើយជាទម្លាប់រៀងរាល់ឆ្នាំ អាកាសធាតុតាមដងទន្លេមេគង្គជួបភាពរាំងស្ងួត គឺចាប់ពីខែវិច្ឆិកាដល់ខែមេសា ហើយរដូវភ្លៀងតែងតែធ្លាក់ចាប់ពីខែឧសភាដល់ខែតុលា។
នៅពេលភ្លៀងប្រចាំឆ្នាំធ្លាក់ វាបានបញ្ជូនចរន្តទឹកចុះទៅកាន់អាងទន្លេប៉ែកខាងក្រោម ដើម្បីបំពេញអាងទន្លេយ៉ាងសកម្ម។
កំពុងឈរមើលកម្មករដឹកជញ្ជូនកូនត្រីនៅច្រាំងនៃដៃទន្លេសាប នៅភូមិចុងឃ្នាស ភ្នំក្រោម មិនឆ្ងាយប៉ុន្មានពីទីរួមខេត្តសៀមរាប អ្នកស្រី ហែម នី អាយុ ៥៥ ឆ្នាំ ជាអ្នក ទិញត្រីល្អិតៗយកទៅលក់ឲ្យកន្លែងចិញ្ចឹមត្រីក្នុងខេត្តសៀមរាប។ អ្នកស្រីបានថ្លែងថា អ្នកស្រីម្នាក់ឯងបានប្រមូលទិញកូនត្រីកញ្ចុះក្នុងមួយថ្ងៃ ៥តោនដើម្បីទៅលក់ដល់ស្រះចិញ្ចឹមត្រី ធ្វើជាចំណី។
អ្នកស្រីថា កូនត្រីដែលអ្នកស្រីប្រមូលទិញនេះគឺមួយគីឡូមានតម្លៃ១៣០០រៀល ហើយលក់វិញក្នុងតម្លៃ១៤០០រៀល ដោយរកប្រាក់ចំណេញតិចតួច ដោយសារមានកម្មករច្រើនដែលអ្នកស្រីត្រូវចំណាយ។
«ខ្ញុំទិញតពីគេដូចថា យើងជួយលុយខ្លះៗទៅក្រោមទៅ ឲ្យគេជួយប្រមូលមកអីចឹងទៅណា៎»។
លោកស្រីថ្លែងដូច្នេះដោយយោងទៅលើក្តីបារម្ភអំពីការប៉ះពាល់ដល់មុខរបរ ដោយសារការប្រែប្រួលអាកាសធាតុទៅថ្ងៃខាងមុខ។
«បារម្ភចេះតែបារម្ភ តែមិនដឹងថាយ៉ាងម៉េចទេ បើសិនថាទឹកធំយើងនឹងបានត្រីច្រើន បើទឹកតូចត្រី វាបានតិចដែរអីចឹងទៅណាស់»។
អ្នកស្រីបានប្តូរពីការទិញត្រីធំមកត្រីតូចយូរហើយ ដោយសារមិនមានត្រីធំច្រើនតាមតម្រូវការជាច្រើនជាល ឬកញ្ឆេ និងមិនអាចចំណេញបាន។
«វាសម្បូរតែត្រីល្អិត ត្រីធំវាដូចរៀងថយចុះ ចុះមួយថ្ងៃៗ ឃើញតែមក ២ទៅ៣ ជាល ជ្រុងប្រហែល២០០គីឡូ ហើយម្នាក់១០ទៅ២០គីឡូក្រាមហ្នឹង វាតិច វាច្រើនតែត្រីល្អិតយើង»។
បើយោងតាមរបាយការណ៍រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល VOA ទទួលបានកាលពីសប្តាហ៍ថ្មីៗនេះ បានបញ្ជាក់ថា ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩ បានធ្លាក់ចុះជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
របាយការណ៍បង្ហាញថា ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩នេះ មានចំនួនជាង៤៧ម៉ឺនតោន ដែលធ្លាក់ចុះជាង៥ម៉ឺនតោន គឺស្មើនឹង១០ភាគរយ បើធៀបនឹងផលនេសាទក្នុងឆ្នាំ២០១៨ ដែលមានចំនួនជាង៥៣ម៉ឺនតោន។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់ទឹកភ្លៀង ដែលជាមូលហេតុនាំឲ្យត្រីធ្លាក់ចុះ។
«អ៊ីចឹងដូចជាឆ្នាំហ្នឹង វាមានការប្រែប្រួលអាកាសធាតុ អ៊ីចឹងយើងឃើញភ្លៀងនៅក្នុងតំបន់ហ្នឹងវាតិច វាតិចជាងមុន។ វាភ្លៀងតិច ហើយវាភ្លៀងអត់ដើមរដូវ អ៊ីចឹងហើយបានវាធ្វើឲ្យកម្ពស់ទឹកហ្នឹងវាក្រឆាប់ឡើង ហើយដល់ពេលវាឡើងហើយ វាស្រកវិញលឿន»។
ក្រុមប្រជានេសាទខ្លះថា ការវិនាសមហន្តរាយត្រីដោយសារកត្តាមនុស្ស និងធម្មជាតិដែលមិនទាន់ទប់ស្កាត់បាននេះ នាំធ្វើឲ្យពួកគេយល់ថា ជាពេលត្រូវប្តូរមុខរបររបស់ពួកគេផ្ទាល់ និងកូនចៅរបស់គេជាច្រើន ដោយចាប់ផ្តើមពីការធ្វើចំណាកស្រុកចេញទៅធ្វើជាកម្មករនៅប្រទេសថៃ ឬទៅកាន់តំបន់ទីប្រជុំជននានាក្នុងប្រទេស នាពេលអនាគតដើម្បីធ្វើការរកប្រាក់ចិញ្ចឹមជីវិតតាមវិធីផ្សេងៗ៕