ប្រជា​នេសាទ​បារម្ភ​អំពី​ការ​អភិវឌ្ឍ​នៅ​បឹង​តាមោក ខណៈ​ត្អូញត្អែរ​ផល​នេសាទ​ធ្លាក់​ចុះ

ស៊ងត្រី​ដែល​ត្រូវ​បាន​គេ​ពង្រាយ​ក្នុង​បឹង​តាមោក។ (ហ៊ុល រស្មី/VOA)

ប្រជា​នេសាទ​ក្នុង​បឹង​តាមោក ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ​និយាយ​ថា​ ពួក​គាត់​មិន​បាន​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​នៅ​ក្នុង​បឹង​នេះ​ឬ​ក៏​កាត់​ចំណែក​ណា​មួយ​នៃ​ផ្ទៃ​បឹង​នេះ​ឲ្យ​ទៅ​បុគ្គល​ណា​ឡើយ។​ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​បារម្ភ​កាន់​តែ​ខ្លាំង​គឺ​ការ​ធ្លាក់​ចុះ​ផល​នេសាទ​នៅ​ក្នុង​បឹង​ទំហំ​ជាង​៣​ពាន់​ហិកតា​នេះ ខណៈ​មាន​កំណើន​នៃ​ចំនួន​ស៊ង​ ឬ​ទីកន្លែង​បង្ខាំង​ត្រី ​ឬ​ហៅ​ម្យ៉ាង​ទៀតថា​ ទី​ដែល​ហ៊ុមព្រួល​បញ្ចូល​ត្រី។​

បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣២៣៩​ហិកតា ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ទ្រព្យ​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ តាម​រយៈ​អនុក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦។​ ក្រោយ​មក ផ្ទៃ​បឹង​ចំនួន​៧៥​ហិកតា​ត្រូវ​បាន​កាត់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើត​សួន ​និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ។​ នេះ​បើ​តាម​លិខិត​មួយ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ចុះថ្ងៃ​ទី​១៣​ខែ​មីនា​ឆ្នាំ​២០២០។​

បន្ទាប់មក​ទៀត ​នៅ​ថ្ងៃទី​២៧ ​ខែ​មេសា ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​សម្រេច​ប្រគល់​ផ្ទៃ​បឹងតាមោក​ទំហំ​៣០​ហិកតា​ ឲ្យ​ទៅ​លោកស្រី​ គឹម ហ៊ាង​ ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​និង​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប។​ លិខិត​របស់​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​អំពី​ការ​កាត់​ដី​នេះ​ទេ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ នេះ​ជា​ការ​ដោះ​ដូរដី​ដែល​លោក​ស្រី គឹម ហ៊ាង ​ប្រគល់​ដីជិត​១០​ហិកតា​ស្ថិត​នៅ​ភាគ​ខាង​កើត​វិមាន​ឈ្នះ-ឈ្នះ​ នៅ​តំបន់​ទីក្រុង​រណប​មួយ​ក្នុង​សង្កាត់​ព្រែកព្នៅ ​និង​នៅ​អតីត​ទីលាន​ចាក់​សំរាម​ស្ទឹងមានជ័យ​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ។​

VOA ​បាន​ចុះ​ទៅ​សាកសួរ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​បាន​សាកសួរ​ប្រជា​នេសាទ​មួយ​ចំនួន។ ​ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ច្រើន​អំពី​គម្រោង​អភិវឌ្ឍន៍​នៅ​ទីនោះ​ទេ។​

លោក​ អ៊ុត អាន​ អាយុ​៥៧​ឆ្នាំ​ ប្រជា​នេសាទ​មួយ​រូប​មក​ពី​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ ​នៅ​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​សម្រាប់​ការ​នេសាទ​ក្នុង​បឹង​តាមោក​ថា​ លោក​មិន​បាន​ដឹង​ពី​ការ​ដោះ​ដូរ​ផ្ទៃ​បឹង​ទេ​ តែ​អ្វី​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​បឹង​គឺ​កំណើន​ស៊ង​ត្រី។​

លោក​ អ៊ុត អាន អ្នកនេសាទអង្គុយ​នៅកន្លែងស្នាក់​បណ្តោះអាសន្ន​ក្នុងបឹងតាមោក ថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/VOA)​

លោក​និយាយ​ថា៖​«បឹង​កាល​ពី​មុន​វាល​ល្វឹង។​ ប្រជាពលរដ្ឋ​យើង​រក​ខាង​នេសាទ​ហ្នឹង​រុញ​កំពិស​ រុញ​ត្រី​នាយ​អាយ​ បាន​ត្រឹម​ម៉ា​ហូប​ចុក​អី​ ម៉ា​រស់​ ដល់​ឥឡូវ។​ បច្ចុប្បន្ន​ឥឡូវ​នេះ​ យួន​វា​បោះ​យក​អស់​ហើយ។​ដី​ មាន​កន្លែង​ណា​រុញ​ទៀត​ ណែន​ពេញ​បឹង​ទាំងអស់។​បង​ឯង​ជិះ​ទូក​ទៅ​មើល​ហើយ​ បើ​ថា​ពេញបឹង​ មិន​ពេញ​បឹង​ចាំ​មក​សួរ​ប្រជាជន​ប្រជា​ពលរដ្ឋ»។​

អ្នក​នេសាទ​រូប​នេះ​បន្ត​ថា​ រដ្ឋាភិបាល​គួរតែ​ថែរក្សា​ឲ្យ​បាន​នូវ​ទំហំ​ផ្ទៃ​បឹង​នេះ​ឲ្យ​នៅ​ធំ​ដែល​នឹង​ផ្តល់​ឱកាស​ឲ្យ​ប្រជា​នេសាទ​ ឬ​ពលរដ្ឋ​ផ្សេង​ទៀត​ ទាញ​ផល​ប្រយោជន៍​ពី​បឹង​នេះ។​ លោក​បន្ថែម​ថា​ ប្រសិន​បើ​ចាក់​ដី​លុប​បឹង​នេះ​ វា​នឹង​កាន់​តែ​រួញ​ទៅ ​ហើយ​អ្នក​នេសាទ​នឹង​លែង​មាន​ឱកាស​រក​ផល​នេសាទ​ទៅ​ថ្ងៃ​ខាង​មុខ។

«មាន​តែ​ចាក​ចេញ​ទៅ!​ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ មាន​តែ​ចំណាក​ស្រុក​ ហើយ​ទៅ​ធ្វើ​យួរ​កំបោរ​ឲ្យ​គេ​ទេ។ ​បើ​រក​ខ្លួន​ឯង​អត់​បាន​ហើយ​ មាន​តែ​ស៊ី​ឈ្នួល​គេ»។

លោក​ ហ៊ន​ ចាន់ កំពុង​បញ្ជាទូកនេសាទ​ក្នុង​បឹង​តាមោក ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/VOA)

អ្នក​នេសាទ​មួយ​រូប​ទៀត ​លោក​ ហ៊ន​ ចាន់ ​និយាយ​ថា​ លោក​មិន​ដឹង​ប្រាកដ​ថា​ ស៊ង​ទាំង​នោះ​សុទ្ធ​តែ​ជា​របស់​ជន​ជាតិ​វៀតណាម ​ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​នូវ​ការ​ថយ​ចុះ​ប្រាក់​ចំណូល​ ដោយសារ​តែ​កំណើន​នៃ​ស៊ង​ដែល​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​

«មុន​[រកបាន]​១០​ម៉ឺន​រៀល។ ​ឥឡូវ​[រកបាន]​តែ​បួន​ម៉ឺន​ប្រាំម៉ឺន​ ពីរ​ម៉ឺន​រៀល​អី​អស់​ហើយ​...​ រួច​តែ​លុយ​សាំង​ឥឡូវ​ ព្រោះ​មាន​កន្លែង​ណា​រក​ស៊ី?»​

បើ​តាម​ការ​សង្កេត​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ដោយ​ទូក​នៅ​ក្នុង​បឹង​តាមោក​នេះ​ ស៊ង​ដែល​មិន​អាច​រាប់​ចំនួន​អស់​នោះ​ ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ក្នុង​ផ្ទៃ​បឹង។​ ប្រជា​នេសាទ​ខ្មែរ​រាប់​សិប​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​បឹង​និង​នៅ​តាម​ព្រំប្រទល់​នៃ​បឹង​នេះ។

បើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ធាងត្នោត​ដែល​មាន​ដាក់​ចំណង​ជើង​ថា៖​«បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ គឺ​ជា​បឹង​ដែល​ធំ​ជាង​គេ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ។ ​បឹង​នេះ​ស្ថិត​ក្នុងសង្កាត់​ចំនួន​៥​នៃ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​កំបូល។​

បើតាម​របាយ​ការណ៍​នេះ​ បឹង​តាមោក​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៣១៩​គ្រួសារ​កំពុងរស់​នៅ​ ដែល​ភាគច្រើន​រស់នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​បឹង​ ឬ​រស់​នៅ​តាម​ព្រំប្រទល់​បឹង។​ ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​ជា​អ្នក​នេសាទ​ និង​ស្ត្រី​ដែល​ប្រកប​របរ​ដាំដំណាំ​លើ​ផ្ទៃ​បឹង​និង​បោក​គក់​ខោអាវ​ លាង​ចាន​ ហើយ​និង​ប្រើប្រាស់​បឹង​សម្រាប់​ធ្វើ​ជា​បង្គន់​អនាម័យ​ផង​ដែរ។​ មិន​មាន​គ្រួសារ​ណា​មួយមាន​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​រងគ្រោះ​ពីការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

សហគមន៍​អ្នកនេសាទក្នុងបឹង​តាមោក។ (ហ៊ុល រស្មី/VOA)​

សមាគម​ធាងត្នោត​ឲ្យ​ដឹង​ថា​ គម្រោង​រៀប​ចំ​បឹង​តាមោក​នៅ​មាន​ភាព​ស្រពិច​ស្រពិល។​ ខ្នង​ទំនប់​នៃ​បឹង​ ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​ទៅ​ជា​មហា​វិថី​ឈ្នះ-ឈ្នះ​ ហើយ​ផ្ទៃ​បឹង​ចំនួន​២០​ហិកតា​ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ចាក់​លុប​ ដើម្បី​បង្កើត​ជា​ផ្សារ​បន្លែ​ធំ​មួយ​សម្រាប់​ផ្គត់​ផ្គង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ ​

ប្រជា​នេសាទ​ក្នុង​បឹង​តាមោក​មួយ​ចំនួន​ទៀត​បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការកាត់​ និង​បែងចែក​ផ្ទៃ​បឹង​តាមោក​ដែល​បាន​ធ្វើ​ឡើង​ជា​ហូរ​ហែ​មក​នេះ។​ ពួក​គាត់​និយាយ​ថា​ ទីក្រុង​ភ្នំពេញ​អាច​ប្រឈម​នឹង​ការ​ជន់​លិច​ ប្រសិន​បើ​ផ្ទៃបឹង​នេះ​ កាន់​តែ​រួម​តូច​ទៅ​នោះ។

អ្នក​ស្រី ​ហ៊ រ៉ាវី​ វ័យ​២៨​ឆ្នាំ ​ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ទីនោះ ​និយាយ​ថា៖​ «ផល​ប្រយោជន៍​ដូច​ថា​ លូអី​ មិន​មក​បង្ហូរ​ពី​ហ្នឹង?​ ហើយ​បើ​បិទ​ពី​ហ្នឹង​ទៅ​ លូ​ក្នុង​ក្រុង​ភ្នំពេញ​មាន​ទៅ​ណា? ​ត្រូវ​បង្ហូរ​ទៅ​ណា​វិញ?​ ចង់​សួរ​ចឹង។​ ដល់​ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​គឺច្រើន​ណាស់​រក​ស៊ី​នៅ​ហ្នឹង​ច្រើន​ណាស់»។​

ស្ត្រី​ដែល​ជាម្តាយ​មាន​កូន​ពីរ​នាក់​រូប​នេះ​បន្ថែម​ថា​ គ្មាន​ប្រជា​នេសាទ​ណា​ម្នាក់​ហ៊ាន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​បឹង​តាមោក​នោះ​ទេ​ ប៉ុន្តែ​ការ​រកផល​នេសាទ​កាន់​តែ​ប្រឈម​នឹង​ការ​លំបាក​រួច​ទៅ​ហើយ​ នៅ​ពេល​មាន​ការ​ដាក់​ពង្រាយ​ស៊ង​នៅក្នុង​បឹង​ដែល​ជាការ​បារម្ភ​មួយ​បន្ថែម​លើ​ការ​ចាក់​ដី​លុបបឹង​នេះ។ ​

«ប៉ុន្តែ​សុំ​សំណូម​ពរ​ខ្លាំង​ជាង​គេ​ គឺ​ស៊ង​ហ្នឹង​តាហ្មង!​ បើអត់​ស៊ង​ហ្នឹង​រក​អី​ក៏ស្រួល​ដែរ។​ ប្រជាជន​ តែ​បើ​មាន​ស៊ង​ចប់​ហើយ​ ដាច់​បាយ​រក​តែ​លុយ​បង់​ឲ្យ​រដ្ឋ​លែង​មាន​ហើយ»។​

អ្នកស្រី ហ៊ រ៉ាវី​ ភរិយា​អ្នកនេសាទ​ម្នាក់​នៅ​បឹងតាមោក។ (ហ៊ុល រស្មី/VOA)​

បើតាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៩ ​បឹង​តាមោក​គឺ​ជា​អ្នក​ការពារ​ទឹក​ជំនន់ ​ទប់​ទល់​នឹង​លំហូរ​ទឹក​មក​ពី​ភាគ​ខាង​ជើង។​ ទំនប់​បឹង​តាមោក​ជួយ​បង្វែរ​លំហូរ​ទឹក​ពី​ភាគ​ខាង​ជើង​ឲ្យ​ទៅ​ភាគ​ខាង​កើត​វិញ​ឬ​រក្សា​ផ្ទុក​ទឹក​ទំហំ​ធំ។​ ទំនប់​ដែល​លាត​សន្ធឹង​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ភាគ​ខាង​ត្បូង​នៃ​បឹង​នេះ​បង្ការ​ទឹក​ជំនន់​មក​ពី​ខាង​ជើង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូល​មក​ទីក្រុង ​ហើយ​ជន់​លិច​មួយ​ផ្នែក​ធំ​នៃ​ទីក្រុង។​

ជា​ផ្នែក​មួយ​នៃ​ការ​បង្ការ​ការ​កើត​មាន​ឡើង​នៃ​គ្រោះ​មហន្តរាយ​ជំនន់​ទឹក​ភ្លៀង រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ លោក​ លឹម គានហោ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ជំរុញ​អភិបាល​រាជធានី​ភ្នំពេញ​ និង​អភិបាល​ខេត្ត​ទាំង​អស់​ឲ្យ​ជួយ​ទប់​ស្កាត់​ការ​រំលោភ ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំង​ទន្លេ ​ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ ​អាង​ទឹក និង​បឹងបួ។​ លោក​បញ្ជាក់​ថា​ ​សេដ្ឋកិច្ច​រីក​ចម្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​នាំ​ឲ្យ​មាន​កំណើន​សាង​សង់​គួរ​ឲ្យ​កត់​សម្គាល់។

អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ​លោក​ សុខ សម្បត្តិ​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​លោក​ជាប់​ប្រជុំ។ អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក ​មាន ចាន់​យ៉ាដា​ ក៏​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​លោក ​មាស ម៉េតភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​លើក​ទូរស័ព្ទ។​វីអូអេ​ក៏​បាន​ព្យាយាម​ទាក់​ទង​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​តែ​នៅ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដែល​រស់​នៅ​ក្បែរ​បឹង​តាមោក​ ក្នុង​ខណ្ឌ​ព្រែកព្នៅ​ និយាយ​ថា​ ពួក​គាត់​មិន​បាន​ដឹង​បញ្ហា​នៃ​ការ​ដាក់​ស៊ង​ក្នុង​បឹង​តាមោក​ ឬ​បឹង​កប់​ស្រូវ​នេះ​ទេ។​ ពួក​គាត់​ក៏​មិន​បាន​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​បឹង​តាមោក​នេះ​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​ បាន​លើក​ឡើង​នោះ​គឺ​ជំនន់​ទឹកភ្លៀង​ ដែល​អាច​កើត​មាន​ ប្រសិន​បើ​បឹង​ដ៏​ធំ​នេះ​ ត្រូវ​បាន​គេ​ចាក់​ដី​លុប​បំពេញ​សម្រាប់​ការ​អភិវឌ្ឍ៕ ​