បេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris និងបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump ដែលជាគូប្រជែងដ៏ប្រកៀកប្រកិតគ្នាបំផុត បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋដែលអ្នកទាំងពីរធ្វើយ៉ាងណាត្រូវតែដណ្តើមយកឈ្នះឱ្យបាន នៅថ្ងៃចន្ទដែលជាថ្ងៃចុងក្រោយនៃការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏តានតឹងនិងរំជើបរំជួលបំផុត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump បានសន្យាថានឹងឈ្នះឱ្យបាន «ភ្លូកទឹកភ្លូកដី» ពេលលោកស្វះស្វែងវិលត្រឡប់ចូលកាន់តំណែងនៅសេតវិមានម្តងទៀត។ រីឯអ្នកស្រី Harris វិញថា «កម្សួល» របស់អ្នកបោះឆ្នោតស្ថិតនៅខាងអ្នកស្រីដើម្បីឱ្យអ្នកស្រីក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក។
ប៉ុន្តែការស្ទង់មតិនានាបានបង្ហាញផ្សេងពីនេះក្នុងពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោតដោយបង្ហាញថាអ្នកទាំងពីរស្មើគ្នាក្នុងការស្ទង់មតិទូទាំងប្រទេសនិងនៅក្នុងរដ្ឋទាំង ៧ ដែលមានការប្រជែងខ្លាំង។ គេរំពឹងថាលទ្ធផលនៅរដ្ឋទាំងនេះគឺជាអ្នកសម្រេចថាតើនរណាជាអ្នកឈ្នះការបោះឆ្នោតនេះ។
បេក្ខជនទាំងពីរថា ពួកគេមានសង្ឃឹមដោយសារចំនួនអ្នកបោះឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោតមានច្រើនគឺជាង ៧៨ លាននាក់។ ចំនួននេះគឺស្មើនឹងប្រហែលពាក់កណ្តាលនៃចំនួនសន្លឹកឆ្នោតសរុបដែលបានបោះនៅឆ្នាំ ២០២០។
ការគាំទ្រដ៏ប្រកៀកប្រកិតគ្នានៃគូប្រកួតដណ្តើមតំណែងសេតវិមានឆ្នាំ ២០២៤ នេះឆ្លុះបញ្ចាំងឱ្យឃើញពីសហរដ្ឋអាមេរិកមួយដែលមានការបែកបាក់គ្នាយ៉ាងខ្លាំងនៅពេលដែលពលរដ្ឋជ្រើសរើសរវាងបេក្ខជនពីររូបដែលមានចក្ខុវិស័យស្ទើរតែផ្ទុយគ្នាស្រឡះ។
ពិភពលោកកំពុងតាមដានមើលការបោះឆ្នោតនេះយ៉ាងអន្ទះសា ដោយសារលទ្ធផលនៃការបោះឆ្នោតនេះអាចមានផលប៉ះពាល់ធំធេងលើបញ្ហាជម្លោះនៅមជ្ឈិមបូព៌ានិងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕