ការស្ទង់មតិថ្មីមួយបង្ហាញថា ប្រជាជនកម្ពុជាភាគច្រើនមិនយល់អំពីមូលហេតុពិតប្រាកដនៃការប្រែប្រួលអាកាសធាតុ ដោយសារពួកគេមានកង្វះព័ត៌មានច្បាស់លាស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
របាយការណ៍ស្ទង់មតិថ្មីនេះធ្វើ់ឡើងដោយអង្គការ BBC World Service Trust ហើយបានបង្ហាញថា ប្រជាជនកម្ពុជាភាគច្រើនធ្លាប់ឮពាក្យថា«ការប្រែប្រួលអាកាសធាតុ» ឬ «ការកើនឡើងកម្តៅផែនដី» ប៉ុន្តែពួកគេមិនទាន់យល់ច្បាស់អំពីមូលហេតុដែលបណ្តាលឲ្យមានបាតុភូតទាំងនេះនៅឡើយទេ។
ការស្ទង់មតិដែលបានផ្សព្វផ្សាយជាសាធារណៈក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារ៍នេះ បានរកឃើញថា ៨៤%ក្នុងចំណោមអ្នកឆ្លើយសំណួរទាំងអស់ ធ្លាប់ឮពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយ៧០% នៃពួកគេ ធ្លាប់ឮពាក្យ «ការកើនឡើងកម្តៅផែនដី» តាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងការនិយាយតៗគ្នា ប៉ុន្តែពួកគេភាគច្រើនបកស្រាយពន្យល់ពាក្យទាំងនេះ ដោយផ្សាភ្ជាប់ជាមួយនឹងជំងឺ បញ្ហាដាំដុះ គ្រោះរាំងស្ងួត កំណើនសីតុណ្ហភាព ទិន្នផលធ្លាក់ចុះ និងកង្វះទឹកប្រើប្រាស់ជាដើម។
មានអ្នកឆ្លើយតបតិចតួចណាស់ដែលបានពន្យល់ពីការប្រែប្រួលអាកាសធាតុដោយផ្សាភ្ជាប់ទៅនឹងការបំពុលចេញពីរោងចក្រឧស្សាហកម្មនិងការប្រើប្រាស់យានជំនិះ។ អ្នកឆ្លើយតបភាគច្រើនមិនបានពន្យល់មូលហេតុនៃការប្រែប្រួលអាកាសធាតុថា បណ្តាលមកពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សាកលនោះទេ ប៉ុន្តែពួកគេ ពន្យល់ថាមូលហេតុនោះគឺមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
ការសិក្សាដែលផ្តល់ថវិកាដោយក្រសួងបរិស្ថានកម្ពុជាក្រោមការគាំទ្ររបស់អង្គការOxfam, Danida និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP បានស្ទាបស្ទង់ការយល់ឃើញរបស់ប្រជាជនកម្ពុជាចំនួន២.៤០១នាក់ ដែលជាកសិករ អ្នកនេសាទ គ្រូបង្រៀន ពាណិជ្ជករ
ស្រ្តីមេផ្ទះ និងធ្វើបទសម្ភាសន៍បែបស៊ីជម្រៅជាមួយបុគ្គលសំខាន់ៗចំនួន១០១នាក់មកពីផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឧស្សាហកម្ម និងជាមន្រ្តីរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ខេត្ត នៅទូទាំង២៤ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។
លោក Charles Hamilton នាយកអង្គការ BBC World Service Trust ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ទង់មតិនេះថា មានចន្លោះប្រហោងនិងការយល់ខុសជាច្រើនអំពីការប្រែប្រួលអាកាសធាតុនេះ ដោយសារកង្វះព័ត៌មានដែលមានលក្ខណៈងាយយល់សម្រាប់ប្រជាសហគមន៍មូលដ្ឋានទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ។
«យើងត្រូវប្រើភាសាឲ្យចំ ហើយសាមញ្ញ មិនមែនស្មុគស្មាញ ដូចជាការនិយាយអំពីការកាត់បន្ថយឬការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។ តើវាមានន័យយ៉ាងដូចម្តេចចំពោះកសិករឬអ្នកនេសាទ? អ្នកទាំងនេះហើយគួរតែជាទស្សនិកជនសំខាន់របស់យើងនៅក្នុងប្រទេសកម្ពុជា ពោលគឺអ្នកដែលមានការអប់រំនៅមានកម្រិត ដែលត្រូវការព័ត៌មានច្បាស់លាស់ថាតើវាមានន័យយ៉ាងដូចម្តេចចំពោះជីវិតរស់នៅរបស់ពួកគេ។ ដូច្នេះព័ត៌មានចាំបាច់ត្រូវតែមានការពាក់ព័ន្ធនឹងពួកគេ។»
លោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថារបាយការណ៍ស្ទង់មតិនេះគឺជាមូលដ្ឋានព័ត៌មានដ៏ចាំបាច់មួយសម្រាប់រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធនានា ដើម្បីយកទៅប្រើប្រាស់ក្នុងការរៀបចំកសាងផែនការយុទ្ធសាស្ត្រនិងសកម្មភាពផ្សព្វផ្សាយបន្ថែម ដើម្បីលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនកម្ពុជាទូទៅ។
«សេចក្តីសន្និដ្ឋាននិងអនុសាសន៍នានាដែលបានតាក់តែងឡើងក្នុងរបាយការណ៍នេះ នឹងជំរុញលើកកម្ពស់ចំណេះដឹងសាធារណជនទូទៅនៅកម្ពុជានិងជំរុញឲ្យមានការចូលរួមការអនុវត្តការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុឲ្យកាន់តែសមស្រប ច្បាស់លាស់ សកម្មនិងមានប្រសិទ្ធិភាព។»
ប៉ុន្តែលោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត មិនបានឆ្លើយតបឲ្យចំទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា តើក្រសួងរបស់លោកនឹងមានសកម្មភាពជាក់ស្តែងណាមួយ ដើម្បីបញ្ជ្រាបការអប់រំឬលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ លោក ប្រាយអ៊ិន ឡន់ (Brian Lund) នាយកអង្គការ Oxfam ប្រចាំតំបន់អាស៊ីខាងកើត បានថ្លែងថា ការអប់រំ និងព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អំណាចនិងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា អាចបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនិងអាចស្តារខ្លួនឯងឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ពួកគេ៕