ពលរដ្ឋខ្មែរអាមេរិកាំងមានការតក់ស្លុតនិងក្រៀមក្រំដែលបានដឹងថាមានជនរួមជាតិរបស់ពួកគេរាប់រយនាក់បានស្លាប់បាត់បង់ក្នុងព្រះរាជពិធីបុណ្យអុំទូកដែលបានបញ្ចប់ទៅ កាលពីថ្ងៃច័ន្ទ។
អាជ្ញាធរកម្ពុជាបានរាយការណ៍ថា មានអ្នកទៅលេងបុណ្យចំនួន៣៤៥បានស្លាប់បាត់បង់ជីវិតនិងមានមនុស្សចំនួន៤១០នាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយដែលបណ្តាលមកពីការកកស្ទះនៅលើស្ពានកោះពេជ្រក្នុងទីក្រុងភ្នំពេញ។
“អ្វីដែលកើតមាននៅក្នុងប្រទេសកម្ពុជានេះខ្ញុំ គ្មានអ្វីគួរឱ្យតក់ស្លុតទេ ប៉ុន្តែគួរឱ្យសោកស្តាយ។ យើងក្នុងប្រវត្តិសាស្រ្តមិនដែលមានធ្វើបុណ្យស្លាប់មនុស្សជាងបីរយនាក់”។
អ្នករាយការណ៍ព័ត៌មានវីអូអេសំឡេងសហរដ្ឋអាមេរិកដែលបានទៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត បានឱ្យដឹងថាពលរដ្ឋខ្មែរអាមេរិកាំងបានមកជួបជុំគ្នាតាមដានសភាពការណ៍តាមការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍។
លោក រស់ វង្ស នាយកប្រតិបត្តិនៃសមាគមខ្មែរនៅទីក្រុងឡូវ៉ែល បាននិយាយថា៖
“ខ្ញុំមានចិត្តសោកស្តាយដែលរឿងនេះកើតឡើងហើយបាត់បង់ជីវិតបងប្អូនខ្មែរនៅស្រុកខ្មែរជាច្រើនជាពិសេសនៅកន្លែងបុណ្យទានដ៍សំខាន់"។
មានអ្នកខ្លះមានការព្រួយបារម្ភថាបងប្អូនរបស់ពួកគេអាចស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ប៉ុន្តែនៅមិនទាន់អាចទាក់ទងទៅក្រុមគ្រួសារនៅ ស្រុកខ្មែរបាន។