គេច​ពី​ការ​ចាប់​ផ្សឹក សកម្មជន​សង្ឃ​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅប្រទេស

ព្រះអង្គ បូរ បេត និមន្ត​ចុះ​ល្បាត​ក្នុងព្រៃ​មួយកន្លែង នៅ​ខេត្តព្រះវិហារ កាលពី​ដើម​ឆ្នាំ២០២០។ (រូបថតផ្តល់ឲ្យ)

ព្រះ​តេជព្រះគុណ ​បូរ បេត មិន​បាន​ជួប​ញោមស្រី (​ម្តាយ) ដោយ​ផ្ទាល់​ជិត​៥​ខែមក​ហើយ​ ក្រោយ​ពេល​បានលាក់​ព្រះ​កាយ ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ជាប់​ព្រំ​ដែន​ថៃ​ ចាប់​ពី​ដើម​ខែ​សីហា។ ចុង​ក្រោយ​នេះ ព្រះ​តេជព្រះគុណដែល​ជា​សកម្ម​ជន​សង្ឃ​មួយ​អង្គ​ការពារ​ព្រៃ​ឈើ​ បាន​សម្រេច​និមន្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ​ទៅ​ប្រទេស​ថៃ ដោយ​បារម្ភ​ពី​ការ​ចាប់​ផ្សឹក។ ព្រះ​អង្គ​កំពុង​ស្វះ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ​ដូច​សកម្មជន​នយោបាយ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ដែល​កាន់​អំណាច​៣៥​ ឆ្នាំ​មក​ហើយ។​

ចាប់​តាំង​ពី​ដើម​ខែ​សីហាមក​ ព្រះ​តេជព្រះគុណ​ បូរ បេត ព្រះ​ជន្ម​៣៤​ វស្សា​ និង​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត គឺ​ព្រះ​តេជព្រះគុណ​ ស៊ឹម សុវណ្ណឌី ​ព្រះ​ជន្ម​៥៤ ​វស្សា ​បានចាប់​ផ្តើម​លាក់​ព្រះ​កាយ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា​អាជ្ញាធរ​ចង់​ចាប់​ខ្លួន​ព្រះ​តេជព្រះគុណ​ ស្រប​ពេល ​ព្រះ​តេជព្រះគុណ ​បាន​ចេញ​ព្រះ​ភក្រ្ត​នៅកន្លែង​តវ៉ា ទាមទារ​រក​យុត្តិធម៌​ដល់​លោក រ៉ុង ឈុន មេ​ដឹក​នាំ​សហជីព​ល្បី​ឈ្មោះ​មួយ​រូប។ អ្នក​ចូលរួម​ប្រមាណ​២០​ នាក់ រួម​មាន​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ ព្រះ​នាម​កើត សារ៉ាយ គង់​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​បាត់​ដំបង ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ភ្នំពេញ ក្រោយ​ឡើង​មក​តវ៉ា​។ ការ​ចាប់​ព្រះ​សង្ឃ​ផ្សឹកនិង​ចោទ​ពី​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម នាំ​ឲ្យ​ព្រះ​តេជព្រះគុណ ​បូរ បេត ដែល​ជា​សមាជិក​នៃ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម ​គេច​ព្រះកាយ​ មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

ព្រះ​តេជព្រះគុណ ​មាន​សង្ឃដីកា​ប្រាប់ VOA ​ថា​៖ «វាសនា​របស់​អាត្មា​អត់​ខុស​ពី​វាសនា​របស់ព្រះ​អង្គ( ព្រះ​តេជព្រះគុណ)​កើត សារ៉ាយ​ទេ ដោយ​សារ​ការងារ​យើង​ធ្វើ​ដូច​គ្នា។ ​យើង​ទៅ​តវ៉ា ​យើង​ទៅ​គាំទ្រ​ឲ្យ​ដោះ​លែង​លោក​គ្រូ រ៉ុង ឈុន»។

ព្រះ​តេជព្រះគុណ​បាន​ទទួល​ព័ត៌មាន​ថា​ មាន​ការ​ចេញ​បញ្ជា​ឲ្យ​ចាប់​ព្រះកាយរបស់​ព្រះ​តេជព្រះគុណ ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ ​នៅ​ពេល​ដែល​ព្រះ​អង្គ​លាក់​ព្រះកាយ។

ព្រះ​តេជព្រះគុណ​បន្ថែម​ថា៖ «អាត្មា​ភាព​អត់​មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទេ។ ទីមួយ​ដោយសារ​យើង​បាន​មក​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​មួយ​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ហ្នឹង គឺ​ជិត​៤​ខែ។ ដល់​ពេល​ គេ​តាម​ដាន​យើង គេ​ដឹង ហើយ​គេ​ប៉ុន​ប៉ង​ទៅ​ចាប់​អាត្មាពេល​ល្ងាច​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង។ អញ្ចឹង​អាត្មា​ដឹង​ព័ត៌មាន​ពី​ប្រធាន​សង្ឃ​គ្រប់គ្រង​ហ្នឹង ដល់​អញ្ចឹង​លោក​ប្រាប់​ឲ្យ​យើង​ភៀស​ខ្លួន​ចេញ»។

ចាប់​តាំង​ពី​ដើម​ខែ​សីហា គឺអស់​រយៈ​ពេល​ជាង​៤​ខែមក​ហើយ​ ដែល​ព្រះ​តេជព្រះគុណ​បាន​លាក់​ព្រះកាយ​ក្នុងខេត្ត​ឧត្តរ​មានជ័យ មុន​នឹង ព្រះ​តេជព្រះគុណ​បាន​សម្រេច​ចាក​ចេញ​ទៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​។

ព្រះ​តេជព្រះគុណ​បន្ត​ថា៖ «ដោយសារ​អាត្មា​មិន​ចង់​ឲ្យ​មាន​ការ​ចាប់​ខ្លួន ជាពិសេស​គឺ​អាត្មា​មិន​ចង់​ផ្លាស់​ប្តូរ​ភេទ​ជា​អ្នក​បួស​ទេ។ ចង់​នៅ​ភេទ​ជា​អ្នក​បួស។ ដោយ​សារ​អាត្មា​ស្រឡាញ់​ភេទ​ជា​អ្នក​បួស​នេះ តាំង​ពី​តូច តាំង​ពី​អាយុ​១០​ឆ្នាំ​អី​មក។ រហូត​មក​ដល់​ពេល​នេះ អាត្មា​នៅ​តែ​ស្រឡាញ់​ភេទ​ជា​អ្នក​បួស​ហ្នឹង ជា​ភេទ​មួយ​ដ៏​ល្អ ដ៏​ឧត្តម​សម្រាប់​ខ្លួន​ឯង»។

ព្រះអង្គ បូរ បេត និមន្ត​ចុះពិនិត្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ខេត្តព្រះវិហារ កាលពី​ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

ព្រះ​តេជព្រះគុណ ​បូរ បេត​ បាន​ចាប់​ផ្តើម​បួស​ជា​ព្រះ​សង្ឃ​តាំង​ពីព្រះ​តេជព្រះគុណ មាន​ព្រះ​ជន្ម​១៣​វស្សា នៅ​ក្នុង​ភូមិ​ស្រែ​វាល​ខាង​លិច ឃុំ​ដង​កាំបិត ស្រុក​សណ្តាន់ ខេត្ត​កំពង់​ធំ ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃឈើ គឺ​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​អភិរក្ស​ចុង​ក្រោយ​មួយ​របស់​កម្ពុជា។ រីក​ធំធាត់​ក្នុង​តំបន់​ព្រៃឡង់​នេះ​ហើយដែល​ធ្វើ​ឲ្យ​ព្រះ​តេជព្រះគុណ​ស្រឡាញ់​ព្រៃ​ឈើ ហើយ​ព្រះ​តេជព្រះគុណ ​ក៏​បាន​ក្លាយ​ជា​សកម្មជន​មួយ​អង្គ​ការពារ​ព្រៃ​ឈើ​របស់​កម្ពុជា​ដែល​បាន​បាត់​បង់ក្នុង​ទំហំ​ដ៏​ធំ។ បន្ថែម​ពី​នេះ ព្រះ​តេជព្រះគុណ​ក៏​ចង់​ឃើញ​យុត្តិធម៌​សង្គម​នានា ដោយ​ចូលរួម​តវ៉ា ទាមទារ​រក​យុត្តិធម៌​ដល់​អ្នក​តស៊ូ​សិទ្ធិ​មនុស្ស ដូច​ជា​ករណី​លោក រ៉ុង ឈុន ជា​ដើម។

ព្រះ​តេជព្រះគុណ​មាន​សង្ឃ​ដីកា​ថា​កាល​ពី​នៅ​តូច​ ផ្ទះរបស់​ព្រះ​តេជព្រះគុណ ​នៅ​ក្បែរ​វត្ត ​ហើយ​ឃើញសាច់​ញាតិ​បួស​ជា​សង្ឃ​ ធ្វើ​ឲ្យ​ព្រះ​តេជព្រះគុណ ​ចង់​បួស​ដោយមិន​មាន​ឪពុក​ម្តាយ​បង្ខិត​បង្ខំ​នោះ​ទេ។

ព្រះ​តេជព្រះគុណ ​បូរ បេត ​ជា​កូន​ទី​២ ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​៥​នាក់ ប្រុស​៤​នាក់ និង​ស្រី​មួយ​នាក់​។ ឪពុក​ម្តាយ​របស់​ព្រះ​តេជព្រះគុណ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​គឺ​ដាំ​ស្រូវ និង​ដើម​ស្វាយ​ចន្ទី។ ចំណែក​ឪពុក​ជា​អតីត​ទាហាន​ចូល​និវត្តន៍​ម្នាក់ ​ដែល​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ​៦០ ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

ញោម​ស្រី​របស់​ព្រះ​តេជព្រះគុណ ​បូរ បេត គឺ​អ្នកស្រី​ អ៊ុក ភួន អាយុ​៥៧​ឆ្នាំ ​មាន​ប្រសាសន៍​ថា​អ្នកស្រី​បារម្ភ​ខ្លាច​កូន​ប្រុស​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ ចាប់​តាំង​ពី​អ្នកស្រី​មិន​បាន​ជួប​កូន​ដោយ​ផ្ទាល់ ​អស់​រយៈ​ពេល​៥​ខែ​មក​ហើយ។

អ្នកស្រី​ជា​កសិករ​ធ្វើ​ស្រែ​ចម្ការ ក្នុង​ភូមិ​ស្រែ​វាល​ខាង​លិច ឃុំ​ដង​កាំបិត ​មាន​ប្រសាសន៍​ថា​៖ «អូ! បើ​នៅ​ក្នុង​ប្រទេស មីង​ព្រួយ​ចិត្ត​រហូត។ ព្រួយ​ចិត្ត​ខ្លាច​ ក្រែង​លោក​គេ​ចាប់​ គេ​ចង មិន​ចង់​ឲ្យ​គេ​ធ្វើ​បាប​កូន។ ប៉ុន​ដល់​ពេល​កូន ជួប​ការ​លំបាក​ប៉ុន្មាន​ខែ​នេះ មីង​ព្រួយ​ចិត្ត​ដែរ។ ព្រួយ​ចិត្ត​ដូច​ថា​មិន​បាន​មក​ជួប​កូន មិន​បាន​នៅ​មើល​កូន។ ឃើញ​កូន​តែ​តាម​ទូរស័ព្ទ​ទេ អត់​ដែល​បាន​ឃើញ​កូន​ផង»។

កាល​ពី​ដើម​ខែ​មិថុនា សកម្មជន​សង្ឃ​ល្បី​ឈ្មោះមួយ​អង្គ គឺ​ព្រះ​តេជព្រះគុណ​ លួន សុវ៉ាត ត្រូវ​បង្ខំ​ឲ្យ​ផ្សឹក​ក្នុង​ការ​ចោទ​ប្រកាន់​សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី​។ ក្រោយ​មក​តុលា​ការ​ខេត្ត​សៀមរាប ក៏​បាន​សម្រេច​ចោទ​ប្រកាន់​ព្រះ​ភិក្ខុសង្ឃ​អង្គ​នេះ ពី​បទ​រំលោភ​សេព​សន្ថវៈ តែ​ព្រះ​អង្គបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ និង​លើក​ឡើង​ថា​អាជ្ញា​ធរ​កម្ពុជា​ធ្វើ​បាប​ព្រះ​អង្គ។ ព្រះ​តេជព្រះគុណ​ លួន សុវ៉ាត​ បានភៀស​ព្រះ​កាយ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ស្វីស ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ប៉ុន្តែ​រឿង​រ៉ាវ​របស់​ព្រះ​តេជព្រះគុណ​ បូរ បេត ផ្តើម​ចេញ​ពី​ការ​ចូល​រួម​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន​។

ភ្លាមៗ​បន្ទាប់​ចូលរួម​តវ៉ា​ គណ​សង្ឃ​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​និមន្ត​ព្រះ​សង្ឃទាំង​អស់​នៅ​ក្នុង​វត្ត​ប្រយូវង្ស កន្លែង​ដែល​ព្រះ​តេជព្រះគុណ​បូរ បេត គង់​នៅ ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​មួយ​ ដោយ​មិន​បាន​ប្រាប់​ពី​គោល​បំណង។ ​យោង​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា គណ​សង្ឃ​នៅ​ភ្នំពេញ បាន​និមន្ត​ព្រះ​គ្រូ​អនុគណ​ សហ​ការី​អនុ​គណខណ្ឌ​ចំការមន និង​ព្រះ​ចៅ​អធិការ​ព្រម​ទាំង​ព្រះ​សង្ឃ​ទាំង​អស់​ក្នុង​វត្ត​ប្រយូ​វង្ស ចូលរួម​ប្រជុំ​មួយ នៅ​សាលា​គណរាជធានី​ភ្នំពេញ​ នៅ​វត្ត​បុទុម​វតី នៅ​ថ្ងៃ​ទី​៥ ខែ​សីហា​ វេលា​ម៉ោង​២​រ​សៀល។ ពិធី​នេះ​នៅ​ក្រោម​អធិ​បតី​ភាព​ព្រះ​តេជព្រះគុណ​ឃឹម សន ​ព្រះ​មេគណ​រាជធានី​ភ្នំពេញ។ លិខិត​មួយ​ច្បាប់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ព្រះ​តេជព្រះគុណ​ បូរ បេត មាន​ការ​សង្ស័យ​ថា ​គណ​សង្ឃ​មាន​បំណង​ផ្សឹក​ព្រះ​តេជព្រះគុណ​ និង​ចាប់​ព្រះ​កាយ។

ព្រះ​តេជព្រះគុណ​មាន​សង្ឃដីកា​ថា៖ «អាត្មា​បាន​ទទួល​ព័ត៌​មាន​ពី​មិត្តភ័ក្តិ​ដែល​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​ថា​អាជ្ញាធរ​គេកំពុង​បោស​សម្អាត​ព្រះ​សង្ឃ អ្នក​ដែល​ឈឺ​ឆ្អាល​នឹង​សង្គម គេ​បោស​សម្អាត​ទាំង​អស់»។

ព្រះ​តេជព្រះគុណ​ បូរ បេត ជា​អ្នក​សិក្សា​ខ្ពង់​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​របស់​ព្រះ​តេជព្រះគុណ។ ព្រះ​តេជព្រះគុណ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ចំនួន​ពីរ គឺ​ខាងផ្នែក​សង្គម​វិទ្យា​មួយ​ និង​ខាងផ្នែក​ច្បាប់​មួយ​ទៀត។ ព្រះ​តេជព្រះគុណ ​ក៏​បាន​បន្ត​ការ​សិក្សាកម្រិត​ខ្ពស់​មួយ​ទៀត រហូត​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ។

បន្ថែម​ពី​ការ​ស្រឡាញ់​ការ​សិក្សា ​និង​ការ​ប្តេជ្ញា​ចូល​រួម​កិច្ច​ការ​សង្គម​ ព្រះ​តេជព្រះគុណ ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពារ​ព្រៃ​ឈើ និង​ទាមទារ​យុត្តិធម៌​សង្គម​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​មក។

ព្រះ​តេជព្រះគុណ ​មាន​សង្ឃដីកា​ថា៖ «ពេល​ដែល​អាត្មា​បួស​។ អាត្មា​ព្យាយាម​សិក្សា​ពី​សង្គម ហើយ​ព្យាយាម​ធ្វើ​ការ​ ដើម្បី​សង្គមជាតិ ​ចង់​ឲ្យ​សង្គម​ជាតិ​មាន​ការ​ផ្លាស់​ប្តូរ​វិវឌ្ឍ​ពី​របប​សង្គម​កុម្មុយ​នីស្ត​ទៅ​ជា​របប​សង្គម​ប្រជាធិបតេយ្យ ​ដោយ​សារ​តែ​ខួរ​ក្បាល​របស់​អាត្មា​ គឺ​អាត្មា​ស្រឡាញ់​សង្គម​ប្រជា​ធិបតេយ្យ»។

ព្រះ​តេជព្រះគុណ ​បន្ថែម​ថា៖ «បើ​សិន​អត្មា​ឆាន់​បាយ​ហើយ​ គង់​(តែ)​នៅ​ក្នុង​វត្ត។ អាត្មា​អត់​អាច​គង់​បាន។ អាត្មា​ឈឺ​ចាប់ រឿង​ការ​ជិះ​ជាន់​ពលរដ្ឋ​ខ្មែរ​យើង ការ​កាប់​បំផ្លាញ​ព្រៃឈើ​អី​ហ្នឹង អាត្មា​មិន​អាច​នៅ​បាន​ទេ»។

ព្រះ​តេជព្រះគុណ​ ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ មាន​សង្ឃ​ដីកា​ថា​គណ​សង្ឃ​មិន​មាន​គម្រោង​ផ្សឹកព្រះ​តេជព្រះគុណ ​បូរ បេត​ នោះ​ទេ។ ព្រះ​តេជព្រះគុណ ​បន្ត​ថា​ការ​និមន្ត​ព្រះ​សង្ឃនៅ​វត្ត​ប្រយូ​វង្ស​ ក្នុង​ខណ្ឌ​ចំការ​មន ដោយ​ចង់​សួរ​អំពី​ការ​ស្នាក់​នៅ​វត្ត ថា​តើ​អាច​គង់នៅ​បាន​ទេ ដោយ​សារ​មាន​ប្រជា​ពលរដ្ឋ​ច្រើន​រស់​នៅ​ជុំ​វិញ​វត្ត។

ព្រះ​តេជព្រះគុណ ​មាន​សង្ឃ​ដីកា​ថា៖ «ត្រង់​ថា​មាន​អី​ពាក់​ព័ន្ធ​នឹង​ចាប់​អង្គណា ដូច​មិន​មែន​ទេ។ ចេះ​តែ​បំផ្លើស​ហើយ។ ប្រហែល​ជា​មក​ពីចង់​ទៅ​ក្រៅ​ប្រទេស ចេះ​តែ​ឆ្លើយ​បំផ្លើស​អី​អញ្ចឹង​ទៅ»។

ព្រះ​មេគណ​សង្ឃ​រូប​នោះ ឲ្យ​ដឹង​ទៀត​ថា​កន្លង​ទៅ​មាន​ការ​ហាមព្រះ​សង្ឃ​កុំ​ឲ្យ​ចូលរួម​បាតុកម្ម ឬ​ការ​តវ៉ា​នានា ដែល​ព្រះ​តេជព្រះគុណ​ថា​មាន«​លក្ខណៈ​មិន​សម​រម្យ ​និង​ខុស​ឆ្គង»។

ព្រះ​តេជព្រះគុណ ​មាន​សង្ឃដីកា​ថា៖ «គណ​សង្ឃ​មាន​តួនាទី​មួយ ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​[បាតុ​កម្ម] ប៉ុន្តែ​បើ​សិន​ជា​នៅ​ប្រព្រឹត្ត​គន្លង​ គណ​សង្ឃ​នឹង​ឲ្យ​លា​ចាក​សិក្ខា​បទ​ចេញ​ពី​អ្នក​បួស​ទៅ​ជា​គ្រហស្ថ​វិញ​»។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​អាច​បញ្ជាក់​ថា​តើ​អាជ្ញាធរ​តាម​ចាប់​ព្រះ​កាយ​ព្រះ​អង្គ បូរ បេត និង​ព្រះ​អង្គ​ផ្សេង​ទៀត ឬ​យ៉ាងណា។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​ចាប់​ គេ​ចាប់​តែ​អ្នក​ណា​ ដែល​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​។ ឧទាហរណ៍ ច្បាប់​បាន​ហាម​ឃាត់​ហើយ តែ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ល្មើស​អញ្ចឹង​ទៅ​ទៀត អាហ្នឹង​វា​ត្រូវ​ច្បាប់​ដោះ​ស្រាយ​ហើយ​។ សួរ​ព្រះ​អង្គ​វិញ​ទៅ តើ​ព្រះ​អង្គ​មាន​ជាប់​ពាក់​ព័ន្ធ​នឹងការ​(ធ្វើ​)បាតុកម្ម​ខុស​ច្បាប់​អី​ទេ?»។

ត្រឡប់​មក​ព្រះ​អង្គ ​បូរ បេត​វិញ ដែល​កំពុង​គង់​នៅ​ប្រទេស​ថៃ និង​រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ជា​ជន​ភៀស​ខ្លួន ព្រះ​អង្គ​មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​នយោ​បាយ​មួយ​រូប បើ​មាន​ឱកាស ដោយ​សារ​ព្រះ​អង្គ​ចង់​ធ្វើ​ជា​តំណាង​រាស្រ្ត ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការ​ជួយ​ប្រជាពលរដ្ឋ។

ព្រះ​តេជព្រះគុណ ​មាន​សង្ឃដីកា​ថា៖ «បើ​យើង​ចង់​ធ្វើ​នយោបាយ ដូច​ថា​១០​ឆ្នាំ​អី​ទៅ​មុខ​ទៀត យើង​អាច​មក​ធ្វើ​នយោ​បាយ យើង​សឹក​ ​ធ្វើ​នយោ​បាយ ធ្វើ​អី​វិញ»។

ព្រះ​តេជព្រះគុណ​បន្ត​ថា​ព្រះ​តេជព្រះគុណ ​មិន​ចង់​ចាក​ចេញ​ពី​កម្ពុជា​នោះ​ទេ ​ហើយ​ព្រះ​តេជព្រះគុណ​ចង់​គង់​នៅ​ក្នុង​ប្រទេស ​ដើម្បី​អាច​ចូលរួម​សកម្មភាព​សង្គម​បាន។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «តាម​ពិត​អាត្មា​អត់​ដែល​មាន​គំនិត​ចង់​ចេញ​ពី​កម្ពុជា​ទេ។ មាន​ញាតិ​ញោម​ឲ្យ​អាត្មា​ទៅ​នៅ​បារាំង។ អាត្មា​ធ្លាប់​ទៅ​លេង​បារាំង តែ​អាត្មា​អត់​ចង់​នៅ។ អាត្មា​ចង់​នៅ​តស៊ូ ដើម្បី​សង្គម​ជាតិ​អាត្មា។ បើ​សិន​ជា​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ដែល​អាច​ឲ្យ​ចូល​ស្រុក​ខ្មែរ​វិញ អាត្មា​ព្យាយាម​នឹង​ចូល​ស្រុក​ខ្មែរ​វិញ»៕