ពលរដ្ឋ​មួយ​ចំនួននៅ​ប៉ោយ​ប៉ែតព្រួយបារម្ភ ខណ:សមត្ថកិច្ចត្រៀម​បង្រ្កាប​ការ​វិល​ត្រឡប់​របស់​លោកសម រង្ស៊ី

កម្លាំងសមត្ថកិច្ចប្រដាប់ដោយកាំភ្លើង ដើរតាមផ្លូវនៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

ខណ:ដែល​កង​កម្លាំង​សន្តិសុខ​រាប់​រយ​នាក់​កំពុង​តែយាមកាម​នៅ​តាមច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​ថៃ ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ប៊ុត ពៅ ដែល​ជា​កម្មករ​លាង​សម្អាតស្បែក​ជើង​នៅ​ក្នុង​ទឹក​ដីថៃ ​មិន​ឆ្ងាយប៉ុន្មាន​ពី​ព្រំដែន​ប៉ោយប៉ែត កំពុង​តែ​ចម្អិន​អាហារ​ពេល​ព្រឹក​ ដែល​ជាម្ហូបឆា​គ្រឿង​ក្នុង​មាន់​ ជាមួយ​ឆៃថាវ។

តាមទម្លាប់​រៀងរាល់​ថ្ងៃ​នៅពេល​ព្រឹក​ អ្នកស្រី​មិន​នៅ​ផ្ទះ​នោះ​ទេ ដោយសារ​អ្នកស្រី​រវល់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ទឹក​ដីថៃ​ ជាមួយ​ប្តី និង​កូន​ប្រុស​របស់​អ្នកស្រី ​ដែល​មាន​អាយុ​១៦​ឆ្នាំ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ​អ្នកស្រី​មិន​ទៅ​ធ្វើ​ការ​ទេ ដោយសារ​អ្នកស្រីខ្លាច​មានការ​ប៉ះទង្គិច​គ្នានៅ​ព្រំដែន ក្នុង​គម្រោងវិល​ត្រឡប់​មក​វិញ​របស់លោក សម រង្ស៊ី។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ភូមិ​ចាន់​គិរី សង្កាត់​ប៉ោយប៉ែត​ថា៖ «គេ​ខ្លាច។ យើង​ខ្លាច​តាម​គេ​ទៅ។ កុំ​ឲ្យ​តែ​ចេះ​ តែ​ហ៊ាន​តែ​ឯង។ ត្រឹម​១១ ថ្ងៃទី​១១ បើ​ស្ងាត់ចូលវិញ។ ព្រោះច្រកព្រំដែន​ចូល​ហ្នឹង ទៅ​មើល​កាំភ្លើង​គ្រប់គ្នា មិន​មែន​មក​វាយ​អី​ប្រជាពលរដ្ឋ​ទេ។ តែ​បើគាត់​មក ប៉ះទង្គិច​ហើយ។ មិន​មែន​អត់​ប៉ះទេ។ មិន​មែន​វាយ​គ្នា​ដៃ​នឹង​ដៃ​ដូច​រឿង​ចិន​ណា»។

អ្នកស្រី​ ពៅ ដែល​មាន​កូន​ពីរនាក់ មាន​ប្រសាសន៍ថា ​អ្នកស្រី ប្តី អ្នកស្រីនិង​កូនប្រុស​ ជា​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​វៀតណាម ​ផ្នែក​លាង​សម្អាត​ស្បែកជើង ដែល​អាច​រក​កម្រៃ​ក្នុង​មួយ​ថ្ងៃ​ សរុប​ទាំង​អស់​គ្នា​បាន​ជាង​៦០ដុល្លារ​អាមេរិក​។ អ្នកស្រី​អំពាវនាវ​ឲ្យ​មាន​ការ​សម្របសម្រួលគ្នា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានភាពភ័យ​ខ្លាចនិង​មិន​បាន​ទៅ​បំពេញការងារ។

អ្នកស្រី​មាន​ប្រសាសន៍ថា៖ «អត់ចង់​ឲ្យ​អញ្ចឹង​កើត​ឡើង។ ទាំងគេ​ទាំង​ខ្ញុំ​ពិបាកដូចគ្នា។ សំណូម​ពរ​ទាំង​សង​ខាង កុំ​ឲ្យ​មាន​បញ្ហា។ ឲ្យ​ជុំគ្នា។ ខាង​នោះ​ក៏​ជជេស​មក ខាង​នេះ​គាត់​ជជេស​ហាម មិន​ងាយ​ត្រូវ​គ្នា​ទេ»។

កម្លាំងសមត្ថកិច្ចរាប់សិបនាក់ ត្រូវបានដាក់ពង្រាយនៅចំណុចផ្សេងៗគ្នានៅព្រំដែនប៉ោយប៉ែត។ (ស៊ុន ណារិន/VOA)

សមត្ថកិច្ចរាយលួសបន្លាលើផ្លូវរថភ្លើងទៅប្រទេសថៃ ដើម្បីកុំឲ្យមានការឆ្លងកាត់។ (ស៊ុន ណារិន/VOA)

អ្នកស្រីបន្ត​ថា​អ្នកស្រីក៏​មាន​ការ​ព្រួយបារម្ភ​ក្នុង​ការ​និយាយ​អំពី​បញ្ហា​នានា​ទាក់ទង​នឹង​រឿង​នយោបាយ​។ ប៉ុន្តែ​អ្នកស្រី​បាន​តាមដាន​ព័ត៌មាន​តាមរយ:ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។

អង្គុយ​នៅ​ក្បែរ​នោះ គឺប្តី​របស់​អ្នកស្រី​លោក កាត់ ប៊ុននី​ មាន​ប្រសាសន៍ថា​លោក​មាន​ការ​ព្រួយបារម្ភ​ក្នុង​ការ​ផ្តល់​បទសម្ភាសន៍ ​ដោយសារ​ខ្លាច​អាជ្ញាធរ​កំណត់​មុខ​សញ្ញា ហើយ​ខ្លាច​លោកនិយាយ​ទៅប៉ះពាល់​ដល់គេ។

ការ​គាំទ្រ​ជាសាធារណ: ឬសកម្មភាពណាមួយ​ទាក់ទង​នឹង​គណបក្សសង្រ្គោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​ប្រឈម​នឹងការ​យាមកាម ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ដាក់​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​លោក សម រង្ស៊ី រៀបចេញ​មក​ពី​ប្រទេស​បារាំង​តាម​យន្តហោះ​មក​ប្រទេស​ថៃ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​មនុស្ស​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់លោក​ សម រង្ស៊ី។ ​ការ​ថ្លែង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី ប៊ុត​ ពៅ និង​ប្រជាជន​ផ្សេង​ទៀត​មាន​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទង​នឹង​រឿង​នយោបាយ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «អ្នក​ណា​ចូលដៃ​ អ្នក​ហ្នឹង​ត្រូវ​មាន​ទោស​ និយាយ​គ្នា​ឲ្យ​ច្បាស់​ ចេញសារភាពឲ្យត្រង់​ៗ​មក​ ចេញ​សារភាព​ច្រើន​ណាស់​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ហើយ​បើ​ចេញ​ទេ​ តាម​ជាប់​ទី​ណា​ គឺ​ចាប់​តាហ្នឹង​តែ​ម្តង»។

ពលរដ្ឋ​ម្នាក់ដែល​ជា​កម្មករ​អូសរទេះដែរ គឺលោក ម៉ៅ ម៉ាប់ អាយុ​៥០​ឆ្នាំ មាន​ប្រសាសន៍​ថា​លោក​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់បទសម្ភាសន៍​ណាមួយ​ ជាពិសេស​ទាក់ទង​នឹង​រឿង​នយោបាយ។

លោក​បាន​ថ្លែង​ថា៖«បញ្ចេញ​មតិ​អា​រឿង​មិន​ពាក់ព័ន្ធ​និយាយ​បាន។ កុំ​ឲ្យ​តែ​និយាយ​អា​រឿងបញ្ហា​ផ្សេងៗ អាហ្នឹង​អត់​ដឹង​ទេ។ និយាយ​តែ​រឿង​ការ​រក​ស៊ី​តើ មិន​មែន​និយាយ​រឿងនយោបាយណា»។

សេចក្តីប្រកាសដែលមានរាយឈ្មោះរបស់មន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវតាមចាប់ខ្លួន និងត្រូវបានបិទនៅលើដើមឈើក្នុងក្រុងប៉ោយប៉ែត។(ស៊ុន ណារិន/VOA Khmer)

អ្នក​ជិត​ខាង​របស់​អ្នកស្រី ប៊ុត ពៅ គឺ​អ្នកស្រី អេង លាង អាយុ​៥៧​ឆ្នាំ​ ដែល​ជា​អ្នក​លក់ចាប់ហួយ ភេសជ្ជ: និង​បន្លែ​នៅ​តូប​តូច​មួយ​ខាង​មុខ​ផ្ទះ មាន​ប្រសាសន៍​ថា ​ប្អូនស្រី​របស់​អ្នកស្រី គឺ​អ្នកស្រី​ អេង រី បាន​ហៅ​អ្នកស្រី​ឲ្យ​ទៅ​លេង​ផ្ទះ​នៅ​ក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដោយសារ​ខ្លាច​មាន​បញ្ហា​អ្វី​មួយ​កើតឡើង​នៅ​តាម​ព្រំដែន។ ផ្ទះ​របស់​អ្នកស្រី​ អេង លាង នៅ​ចម្ងាយ​ប្រមាណ​៧​គីឡូ​ម៉ែត្រ​ពី​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត។

អ្នកស្រី​ដែល​មើល​ថែ​ចៅ​ចំនួន​៩នាក់ ​មាន​ប្រសាសន៍​ថា៖

«ចេះ​តែ​ភ័យ​ ចេះ​តែ​ខ្លាច។ ថា​បង​អើយ ទៅ​ស្រុក​សិន​ទៅ ចាំម៉េច​ម៉ា​យើង​មក​វិញ។ ថា​ទៅ​ណា​ចៅច្រើន​យ៉ាងនេះ។ ថា​បង​អើយ​មក​សិន​មក ម៉េចៗ​ចាំទៅ​វិញទៅ។ ខ្ញុំ​ថា​ដឹង​ស្ពាយ​ម៉េច​ទេ ចៅ​ច្រើន​យ៉ាងណានេះ»។

​អ្នកស្រីថាអ្នកស្រីចង់​ឃើញ​មេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​ត្រូវ​រ៉ូវគ្នា​ផង​ដែរ។

អ្នកស្រីមាន​ប្រសាសន៍ថា៖ «អានេះ​យើង​កូន មិន​ឲ្យ​ម៉ែ​ឪ​លែង​គ្នា។ ស្រឡាញ់​ទាំង​ពីរ។ ដល់​ពេល​គាត់​ឈ្លោះ​គ្នា​ទៅ អាកូនចៅ លំបាក។ រត់​រប៉ាត់​រប៉ាយ មិន​ដឹង​ទៅ​ណា​។ បើ​គាត់​ត្រូវគ្នា កូនចៅ​សប្បាយ​ចិត្ត មិន​ចង់ឲ្យ​ម៉ែ​ឪ​លែង​គ្នា​ទេ»។

ចាប់​តាំង​ពី​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​តាំងពីខែ​វិច្ឆិកា ឆ្នាំ​២០១៧ សកម្មជន​នៅ​ថ្នាក់​ក្រោម ត្រូវ​បាន​តាមដាន​និង​ឃ្លាំ​មើល​ជា​បន្ត​បន្ទាប់។ អ្នក​ខ្លះ​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោក​ សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន។​ រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​កម្លាំង​អ្នក​គាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្បែរ​ព្រំដែនប៉ោយប៉ែត អ្នកស្រី រ៉ា ចាន់​ថា​ អាយុ​៣៥​ឆ្នាំ ជា​អ្នក​លក់​ផ្លែឈើ​តាម​រទេះ មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះទង្គិចគ្នា ដូច្នេះ​អ្នកស្រី​មិន​លក់​ដូរ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា​នោះ​ទេ។ ការ​មិន​លក់​មួយ​ថ្ងៃ​នាំ​ឲ្យ​អ្នក​ស្រី​ខាត​បង់ប្រាក់​ចំណេញ​ប្រហែល​៥ម៉ឺន​រៀល​។

អ្នកស្រី​មាន​ប្រសាសន៍ថា៖ «ឃើញ​ទាហាន​ច្រើន​ខ្លាច។ អត់​ជឿ​ដែរ តែ​ចេះ​តែភ័យ​ទៅ»។

ចំណែក​អ្នកស្រី ព្រំ ពៅ អាយុ​៥២​ឆ្នាំ​ ជា​អ្នក​លក់ចាប់ហួយ​និង​ភេសជ្ជ:នៅព្រំដែន​ មាន​ប្រសាសន៍​ថា​អ្នកស្រីកំពុងតាម​មើល​ស្ថានការណ៍​។ ប្រសិន​បើ​តានតឹង អ្នកស្រី​នឹង​មិន​លក់​ទេ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា​នោះ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចាំ​មើល​សិន។ បើ​សិន​ជា​ប៉ុណ្ណឹង ខ្ញុំ​នៅ។ តែ​បើ​តឹង​តែង​ជាង​អ្នក​ខ្ញុំ​អត់​បាន​លក់​ដែរ​ហ្នឹង។ គាត់​តឹង​សង​ខាង​អញ្ចឹង មិន​ដឹង​ថា​គាត់​យល់​ព្រម​គ្នាដែរ​អត់។ ខាង​គាត់​នោះ​ក៏​ខ្លាំង​ ខាង​គាត់​នេះ​ក៏​ខ្លាំង»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យជិះយន្ត​ហោះ​ពី​ប្រទេស​បារាំង ដើម្បី​មក​ទីក្រុង​បាងកក ដោយមាន​ការហាម​ឃាត់​ពីក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ។

អង្គការ​ Human Rights Watch ដែល​មានមូលដ្ឋាននៅ​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​មេដឹកនាំបក្ស​ប្រឆាំង​អាច​ត្រឡប់​មក​កម្ពុជា​វិញ​ ហើយ​បន្ត​សកម្មភាព​នយោបាយ​ដោយ​សេរី៕