ការ​ភ័យ​ខ្លាច​ពី​ការ​មាក់​ងាយ​រារាំង​ប្រជាជន​កម្ពុជា​ពី​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍

រូបឯកសារ៖ បុគ្គលិកពេទ្យម្នាក់ជួយស្ត្រីម្នាក់ធ្វើតេស្តឈាមរកមេរោគអេដស៍ ថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០១៩។

បើ​ទោះ​បី​ជា​សន្ទស្សន៍​​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​មាន​ការ​ធ្លាក់​ចុះ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​នៅ​តែ​ព្រួយ​បារម្ភ​នៅ​ឡើយ​ថា​ ការ​​គេច​វេស​ពី​ការ​ធ្វើ​តេស្ត​ឈាម​ដើម្បី​ស្វែង​រក​មេរោគ​អេដស៍ អាច​ប៉ះពាល់​ដល់​​ផែនការ​លុបបំបាត់​ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ពេល​ខាង​មុខ។

ភ្នំពេញ — ការ​ភ័យ​ខ្លាច​និង​ភាព​ខ្មាស​អៀន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ប្រមាណ​ជា​១ម៉ឺន​នាក់មិន​ហ៊ាន​មក​ធ្វើ​តេស្ត​ឈាម​ដើម្បី​ស្វែង​រក​មេរោគ​អេដស៍​នោះ​ទេ។

ផ្អែក​តាម​របាយការណ៍​ឆ្នាំ ២០១៨ របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ UNAIDS បច្ចុប្បន្នប្រជាជន​កម្ពុជា​ដែល​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន​ប្រមាណ​ ៦៧០០០ នាក់។​ ប៉ុន្តែ​ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​តែ ​៥៧០០០ ​ទៅ ៥៩០០០​ នាក់​ប៉ុណ្ណោះ​បាន​មក​ធ្វើ​តេស្ត​ឈាមស្វែង​រក​មេរោគអេដស៍​បាន​ត្រឹមត្រូវ។ ហើយ​ពួកគេកំពុង​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍។

​របាយការណ៍​ដដែល​បញ្ជាក់​ថា ​ប្រជាពល​រដ្ឋចំនួន​មួយ​ម៉ឺន​នាក់​ទៀត​មិន​បាន​ទៅ​ធ្វើ​តេស្ត​ឈាម ហើយ​ក៏​មិន​ដឹង​ថា ​ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍​ឡើយ។

លោក យី ស៊ីយ៉ាន​ ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​ពី​សុខភាព​ប្រជាជន ​ដែល​ជា​ស្ថាប័ន​ការពារ​ការ​ឆ្លង​នៃ​ជំងឺ​អេដស៍​ធំ​ជាង​គេ​នៅ​កម្ពុជា​រក​ឃើញ​ថា​ការ​ភ័យ​ខ្លា​ច​ក្នុង​ការ​រក​ឃើញ​លទ្ធផល​វិជ្ជមាននៃ​មេរោគ​អេដស៍​ក្នុង​ឈាមគឺ​ជា​ឧបសគ្គ​ធំ​មួយ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​រារាំង​ពួក​គេ​មួយ​ចំនួន​មិន​ឲ្យ​ធ្វើ​តេស្ត​ឈាម។

ការ​វាយតម្លៃ​នេះ​មាន​បន្ទាប់​ពី​ការ​សហ​ការ​ស្រាវជ្រាវ​របស់​លោក​ជាមួយ​ក្រុម​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី ដើម្បី​ការ​ស្រាវជ្រាវ​ទៅ​លើ​អាកប្បកិរិយា​របស់​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។

​លោក Steve​ Wignallដែល​ជា​វេជ្ជបណ្ឌិត​និង​ប្រធាន​នៃ​គម្រោង​ LINKAGES​ របស់​កម្ពុជា​ដែល​ជា​កម្មវិធី​បង្ការ​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍​យល់​ស្រប​ដែរ​ថា មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ធ្វើ​តេស្ត​ឈាម​ស្វែង​រក​មេរោគ​អេដស៍នោះ ​គឺ​ដោយសារ​ការ​ភ័យ​ខ្លាច​និង​ខ្លាចចំពោះ​ការ​មាក់​ងាយ។

«ពួក​គេ​ដឹង​ថា​ បើ​សិន​ជា​គេ​ទៅ​ធ្វើ​តេស្ត​ឈាម​ គ្រូពេទ្យ​នឹង​សួរ​ពួកគេ​អំពី​រឿង​ទាំង​នេះ។​ ដូច្នេះ​ការ​ភ័យខ្លាច​ទី​មួយ​គឺ​ការ​ភ័យ​ខ្លាច​ពី​ការ​លាត​ត្រដាង​ចម្លើយ​សំណួរ​ទាំងនេះ។​ ការ​ភ័យ​ខ្លាច​មួយ​ទៀត​នោះ​ គឺ​ពួកគេ​បារម្ភ​ខ្លាច​ទទួល​បាន​លទ្ធផល​មិន​ល្អ»។​

យោង​តាម UNAIDS ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង ៥៦០០០​នាក់​ ដែល​ទទួល​បាន​មក​ធ្វើ​តេស្ត​ឈាម​ដើម្បី​ស្វែង​រក​មេរោគ​អេដស៍ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​វីរុស​នេះ។ នេះ​មានន័យ​ថា​ ចំនួន​វីរុស​អេដស៍​នៅ​ក្នុង​ខ្លួន​របស់​ពួកគេ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​អប្បរមា​មួយ​ ដែល​គេ​មិន​អាច​ពិនិត្យ​ឃើញ​បាន​ទៀត​នោះ​ទេ។

នៅ​ប្រទេស​កម្ពុជា​ មធ្យោបាយ​ក្នុង​ការ​ព្យាបាល​ទូទៅ​មួយ​សម្រាប់​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​គឺ​ដោយ​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ (ART)។

​លោក យី ស៊ីយ៉ាន​ បាន​ឲ្យ​ដឹង​ថា​ បើសិន​ជា​គេ​អាច​រក​ឃើញ​ចំនួន​វីរុស​ក្នុង​ខ្លួន​អ្នក​ជំងឺ​អេដស៍​នៅ​មាន​បរិមាណ​តិច​នោះ​ អ្នក​ជំនាញ​នឹងអាច​បង្កា​មេរោគ​នោះ​មិន​ឲ្យ​ឆ្លង​ទៅ​ដៃគូ​រួម​ភេទ​បាន​ ទោះ​បី​ជា​ក្រោយ​ការ​រួមភេទ​ដោយ​មិន​មាន​ការ​ការពារ​ត្រឹមត្រូវ​ដល់​ទៅ ៩៤​ ភាគរយ។

លោក Steve ពន្យល់​ថា ការធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​វេលា​គឺ​មាន​ភាព​ប្រសើរ​សម្រាប់ ប្រព័ន្ធ​ស៊ាំ​របស់​ពួក​គេ។​

​«បើសិន​ជា​អ្នក​ចាំ​ហើយ​ចាំ​ទៀត​នោះ​ដោយ​សារ​តែ​ភ័យ​ខ្លាច នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ត្រូវ​បាន​បំផ្លិចបំ​ផ្លាញ​ ហើយ​ដល់​ពេល​នោះ​វា​នឹង​មាន​ការ​ពិបាក​សម្រាប់​យើង​ដែល​ជា​គ្រូពេទ្យ​ក្នុង​ការ​ព្យាបាល»។​

លោក​បន្ថែម​ថា មនុស្ស​ភាគ​ច្រើន​មិន​ជឿ​ទុក​ចិត្ត​លើ​ការ​រក្សា​អាថ៌កំបាំង​នៃ​លទ្ធផល​ធ្វើ​តេស្ត​ឈាម​នោះ​ឡើយ។ ហើយ​ពួកគេ​មាន​ការ​បារម្ភ​ថា​ លទ្ធផល​ឈាម​របស់​ខ្លួន​នឹង​ត្រូវ​បាន​លាត​ត្រដាង​ ជា​ពិសេស​ក្នុង​ករណី​ដែល​ក្រុម​មនុស្ស​នោះ​ជា​អ្នក​រកស៊ី​ផ្លូវ​ភេទ​ ឬ​មាន​ប្រវត្តិ​មាន​ដៃគូ​មិន​ផ្លូវការ​ខាង​ក្រៅ​ច្រើន​ ឬ​ក៏​ធ្លា​ប់​ប្រើប្រា​ស់គ្រឿង​ញៀន។​

សុជាតា ​ដែល​មាន​អាយុ​ ២៤ ឆ្នាំ បានឆ្លង​មេរោគ​អេដស៍​ពី​សង្សារ​ចាស់​នាង​ម្នាក់​ប្រហែល​ជា​បួន​ឆ្នាំ​មុន។​ នាង​បាន​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ពេល​ដឹង​ពី​លទ្ធផល​ធ្វើ​តេស្តឈាម​របស់​ខ្លួន។ ប៉ុន្តែ​ គ្រូពេទ្យ​បាន​ជួយ​លើក​ទឹក​ចិត្ត​នាង​ និង​បាន​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍។ សុជាតា​ បាន​ថ្លែង​ប្រាប់ VOA ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា៖

​«ពី​ដំបូង​វា​ប៉ះពាល់​ផ្លូវចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ទទួល​ស្គាល់​ថា វា​ជា​ការ​ពិត​របស់​ជីវិត​ខ្ញុំ។​ ឲ្យ​តែ​ខ្ញុំ​លេបថ្នាំ​ទៀង​ទាត់ ​ខ្ញុំ​អាច​រស់រាន​មាន​ជីវិត​ធម្មតា​ដូច​គេ​ដូច​ឯង។​ ការ​ធ្វើតេស្ត​ឈាម​ទាន់​ពេល​វេលា​អាច​ឲ្យ​ខ្ញុំ​អាច​ការពារ​ការ​រាលដាល​នៃ​មេរោគ​នេះ​ទាន់​ពេល​វេលា»។​

បរិសុទ្ធ ដែល​ជា​និស្សិត​ស្ថាបត្យកម្មមួយ​រូប​បាន​ថ្លែង​ប្រាប់ VOA ​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែរ​ថា លោក​បាន​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​កាល​ពី​លោក​រៀន​នៅ​វិទ្យាល័យ។ លោក​ធ្លាប់​បាន​គ្រូ​ពេទ្យ​សួរ​ដេញ​ដោល​ដោយ​ត្រង់ៗ​អំពីការ​រួម​ភេទ​ដែល​មិន​បាន​ការពារ​ត្រឹម​ត្រូវ។​ ហើយ​សំណួរ​ទាំង​នោះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​លោក។​

លោក បរិសុទ្ធ គិត​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ហ៊ាន​មក​ពិនិត្យ​ឈាម​ដោយសារ​ពួកគេ​មានការ​ភ័យ​ខ្លាចចំពោះ​ហានិភ័យ​នៃ​ការ​រើស​អើង​និង​ការ​បាត់​បង់​ឱកាស​ការងារ។

​លោក បរិសុទ្ធ​ បាន​ថ្លែង​ថា៖

«អ្នក​ដែលគេ​ដឹងថា​មាន​ផ្ទុក​មេរោគ​អេដស៍​អាច​ត្រូវ​បាន​គេ​រើស​អើង​ ឬ​បាត់​បង់​ការងារ​ អញ្ចឹង​ហើយ​បាន​ជាអ្នកទៅ​ធ្វើតេស្តឈាម​មាន​ការ​ភ័យ​ខ្លាច​ច្រើន»។

យោងតាម​ក្រុម​អ្នក​ជំនាញឲ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ប្រមាណ​មួយម៉ឺន​នាក់​ដែល​ផ្ទុក​មេរោគ​អេដស៍ ហើយ​មិន​បាន​ចេញ​ទៅ​ធ្វើ​តេស្ត​ឈាម​ដើម្បី​ស្វែង​រក​មេរោគនោះ​ មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៤៩ ឆ្នាំ។ ហើយ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​គឺ​ជា​អ្នក​រកស៊ី​ផ្លូវភេទ មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។

លោក តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា​អត្រា​ឆ្លង​មេរោគ​អេដស៍​ក្នុង​មួយ​ឆ្នាំៗ​មាន​ចំនួន​ប្រមាណ​៥០០នាក់។ ប៉ុន្តែអត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​មាន​ការ​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់។ ជាង​នេះ​ទៅ​ទៀត រាជ​រដ្ឋាភិបាល​បាន​ដាក់​គោល​ដៅ​លុប​បំបាត់​ការ​ឆ្លង​នៃ​ជំងឺ​អេដស៍​ត្រឹម​ឆ្នាំ ២០២៥។
លោក តែង គន្ធី យល់​ស្រប​ថា​ ការ​ភ័យ​ខ្លាច​ការ​មាក់​ងាយ​និង​រើស​អើង​ពី​សហគមន៍​និង​ការ​ខ្មាសអៀន​បាន​ធ្វើ​ឲ្យ​អ្នកផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​មុខ​ធ្វើ​តេស្ត​ឈាម។

លោក​មាន​ប្រសាសន៍​ថា​ អ្នក​ជំងឺទាំង​នោះ​ខ្វះ​ការ​យល់​ដឹង​ពី​ហានិភ័យ ​ហើយ​ប្រការ​នេះ​នឹង​ផ្តល់​គ្រោះ​ថ្នាក់​ដល់អ្នក​ជំងឺ​ផង ​និងបង្ក​ឲ្យ​ឆ្លង​រាល​ដាល​ដល់​អ្នក​ដទៃ​ផង។

«បើសិន​ជា​គាត់​ស្រឡាញ់​ជាតិ បើសិន​ជា​គាត់​ស្រឡាញ់​ប្រទេស​គាត់​ គាត់​ត្រូវ​ចេះ​ការពា​រខ្លួន​ឯង​មិន​ឲ្យ​ឆ្លងជំងឺ​អេដស៍»។

លោក​ តែង គន្ធី ព្រួយ​បារម្ភ​ថា ​ប្រសិន​បើ​និន្នាការ​នៃ​ការភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​តេស្ត​ស្វែង​រក​មេរោគ​អេដស៍​នៅ​តែ​បន្ត វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលដៅ​លុប​បំបាត់​ការ​ឆ្លង​ជំងឺអេដស៍​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៥៕