អេហ្វប៊ីអាយ​បិទ​សំណុំ​រឿង​ តែ​ជនរងគ្រោះ​បន្ត​ប្តឹងរឿង​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧

បុរស​ខ្មែរ​ម្នាក់​ពិនិត្យ​មើល ​រូប​ថតនៃ​​ទិដ្ឋភាព​ជន​រង​គ្រោះ​ក្នុង​ថ្ងៃ​បោក​គ្រាប់​បែក​ទី​៣០​ខែ​មីនា​ឆ្នាំ​១៩៩៧ ដែល​គេ​បាន​​ដាក់​តាំង​បង្ហាញ​​នៅ​ក្នុង​ពិធី​បែប​ពុទ្ធសាសនា​មួយ​នៅ​​​ក្នុង​ក្រុង​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ពុធ​ទី​៣០​ខែ​មីនា​​ឆ្នាំ​២០១១។ ព្រះ​សង្ឃ

ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ឬ អេហ្វប៊ីអាយ (FBI) ទៅ​លើ​ករណី​គប់​គ្រាប់​បែក​លើ​បាតុកម្ម​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ខែមីនា​ឆ្នាំ​១៩៩៧ ​បាន​បិទបញ្ចប់​ ហើយមិន​មាន​អ្នក​ណាម្នាក់ទទួល​ខុស​ត្រូវលើ​ការ​គប់​គ្រាប់​បែក​នោះ​ឡើយ​រហូត​មកដល់​ពេលនេះ។ ប៉ុន្តែ​ជន​រងគ្រោះ​នៅ​បន្ត​ទាម​ទារ​ស្វែង​រក​យុត្តិធម៌​តាម​វិធី​ផ្សេងៗ​ដែល​គេ​អាច​ធ្វើ​បាន។

ការិយាល័យ​ អេហ្វប៊ីអាយ​ បាន​បិទ​ការ​ស៊ើបអង្កេត​អស់​ជាច្រើន​ឆ្នាំ​ហើយ​ដោយ​មិន​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​ណា​នៅ​ពី​ក្រោយខ្នង​ការបញ្ជា​ឱ្យមាន​ការគប់​គ្រាប់​បែកលើ​ក្រុម​បាតុករ​អហិង្សា​កាលពី​ថ្ងៃ​ទី​៣០​ខែ​មិនា​ឆ្នាំ​១៩៩៧ ​ឡើយ​ ប៉ុន្តែ​សម្រាប់​លោក​ រ៉ន អាប់​នី ការតស៊ូ​ទាមទារ​រក​យុត្តិធម៌​នៅ​បន្ត​នៅឡើយ។

លោក​ រ៉ន​ អាប់​នី​ ជា​អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ គឺ​ជាជន​ជាតិ​អាមេរិកាំង​តែ​ម្នាក់​គត់​បាន​ទទួល​រងរបួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​នោះ​ ដោយ​ត្រូវ​របួស​ត្រង់​ត្រគាក​ និងភ្លៅ​ខណៈ​ពេល​ដែល​ទៅ​សង្កេត​មើល​បាតុកម្ម​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​ទាម​ទារ​ឱ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌។ មាន​ជនរងគ្រោះ​១៦នាក់​ផ្សេងទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​របួស​ជាង​១៥០នាក់។​ អ្នក​រងគ្រោះ​មាន​ដូចជា​បាតុករ ​អ្នកលក់​ដូរ​សាមញ្ញ និង​អ្នក​សារព័ត៌មាន​ជាដើម។

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ កាល​ពីថ្ងៃ​ទី​២៣ខែ​កញ្ញា​ឆ្នាំ​២០១០ ​ក្រុម​មេធាវី​របស់​លោក​ រ៉ន អាប់នី​ បាន​ដាក់​ពាក្យ​ប្តឹង​តវ៉ា​ទៅ​ការិយាល័យ​រដ្ឋ​អាជ្ញា​ទីក្រុង​ញូវយ៉ក​ក្នុង​គោល​បំណងនាំ​យក​រឿងក្តី​នេះ​ឱ្យ​មាន​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​ឡើង​វិញ​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ។

លោក រ៉ន អាប់​នី​បាន​ប្រាប់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ លោក​ធ្វើ​នេះ​គឺ​ដើម្បី​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងអស់។ លោក​ អាប់នី ​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ការ​ប្តឹងនេះ​គឺ​ដើម្បី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​នោះ​ គឺ​មាន​ដូចជា​ក្រុម​គ្រួសារ​អ្នក​លក់​អំពៅ​ អ្នក​ថតរូប​ជប៉ុន​ និង​រូប​ខ្ញុំ​ជា​ដើម។ យើង​ទទួល​រងគ្រោះ​ពី​ការ​ប៉ុនប៉ង​ធ្វើឃាត។ យើង​ទទួល​រង​របួស​ អ្នក​ដទៃ​ទៀត​ស្លាប់​បាត់បង់​ជីវិត។ ទាំងនេះ​ហើយ​បាន​ជាខ្ញុំ​ត្រូវ​ធ្វើកិច្ច​ការ​នេះ​គឺ​មិនមែន​ដើម្បី​ខ្លួន​ខ្ញុំ​ទេ»។

ការ​បោកគ្រាប់​បែក​ដែល​បណ្តាល​ឱ្យមាន​ជនជាតិ​អាមេរិកទទួល​រងរបួស​នោះ​បាន​នាំ​ឱ្យ​មាន​ការ​ចូលស៊ើបអង្កេត​ពី​ការិយាល័យ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​ អេហ្វប៊ីអាយ។

យោង​តាម​ឯកសារស៊ើប​អង្កេត​ដែល​អេហ្វប៊ីអាយ ​បាន​បញ្ចេញ​ឱ្យ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកនូវ​ផ្នែក​ខ្លះៗ​ក្នុង​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មាន​សាក្សី និង​ជន​រងគ្រោះ​ជាច្រើនត្រូវ​បាន​សម្ភាស​ដោយ​មាន​ការ​ចូលរួម និង​គ្មាន​ការ​ចូលរួម​ពី​ភាគី​កម្ពុជា។ ការសម្ភាស​ត្រូវ​បាន​ធ្វើ​នៅ​កម្ពុជា​ ថៃ​ និង​សហរដ្ឋ​អាមេរិក​ជាដើម។ ក្នុង​ចំណោម​អ្នកដែល​អេហ្វប៊ីអាយ សម្ភាស​មាន​ក្រុម​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​ដោយសារ​ពួកគេ​មាន​វត្តមាន​ខុស​ប្រក្រតី​ឈរ​យាម​នៅ​ក្បែរ​កន្លែងកើត​ហេតុ ហើយ​មាន​ការ​ចោទប្រកាន់ថា ពួកគេ​អាច​នឹង​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួយ​សម្រួល​ជនល្មើស​គេច​ខ្លួន។

ការស៊ើប​អង្កេត​នោះ​បាន​បិទ​ជាស្ថាពរ​ដោយ​មិនបង្ហាញ​ជាក់លាក់​ថា អ្នកណា​នៅ​ពី​ក្រោយ​ពិត​ប្រាកដ។ អេហ្វប៊ីអាយ​សន្និដ្ឋាន​ថា​ លោក រ៉ន អាប់នី​មិនមែន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នោះទេ​នៅ​ពេល​ដែល​លោក​ទៅ​សង្កេត​មើល​ការ​ធ្វើ​បាតុកម្ម​នោះ។

លោក​ ម៉ថុន ស្ក្លារ (Morton Sklar) មេធាវី​កាន់​សំណុំ​រឿង​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ផ្នែក​ខេមរភាសា​ថា ការប្តឹង​នេះ​គឺ​ក្នុង​ទម្រង់ជា​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ហ៊ុន សែន និង​កូនចៅ​របស់​លោក​ពី​បទ​ទប់ស្កាត់​ការ​ស្វែងរក​យុត្តិធម៌ និង​កុហក​ក្រុម​ស៊ើប​អង្កេត​ អេហ្វប៊ីអាយ៖

លោក​បាន​បន្ថែម​ទៀត​ថា៖

«ការដាក់ពាក្យ​ប្តឹងតវ៉ា​លើករណី​ព្រហ្មទណ្ឌ​កាល​ពីខែ​កញ្ញា​គឺ​ជាផ្នែកមួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែងដ៏ធំ​មួយ​ដែល​យើង​ធ្វើឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ហ៊ុន សែន ទាក់​ទង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាងរាលដាល​ទាំង​ក្នុង​ពេល​អតីត​កាល និង​បច្ចុប្បន្ន»។

ប៉ុន្តែ​លោក ម៉ថុន បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​អាច​នឹង​យក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មួយ​ដើម្បី​គេចផុត​ពី​ការ​នាំ​យក​មក​កាត់​ទោសក្នុង​រយៈ​ពេលដែលលោកនៅ​កាន់អំណាច។

យោង​តាម​ឯកសារ​ស៊ើប​អង្កេត​របស់​ អេហ្វប៊ីអាយ មាន​គ្រាប់​បែក​ចំនួន​បួន​គ្រាប់​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​គប់​លើ​ហ្វូង​បាតុករ​អហិង្សា។

លោក​ សំរិទ្ធ ​ដួងហាក់​ អតីត​អ្នកសារព័ត៌​មាន​ដែល​បាន​រង​របួស​ពីការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែកក្នុង​ពេល​ដែលចុះ​ទៅយក​ព័ត៌មាន​បាតុកម្ម​នោះ​បាន​បញ្ជាក់​ថា៖

«ក្នុង​នាម​ជាជន​រងគ្រោះ​យើង​ឃើញ​ហើយ​មនុស្ស​ម្នាក់​ដែល​ពិការ​ជិត​ពីរខែ​ដើរ​មិន​រួច​ តើខ្ញុំ​ឈឺចាប់​ប៉ុន្មាន ហើយ​ទន្ទឹម​ហ្នឹង​នោះ​វាមិនត្រឹមតែ​ខ្ញុំ​ដើរ​មិនរួច​ពីរខែ​ប៉ុណ្ណឹង ​មាន​អ្នក​ខ្លះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ បងប្អូន​ប្តីសី​ សាច់ញាតិ​ របស់គេ​ទៀត​ដូច្នេះ​យើង​គួរ​ថា​បណ្តោយ​ឱ្យ​មាន​និទណ្ឌភាព​ជាបន្ត​បន្ទាប់​ទៅ​តើ​ជាគំរូល្អ​សម្រាប់​នីតិរដ្ឋ​មួយ​ទេ?»

លោក​ រ៉ន អាប់​នី​តែងតែ​ធ្វើ​ដំណើរ​ជាប្រចាំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយសារ​លោក​មាន​មជ្ឈមណ្ឌល​ជួយ​ដល់​ក្រុម​កុមារ​កំព្រា​នៅទីនោះ។ លោក​នៅ​ចងចាំពី​អនុស្សាវរីយ៍​ឈឺចាប់​នោះ​ក៏​ប៉ុន្តែ​មិន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​អ្វី​ទេ​ដោយ​លោក​បញ្ជាក់​ថា៖

«គេតែង​តែ​ប្រាប់​ខ្ញុំ​ថា​បើ​លោក​គេចផុត​ពី​គ្រាប់​បែក​លើកទីមួយ​ លោកក៏អាច​គេច​ផុត​ពី​គ្រាប់​បែក​ទីពីរ​ដែរ»។

នៅ​កម្ពុជា​វិញ​ លោក​ រ៉ន​ អាប់នី ​សង្កេត​ឃើញថា ការចងចាំ​ពី​ការ​វាយ​ប្រហារ​ដោយគ្រាប់​បែក​នេះ​ហាក់​ដូចជាត្រូវ​បាន​គេ​បំភ្លេច​ទៅ​ហើយ លើក​លែង​តែ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ដែល​នៅ មានការ​ចាប់​អារម្មណ៍​ក្នុង​ការតស៊ូ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះដោយ​ដាក់​ពាក្យ​ប្តឹង​ជា​បន្ត​បន្ទាប់។

ពាក្យ​បណ្តឹងតវ៉ាចុងក្រោយ​នោះ​ត្រូវ​បាន​ដាក់​ប្តឹង​ខណៈ​ពេល​ដែល​លោក​ ហ៊ុន សែន ​កំពុង​មាន​វត្ត​មាន​នៅ បូរី​ញ៉ូវយ៉ក ​សហរដ្ឋ​អាមេរិក។

វីអូអេ​នៅ​មិនទាន់​ទទួល​បាន​ការបកស្រាយ​ជាផ្លូវ​ការ​ណាមួយពី​ខាងលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែនទេ ដើម្បី​ឆ្លើយ​តប​នឹង​ពាក្យ​បណ្តឹង​ចុងក្រោយ​នេះ។ ​ទីប្រឹក្សា​របស់​លោកប៉ុន្មាន​នាក់​ដែល​វីអូអេ​ព្យាយាម​ទាក់ទងក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​នេះ​មិនហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អ្វីទេ។ លោក​ប្រាក់ សុខុន​ទីប្រឹក្សា​ម្នាក់​បាន​បញ្ជាក់​ថា​រឿងនេះ​យូរ​ពេក​ណាស់​ហើយ។ ប៉ុន្តែ​ទីប្រឹក្សា​របស់លោក ហ៊ុន សែន​មួយរូប​គឺ​លោក​ ស្រ៊ី​ ថាមរង្គ​ ធ្លាប់​បាន​ប្រាប់​វីអូអេក្នុង​ពេល​ដែល​លោក​ហ៊ុន សែន​មក​ទីក្រុង​ញ៉ូវយ៉ក​កាលពីខែ​កញ្ញា​ថា​លោក​ មិន​យកចិត្ត​ទុកដាក់​លើ​ការដាក់​ពាក្យ​បណ្តឹងនោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​លោក​ រ៉ន អាប់នី​ ទទួល​ស្គាល់​ថា​ការចាប់​អារម្មណ៍​លើ​ករណី​នេះ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក​នៅ​មាន​កម្រិតទាប​នៅឡើយ​ដែរ។ ​លោក​បាន​ប្រាប់​វីអូអេ​ក្រោយ​ពី​ទើប​ត្រឡប់​មក​ពី​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ថា៖

«ខ្ញុំ​ត្រូវ​ធ្វើការ​ងារ​ច្រើន​ដោយ​សារ​ឥឡូវ​នេះ​ខ្ញុំ​បាន​ត្រឡប់​មក​ពី​កម្ពុជា​វិញ​ ហើយ​គឺ​ត្រូវ​ព្យាយាម​ទាក់ទាញ​រក​ខាង​ស្ថាប័ន​នីតិប្បញ្ញតិ​ចូលរួម។ ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើការ​ងារ​នេះ​ជា​រៀងរាល់​ថ្ងៃ»។

សម្រាប់​លោក​ រ៉ូនី​ ការបន្ត​ប្តឹង​នៅ​តុលាការ​សហរដ្ឋ​អាមេរិក​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ប៉ុណ្ណោះ​ នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​លោក​និងមេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​បាតុកម្ម​តាំង​ពី​ដំបូង​ទី​គ្រោង​នឹង​បន្ត​យក​រឿងក្តី​របស់​លោក​ទៅបន្ត​ប្តឹង​ដើម្បី​រក​យុត្តិធម៌៕