ការ​ឆ្លង​ចរន្ត​អគ្គិសនី​បាន​បង្ក​អគ្គិភ័យ​​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច​នៅ​ខេត្ត​សៀមរាប​ ​​​

អាជ្ញាធរ​ព្យាយាម​ពន្លត់អគ្គិភ័យដែល​បាន​ឆាបឆេះ​អគារមួយខ្នងនៃព្រះរាជ​ដំណាក់​តូចរបស់​ព្រះរាជ​ដំណាក់នៅ​​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣។ (AKP via AP)

អគ្គិភ័យ​បាន​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច​មួយ​នៃ​ព្រះរាជ​ដំណាក់ ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​វេលា​ម៉ោង​ប្រមាណ​ ២២និង​០៥នាទី​យប់ ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០២៣នេះ ដែល​ជា​ការ​ធ្វេស​ប្រហែស​មួយ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ឬ​ទុស្សេ​ខ្សែ​ភ្លើង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ព្រះបរមរាជវាំង ​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទនេះ។

ជុំ​វិញ​ករណី​នេះ មន្ត្រី​នគរបាល​ពន្លត់​និង​បង្ការ​អគ្គិភ័យ​ប្រចាំ​ខេត្តសៀមរាប បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ហេតុការណ៍​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ទឹក​ពន្លត់​ភ្លាមៗ ដើម្បី​គ្រប់គ្រង​ស្ថានភាព។ ក្រុម​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​បានវចំណាយ​ពេល​ប្រមាណ ៤០ នាទី​ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​១០​គ្រឿង ហើយ​បាន​ពន្លត់​ភ្លើង​ឆាប​ឆេះ​នេះ​ទាំង​ស្រុងនៅ​វេលា​ម៉ោង​ប្រមាណ ២២និង​៤០​នាទី​យប់។ នេះ​បើ​យោង​ការ​បញ្ជាក់​របស់​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា។

លោក​ក៏​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ផង​ដែរថា ​ករណី​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច​នេះ​បាន​បណ្តាល​ឱ្យ​អគារ​មួយដែល​មាន​បី​បន្ទប់​ក្នុង​នោះ រង​ការ​ខូចខាតសឹង​តែ​ទាំង​ស្រុង។

លោក​ថ្លែងថា៖ «តាម​តែ​យើង​ពិនិត្យ​មើលតាំង​ពី​យប់​មិញ​នោះ ភ្លើង​ហ្នឹង​ឆេះ​នៅ​ក្នុង​អគារ​មួយ​ដែល​នៅ​ទល់​មុខ​លោក​យាយ​ទេព ហើយ​អគារ​ហ្នឹង​តាមដែលខ្ញុំ​មើល​ពី​ខាង​ក្រៅ​មា ន​ការបែង​ចែក​ជា​បី​ផ្នែក​នៅ​ក្នុង​អគារ​ហ្នឹង ​ហើយ​ភ្លើង​ហ្នឹង​បាន​ឆាបឆេះ​ត្រង់​ចំណុច​កណ្តាល​អគារ ហើយ​ក៏​ឆេះ​រាល​ទៅ​ដល់​បន្ទប់​ទី​ពីរ​។ អ៊ីចឹង​ពីរ​ភាគ​បី​នៃ​អគារ​ហ្នឹង​ គឺ​បាន​ឆាប​ឆេះ​អស់។ យើង​នៅ​សល់​បន្ទប់​មួយ​ ដែល​យើង​ពន្លត់​ទាន់»។

អាជ្ញាធរ​ព្យាយាម​ពន្លត់អគ្គិភ័យដែល​បាន​ឆាបឆេះ​អគារមួយខ្នងនៃព្រះរាជ​ដំណាក់​តូចរបស់​ព្រះរាជ​ដំណាក់នៅខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣។ (AKP via AP)

អាជ្ញាធរ​ព្យាយាម​ពន្លត់អគ្គិភ័យដែល​បាន​ឆាបឆេះ​អគារមួយខ្នងនៃព្រះរាជ​ដំណាក់​តូចរបស់​ព្រះរាជ​ដំណាក់នៅខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣។ (AKP via AP)

អាជ្ញាធរ​ព្យាយាម​ពន្លត់អគ្គិភ័យដែល​បាន​ឆាបឆេះ​អគារមួយខ្នងនៃព្រះរាជ​ដំណាក់​តូចរបស់​ព្រះរាជ​ដំណាក់នៅខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣។ (AKP via AP)

ទាំង​អភិបាល​គ្រប់គ្រង​ខេត្ត​និង​ក្រសួង​ព្រះ​បរមរាជវាំង​បាន​បង្ហាញ​ក្តី​សោកស្តាយ​ខ្លាំង ចំពោះ​ករណី​អគ្គិភ័យ​ដែល​បាន​បំផ្លាញ​សំណង់​ខ្លះ​នៃ​អគារ​របស់​ព្រះរាជដំណាក់​ដ៏​ចំណាស់​មួយ​នេះ។

លោក ​ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​ បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​យថាហេតុ​មួយ ជា​ករណី​មួយ​ដែល​យើង​មិន​ឱ្យ​មាន​ការ​កើត​ឡើង។ ខ្ញុំ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ខេត្ត​សៀមរាប ខ្ញុំ​ជឿ​ជាក់​ថា មាន​ការ​សោកស្តាយ​ចំពោះ​ករណី​នេះ ហើយ​ក៏​មិន​គួរ​មាន​ការ​កើត​ឡើង​ដែរ នៅ​ក្នុង​រយៈ​ពេល​នេះ​ក៏​ដូច​ជា​នៅ​ថ្ងៃ​អនាគត ក៏​មិន​ចង់​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​ករណី​អគ្គិភ័យ​នេះ បន្ត​បន្ទាប់ មិន​ថា​ព្រះ​បរម​រាជវាំង​ឬ​ក៏​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា «ក្រសួង​ព្រះបរមរាជវាំង​មាន​ការ​សោក​ស្តាយ​ជា​ពន់ពេក ​ចំពោះ​ព្រឹត្តិការណ៍​ជា​អកុសល​នេះ»។

ព្រះរាជ​ដំណាក់​តូច នៅ​ខេត្ត​សៀមរាប​ដែល​រង​ការ​ឆាបឆេះ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ តាំង​ពី​មុន​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ភាព​ពី​ការ​ដាក់​អាណា​និគម​របស់​បារាំង​ក្នុង​ឆ្នាំ ១៩៥៣។ ព្រះរាជ​ដំណាក់​តូចនេះ បាន​ក្លាយ​ជា​ទីតាំង​មួយ​សម្រាប់​អ្នក​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទស្សនា​ អម​ដោយ​សួន​ច្បារ​និង​ទី​សក្ការៈ​បូជា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ព្រះ​អង្គចេក​ព្រះ​អង្គចម ដែល​ស្ថិត​នៅ​ក្រុង​សៀមរាប​ក្បែរ​ដង​ស្ទឹង​សៀមរាប៕