ផតខាសថ៍​របស់​ឪពុក​កូន​បង្ហាញ​ពី​ការ​ប៉ះ​ទង្គិច​និង​ដំណើរ​ផ្សះផ្សារ​ផ្លូវ​ចិត្ត ក្រោយ​របប​ប្រល័យ​ពូជសាសន៍

កញ្ញា Dorothy Chow និងឪពុកគឺលោក Robert Chau ថតរូបជាមួយគ្នាក្នុងស្ទូឌីយោផលិតផតខាសថ៍ 'Death in Cambodia, Life in America'។ (រូបថតផ្តល់ឲ្យ Dorothy Chow)

កូន​ស្រី​របស់​អតីត​ជនភៀស​ខ្លួន​ខ្មែរ​មួយ​រូប កំពុង​ធ្វើឲ្យ​រឿងរ៉ាវ​នៃ​សោកនាដកម្ម​និង​ដំណើរ​ផ្សះផ្សារ​ផ្លូវចិត្ត​របស់​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ​ សាយភាយ​នៅ​សហរដ្ឋ​អាមេរិក កម្ពុជា និង​ជុំវិញ​ពិភពលោក។

កញ្ញា Dorothy Chow ជា​កូនស្រី​របស់​លោក Robert Chau ​ដែល​ជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម។ នាង​បាន​រៀបចំ​បង្កើត​កម្មវិធី​ផតខាសថ៍ «Death in Cambodia, Life in America» កាលពី​ឆ្នាំ​ ២០២០ ក្នុងអំឡុង​ពេល​ដែល​ពិភពលោក​ត្រូវបាន​រង​ការ​យាយី​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

នា​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​ផតខាសថ៍​ Death in Cambodia កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ស្តាប់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA កាលពី​ពេល​ថ្មីៗ​នេះ កញ្ញា Dorothy បានឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការ​ផលិត​ផតខាសថ៍​នេះ​ថា ដើម្បី​បង្ហាញ​ឥទ្ធិពល​នៃ​ការ​ចែក​រំលែក​រឿងរ៉ាវ​និង​បទពិសោធន៍​ជីវិត​ដល់​មនុស្ស​ជាច្រើន​នាក់​ទៀត ដែល​បាន​រស់រាន​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម និង​ជាពិសេស​ដើម្បី​ជួយ​សម្រាល​បន្ទុក​និង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ឆ្លង​ជំនាន់​ដល់​អ្នក​ដែល​ឆ្លងកាត់​និង​រស់រាន​ពី​របប​នេះ​ផ្ទាល់ រួមទាំង​កូនចៅ​របស់​ពួកគេ​ផង​ដែរ។

កញ្ញា​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ហើយ​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ «ខ្ញុំ​ចង់​ឲ្យ podcast នេះ ជា​គំរូ​មួយ​សម្រាប់​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​ទៀត ចាប់ផ្តើម​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចែក​រំលែក​រឿងរ៉ាវ​និង​បទពិសោធន៍​ជីវិត​របស់​ពួកគេ​ដូចគ្នា»។

កញ្ញា Dorothy Chow បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ខ្ញុំចង់​ឲ្យ​ពិភព​លោក​បានដឹង និង​រៀនសូត្រ​អំពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​បានច្រើន​ជាងនេះ ដើម្បី​ឲ្យអ្នក​ដែល​ឆ្លងកាត់​របប​ដ៏​ឃោរឃៅ​នេះ ដឹង​ថា​ភាពឈឺចាប់​និង​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់ ពិតជា​មាន​តម្លៃ​ ហើយ​វា​ពិត​ជា​មាន​សារៈសំខាន់ណាស់ ក្នុងការ​ចែក​រំលែក​បទពិសោធន៍​និង​ភាពឈឺចាប់​របស់​ពួកគេ ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ»។

កញ្ញា Dorothy Chow និងឪពុកគឺលោក Robert Chau ថតរូបជាមួយគ្នា ពេលផ្សព្វផ្សាយអំពីផតខាសថ៍ 'Death in Cambodia, Life in America'។ (រូបថតផ្តល់ឲ្យ Dorothy Chow)

នៅ​ក្នុង​រដូវកាល​ទី ១ នៃ​ផតខាសថ៍ Death in Cambodia ដែលមាន ២៧ ភាគ កញ្ញា Dorothy បាន​សម្ភាសន៍​ឪពុក​របស់​នាង​គឺលោក Robert ដែល​លោក​បាន​រៀបរាប់​នូវ​ប្រវត្តិ​កំណើត​របស់​លោក​តាំង​ពី​វ័យកុមារ ជីវិត​ក្នុង​របប​ខ្មែរក្រហម​ដែល​រង​ការ​ធ្វើ​ទារុណកម្ម ភាព​អត់ឃ្លាន និង​ការ​ធ្វើការ​ទាំងបង្ខំ ដំណើរ​រត់ភៀសខ្លួន​ពី​កម្ពុជា​ទឹកដី​កំណើត និង​ដំណើរ​កសាង​ជីវិត​ឡើង​វិញ​នៅ​សហរដ្ឋអាមេរិក។

ការ​សន្ទនា​របស់​ឪពុក​និង​កូន​ទាំងពីរ​នាក់​នេះ ពោរពេញ​ដោយ​មនោសញ្ចេតនា និង​ភាព​ក្តុកក្តួល ដែល​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​របស់​ជនរងគ្រោះ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ទោះ​បី​ជា​សោកនាដកម្ម​នេះ​បាន​កើត​ឡើង​ជាង​បួន​ទសវត្សរ៍​រួចទៅ​ហើយ​ក្តី។

កញ្ញា Dorothy Chow បាន​ថ្លែង​ក្នុង​សម្តី​ដើម​ហើយ​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ «ខ្ញុំ​ជឿថា​មាន​ជន​រង​គ្រោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ជាច្រើន​នាក់ ដែល​នៅ​មាន​ការ​ឈឺចាប់​និង​ការ​ប៉ះ​ទង្គិច​សតិអារម្មណ៍​យ៉ាងខ្លាំង ដែល​ពួកគេ​មិនទាន់​អាច​រក​ឃើញ​មធ្យោបាយ​បន្ធូរ​បន្ទុក​ផ្លូវចិត្ត​នោះបាន​នៅ​ឡើយ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា podcastមួយ​នេះ​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​កម្លាំង​ចិត្ត​ក្នុងការ​ចាប់ផ្តើម​ចែក​រំលែក​បទពិសោធន៍​និង​រឿងរ៉ាវ​ជីវិត​របស់​ពួកគាត់​ទៅកាន់​សមាជិក​គ្រួសារ​និង​សហគមន៍»។

ផតខាសថ៍​ «Death in Cambodia, Life in America» នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​ស្តាប់​ផតខាសថ៍​ដូចជា Apple Podcasts, Google Podcasts និង​ Spotify នៅ​ថ្ងៃ​ដឹង​គុណ​ឪពុក ឬ​ជា​ភាសា​អង់គ្លេស​ហៅថា Father's Day ដែល​ត្រូវ​នឹង​ខែ​មិថុនា កាលពី​ឆ្នាំ២០២១។

គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ការ​បង្កើត​ផតខាសថ៍​នេះ​ផុស​ឡើង គ្រា​ដែល​កញ្ញា Dorothy បាន​ចាប់ផ្តើម​សាកល្បង​ធ្វើ​អ្វី​ថ្មីៗ ដែល​នាង​តែងតែ​មាន​គំនិត​ចង់​ធ្វើជា​យូរមក​ហើយ​ ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​ហាក់​ដូច​ជា​ឈប់​នៅ​ទ្រឹង​មួយ​សន្ទុះ​ដោយសារ​តែ​វិបត្តិ​កូវិដ​១៩ នា​ដើម​ឆ្នាំ ២០២០។

កញ្ញា Dorothy បាន​រៀប​រាប់​ក្នុង​សម្តី​ដើម​ហើយ​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ «បន្ទាប់ពី​មាន​ការ​ផ្ទុះ​ជំងឺកូវីដ១៩ ខ្ញុំ​មាន​ពេលវេលា​ទំនេរ​ច្រើន ហើយ​ខ្ញុំ​តែងតែ​មាន​គំនិត​ចង់ចែក​រំលែក​រឿងរ៉ាវ​ជីវិត​របស់​ឪពុក​ខ្ញុំ​ជា​យូរ​មក​ហើយ​ដែរ គ្រាន់តែ​ខ្ញុំ​មិន​ដឹង​ថា​គួរ​ចាប់ផ្តើម​ដោយ​របៀប​ណា។ តែ​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ក៏​ចាប់ផ្តើម​រៀន​ពី​ការ​រៀបចំ​កាត់ត​សំឡេង និង​ផលិតpodcastជា​លើក​ដំបូង»។

គិត​មក​ត្រឹម​ពេល​នេះ ផតខាសថ៍ «Death in Cambodia, Life in America Podcast» ត្រូវបាន​បន្ត​ផលិត​ចូល​ដល់​រដូវកាល​ទី ២ ហើយ​ដែល​ផ្តោត​លើ​រឿងរ៉ាវ​របស់​ឪពុក​របស់​កញ្ញា Dorothy គឺ​លោក Robert Chau អំពី​ជីវិត​ពោរពេញ​ដោយ​ការ​ផ្លាស់ប្តូរ​ ការ​សម្រប​ខ្លួន​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក និង​ការ​តស៊ូ​បង្កើត​អាជីវកម្ម​ហាង​នំ​ដូណាត់។

ហើយ​ក្រៅ​ពី​ការ​សន្ទនា​រវាង​ឪពុក​កូន​ពីរនាក់​នេះ កញ្ញា Dorothy ក៏​បាន​ចាប់ផ្តើម​សន្ទនា​ជាមួយ​អ្នក​ជំនាញ​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ផ្សេង​ទៀត ដែល​បាន​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ជនភៀសខ្លួន​ខ្មែរ ឬ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ជាដើម។ ​កញ្ញា​បាន​ឲ្យ​ដឹង​ថា នា​ពេល​អនាគត នាង​មាន​គម្រោង​អញ្ជើញ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ផ្សេងៗ​ទៀត​មក ធ្វើ​ជា​វាគ្មិន​ពិសេស​ ដើម្បី​ចែក​រំលែក​ពី​បទពិសោធន៍​ជីវិត​របស់​ពួកគេ។

កញ្ញា Dorothy Chow បាន​ថ្លែង​ក្នុង​សម្តី​ដើមហើយ​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ «ក្តី​សុបិន្ត​ដ៏ធំ​មួយ​របស់​ខ្ញុំ​ គឺ​ចង់​ផលិត​ភាពយន្ត​ដ៏​ធំមួយ​ផ្អែក​តាម podcast នេះ ដែល​អាច​បង្ហាញ​និង​បង្រៀន​ពិភពលោក​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ ខ្ញុំ​ពិតជា​ចង់ឲ្យ​មាន​មាតិកា​ផ្សេងៗ ដែល​ចងក្រង​និង​ផលិត​ដោយ​កូនខ្មែរ​សម្រាប់​ប្រជាជន​និង​សង្គម​ខ្មែរ​ទាំង​មូល»៕