អ្នកគាំទ្រគណបក្សរណសិរ្សជាតិបានច្បាស់នៅក្នុងអារម្មណ៍ហើយ នៅពេលដែលលទ្ធផលនៃការបោះឆ្នោតបានប្រកាសចេញជាបន្តបន្ទាប់នៅទូទាំងប្រទេសបារាំង។ បើទោះបីជាបានឈ្នះសំឡេងបាន៦តំបន់ក្នុងចំណោមតំបន់ទាំង១៣នៅជុំទីមួយក៏ដោយ គណបក្សនេះបានបរាជ័យក្នុងការរក្សាសំឡេងទាំងនោះ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ចុងក្រោយកាលពីថ្ងៃអាទិត្យ។
ក៏ប៉ុន្តែ អ្នកវិភាគម្នាក់គឺលោក Marta Lorimer នៃសកលវិទ្យាល័យសេដ្ឋកិច្ចក្នុងទីក្រុងឡុងដ៍ (London School of Economics) និយាយថា វាគឺជាលទ្ធផលដ៏សំខាន់មួយ។
«ទន្ទឹមនឹងនេះដែរ ពួកគេទទួលបានចំនួនអ្នកគាំទ្រក្នុងការបោះឆ្នោតច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ វាជាគណបក្សមួយដែលមានប្រវត្តិសាស្រ្តអស់រយៈពេល៤០ឆ្នាំមកនេះ ហើយពួកគេទើបតែទទួលបានការបោះឆ្នោតគាំទ្រជិត៧លានសំឡេង»។
មេដឹកនាំរណសិរ្សជាតិ គឺលោកស្រី Marine Le Pen បានវាយបកតាមសំឡេងពោរពេញដោយភាពមិនចុះចាញ់។
លោកស្រីនិយាយថា ពួកវរជនលើសកលលោកកំពុងតែដើរតួដើម្បីធ្វើឲ្យប្រទេសបារាំងក៏ដូចជាប្រជាជននៅក្នុងប្រទេសនេះ ចុះខ្សោយ ។ លោកស្រីបន្តថា៖ «ក្នុងនាមជាអ្នកស្នេហាជាតិ យើងសង្ឃឹមថា ប្រទេសបារាំងនឹងផ្តល់ជាកន្លែងមួយដែលអាចការពារដល់ប្រជាជនបារាំងទាំងអស់បាន»។
ប្រទេសបារាំងនៅតែស្ថិតក្នុងស្ថានភាពគ្រាអាសន្នជាផ្លូវការអស់រយៈពេលជិតមួយខែមកហើយ បន្ទាប់ពីមានការវាយប្រហារភេរវកម្មបំផុសឡើងដោយក្រុមរដ្ឋឥស្លាមនៅទូទាំងក្រុងប៉ារីស ដែលបានបន្សល់ទុកនូវមនុស្សស្លាប់យ៉ាងហោចណាស់១៣០នាក់។ ក៏ប៉ុន្តែ បើតាមការយល់ឃើញរបស់លោក Lorimer ភាពភ័យខ្លាចនឹងសកម្មភាពភេរវកម្មរបស់ពួករដ្ឋឥស្លាមមិនមែនមានន័យថា នឹងធ្វើឲ្យមានការកើនឡើងប្រជាប្រិយភាពរបស់គណបក្សរណសិរ្សជាតិនោះទេ។
«ពួកគេបានឈ្នះច្រើនណាស់នៅតាមតំបន់ដែលធ្លាប់តែបោះឆ្នោតឲ្យគណបក្សកុម្មុយនិស្ត និងគណបក្សប្រកាន់ឆ្វេងនិយមជ្រុល។ មានមនុស្សជាច្រើនដែលមិនបានទទួលការចំណេញពីសាកលភាវូបនីយកម្ម ហើយពួកគេក៏ប្រហែលជាមិនមែនជាអ្នកស្នេហាជាតិដែរ ក៏ប៉ុន្តែពួកគេនៅតែមានអារម្មណ៍ថា អ្វីៗនឹងមានភាពប្រសើរឡើងនៅពេលដែលអ្វីៗគីផ្តោតទៅលើប្រទេសបារាំង ហើយមិនមែនពីសហភាពអឺរ៉ុប ឬពិភពលោក»។
លោកស្រី Marine Le Pen បានសន្យាជាមួយអ្នកគាំទ្ររបស់លោកស្រីថា គណបក្សរបស់លោកស្រីនឹងត្រឡប់មកជាមួយនឹងភាពរឹងមាំកាន់តែខ្លាំងនៅក្នុងឆ្នាំ២០១៧ នៅពេលដែលលោកស្រីសង្ឃឹមថានឹង អាចប្រឈមមុខតទល់ដើម្បីទទួលបានកៅអីជាប្រធានាធិបតីបារាំង៕
ប្រែសម្រួលដោយ នៀម ឆេង