ជំងឺផ្តាសាយបក្សីបានឆក់យកជីវិតកុមារីដ៏ឆ្លាតវៃម្នាក់ពីសហគមន៍រលាំង

អ្នកស្រី គិន ណារិន បង្ហាញរូបថតពីរសន្លឹករបស់កូនស្រីដែលបានស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1 នៅភូមិរលាំង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ជាច្រើន​ជំនាន់មកហើយ​ ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិរលាំង ក្នុង​ខេត្តព្រៃវែង ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ​៦០ គីឡូម៉ែត្រ ពី​ស្ពាន​ព្រែក​តាមាក់​ក្នុងស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​មិន​ធ្លាប់​ពើប​ប្រទះ​ជំងឺឆ្លង​ផ្តាសាយ​បក្សី​ម្យ៉ាង ដែល​អ្នកជំនាញ​សុខាភិបាល​ឲ្យឈ្មោះ​ថា​ H5N1​ នោះទេ។ ប៉ុន្តែកាល​ពី​ចុង​ខែ​កុម្ភៈ​ ​ករណី​ឆ្លង​ជំងឺ​នេះ​ បាន​ផ្ទុះ​ឡើង​នៅក្នុង​ភូមិមួយ​នេះដែលសម្បូរ​ដោយ​ប្រជា​កសិករ​ ហើយបាន​បណ្តាល​ឲ្យកុមារី​ដ៏​ឆ្លាតវៃ​ម្នាក់​បាត់​បង់​ជីវិត​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​។

ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន​ អ្នកស្រី​ គិន​ ណារិន​ ដែល​ត្រូវជា​ម្តាយ​បង្កើត​កុមារី​ ប៊ៀន ណារ៉ុង​ អាយុ​ ១១​ ឆ្នាំ​ ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺផ្តា​សាយ​បក្សី​នោះ​ បានរៀបរាប់​ថា ការ​ស្លាប់របស់កូនស្រី បាន​កើត​ឡើង​លឿន​ពេក​ និង​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿ​។

អ្នក​ស្រី​បាន​ឱ្យដឹង​ទៀត​ថា​ កូន​ស្រី​របស់​អ្នកស្រី ជាក្មេង​ដែលស្រឡាញ់ និង​យកចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា​រៀនសូត្រ​។ កុមារី​ ប៊ៀន ​ណារ៉ុង​ ជា​សិស្សថ្នាក់ទី ៦ នៃ​សាលា​បឋមសិក្សាហ៊ុន សែន​ រលាំង​ មុន​ពេល​ជំងឺ​ផ្តា​សាយ​បក្សី​បាន​ឆក់​យក​ជីវិត​របស់​នាង។

ស្ត្រី​វ័យ​ ៤៧ ​ឆ្នាំ​រូបនេះ​ ដែល​បាន​ប្រកបរបរជាអ្នកស៊ីឈ្នួល​បេះ​ស្វាយ​ចន្ទី​នៅ​ខេត្ត​ស្ទឹងត្រែងក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយនេះ​ បាន​ដំណាល​ប្រាប់​វីអូអេពី​សម្តី​របស់​កូនស្រី មុន​ពេល​នាង​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ដោយ​សារ​ជំងឺផ្តាសាយបក្សីថា កុមារី ប៊ៀន ណារ៉ុង ​បាន​ប្រកែក​មិន​ចង់​ទៅ​មន្ទីរ​ពេទ្យ​ទេ​ ព្រោះ​នាង​បារម្ភថា​ នាង​នឹង​ខក​ខាន​មិន​បាន​ប្រលង​ឡើង​ថ្នាក់​ ដូច​សិស្ស​ឯទៀត​។

អ្នក​ស្រី​និយាយ​ថា​៖ «ទៅពេទ្យ​ហ្នឹង​ អត់​ចង់​ទៅ​ទេ​ វាយំ​អត់​ចង់​ទៅ​ទេ​ [​នរណា]ក៏​ឮ​ដែរ​យំ​ យំ​ អត់​ទៅទេខ្ញុំនៅ​ប្រលង​សិន​។ បាន​ខ្ញុំ​ទៅពេទ្យ​ ហើយ​វា​ចង់​ទៅ​ប្រលង​នេះ​ វា​ខ្លាច​គ្រូ​មិន​ឲ្យ​វា​ទៅ​ប្រលង​ បាន​ឡើង​ថ្នាក់​អ៊ីចឹង អត់​បាន​ចូល​ថ្នាក់​ទី ៧​ អ៊ីចឹង។ ខ្ញុំថា​ កូន​អើយ​គ្រូ​យល់​ពេក​ ពេល​កូន​ឈឺ​អ៊ីចឹង​ គេ​មិន​ថា​អីទេ កូនឯង​ទៅប្រលង​ទៅ​ អ្ហូ៎ទៅ​ពេទ្យ​សិន​ទៅ​ ចាំ​ជា​កូន​ឯង​មក​ប្រលង​វិញទៅ វា​ប្រកែក​យំ»។

អ្នកស្រី​ គិន ណារិន​ បាន​រៀប​រាប់​ថា​ ក្នុងរយៈពេល​តែប៉ុន្មាន​ថ្ងៃ​ក្រោយញាំថ្នាំនៅផ្ទះ និង​ព្យបាល​នៅមន្ទីរ​ពេទ្យ​បង្អែកមួយ​ ក្នុងភូមិព្រែក​សណ្តែក ស្ថិត​ក្នុង​ស្រុកស៊ីធរ​កណ្តាល​ អាការៈ​កូនស្រី​គាត់​នៅតែមិនធូរស្រាល​ ហើយ​ក្រោយមក​ក៏ត្រូវបាន​បុគ្គលិក​សុខាភិបាលបញ្ជូនទៅមន្ទីរ​ពេទ្យ​កុមារ​ជាតិ​ នៅ​រាជធានី​ភ្នំ​ពេញ ​ទី​ដែលកុមារី​រូបនោះ​បាន​ទទួល​មរណ​ភាព​កាល​ពីថ្ងៃទី​ ២២​ ខែកុម្ភៈ។

​អ្នកស្រី​បាន​បញ្ជាក់ថា អ្នកស្រីមិន​បាន​ដឹង​ជាមុន​នូវរោគសញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នោះ​ទេ។ ក៏ប៉ុន្តែ​អ្នកស្រីថា​ កូនស្រី​មាន​អាការៈក្តៅត្រជាក់ ហើយ​បាន​នាំ​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​មួយ​នៅភូមិ​ព្រែក​សណ្តែក​ ទីដែលគ្រូពេទ្យ​ថា អាការជំងឺ​មិនធ្ងន់​ធ្ងរ​ទេ​។

​អ្នក​ស្រី​ថ្លែង​ថា៖ «បើដឹងថា​ កូនឈឺ​ជំងឺ​ហ្នឹ​ង ក៏ស្ទុះស្ទា​ហៅ​គេ​ហៅ​ឯង​ឲ្យ​ជួយដែរ​ ដល់​ពេល​គ្មាន​ដឹង​ទេ គ្រាន់​តែ​ក្តៅៗ វាមិន​មែន​ក្តៅ​ធម្មតា​ទេ​ណ៎ា ខ្ញុំធ្លាប់ថា​ កូន​ខ្ញុំ​ក្តៅ​ខ្លួន​ដែរ​ មិនមែន​មិន​ធ្លាប់​ទេ ក្តៅ​ខ្លួន​ផ្តាសាយ​ហ្នឹង​ ទិញ​ថ្នាំ​ ទិញ​អី​លេប​ទៅ​វាជាទៅ ហើយ​មួយ​សារ​នេះ​ទៅ​ចាក់ថ្នាំ​ ដាក់​សេរ៉ូម​ ហើយ​កូនខ្ញុំ​មិន​ធូរ​មិន​ថយ​»។

ផ្ទះរបស់កុមារី ប៊ៀន ណារ៉ុង ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅភូមិរលាំង ឃុំរម្លេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ (ហ៊ុល រស្មី/វីអូអេ)

រូបថតពីរសន្លឹករបស់កុមារី ប៊ៀន ណារ៉ុង អាយុ ១១ ឆ្នាំ ដែលបានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី នៅភូមិរលាំង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ (ហ៊ុល រស្មី/វីអូអេ)

បើតាម​សេចក្តីប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ចុះថ្ងៃទី​ ២៣ ខែកុម្ភៈ​ កុមារី​ក្នុង​ភូមិរលាំង​ដែល​រក​ឃើញ​មាន​ជំងឺផ្តាសាយបក្សី​ ចាប់ផ្តើម​ឈឺ​នៅថ្ងៃ​ទី​ ១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៣ ដោយ​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ​ (៣៩ អង្សាសេ) ព្រមទាំង​មានក្អក​ និង​ឈឺបំពង់ក​ ក្រោយ​ទទួលការ​ព្យាបាល​នៅ​ក្នុង​ភូមិ​មិនធូរ​ស្រាល​រយៈពេល​ ៣ ថ្ងៃ​ កុមារី​ក៏ចាប់​ផ្តើម​មាន​អាការៈហត់​ ហើយត្រូវបាន​បញ្ជូន​បន្តទៅសម្រាក​នៅមន្ទីរ​ពេទ្យ​កុមារ​ជាតិ ​នៅ​រាជធានីភ្នំពេញ នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ ឆ្នាំ​ ២០២៣។​

នៅ​ក្នុង​ភូមិរលាំង​ អ្នកស្រី ​គិន​ ណារិន​ និងស្វាមីគឺលោក ប៊ៀន វន អាយុ​ ៤៩​ ឆ្នាំ​ មាន​របរ​ជាកសិករ​ មានកូន​ ៤ នាក់ ហើយ​កុមារី ប៊ៀន ណា​រ៉ុង​ គឺជា​កូន​ស្រីពៅ​។ ផ្ទះ​របស់​អ្នកទាំង​ពីរ​ស្ថិតនៅក្បែរមាត់​បឹង​ដែល​ទទួល​ប្រភពទឹក​មកពី​ទន្លេ​មេគង្គ​។

នៅ​ក្រោមផ្ទះ​ដែល​មាន​សភាព​ចាស់​ និង​សង់ផុត​ពី​ដី​តាម​ទំនៀម​ទម្លាប់​ខ្មែររបស់​អ្នក​ស្រី គិន ណារិន​ មាន​កន្លែង​ចិញ្ចឹម​មាន់​មិន​រៀបរ​យ​មួយ​។

អ្នក​ស្រី​ថា​ គ្រួសារ​អ្នកស្រី​បានចិញ្ចឹម​សត្វមាន់​ជាលក្ខណៈ​គ្រួសារ​ ហើយ​មាន់​ជាច្រើន​ក្បាល​ត្រូវបាន​ប្រមូល​លក់​នៅ​អំឡុង​ពេល​បុណ្យចូល​ឆ្នាំចិន​ ដោយនៅ​សល់​តែមេមាន់​ពីរក្បាលប៉ុណ្ណោះ។ អ្នក​ស្រី​បាន​ឱ្យ​ដឹង​ទៀតថា​ មន្ត្រីជំនាញ​បាន​យក​មេមាន់​ពីរ​ក្បាល​នោះ ​ទៅ​ពិសោធន៍​រកមេរោគ បន្ទាប់ពី​កូនស្រី​របស់​អ្នកស្រីត្រូវបានសន្មតថា​ បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​។​ គ្រួសារ​អ្នកស្រី​បាន​ចិញ្ចឹម​សត្វ​មាន់​ជាយូរ​ឆ្នាំ​មក​ហើយ ដើម្បី​បរិភោគ​ក្នុង​ផ្ទះ និង​យក​ទៅ​លក់​នៅទី​ផ្សារ​ដើម្បី​រកក​ម្រៃ​ផ្គត់ផ្គង់ជីវភាព​គ្រួសារ។

អ្នក​ស្រី​រៀប​រាប់​ទៀត​ថា ​មុន​ពេលកូនស្រីរបស់អ្នកស្រីបានឆ្លង​និង​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តា​សាយ​បក្សី ​កូនរបស់អ្នកស្រីមិនបាន​ប៉ះពាល់​សត្វ​មាន់ ​ដែល​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​នោះទេ។

អ្នក​ស្រីបាន​ថ្លែងថា​៖ «វាមិន​ដែល​លេង​មាន់​ទេ​ កូនហ្នឹង​ចេះលាង​ចាន​ ​ ចេះ​ដាំបាយ​ ចេះ​បោក​ខោអាវ​ ខ្លួន​វា​ ចេះ​ធ្វើ​ម្ហូប​ទៅវត្ត​ទៅអី​អ៊ីចឹង»។

ភូមិ​រលាំង​ ​ស្ថិតនៅក្នុង​ឃុំរម្លេច​ ស្រុក​ស៊ីធរ​កណ្តាល​ ខេត្ត​ព្រៃវែង​ មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​ នៅ​ភាគ​ខាង​ត្បូង។ ភូមិ​ដែល​មាន​សភាពស្ងប់ស្ងាត់​មួយនេះ​ មាន​ប្រជាពលរដ្ឋ​ចំនួនជាង​ ៣៧០ គ្រួសារ​ ស្មើ​នឹង​ចំនួន​ប្រជាពលរដ្ឋជាង​ ១៩០០ នាក់​កំពុង​រស់​នៅ ដោយភាគច្រើន​ពួកគេប្រកប​របរពឹង​លើ​វិស័យ​កសិកម្ម​។ នេះ​បើ​តាមការ​លើក​ឡើងរបស់មន្ត្រី​នៅសាលាឃុំ​រម្លេច និង​ប្រជាពលរដ្ឋ​ដែល​សំឡេង​សហរដ្ឋអាមេរិក​វីអូអេបាន​សម្ភាសន៍។

ករណី​ឆ្លង​ជំងឺ​ផ្តាសាយ​លើ​កុមារី ​ប៊ៀន ណា​រ៉ុង​ គឺ​ជា​ករណី​ទី​ ១​ ក្រោយ​ពីជំងឺមួយ​នេះ​មិនមានករណីឆ្លងថ្មី​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ ៩​ ឆ្នាំ​កន្លងមក​នេះ​។

ក្រោយ​ការ​រក​ឃើញ​ករណី​ឆ្លងនេះ ក្រុមអ្នក​ជំនាញ​សុខភាពសាធារណៈ​បាន​រកឃើញ​ថា ឪពុក​កុមារីខាងលើ​ ក៏បានឆ្លងជំងឺផ្តាសាយ​បក្សី H5N1​ នេះដែរ​។ អ្នកជំនាញ​សុខា​ភិបាលបាន​បញ្ជាក់​ថា​ លោក​បានផ្ទុកជំងឺនេះនៅថ្ងៃទី ​២៣ ខែកុម្ភៈ​។ កូនស្រីរបស់​លោក​បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយ​បក្សី H5N1​នេះ នៅថ្ងៃទី ​២២ ខែកុម្ភៈ គឺមួយ​ថ្ងៃ​ក្រោយ​ការ​រកឃើញ​ថា​នាង​បានឆ្លងជំងឺ ​ដែល​បង្កឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើផ្លូវដង្ហើម​នេះ។​ នេះបើតាមការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក

លោក ប៊ៀន​ វន​ បាន​ទទួលការ​ព្យាបាលជំងឺ​នៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ បន្ទាប់​ពីគាត់​ត្រូវបាន​រក​ឃើញមាន​ជំងឺ​ផ្តាសាយ​បក្សី​ ហើយបាន​ចាក​ចេញ​ពីមន្ទី​ពេទ្យកាលពី​ថ្ងៃ ទី ២៨ ​ខែកុម្ភៈ បន្ទាប់ពីលទ្ធផលអវិជ្ជមាន​ទី ៣ របស់គាត់​។ នេះ​បើ​តាម​ពលរដ្ឋ​ក្នុងភូមិ​រលាំង​ និង​សេចក្តីប្រកាសរបស់​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង

ទោះជាយ៉ាង​ណា​ក្តី​ នៅ​ភូមិ​រលាំង​ កាល​ពី​ថ្ងៃទី ២៨ ​ខែកុម្ភៈ​ គេឃើញ​បុគ្គលិក​សុខា​ភិបាល ខេត្ត​ព្រៃវែង ​បន្ត​ចុះ​យក​សំណាក​សិស្សសាលាក្នុងភូមិ​នោះមក​ធ្វើ​តេស្ត​។ បុគ្គ​លិក​សុខា​ភិបាល​ដែល​មាន​វត្តមាន​ក្នុង​ភូមិ​នោះ​ បាន​ឱ្យដឹង​ថា ការ​បន្តតាមដាន​ស្ថានភាព​ឆ្លង​ជំងឺផ្តាសាយ​បក្សី​នៅ​ក្នុង​ភូមិ​រលាំង​នោះ នឹង​ត្រូវប្រើ​រយៈពេល​ ១៤ ​ថ្ងៃ​។

សិស្សចេញលេងក្នុងម៉ោងសម្រាក នៅសាលាបឋមសិក្សាហ៊ុន សែន រលាំង ស្ថិតនៅក្នុងភូមិរលាំង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

​សេចក្តីប្រកាសរ​បស់​នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ចុះថ្ងៃទី ២​ ខែមីនា​ ដែលបង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ បានផ្តល់​ការ​ពន្យល់​ថា គ្មានករណីឆ្លងជំងឺ​ H5N1 បន្ថែមទៀត ត្រូវបានរកឃើញទេ​។ ហើយរហូតមកដល់ពេលនេះ មិនទាន់រក​ឃើញ​ភស្តុតាង​នៃការឆ្លងពីមនុស្សទៅមនុស្សឡើយ។ សេចក្តី​ប្រកាស​បាន​លើកឡើងថា ​ផ្អែក​លើ​ការ​ស៊ើប​អង្កេត​ ករណី​ទាំងពីរ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ភូមិ​រលាំង​ មាន​ការ​ប៉ះ​ពាល់​ជាមួយសត្វ​បក្សី​ឈឺ​ និង​ងាប់​ដូច​គ្នា ​ហើយ​រោគសញ្ញា​របស់ពួក​គេបានចាប់​ផ្តើម​នៅ​ថ្ងៃ​តែ​មួយ​។

នៅក្នុងសេចក្តីប្រកាស​ដាច់ដោយឡែក​មួយ​ទៀត នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង ​បាន​ឲ្យ​ដឹងថា​ វីរុសផ្តាសាយ​បក្សី H5N1 ដែល​បាន​ផ្ទុះឡើងនៅ​ភូមិ​រលាំង​ ឃុំ​រម្លេច ស្រុក​ស៊ីធរ​កណ្តាល​ គឺជាវីរុស​ដែល​ត្រូវ​បាន​សិក្សា​រក​ឃើញ​នៅ​ក្នុង​ចំណោម​បក្សី​ស្រុក​ បក្សី​ព្រៃ​ក្នុងប្រទេសកម្ពុជា នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អំបូរ​វីរុស​ផ្តាសាយ​បក្សី​ H5N1​ ដែល​កំណត់​ឈ្មោះសម្គាល់​ថា (clade 2.3.2.1c) នេះ ខុស​ពីអំបូរ​វីរុសផ្តាសាយបក្សី H5N1 នៅតាមបណ្តាប្រទេសនៅតំបន់ផ្សេងទៀតលើ​ពិភព​លោក​ ។ នេះ​បើ​តាម​នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិ​បាល​កម្ពុជា។ ​

​ជំងឺផ្តាសាយបក្សីដែល​បាន​ឆ្លងលើមនុស្ស​ ត្រូវបាន​រាយការណ៍ជាលើក​ដំបូង​នៅ​ប្រទេស​កម្ពុជាកាលពី​ឆ្នាំ​ ២០១៤​។ បើយោងតាម​អង្គ​ការ​សុខភាព​ពិភពលោក ផ្អែកលើ​ភស្តុ​តាង​ដែល​មាន​មក​ទល់​ពេល​នេះ​ មេរោគ​ផ្តាសាយ​បក្សី​មិន​ចម្លង​ទៅ​មនុស្ស​ដោយ​ងាយ​នោះ​ទេ​ ហើយ​ការឆ្លង​រាត​ត្បាតពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នោះ​ ជាករណី​មិន​ប្រក្រតី​។

ទោះជា​យ៉ាង​ណា​ក្តី​ អង្គការ​សុខភាព​ពិភពលោកបានព្រមាន​ថា​ ដោយ​សារ​តែ​វីរុស​នេះ​នៅតែបន្ត​រក​ឃើញ​ក្នុង​ចំណោម​សត្វ​ស្លាប នោះការ​ឆ្លង​ពីសត្វទៅលើ​មនុស្ស​ អាចត្រូវបាន​រំពឹង​ថា​នឹង​កើត​មានជាបន្ត​ទៀត។

បើតាម​ក្រសួង​សុខាភិបាល​ គ្មាន​ករណី​ឆ្លង​ថ្មីទៀតទេ​ នៅ​ក្នុងភូមិរលាំង​នេះ។ ក្រសួង​ក៏បានបញ្ជាក់​បន្ថែមថា ករណី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ភូមិ​រលាំង​នេះ មិន​មែនជា​ប្រភេទ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្សនោះទេ។ ក៏ប៉ុន្តែ ដោយសារតែ​មរណភាព​ពី​ជំងឺ​ឆ្លង​រាតត្បាត​មួយ​នេះស្ថិត​ក្នុង​កម្រិត​ខ្ពស់ ​ក្តីបារម្ភ​ក្នុង​ភូមិនៅតែ​បន្ត​កើត​មាន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ។

លោក ហ៊ឹម សារឿន អាជីវករ​លក់​គ្រឿងភេសជ្ជៈ​ នៅ​មុខ​សាលា​បឋម​សិក្សា​ហ៊ុន សែន​ រលាំង​ បាន​ឱ្យដឹង​ថា​ លោក​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​នេះ​។

អាជីវករ​វ័យ​ ៤៣ ​ឆ្នាំ​រូប​នេះ​ ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ទទួល​បាន​ដំណឹង​អំពីរោគ​សញ្ញា​ជំងឺ​ផ្តាសាយ​បក្សី មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​ទេ ខណៈ​ការ​ឆ្លង​ជំងឺរលាក​ផ្លូវ​ដង្ហើម​របស់​សត្វ​ស្លាប​នេះ​ មិន​ធ្លាប់​កើ​តឡើង​ទាល់​តែ​សោះ​នៅ​ភូមិរលាំង​។

លោក​ប្រាប់វីអូអេ​ថា​៖​ «អត់​ទេ​ អត់​ដែល​មាន​ផង​ ធ្លាប់​តែ​មានគោ​អុត​ក្តាម​ អុត​អី​មាន​។ ហ្នឹង​ហើយ​មាន់​ងាប់​ ដូច​ថា រៀង​ធ្លាក់​ភ្លៀង​មក​អ៊ីចឹង​ មក​វា​ឈឺ​ វា​ហៀរ​សម្បោរ​ងាប់​តិច​តួច​អ៊ីចឹង​មាន បើ​អ៊ីចឹង​មិន​ដែល​មាន​ទេ​»។

អ្នកស្រី គិន ណារីន វ័យ ៦៥ ឆ្នាំ ជាបងស្រីបង្កើតអ្នកស្រី គិន ណារិន និងជាអ៊ំស្រីរបស់កុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅភូមិរលាំង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ដូចគ្នាដែរ អ្នកស្រី កេត ហ៊ុំ អ្នកភូមិម្នាក់​ទៀត​នៅ​ភូមិរលំាង​ ប្រាប់​សំឡេងសហរដ្ឋ​អាមេរិក​វីអូអេ​ថា​ អ្នកស្រី​មិន​ធ្លាប់ទទួលបាន​ដំណឹង​ ឬ​ការ​ផ្សព្វ​ផ្សាយ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋានឲ្យ​ដឹង​អំពី​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយបក្សីនេះ​ទេ។ ជាអ្នកជិតខាង​នឹង​គ្រួសារ​របស់​កុមារី ប៊ៀន ណារ៉ុង អ្នកស្រីបាន​បង្ហាញអារម្មណ៍តក់​ស្លុត​ នៅពេល​កុមារី​ ដែល​មាន​ភាពរួស​រាយ​រាក់​ទាក់​ម្នាក់​នេះ បាន​ស្លាប់ដោយសារ​តែ​ជំងឺ​ផ្តាសាយ​បក្សី​នេះ។ ​

អ្នក​ស្រី​ថ្លែងថា​៖ «នឹក​តែ​ឃើញ​មុខ​វា​ហ្មង​ និយាយ​តាម​ត្រង់​ ក្មេង​ស្លូត​ស្អាត​ល្អ​ណាស់​។ ក្នុង​មួយ​ចំណោម​មាន​តែ​វា​ដើរ​លើ​គេ​ ស្អាត​ជាង​គេ​ ស្អាត​ស្រឡាញ់ណាស់​។ ខ្ញុំ​កំពុង​តែ​ហូប​បាយ​អី​ហ្នឹង​ ម៉ោង ​៦​ ៧ វា​មក​ពី​រៀន​កួ​ មក​សួរ​ខ្ញុំ​រាល់​ថ្ងៃ​ ទឹកភ្នែក​ខ្ញុំ​ឲ្យ​តែ​ពេល​ស៊ីបាយ ​ខ្ញុំ​នឹក​ឃើញ​ហើយ​។ ​ផ្ទះ​ខ្ញុំ​នៅ​កើត​ផ្លូវ​ វា​ដើរ​មក​ចំ​ផ្ទះ​ខ្ញុំ​ហ្នុង​នោះ​»។

អ្នក​ស្រី គិន ណារីន​ វ័យ​ ៦៥​ ឆ្នាំ​ ជា​អ៊ំស្រី​របស់​កុមារី​ ប៊ៀន ណា​រ៉ុង​ ក៏នៅ​ចង​ចាំ​ក្មួយ​ស្រី​ ​ថាជា​ក្មេង​ប្រឹងប្រែង​រៀន​សូត្រ​ និង​មាន​ក្តីស្រមៃ​ចង់​ធ្វើ​ជា​គ្រូពេទ្យ​។

អ្នកស្រីប្រាប់​វីអូអេ​ថា៖ «​ថា ​ធំឡើង​ចង់​ធ្វើ​ពេទ្យ​ ចង់​ធ្វើ​ពេទ្យ​កូន​ហ្នឹង​...ប្រឹង​រៀន»។

ដោយ​ធ្លាប់​បាន​មើល​ថែ​កុមារី​នេះ​ តាំងពីនៅ​តូច​ អ្នក​ស្រី គិន ណារីន ​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះការ​ស្លាប់​ក្មួយ​ស្រី​។ ​

អ្នកស្រី​បាន​និយាយ​ថា​៖ «សព្វ​ថ្ងៃ​ដេក​ក្បែរ​ រូប​ថត​ដាក់​ហ្នឹង​នៅ​ដេក​ក្បែរហ្នឹង​មើល​ទៅ​ឃើញ​យំ​ មើល​ទៅ​ឃើញ​យំ​ស្តាយ​ក្មួយ​ណាស់​»។

សម្រាប់​អ្នកស្រី ​គិន ណារិន​ ក៏មិន​ទាន់​អាច​បំភ្លេច​កូន​ស្រីរបស់​អ្នកស្រី​បាន​ដែរ។ ហើយ​អ្វីដែល​អ្នក​ស្រី​នៅ​ចងចាំកូននោះ គឺ​ការ​ពូកែ​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​ឪពុកម្តាយរបស់​កុមារី ប៊ៀន ណារ៉ុង​ កាល​ពេល​នៅមាន​ជីវិត​៕ ​