ភ្នំពេញ — ខែមីនានេះ ជាគម្រប់អនុស្សាវរីយ៍ ១៨ ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍រវាងលោក ឡៅ វណ្ណា និងអ្នកស្រី វ៉េង សុម៉ាលី។ អ្នកទាំងពីររៀបការនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០០៣។
ប៉ុន្តែនៅខែអនុស្សាវរីយ៍អាពាហ៍ពិពាហ៍នាឆ្នាំ ២០២១ នេះ បានបន្សល់ទុកនូវសំណោកសោកសៅឲ្យក្រុមគ្រួសារ ដែលមានកូនប្រុសស្រី ៤ នាក់មួយនេះ។
លោក ឡៅ វណ្ណា ត្រូវចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយពីបានតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២៧ ខែកុម្ភៈ ដោយសារលោកជាប់ពាក់ព័ន្ធនឹងជនជាតិចិនម្នាក់ដែលលោកបើករថយន្តឲ្យ។
តែភាពសោកសៅនិងការលំបាកនៃក្រុមគ្រួសារនេះ មិនបញ្ចប់ត្រឹមការចូលសម្រាកពេទ្យនេះទេ។
តាំងតែពីចូលសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែមក លោក វណ្ណា អាចទាក់ទងឃើញមុខក្រុមគ្រួសារដែលត្រូវធ្វើចត្តាឡីស័កនៅផ្ទះបានតែតាម Facebook Messenger ប៉ុណ្ណោះ។
នៅថ្ងៃទី៣ ខែមីនា ចំខួបអាពាហ៍ពិពាហ៍ លោក វណ្ណា បានប្រាប់អ្នកស្រី វ៉េង សុម៉ាលី ឱ្យផ្ដាំបងប្អូនផ្ញើទិញបបរគ្រឿង ដែលលោកចូលចិត្ត ផ្ញើឱ្យលោកហូបនៅមណ្ឌលសម្រាកព្យាបាល។ មកទល់នឹងថ្ងៃនោះ ស្ថានភាពជំងឺលោកកាន់តែមានសភាពធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោយបរិភោគបបរគ្រឿងដែលធ្លាប់តែឆ្ងាញ់ជាប់មាត់ លោក វណ្ណា បានប្រាប់ភរិយាថា លោកភ្លក់លែងដឹងរសជាតិអ្វីទាំងអស់។
អ្នកស្រី សុម៉ាលី បានប្រាប់វីអូអេថា៖ «គ្រានោះខ្ញុំមើលស្ថានភាពគាត់ របៀបថាដូចប្លែកបន្តិចម្ដងៗអ៊ីចឹងទៅណា គាត់ថា «អូនអើយបងដូចប្លែក ចេះតែស្រៀវស្រាញ ក្ដៅខ្លួន ហើយមានក្អកបណ្ដើរៗទៀត» ហើយពីមួយថ្ងៃទៅមួយថ្ងៃអាការៈគាត់ដូចជាធ្ងន់បន្ដិចម្ដងៗ»។
ដោយស្ថានភាពមិនធូរស្រាល លោក វណ្ណា ត្រូវបានផ្ទេរពីមណ្ឌលសុខភាពចាក់អង្រែ ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាថ្ងៃទី ៥ ខែមីនា។
ក្រៅពីការងារជាអ្នកបើករថយន្តឲ្យគេ លោក វណ្ណា ក៏មានការងារនៅនាយកដ្ឋាននគរបាលអង្គរក្សនៃក្រសួងមហាផ្ទៃផងដែរ។ លោក វណ្ណា អាយុ ៥០ ឆ្នាំ ត្រូវបានក្រុមការងារសុខាភិបាលទាក់ទងឱ្យទៅធ្វើតេស្ដបន្ទាប់ពីថៅកែចិនម្នាក់ដែលលោកបើករថយន្តឲ្យ ដែលជាការងារទីពីរបន្ទាប់ពីការងាររដ្ឋ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
មកទល់នឹងថ្ងៃទី៩ ខែមីនា លោក វណ្ណា បាត់ដំណឹងលែងខលមកភរិយា ខណៈលោកកំពុងសម្រាកព្យាបាល មាត់របស់លោកត្រូវបានខ្ទប់ដោយម៉ាស៊ីនជំនួយការដកដង្ហើម (Ventilator) ដោយសារស្ថានភាពធ្ងន់ធ្ងរ។
«អត់ឃើញគាត់ខលមកទេ បាត់រហូត ខ្ញុំចេះតែឆ្ងល់ថា ប្ដីខ្ញុំមកថ្ងៃតាំងពីព្រឹកទល់ដល់យប់ហ្នឹង អត់ឃើញខលរូបភាពឱ្យមើលសោះ តែពេលហ្នឹង ប្អូន គាត់និយាយមកខ្ញុំជឿថាជំងឺហ្នឹងវាដល់ដំណាក់កាលខ្លាំងហើយ ព្រោះគាត់ថតមកខ្ញុំមើលហ្នឹង គាត់ថានិយាយបានមួយម៉ាត់ពីរម៉ាត់ គាត់លើកដៃថាហត់ណាស់អូន ហត់ណាស់ហត់ បងហត់និយាយលែងបានតទៅទៀតហើយ» ហើយខ្ញុំថាបើបងហត់ បងមិនបាច់និយាយទេ ឱ្យខ្ញុំឃើញមុខមក ក៏ខ្ញុំអស់ចិត្ត»។
នៅថ្ងៃទី ១១ ខែមីនា រង្វង់ម៉ោងជិត ១១ ថ្ងៃត្រង់ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានហៅទូរស័ព្ទមកអ្នកស្រី សុម៉ាលី ជាមួយនឹងដំណឹងថា លោក វណ្ណា បានទទួលមរណភាព។
«ពេលពេទ្យជូនពាក្យថា ប្ដីខ្ញុំអស់សង្ខារអ៊ីចឹងភ្លាម ខ្ញុំរន្ធត់ចិត្តណាស់ រន្ធត់ចិត្តថា ខ្ញុំរស់ដោយសារប្ដី ដល់ឥឡូវអស់បង្គោលហើយ គិតយ៉ាងម៉េច។ ហៅកូនមកជិតនិយាយ ថាយើងអស់ប៉ារកស៊ីចិញ្ចឹមហើយ ម៉ាក់អត់មាំទៀត ខ្ញុំទើបវះហើយអ៊ីចឹង ដល់អ៊ីចឹងទៅ កូនក៏មើលមុខយើង ហើយខ្ញុំថា កូនអើយ ម៉ាក់ដូចគិតមិនចេញទេនេះ ... កូនក៏អង្គុយជិតខ្ញុំ យំទាំងអស់គ្នាអ៊ីចឹងទៅ»។
គ្រានោះអ្នកស្រី សុម៉ាលី និងកូនប្រុសស្រីទាំង ៤ មិនអាចចេញក្រៅផ្ទះបាននោះទេ ដោយសារជាប់កាតព្វកិច្ចធ្វើចត្តាឡីស័កក្នុងគេហដ្ឋានខ្លួនឯង នៅសង្កាត់ចាក់អង្រែ។
នៅពេលសពលោក វណ្ណា ត្រូវបានបូជាអំឡុងម៉ោង៨យប់ ថ្ងៃទី ១១ ខែមីនា នៅវត្តបញ្ចកែវមុនីឫស្សីសាញ់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នកស្រី សុម៉ាលី និងកូនប្រុសស្រី បានត្រឹមរៀបចំតុតូចមួយ មានជើងធូបនិងនំនែកបន្ដិចបន្ដួចឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកពីចម្ងាយតែប៉ុណ្ណោះ។
លោក ឡៅ វណ្ណា ត្រូវបានក្រសួងសុខាភិបាលកំណត់ថាជាអ្នកជំងឺកូវីដ១៩ដំបូងគេនៅកម្ពុជា ដែលបានទទួលមរណភាពដោយវីរុសនេះ។
ភ្លាមៗក្រោយមរណភាពលោក ឡៅ វណ្ណា នាថ្ងៃទី ១១ ខែមីនា លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ទូរទស្សន៍បាយ័នថា សួតរបស់លោកទាំងសងខាងមានការរលាកខូចខាតធ្ងន់ធ្ងរ ទោះគ្រូពេទ្យប្រើគ្រប់បច្ចេកទេសនិងបច្ចេកវិទ្យាយ៉ាងណាក្ដី។
«ក៏ប៉ុន្តែជាការសោកស្ដាយមែនទែនដោយសារការជួយសង្គ្រោះរបស់យើងមិនអាចជួយបាន ដោយសារស្ថានភាពវាយលុករបស់វីរុសកូវីដ១៩ ហ្នឹងវាលឿន ហើយធ្វើឱ្យសរីរាង្គរបស់គាត់ទ្រាំទ្រអត់បាន ធ្វើឱ្យមានភាពធ្ងន់ធ្ងរទៅលើបញ្ហាសួតទាំងសងខាងរបស់គាត់នេះ»។
អង្គការសុខភាពពិភពលោក (WHO) បានហៅមរណភាពលោក ឡៅ វណ្ណា ថាជា «កាលប្បវត្តិដ៏សោកសង្រេងនៃការតស៊ូក្រាញននាលរបស់កម្ពុជាជាមួយនឹងវីរុស» កូវីដ១៩ និងបានសម្ដែងមរណទុក្ខជូនក្រុមគ្រួសារលោក វណ្ណា។
សម្រាប់ភរិយានិងកូនៗលោក វណ្ណា ក្ដីសោយសោកពីមរណភាពរបស់លោកមានធំធេងជាងអ្វីដែលខ្ទង់តួលេខដែលស្លាប់ដោយសារកូវីដនៅកម្ពុជាអាចគណនាបាន។
លោក វណ្ណា មានស្រុកកំណើតនៅស្រុកបុរីជលសារ ខេត្តតាកែវ ហើយលោកជាកូនទីពីរក្នុងគ្រួសារដែលមានបងប្អូនប្រុសស្រីសរុប ៨ នាក់។ លោកត្រូវបានបងជីទួតមួយរបស់អ្នកស្រី សុម៉ាលី ណែនាំឱ្យស្គាល់គ្នាមុនឈានទៅចងចំណងអាពាហ៍ពិពាហ៍ នៅឆ្នាំ ២០០៣។
ភរិយារបស់លោក វណ្ណា មានប្រសាសន៍ថា៖ «គាត់ល្អនឹងខ្ញុំណាស់ ហ្នឹងហើយ ល្អដល់ថ្នាក់ខ្ញុំបំភ្លេចមិនបានតែម្ដង គាត់ល្អនឹងខ្ញុំដូចថាហួសតែម្ដង ... រហូតដល់បែកគ្នាខ្ញុំស្រណោះសម្ដីប្ដី គាត់គោរពស្រឡាញ់យើង គាត់ឱ្យតម្លៃយើងត្រង់ហ្នឹង»។
ដោយសារមានកូន ៤ នាក់ក្នុងបន្ទុក លោក វណ្ណា ត្រូវរករបរខាងក្រៅការងាររដ្ឋបន្ថែម គឺធ្វើជាអ្នកបើកបររថយន្តប្ដូរយកកម្រៃបន្ថែម ផ្គត់ផ្គង់ជីវភាពគ្រួសារនិងការសិក្សារបស់កូនៗ។
«ដូចអូនឃើញស្រាប់ហើយ ប្រាក់ខែយើងរាជការខ្លាចចាយមិនគ្រាន់ ហើយមកទល់នឹងខ្ញុំ កូនដល់ច្រើនអ៊ីចឹងទៀត អ៊ីចឹងគាត់ក៏ចេះតែស្វះស្វែងរកការងារបន្ថែមទៀតអ៊ីចឹងទៅណា»។
អ្នកស្រី សុម៉ាលី បានបន្ថែមថា អ្នកស្រីសម្គាល់ឃើញស្វាមីហាក់មានសភាពហត់នឿយច្រើននាមួយរយៈកាលថ្មីៗនេះ។ អ្នកស្រីឲ្យដឹងថា ស្វាមីមិនមានជំងឺអ្វីប្រចាំកាយនោះទេ ដោយគ្រាន់តែដឹងថាលោកលើសទម្ងន់ និងពិសារគ្រឿងស្រវឹងធម្មតា។
«ប៉ុន្មានខែចុងក្រោយនេះ គាត់ធ្វើការដូចជារៀងខ្លាំងដែរ អ៊ីចឹងកម្លាំងវាចុះទៅតាមហ្នឹង!»។
ក្រុមគ្រួសារនេះបានដឹងឮដំបូងអំពីជំងឺកូវីដ១៩ នៅឆ្នាំ ២០២០ ពេលដែលរោគរាតត្បាតនេះផ្ដើមរំខានផ្លាស់ប្ដូររបៀបរបបជីវិតទាំងឡាយនៅទូទាំងសាកលលោក។
អ្នកស្រី សុម៉ាលី បានលើកឡើងថា៖ «គាត់ធ្លាប់ប្រាប់ដែរហ្នឹង នៅពេលគាត់ទៅធ្វើការអ៊ីចឹង គាត់ទិញតាំងពីអាល់កុល ទិញតាំងពីម៉ាសមកទុកនៅផ្ទះឱ្យកូន ហើយគាត់ចេះតែថា «កូនអើយ ទៅសាលាហ្នឹង បាញ់ៗអាល់កុល លាងដៃឱ្យស្អាត ហើយពាក់ៗម៉ាសឱ្យជិត កូនណា» គាត់ចេះតែប្រាប់អ៊ីចឹងដែរហ្នឹង ពេលកើតកូវីដដំបូងៗ»។
មកទល់នឹងពេលនេះ អ្នកស្រី សុម៉ាលី នៅតែក្រៀមក្រំនិងកាន់ទុក្ខស្វាមីដែលចែកឋាន។
ធាតុរបស់លោក វណ្ណា ត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជូនក្រុមគ្រួសារមកយក។ រហូតមកដល់ថ្ងៃទី១៩ ខែមីនា អ្នកស្រី សុម៉ាលី មិនទាន់កំណត់ថ្ងៃទៅយកធាតុរបស់ស្វាមីមកទុកនៅផ្ទះនោះទេ បើទោះបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអ្នកស្រីនិងកូនៗ ពុំមានផ្ទុកវីរុសជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ អ្នកស្រី សុម៉ាលី បន្ថែមថា៖ «នឹកដល់រឿងហ្នឹង ខ្ញុំក៏ធ្វើចិត្តឡើងវិញ ខ្ញុំត្រូវតែខំពង្រឹងខ្លួនឯង ខ្លាចខ្ញុំមិនស្រួលមួយទៀត ឥឡូវអត់ឪពុកពិបាកម្លឹងទៅហើយ ចុះបើអត់ទាំងម្ដាយទៀត កូនខ្ញុំទីពឹងអ្នកណា ខ្ញុំក៏ទាញចិត្ត ខំសម្រួលចិត្ត ខំធ្វើចិត្ត បន្ដិចម្ដងៗ»៕