នាង ​យិន ម៉ាណា ​ត្រូវ​បាន​ដោះ​លែង ​ក្រោយ​ពី​ជាប់​ពន្ធនាគារ​ពីរ​ខែ

នាង​យិន ម៉ាណា ​វ័យ​​​១៦​ឆ្នាំ ដែល​បាន​បើក​រថយន្ត​ទំនើប​ម៉ាក​ Range​ ​Rover ក្នុង​ល្បឿន​លឿន​ទៅបុក​និស្សិត​ស្រីឆ្នើម​​​ ឌុំ រីដា ស្លាប់នៅនឹងកន្លែង ត្រូវបាន​តុលាការសម្រេចដោះលែងពីពន្ធនាគារ។ (រូបថតដកស្រង់ពីវីដេអូ)

កាលពី​ពាក់​កណ្តាល​ខែ​ឧសភានេះ តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​សាលក្រម​ផ្តន្ទា​ទោស​​នាង​យិន ម៉ាណា ​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ អនុវត្ត​ព្យួរ​ទោស​សាកល្បង​បី​ឆ្នាំ និង​ហាម​កាន់​ចង្កូត​យានយន្ត​បើកបរ​លើផ្លូវ​សាធារណៈ។

កាលពី​ថ្ងៃច័ន្ទ កូន​ស្រី​របស់​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច​ប្រចាំ​ខេត្ត​សៀមរាប ​ដែលបាន​បើក​រថយន្ត​ទំនើប​ក្នុង​ល្បឿន​លឿន ​ហើយ​បាន​បុក​និស្សិត​ស្រី​ឆ្នើម​ម្នាក់​បណ្តាល​ឲ្យបាត់បង់​ជីវិត​ភ្លាមៗ​ កាលពី​ខែមីនា ​ត្រូវបានដោះលែងឲ្យ​មាន​សេរីភាព​បន្ទាប់​ពីជាប់​ឃុំ​ខ្លួនក្នុងពន្ធនាគារ​ចំនួន​ពីរ​ខែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃទី​២៦ ខែមីនា​ នាង​យិន ម៉ាណា ​វ័យ​១៦​ឆ្នាំ​ បាន​បើក​រថយន្ត​ទំនើប​ម៉ាក​ Range​ ​Rover ក្នុង​ល្បឿន​លឿន​ទៅបុក​និស្សិត​ស្រីឆ្នើម​ ឌុំ រីដា​ ដែល​ជិះ​ម៉ូតូ​ម៉ាក​ គុប​ បណ្តាល​ឲ្យ​នាង​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​ភ្លាមៗ។ ​តុលាការ​បាន​ចាប់​ឃុំខ្លួន ​នាង​យិន ម៉ាណា ​តាំង​ពី​ថ្ងៃទី​២៩ ខែមីនា ​កន្លងទៅនេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​ ឌុំ រីដា ​ដែល​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​រដ្ឋ​ប្បវេណី ទាម​ទារ​សំណង​ចំនួន​៧ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កាលពី​ពាក់​កណ្តាល​ខែ​ឧសភានេះ តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​សាលក្រម​ផ្តន្ទា​ទោសនាង​យិន ម៉ាណា ​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ អនុវត្ត​ព្យួរ​ទោស​សាកល្បង​បី​ឆ្នាំ និង​ហាម​កាន់​ចង្កូត​យានយន្ត​បើកបរ​លើផ្លូវ​សាធារណៈ។​

រូបថតកញ្ញា ឌុំ រីដា និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យផារ៉ាហ្កន ជាយុវតីដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញ។ (រូបភាព Facebook)

ក្រុម​គ្រួសារ នាង​ឌុំ រីដា វ័យ២៣ ដែលជា​និស្សិត​ស្រីឆ្នើម​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ បង្ហាញ​ពី​ការ​អស់​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​បន្ត​ទៀត។

នាង​ឌុំ វណ្ណេត​ ដែល​ជា​បងស្រី​របស់​ជនរងគ្រោះ ​បាន​ប្រាប់ វីអូអេ ​ថា៖​

«និយាយ​ទៅ​ខ្ញុំ​ឈប់ទាមទារ​អី​ហើយ​បង និយាយ​ទៅ​ឲ្យ​ច្បាប់​គេ​អ្នក​កាត់​ទោស​ម៉េច ឲ្យ​វា​តាមហ្នឹង​អ៊ីចឹង​ទៅ»។

នាង​វណ្ណេត​ បាន​បន្ថែម​ប្រាប់វីអូអេថា៖

«និយាយ​ទៅ​ ខ្ញុំ​អត់​ចង់​បន្ត​រឿង​ទៅ​តទៀត​អ៊ីចឹងហ្នឹង​ណា​បង ថាម៉េច​តាម​ហ្នឹង​អ៊ីចឹង​ទៅ ព្រោះ​អត់​ចង់​ឲ្យ​រឿង​វា​នៅតទៀត​ ឲ្យ​វា​ស្ងប់​តាម​ត្រឹម​ប៉ុណ្ណឹងចឹង​ទៅ ព្រោះ​អត់ចង់​ឲ្យ​គ្រួសារម៉ែ​គាត់​ពិបាក​ នៅ​រឿង​រ៉ាវ​ហ្នឹង​ទៀត​គាត់​ពិបាក»។

លោក សុខ អួង​ នៃ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ទើប​បាន​បង្កើត​ក្នុង​ពេល​ថ្មីៗ​នេះ​ ​និងជាមេធាវី​ការពារ​ឲ្យ​ម្តាយ​កញ្ញា​ឌុំ រីដា ឈ្មោះ​ ផាត់ ពៅ បាន​និយាយ​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា​ លោក​មិន​មាន​សិទ្ធិ​បកស្រាយ​ពី​ការ​សម្រេច​របស់​តុលាការ​នេះ​ឡើយ។ ប៉ុន្តែ​លោក​នឹង​គោរព​តាម​ការ​សម្រេចចិត្ត​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ។

លោក​បាន​និយាយ​ថា៖

«ករណីហ្នឹង​បើសិន​ជា​លោក​ស្រី​ផាត់ ពៅ គាត់​ចង់ប្តឹង​ឧទ្ទរណ៍​ឬ​យ៉ាង​ណា​ គាត់​នឹង​ប្រាប់​ខ្ញុំ​ នៅក្នុង​អំឡុង​ពេល​៣០ថ្ងៃ គិត​ពី​ថ្ងៃ១៧ ខែឧសភា ២០១៩​ហ្នឹង​ទៅ​ណាបង ព្រោះ​តុលាការ​គេ​បើកសិទ្ធិ​ឲ្យ​ភាគី​ប្តឹងឧទ្ទរណ៍»។

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​បានប្រាប់ វីអូអេ ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​គឺ​មាន​ភាព​មិន​ប្រក្រតី ​ដោយសារ​តែ​ជនបង្ក​ដែលមានទ្រព្យសម្បត្តិ​តែង​តែ​ត្រូវ​បាន​សម្រួល​ទោស​ទាន់។

លោក​បាន​និយាយ​ប្រាប់ វីអូអេ ​ថា៖

«និយាយ​ទៅ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​យុត្តិធម៌​និង​ឥទ្ធិពល​គ្រួសារ​ ឬ​ក៏​អ្នក​ដែល​មាន​ប្រាក់​ហ្នឹង​គឺជា​ស្តង់ដារ​នៃ​ការ​អនុវត្ត​ច្បាប់​មួយ។ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​សាមញ្ញ​ពួកគាត់​ប្រឈម​នឹង​ បើសិនជា​ពួកគាត់​មាន​កំហុស​គាត់​ប្រឈមមុខនឹងការ​ទទួល​ទោស​ហ្នឹង​នៅ​ក្នុង​ស្តង់ដារ​មួយ​ផ្សេងទៀត»។

ទោះ​យ៉ាងណា ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី សុផានណា​ មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​ហេតុផល​ដែល​តុលាការ​សម្រេច​ដោះ​លែងនាង​ យិន ម៉ាណា ឡើយ។

លោក​បាន​ឆ្លើយ​ប្រាប់​វីអូអេ​តាម​រយៈសារ​អេឡិចត្រូនិក​ថា៖​

«តុលាការ​បាន​ជំនុំ​ជម្រះ​និង​សម្រេច​ដោយ​សាល​ក្រម​ផ្តន្ទាទោស​ដាក់​គុក​ចំនួន​១២​ខែ ដោយ​ត្រូវ​អនុវត្តទោស​ក្នុង​ពន្ធនាគារ​ចំនួន​ ២ ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ»។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ លោក នុត សវនា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនា​គារបានទេ​រហូត​ដល់​ល្ងាចថ្ងៃ​ពុធ​នេះ៕