ភរិយារបស់មន្រ្តីគណបក្សកម្លាំងជាតិបានអំពាវនាវដល់អាជ្ញាធរនិងតុលាការដោះលែងស្វាមីរបស់អ្នកស្រី គឺលោក ជិន ប៊ុណ្ណារ័ត្ន ដែលមានតួនាទីជាអគ្គនាយករដ្ឋបាលនៃគណបក្ស។
លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានចាប់ខ្លួន វេលាម៉ោង ១១និង៤៥នាទីព្រឹក កាលពីថ្ងៃទី ២ ខែកញ្ញា នៅខាងមុខផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមគណបក្សកម្លាំងជាតិ និងក្រុមគ្រួសាររបស់សកម្មជន។
អ្នកស្រី ស៊ីវ សុភា ភរិយារបស់លោក ជិន ប៊ុណ្ណារ័ត្ន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌ ហើយថា ស្វាមីមិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដូចការចោទប្រកាន់នោះទេ។ អ្នកស្រីអំពាវនាវឱ្យមានការដោះលែងស្វាមី។
អ្នកស្រីថ្លែងថា៖ «ការដែលចាប់ខ្លួនគាត់ហ្នឹងដូចជាអយុត្តិធម៌ ព្រោះអីអត់មានដីកាអីមកដល់គ្រួសារ។ ហើយមកឆៅអ៊ីចឹង មកប្រឹបៗម៉ូតូ៤ឬ៥គ្រឿងចាប់ក្រៀកគាត់ចូលឡានដូចយើង គាត់ធ្វើអីខុសខ្លាំង។ ពេលអ៊ីចឹងខ្ញុំពិបាកទទួលយកមែនទែន! ហើយការដែលគេមកក្រៀកគាត់ចាប់ញាត់ចូលឡានហ្នឹងស្លៀកពាក់ស៊ីវិលទៀត ដល់ពេលអ៊ីចឹងថា ដូចថា ខ្ញុំ ខ្ញុំរន្ធត់។ ខ្ញុំទទួលយកអត់បាន»។
អ្នកស្រីបន្ថែមថា លោក ជិន ប៊ុណ្ណារ័ត្ន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ កាលពីថ្ងៃទី ២ ខែកញ្ញា វេលាម៉ោង៨យប់។
អ្នកស្រីកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ស្វាមីរបស់អ្នកស្រីបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងនយោបាយមួយចំនួន។ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់ដឹងថា អង្គហេតុអ្វីទើបសមត្ថកិច្ចចាប់ខ្លួនស្វាមី ហើយតុលាការសម្រេចចោទប្រកាន់ស្វាមីរបស់អ្នកស្រីរហូតដល់ឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំឃើញគាត់share (ចែករំលែក)ដែរ ក៏ប៉ុន្តែខ្ញុំអត់ដឹងថា ពាក់ព័ន្ធនឹងករណីអីឬអីខ្ញុំអត់ដឹង។ ខ្ញុំអត់ដឹងថា អីធ្ងន់ធ្ងរឬក៏ស្រាលអីខ្ញុំអត់ដឹងទេ គ្រាន់តែថាការ shareខ្ញុំ ឃើញប្រជាពលរដ្ឋធម្មតា គាត់ share អ៊ីចឹងៗដែរ។ តែប៉ុណ្ណឹងទេ។ គាត់ share ដូចតែគេ ដូចតែឯងដែរទេ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេថា សមត្ថកិច្ចបានឃាត់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន ពីបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ប៉ុន្តែលោកបដិសេធមិនប្រាប់លម្អិតពីអង្គហេតុ ដោយប្រាប់ឱ្យវីអូអេសាកសួរខាងតុលាការរាជធានីភ្នំពេញវិញ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែមិនមានការឆ្លើយតប។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកជូង ជូងី មេធាវីការពារក្តីរបស់លោក ជិន ប៊ុណ្ណារ័ត្ន បាននៅឡើយទេ។
គណបក្សកម្លាំងជាតិបានចាត់ទុកការចាប់ខ្លួនសមាជិករបស់ខ្លួនជាការគំរាមកំហែងបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា ការចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន ខុសនឹងនីតិវិធីនិងជាការគំរាមកំហែងដល់សមាជិក និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ។
លោកថ្លែងថា៖ «ចាប់ខ្លួន ឃាត់ខ្លួនអ្នកណាម្នាក់ត្រូវតែណែនាំខ្លួន ហើយត្រូវបង្ហាញដីកា ហើយសូត្រដីកាឱ្យសាមីខ្លួនដឹង។ ប៉ុន្តែបើឆក់កណ្តៀតបែបនេះគឺជារឿងមួយរំលោភនីតិវិធី។ ទី ២ យើងឃើញថា វាជាសារថ្មីមួយទៀតគំរាមដល់សមាជិកសមាជិកាក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយជាពិសេសគណបក្សកម្លាំងជាតិតែម្តង»។
ក្នុងរយៈពេលចុងក្រោយនេះ សមាជិកគណបក្សកម្លាំងជាតិ៩នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយភាគច្រើននៃពួកគេទាំងនោះជាប់ពីបទចោទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ នេះបើយោងតាមលោក រ៉ុង ឈុន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការព្រួយបារម្ភពីការចាប់ខ្លួនសកម្មជននយោបាយកាន់តែច្រើនឡើង។
លោកថ្លែងថា៖ «ជាទូទៅយើងឃើញហើយសកម្មជនគណបក្សនយោបាយមួយចំនួនសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងយុវជនមួយចំនួនក៏ត្រូវមានការចាប់ខ្លួននៅក្នុងអំឡុងពេលនេះដែរ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា យ៉ាងហោចណាស់មនុស្សចំនួន ៩៤ នាក់ ត្រូវបានចាប់ខ្លួនតាំងពីចុងខែកក្កដា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងការរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅថា CLV-DTA។ អង្គការអន្តរជាតិនេះបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៥៩ នាក់ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ ដោយគ្រាន់តែពួកគេបង្ហាញទស្សនៈដោយសន្តិវិធី៕