ខណៈពេល១០០ថ្ងៃបានឈានចូលមកដល់គ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នាលើស្ពានពេជ្រនៃមណ្ឌលកម្សាន្តកោះពេជ្របាននាំគ្នាធ្វើបុណ្យ១០០ថ្ងៃទៅតាមប្រពៃណីនៅតាមផ្ទះរៀងៗខ្លួនដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះទាំងនោះ។
ដូចក្រុមគ្រួសាររបស់ជនរងគ្រោះនៅកោះពេជ្រជាច្រើនទៀតដែរ គ្រួសាររបស់លោក ឡឹង ពន នៅក្នុងភូមិតាំងទន្លេ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានសម្រេចចិត្តធ្វើបុណ្យបង្សុកូលគម្រប់១០០ថ្ងៃដល់សពប្រពន្ធរបស់គាត់គឺអ្នកស្រី តោ សុផលកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។
អ្នកស្រី តោ សុផល គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះយចំនួនជាង៣៥០នាក់ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើស្ពានពេជ្រនៃមណ្ឌលកម្សាន្តកោះពេជ្រកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំមុន។
លោក ឡឹង ពន វ័យ៥៤ឆ្នាំ មានប្រសាសន៍បន្ទាប់ពីពិធីបុណ្យ១០០ថ្ងៃឲ្យប្រពន្ធរបស់លោកថាលោករៀបចំធ្វើបុណ្យ១០០ថ្ងៃនេះទៅតាមការដេញវេលារបស់លោកអាចារ្យវត្តម្នាក់ដើម្បីឲ្យព្រលឹងប្រពន្ធរបស់លោកបានទៅកាន់សុគតិភព។
«បុណ្យហ្នឹងឲ្យគាត់ឆាប់ចាប់ជាតិ កុំឲ្យនៅវិលវល់ កុំឲ្យកំសត់ដូចជាតិនេះទៀត។ ខ្ញុំប្រាថ្នាអញ្ចឹង អុជធូបផ្សងអញ្ចឹងរហូតឲ្យប្រពន្ធចាប់ជាតិឲ្យបានល្អ»។
ដោយនៅមិនទាន់អស់អាល័យនឹងប្រពន្ធ លោក ឡឹង ពន ដែលជាឪពុកនៃកូនបីនាក់និងបច្ចុប្បន្នប្រកបរបររត់ម៉ូតូឌុបនៅផ្សារក្បែរផ្ទះនៅតែមានអារម្មណ៍ហាក់មិនទាន់អស់ចិត្តចំពោះការស្លាប់ប្រពន្ធរបស់លោកទេ។
«ចង់ដឹងថា គេចាប់ជាតិនៅឯណា ចង់ដឹងទៀត។ ចង់ឲ្យគ្រូទាយ ទាយមើលថាតើគេចាប់ជាតិនៅទិសណា នៅខេត្តណា នៅភូមិណាទៀតហ្ន៎។ សព្វថ្ងៃចង់ដឹងទៀត ហេតុតែស្រលាញ់ប្រពន្ធពេកមិនអស់ចិត្ត»។
ប្រពន្ធរបស់លោក ឡឹង ពនគឺអ្នកស្រី តោ សុផល គឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់មួយរូប។ អ្នកស្រីគឺជាអ្នកគ្រប់គ្រងនិងទំនុកបម្រុងគ្រួសារដ៏សំខាន់បំផុតម្នាក់នៅពេលដែលអ្នកស្រីនៅរស់។
អ្នកស្រីនិងលោក ឡឹង ពន ព្រមទាំងអ្នកជិតខាងពីរនាក់ប្តីប្រពន្ធទៀតបាននាំគ្នាទៅដើរកម្សាន្តលេងនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកោះពេជ្រនៅយប់ទីបីនៃពិធីបុណ្យអុំទូក កាលពីឆ្នាំមុនហើយក៏កកស្ទះជាប់នៅលើស្ពាននោះទាំងអស់គ្នាតែម្តងនៅពេលនោះ។
ក្នុងចំណោមអ្នកទាំងបួន មានតែលោក ឡឹង ពនទេដែលមានវាសនានៅរស់រានមានជីវិត ទាំងត្រដាបត្រដួសដោយសារលោកប្រឹងទប់ទ្រូងរបស់លោកកុំឲ្យគេគាបខ្លាំងពេកខណៈដែលប្រពន្ធរបស់លោកបានរបេះដៃចេញពីលោកបាត់នោះ។
«បើខ្ញុំក្បែរស្លាប់ដែរហើយ ទំរាំស្រីៗ ខ្ញុំថាអត់សង្ឃឹមទេ។ មែន ដល់គេទាញអស់ មែនឃើញប្រពន្ធស្លាប់។ ដល់ឃើញប្រពន្ធស្លាប់ ស្លុតចិត្តហ្មង ឡើងវង្វេងហ្មងខ្ញុំ លែងនិយាយចេញ ដល់ប្រពន្ធស្លាប់។ ដល់មកដល់ពេទ្យបាននិយាយចេញ»។
បច្ចុប្បន្ន ក្រុមគ្រួសាររបស់លោក ឡឹង ពន បានរក្សាធាតុរបស់អ្នកស្រី តោក សុផលនៅលើផ្ទះដើម្បីគោរពបូជា។
គ្រួសាររបស់លោកឡឹង ពន បានទទួលថវិកាចំនួន១២.០០០ដុល្លារសហរដ្ឋអាមេរិកពីរដ្ឋាភិបាលនិងសប្បុរសជននានាចំពោះការស្លាប់ប្រពន្ធរបស់លោក។
ពួកគេបានចំណាយថវិកានេះមួយភាគសម្រាប់ការធ្វើបុណ្យឲ្យអ្នកស្រី តោក សុផល ហើយរក្សាខ្លះទុកប្រើប្រាស់នៅពេលអនាគត។
តែទោះជាយ៉ាងនេះក្តី លោក ឡឹង ពន មានប្រសាសន៍ដោយសំឡឹងមើលកូនប្រុសពៅរបស់លោកអាយុជាង១០ឆ្នាំប្លាយដែលបានកោរសក់បួសមុខភ្លើងនៅពេលបូជាម្តាយថា ទឹកប្រាក់នេះមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតប្រពន្ធដ៏ជាទីស្រលាញ់របស់លោកបានទេ។
លោក ឡឹង ពន មានប្រសាសន៍ថា លោកបានណែនាំកូនចៅរបស់លោកមិនឲ្យទៅលេងនៅកោះពេជ្រទេនៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ដោយលោកហាក់នៅមានអារម្មណ៍ភ័យខ្លាចនៅឡើយក្រោយពីឆ្លងកាត់បទពិសោធដ៏រន្ធត់នៃឧបទ្ទវហេតុផ្អើលរត់ជាន់គ្នានៅលើស្ពានពេជ្រនោះមក។
«លែងទៅហើយ ផ្តាំកូនផ្តាំចៅ អត់ទៅទេ លែងទៅហើយ។ បើវាចង់ទៅមើល ពូថាមិនបាច់ទេ អង្គាសលុយកូនចៅទៅឯងមានប៉ុន្មាន អានេះទិញនេះ អានោះទិញនោះទៅ ធ្វើកម្មវិធីនៅផ្ទះទៅ ពូខ្លាចហើយ ពូស្បថលែងហ៊ានទៅហើយ»។
តែយ៉ាងណាក៏ដោយ លោក ឡឹង ពន មានប្រសាសន៍បន្ថែមថា លោកចង់ឃើញស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុនោះត្រូវបានគេសាងសង់នៅជិតស្ពាននោះដើម្បីជាការគោរពដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតនៅលើស្ពាននោះ។
លោក ឡឹង ពនក៏បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការរក្សានិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីបញ្ជៀសឧបទ្ទវហេតុបែបនេះកុំឲ្យកើតឡើងជាថ្មីទៀតនៅក្នុងប្រទេសកម្ពុជា៕