អនាគត​គ្មាន​កោះ​ត្រើយ៖ ឱសានវាទ​នៃ​អ្នក​នេសាទ​ចាម​និង​វៀតណាម​លើ​ទន្លេ​បួន​មុខ

ស្រ្តីម្នាក់កំពុងអង្គុយបោកខោអាវលើទូកនេសាទ ស្ថិតនៅទន្លេមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — ព្រឹក​ម៉ោង​ប្រមាណជា៩​នៃ​ថ្ងៃពុធ​នេះ អ្នកស្រី ម៉ាន នាង ឈរ​នៅ​រោង​ឈើ​តូច​មួយ ដែល​សង់​លើ​ច្រាំង​ទន្លេសាប នៅ​ទី​ចុង​ខាងត្បូង​បំផុត​នៃ​ជ្រោយ​ចង្វារ​ដែល​មាន​ទន្លេ​សាប និង​ទន្លេមេគង្គ​ហូរ​អម​សង​ខាង​មក​ប្រសព្វ​គ្នា។

អ្នក​នេសាទ​ខ្មែរឥស្លាម ​វ័យ​ ៤៩ ឆ្នាំ​រូប​នេះ ឮ​អ្នក​ជិត​ខាង​ដែល​ជា​ចាម​ប្រកប​របរ​នេសាទ​ដូច​គ្នា​ក្នុង​ភូមិ​រអ៊ូ​ជជែក​កង​រំពង​ខុស​ពី​សព្វ​មួយ​ដង។ សំឡេង​រអ៊ូរបស់​អ្នក​នេសាទ​ចាម​ដែល​រស់នៅ​ក្បែរ​ខាង​អ្នកស្រី ម៉ាន នាង មិនជជែក​លើប្រធាន​បទ​អ្វី​ក្រៅតែ​ពី​ដំណឹង​ដែល​អាជ្ញាធរ​បង្គាប់​ឱ្យ​ពួកគេរើ​ចេញ​ពី​ទីតាំង​ដែល​ពួកគេ​កំពុង​រស់នៅ​នោះ​ទេ។

អាជ្ញាធរ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ​បាន​ចេញ​បញ្ជា​ឱ្យ​«រុះរើ​ឬ​ចល័ត បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ​និង​សំណង់​មិន​រៀប​រយ» នៅ​លើ​ផ្ទៃ​និង​ច្រាំង​ទន្លេ​សាប ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ក្នុង​ដែន​ដី​ទីក្រុង​មួយ​នេះ ឱ្យ​បាន​មុន​ ថ្ងៃទី០៩​ខែ​មិថុនា​ក្នុង​មូល​ហេតុ​រក្សាសណ្ដាប់​ធ្នាប់​និង​បរិស្ថាន។

ទាំង​អ្នកស្រី ម៉ាន នាង និង​អ្នកភូមិ​នេសាទ​ដែល​នៅ​ក្បែរ​ខាង​នៅ​ចុង​ជ្រោយ​ចង្វារ​ទាំង​អស់​នេះ​ សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​សាលា​រាជធានី​តម្រូវ​ឱ្យ​រុះរើ​ផ្លាស់​ទីតាំង។ ស្ត្រី​រូបនេះ​និយាយ​ថា ខ្លួន​បាន​ទទួល​លិខិត​ពី​អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា​ តម្រូវឲ្យ​ប្រជាជន​ដែលរស់​នៅ​ទី​នោះ ទាំង​សំណង់​មិន​រៀប​រយ​និង​ទូក​នេសាទ ប្រមាណជា ​៣០០​គ្រួសារ​ រើ​ចេញទៅ​រស់​នៅ​លើ​គោក​ត្រឹម​ថ្ងៃ​ទី ​១២ ខែ​មិថុនា​នេះ។​

«រើទាំង​ទូក រើ​ទាំង​រោង។ គេ​សុំ​ហ្នឹង​ថ្ងៃ ​១២។ ហើយ​គេ​ចុះ​មក​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ យើង​មិនទាន់​ដឹង​ទេ»។​

ផ្ទះបណ្តែតទឹកតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះពីរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី ម៉ាន នាង ជនជាតិខ្មែរឥស្លាមដែលរស់នៅលើទូកបណ្តែតទឹកក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

មាន​រោង​មួយជា​សំណង់​បណ្ដោះ​អាសន្ន​សម្រាប់​ស្នាក់​នៅប្រប​មាត់​ទន្លេ និង​មាន​ទូក​មួយ​សម្រាប់​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត សំចត​នៅ​ច្រាំង​ត្រើយ​ខាង​កើត​នៃ​ទន្លេសាប​ទី​ស្នាក់​អាស្រ័យ​របស់​គ្រួសារ ​អ្នកស្រី ម៉ាន នាង រស់នៅ​មិន​ឆ្ងាយ​ពី​សណ្ឋាគារ​សុខា​ដ៏​ប្រណីត​ សម្លឹង​មើល​សំណង់​អគារ​ខ្ពស់ៗ​លូត​ឡើង​ជែង ​និង​កំពូល​ស្រួចៗ​នៃ​ប្រាសាទ​នានា ​ក្នុង​ព្រះបរម​រាជវាំង​នៅ​ម្ខាង​ទៀត​នៃ​ទន្លេ។

មុខ​ពាក់​ម៉ាស់ ដោយ​មាន​រុំ​ក្រណាត់ជិតក្បាលតាម​ទម្លាប់​ជា​ស្រ្តី​ជនជាតិ​ចាម​ផង អ្នក​ស្រី​ ម៉ាន នាង ប្រាប់វីអូអេថា អ្នក​ស្រីរស់​នៅតំបន់​នេះ​និង​ប្រតិបត្តិ​ទម្លាប់​នេះ​អស់​កាល​ ៤០ ​ឆ្នាំ​កន្លង​មក​ហើយ។ តែ​ទម្លាប់​នេះ​ទំនង​មិន​ប្រព្រឹត្ត​ទៅ​ដូច​សព្វ​មួយ​ដង​ទេ សម្រាប់​ឆ្នាំ ២០២១​ នេះ។

អ្នកស្រី ម៉ាន​ នាង ដែលមានកូន​ប្រាំនាក់​ក្នុងបន្ទុក​ បាន​និយាយ​បន្ថែម​ថា អ្នក​ស្រី​មិនមាន​លុយ​ដើម្បីរក​ដី​ឬ​ផ្ទះ​លើ​គោក​សម្រាប់​ស្នាក់​នៅ​នោះ​ទេ ហើយ​អ្នក​ស្រី​បាម្ភ​ពី​ការ​ប្រឈម​នឹង​កង្វះ​ខាត​អាហារ ហើយ​ កូនៗ​របស់​អ្នក​ស្រី​នឹង​លែង​បាន​រៀន​សូត្រ។

«យើង​ធ្លាប់​នៅ បើ​ទោះ​បីជា​កម្សត់​កម្រម៉េច​ក៏​យើង​ធ្លាប់​នៅ​ទឹក​ដី​ហ្នឹងដែរ។ មិន​ដឹងទៅ​ប្រឡោះ​ណា មិន​ដឹង​ទៅកន្លែង​ណា?​ ទៅ​ស្រុកភូមិ សុំ​គេ​នៅ​តាម​មាត់ទន្លេ​ហ្នឹង គេ​អត់​ឲ្យយើងនៅ។ គេ​ថា​ គេ​ខ្លាច​យើង​មាន​ជំងឺ​កូវីដ ​កូអី​អ៊ឺចឹង ទៅ​ចម្លង​ស្រុក​ភូមិ​គេ។ រសាត់​អណ្តែត​អ៊ីចឹង​ទៅ។ អ៊ី​ចឹង​បាន​ថា ​វាពិបាក។ ហើយ​រាល់​ថ្ងៃ​ដេក​តែ​គិត​ព្រួយ មិនដឹង​ធ្វើ​ម៉េច ​កូន​ដល់​ទៅ​ប្រាំ​នាក់ មិនដឹង​ទៅ​ខាង​ណា»។

អ្នក​ស្រី​ ម៉ាន នាង បាន​ប្រាប់ VOA ថា អ្នក​ស្រី​ចង់​ស្នើ​ទៅ​អាជ្ញាធរ​ជួយ​រក​ទី​តាំង​លើ​គោក​សម្រាប់​គ្រួសារ​អ្នក​ស្រី ប្រសិន​បើ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​រស់​នៅ​លើ​ទឹក ប៉ុន្តែ​អ្នក​ស្រី​ថា អ្នក​ស្រី «​មិន​ហ៊ាន»។​

ជីវភាព​របស់គ្រួសារអ្នកស្រី ម៉ាន នាង និងប្រជានេសាទជាច្រើនគ្រួសារទៀតពឹង​ផ្អែក​លើ​ទន្លេតែម្តង ដែល​កម្រិត​ទឹក​ឡើង​ស្រក​ផ្លាស់​ប្ដូរ​ ៦ ខែ​ម្ដង​ តាម​ចរន្ត​ធម្មជាតិ​នៃ​ទន្លេ​មេគង្គ។ ធម្មតា​ក្នុង​ខែ​មិថុនា​នេះ​ ពេល​ដែល​ទន្លេ​មេគង្គ​ចាប់​ផ្ដើម​នាំ​ទឹក​មក​បំពេញ​ទន្លេ​ទាំង ​៤ ​នៅ​មុខ​វាំង ពួកគេតែងចល័ត​ទូក​ចេញ​នេសាទ​ដើម្បី​រក​ត្រីសម្រាប់​បរិភោគ និង​លក់​ចិញ្ចឹម​ជីវិត។

ផ្ទះបណ្តែតទឹកតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះពីរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ម៉ាត់ ស្រេន កំពុងអង្គុយជួសជុលទូកនេសាទនៅប្របច្រាំងទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ម៉ាត់ ស្រេន កំពុង​អង្គុយ​ជួស​ជុល​ទូក​នេសាទ​នៅ​ប្របច្រាំង​ទន្លេ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូចគ្នា​នឹង​អ្នកស្រី ម៉ាន នាង ដែរ។​

ដៃ​កាន់​ញញួរ ដំ​លើ​ដែក​ដា​ប់​ទូកបណ្តើរ និយាយ​បណ្តើរ បុរស​វ័យ​ ៦៦ ​ឆ្នាំ​រូប​នេះ​ និយាយ​ថា លោក​ប្រកប​របរ​នេសាទ​និង​ស្នាក់​នៅ​ក្នុង​ទូក​មាន​ដំបូល​ម្តុំ​ទន្លេ​បួន​មុខ​ជា​មួយ​គ្រួសារ​ដែល​មាន​កូន​បី​នាក់ អស់​រយៈពេល​ជិត ​៤០​ ឆ្នាំ​មក​ហើយ។

បុរស​សម្បុរ​ស្រអែម សក់​ល្បាយ​អាចម៍​ខ្លា​រូប​នេះបាន​ប្រាប់ VOA ​ថា លោក​មិន​មាន​លទ្ធភាព​រើ​ទៅ​លើ​គោក​បាន​ទេ ប្រសិន​បើ​អាជ្ញាធរ​មិន​រៀប​ចំទីតាំង​សម​ស្រប​សម្រាប់​លោក។​

«ជម្រក​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង នៅ​លើ​ទូក​ហ្នឹង ដេក​ត្រង់​ហ្នឹង ហូប​ត្រង់​ហ្នឹង រក​ស៊ី​កន្លែងហ្នឹង អី​កន្លែង​ហ្នឹង​ទាំង​អស់។ ហើយ​ឲ្យ​ខ្ញុំ​បំបាត់​ទូក​ក្តារ មិនឲ្យ​មានទូក​ក្តា​នៅ​លើ​ទឹក​ទេ អាហ្នឹង​ទាល់​តែ​រដ្ឋាភិបាល​រក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង ព្រោះ​អី​ខ្ញុំ​ក្រ អត់​មាន​អី​ទៅ​ទិញ​ដី​ធ្លី​អី​ហ្នឹង​គេ​ទេ»។

ប្រជា​ជន​ដែល​រស់នៅ​លើផ្ទះបណ្តែត​ទឹក​ក្នុង​រាជធានី​ភ្នំពេញមាន​ចម្រុះ​ ដូចជា​ជន​អន្តោ​ប្រវេសន៍វៀតណាម ជនជាតិ​ចាម និង​ពលរដ្ឋខ្មែរ។ ពួកគេ​ភាគច្រើន​រស់​នៅលើ​ផ្ទៃ​ទន្លេសាប និង​ទន្លេ​មេគង្គ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ខណ្ឌ​ជ្រោយ​ចង្វារ ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ។

ទៅដល់​ទីតាំង​ដែល​មាន​ផ្ទះ​បណ្តែត​ទឹកក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ គេឃើញ​អ្នក​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មួយ​ចំនួន​កំពុង​រុះ​រើ និង​ខ្លះ​ក៏​បាន​ចាក​ចេញ​ពី​ទី​នោះ​រួច​ទៅ​ហើយ។​

កំពុង​ធ្វើ​ដំណើរ​ពី​លក់​ត្រកួន​នៅ​ផ្សារ ឆ្ពោះ​ទៅ​កាន់​ផ្ទះ​បណ្តែត​ទឹក​ដែល​មាន​ទំហំ​ប្រមាណជា ​៥ គុណ​ ៦​ ម៉ែត្រ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌ​ឫស្សី​កែវ អ្នកស្រី សាយ សុខា បាន​អះ​អាង​ថា ​អ្នកស្រីបានធ្វើចំណាកស្រុកពីខេត្ត​ព្រៃវែង​មក​រស់​នៅ​ជាមួយ​ស្វាមី​ជា​ជនជាតិ​វៀត​ណាម​លើ​ផ្ទះ​បណ្តែត​ទឹក​អស់​រយៈពេល​ជាង ​៣០​ ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​បណ្ណស្នាក់នៅ​អចិន្រ្តៃយ៍​ជាជន​អន្តោ​ប្រវេសន៍វៀតណាម។

ស្រ្តី​វ័យ ៥៩ ឆ្នាំ​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន អ្នក​ស្រី និង​ស្វាមី ព្រម​ទាំង​ចៅ​ស្រី​ពិការ​ម្នាក់​ ប្រកប​របរ​ដាំ​ត្រកួន​លើ​ទឹក​ក្បែរ​ផ្ទះ​ដើម្បី​លក់ចិញ្ចឹមជីវិត​ជា​រៀង​រាល់​ថ្ងៃ។ ​អ្នក​ស្រី​បន្ថែម​ថា ក្រោយ​បាន​ឮ​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ឲ្យ​រើ​ទៅ​លើ​គោក អ្នក​ស្រីមិន​ដឹង​ថា ត្រូវ​រើ​ទៅ​ទី​ណា​នៅ​ឡើយ ដោយសារ​អ្នកស្រី​មិន​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ជួល និង​មិ​នអាច​រើទាន់​ក្នុង​មួយ​សប្តាហ៍​។

«ចាំ​មើល​គេ​មើល​ឯង​សិន​ទៅ បើ​ថា​គេ​យ៉ាង​ម៉េច យើង​អ៊ីចឹងទៅ។ ហើយ​ខ្ញុំ​វា​ចាស់​ហើយ មិន​ដឹង​ធ្វើ​ម៉េច​ទេ។ បើ​សិន​ជាគេ​ថា​ស្អែក​ត្រូវ​រើ បើ​មិន​រើ​ទេ​គេ​ចុះ​មក​កាប់​ចោល ក៏​កាប់​ទៅ។ យើង​ធ្វើ​វា​មិន​រួច»។

អ្នកស្រី សាយ សុខា អ្នករស់នៅលើផ្ទះបណ្តែតទឹកក្នុងសង្កាត់ច្រាំងចំរេះពីរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ផ្ទះបណ្តែតទឹកតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះពីរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ចំណែក​អ្នកស្រី អ៊ុំ ស្រីពេជ្រ អ្នករស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​កែវ លើក​ឡើង​ថា ​អ្នក​ស្រី និង​គ្រួសារ​ដែល​មាន​កូន​តូចៗ​ចំនួន​ ៤​ នាក់ កំពុង​រើ​សម្ភារៈជាបណ្តើរៗ​ចេញ​ពី​ផ្ទះ ដើម្បី​ជញ្ជូន​ទៅ​លើ​គោក ដាក់​ក្រោម​ផ្ទះ​អ្នក​ជិត​ខាង​ជាបណ្តោះ​អាសន្ន។ អ្នកស្រី​បន្ថែម​ថា ការរើកន្លែង​ស្នាក់​នៅ​ពី​ផ្ទះ​បណ្តែត​ទឹក ទៅ​លើគោក ធ្វើ​ឲ្យអ្នកស្រី និង​គ្រួសារ​ត្រូវ​ប្រឈម​បញ្ហា​យ៉ាង​ខ្លាំង។​

«ពិបាក​ច្រើន​បង។ ទីមួយ​យើង​កូន​ផង អត់​កន្លែង​ដេក។ ទី​ពីរ ហូប​ចុក។ ទីបី កន្លែង​យើងងូត​ទឹក ​ហូបចុក​អី​អ៊ីចឹង គឺ​ថា​ពិបាក​ទាំងអស់​បង ខាត ខ្វះ​លុយ​ខ្វះ​អី។ ពេល​យើង​នៅ​លើ​ទឹក​អី​អ៊ីចឹង យើង​បាន​ទឹក​ប្រើប្រាស់។ ភ្លើង​មុន​សូវ​ជា​បញ្ហា ប៉ុន្តែ​ទឹក។ ដល់​ពេល​យើង​ឡើង​[គោក] អ៊ីចឹង ត្រូវ​បង់​លុយ​ថ្លៃ​ផ្ទះគេ ទឹក​ផង​ ស៊ី​ផង កន្លែង​កូន​ដេក អី​ៗ​មួយ​ចប់ ខ្ញុំ​រ៉ាប់​រង​អត់​រួច»។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា លោក វូ គ័ងមីន (Vu Quang Minh) ឯក​អគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា បានបង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយបង្ហាញ​ការមិន​ពេញចិត្តចំពោះ វិធាន​ការ​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោកបន្ថែម​ថា ការ​សម្រេច​ចិត្តភ្លាមៗ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ​គឺ​ធ្វើ​ឱ្យ​ស្ថាន​ភាព​រស់នៅ​របស់​ប្រជាជន​ដែល​មាន​ផ្ទះប​ណ្តែត​ទឹក មាន​ការ​លំបាក​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​បរិបទ​ការ​កើត​មាន​ជំងឺ​កូវីដ​១៩។

លោក វូ គ័ងមីន រៀបរាប់​បន្ថែម​ទៀត​ថា ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទៃទឹក​តាម​ដង​ទន្លេ​នៅ​រាជធានី​ភ្នំពេញ ជា​គ្រួសារក្រីក្រ ទាំង​ជនជាតិ​ចាម និង​វៀត​ណាម តែ​មាន​បណ្ណ​ស្នាក់នៅ​ស្រប​ច្បាប់ និង​រស់នៅ​ទីនោះ​ជាច្រើន​ជំនាន់​ជាង​ ៤០ ឆ្នាំ​មក​ហើយ ។

បើ​តាម​ឯកអគ្គរដ្ឋទូត​វៀតណាម ​អ្នក​រស់​នៅ​ទី​នោះ​ប្រមាណ​មួយ​ពាន់គ្រួសារ​មាន​ដើម​កំណើត​វៀតណាម។ លោក​ថា​ ការ​ដាក់​កំហិត​ត្រឹម ​៧ ​ថ្ងៃ ឱ្យ​ប្រជាជន​ទាំង​នោះ​ចាក​ចេញ​ពី​ផ្ទៃ​ទឹក គឺ​ជា​ពេល​វេលាមួយលឿន​ពេក ដែល​មិនអាច​អនុវត្ត​ទៅ​រួច។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង កាល​ពី​ថ្ងៃទី​២ ខែ​មិថុនា ចំណាត់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​រក្សា​បរិស្ថាន ជីវៈ​ចម្រុះ គុណ​ភាព​ទឹក ផ្លូវ​នាវា​ចរណ៍ ​និង​សោភ័ណភាព​ទីក្រុង។

ចាប់​តាំង​ពី​មានការ​ប្រកាស​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​នោះ​រើ​ឡើង​គោក អាជ្ញាធរ​មិន​បាន​បញ្ជាក់​លម្អិត​ថា ​នឹង​មាន​វិធាន​ការ​អ្វី​ខ្លះ​នៅ​ថ្ងៃ​កំណត់​ឲ្យ​រុះ​រើ​នោះទេ តែ​បាន​ព្រលយ​ការ​ព្រមាន​ថា «នឹង​ចាត់​វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូច​ខាត ​ឬ​ការ​បាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករណី​រឹង​រូស​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់»។

ផ្ទះបណ្តែតទឹកតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះពីរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

វីអូអេ បាន​ព្យាយាម​ទាក់ទង​ទៅ​អាជ្ញាធរ​ខណ្ឌដែល​មាន​អ្នក​រស់​នៅ​លើ​ផ្ទះ និង​ទូក​បណ្តែត​ទឹក ប៉ុន្តែ​ពួកគេ​មួយ​ចំនួនប្រាប់​ឲ្យ​ទៅ​សួរ​សាលា​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទាំង​លោក​ ឃួង ស្រេង អភិបាល​រាជ​ធានី និងលោក ម៉េត មាស​ភក្តី ដែល​ជា​អ្នក​នាំពាក្យ សុទ្ធ​តែ​មិន​បាន​ឆ្លើយ​តប។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​លើក​ឡើង​ថា ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ អនុវត្ត​ទៅ​តាម​ច្បាប់​កម្ពុជា មិនមែន​ជា​ការ​រើស​អើង​និង​មិនមាន​ពាក់ព័ន្ធ​នឹង​នយោបាយនោះទេ។

«​ការ​អនុវត្ត​ច្បាប់​ដែលអនុម័ត​ដោយសភា​ជាតិ​កម្ពុជា។ ​មិនមែន​មាន​និន្នាការ​នយោបាយ ហើយ​ក៏​មិនមែន​មានភាព​រើសអើង​ជាមួយ​អ្នក​នេះ អ្នក​នោះអ៊ីចឹងទេ។ ​អាហ្នឹងគឺ​ជា​ការ​អនុវត្ត​សកល​ដោយ​ច្បាប់អនុម័តដោយ​រដ្ឋ​សភា»។

លោក សឹង សែនករុណា មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លើក​ឡើង​ថា លោ​កគាំទ្រ​ការបញ្ជា​ឲ្យ​មានការ​រើ​ផ្ទះ​បណ្តែត​ទឹកមក​ទីតាំង​លើ​គោក​ ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់ និង​សោភ័ណភាព​លើផ្ទៃ​ទន្លេ។

យ៉ាង​ណា​ក្ដី​ អ្នក​ឃ្លាំ​មើល​រូប​នេះ​ថ្លែង​ថា អាជ្ញាធរ​គួរស្តាប់​សំណូម​ពរ​របស់​អ្នក​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​នោះ និង​គួរ​ទុក​ពេល​គ្រប់​គ្រាន់​សម្រាប់​ការ​ត្រៀម​ខ្លួន​ទាំងការរើ និងស្វែង​រក​ទី​តាំង​ថ្មី។​

«បើ​សិន​ជា​ការ​ដោះ​ស្រាយ​ហ្នឹងមាន​ភាព​បន្ទាន់​បង្ខំ រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់អី​ទាំង​អស់​នេះ ​ខ្ញុំ​គិត​ថា ​ជា​ដំណោះ​ស្រាយ​មួយ​ដែល​មិន​ដាច់​ស្រឡះ​ទេ ហើយ​នាំ​តែ​ពួកគាត់​នៅ​តែ​បន្ត​ទាមទារ​តវ៉ា​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ទេ។ ​អ៊ីចឹង ​គួរ​តែ​មាន​ការ​ពិនិត្យ និង​ជជែក​ជាមួយ​ពួក​គាត់​រក​ដំណោះ​ស្រាយ​ណា​មួយ ​ដែល​មាន​លក្ខណៈ​សមរម្យ​ដែលគាត់​អាច​ទទួល​យក​បាន ខ្ញុំ​គិត​ថា ​រឿង​ហ្នឹង​នឹង​មិនមាន​បញ្ហា​អ្វី​កើត​ឡើង​ទេ»។

ការ​បញ្ជាឲ្យ​មានការ​រុះ​រើ​ផ្ទះ​និង​ទូក​បណ្តែត​ទឹក ព្រម​ទាំង​សំណង់​មិន​រៀប​រយ​ផ្សេង​ទៀត​លើ​ផ្ទៃ​ទន្លេ ធ្វើ​ឲ្យ​អ្នកស្រី ម៉ាន នាង ដែលមិនមាន​លទ្ធភាព​រើ​ឡើង​លើ​គោក ​លើក​ឡើងថា អ្នកស្រី និង​គ្រួសារ​ប្រហែល​ត្រូវ​បណ្តែត​ទូកឲ្យ​រសាត់​អណ្តែត​ទៅ​តាម​តំបន់ផ្សេងៗ។

«គេ​មាន​ផ្ទះ​សម្បែង អ្នកធំ​អ្នក​តូចគេ​មាន​ផ្ទះហ្នឹង​គេអត់​អីទេ។ ដូច​ខ្ញុំ​អ្នក​ទូក អ្នក​កំសត់​ហ្នឹង​ នៅ​លើ​ទូក​ហ្នឹង បណ្តែត​ដូច​ចកតាម​ទឹក​ហ្នឹង។ ខ្យល់​បក់ទៅណា​ទៅ​ហ្នឹង​ហើយ​»៕